តុលាការ​ចោទ​លោក ខឿន វីរ៉ាត់ ពី​បទ «​ញុះញង់ »​និង​«​ជេរប្រមាថ​» ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ និង​ចែករំលែក​ព័ត៌មាន​លើ​បណ្ដាញ​សង្គម

0
48
​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​បណ្ដោះអាសន្ន ប្រចាំ​ខេត្ត​ព្រៃវែង លោក ខឿន វីរ៉ាត់ (ស្ដាំ) និង​ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន។ រូប៖ បណ្ដាញសង្គម
​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​បណ្ដោះអាសន្ន ប្រចាំ​ខេត្ត​ព្រៃវែង លោក ខឿន វីរ៉ាត់ (ស្ដាំ) និង​ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន។ រូប៖ បណ្ដាញសង្គម

តុលាការ​ក្រុងភ្នំពេញ​ចោទប្រកាន់​លោក ខឿន វីរ៉ាត់ ពី​បទ​«​ញុះញង់ »​និង​«​ជេរប្រមាថ​» ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ និង​ចែករំលែក​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ចាប់តាំងពី​ចុងឆ្នាំ​២០២៥​។ សង្គម​ស៊ីវិល និង​មេធាវី ចាត់ទុក​ការ​ឃុំខ្លួន​លោក ខឿន វីរ៉ាត់ លើក​ទី​២ នេះ ថា ការ​បំបិទ​សិទ្ធិ​នយោបាយ និង​បញ្ចេញមតិ។

មន្ត្រីជាន់ខ្ពស់​បក្ស​កម្លាំង​ជាតិ​លោក ខឿន វីរ៉ាត់ ស្នើ​ឲ្យ​ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​លោក​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដើម្បី​ជួយ​មើលថែ​ប្រពន្ធ​ឈឺ ខណៈ​លោក ក៏​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ត្រូវ​ជួប​គ្រូពេទ្យ​ជាប្រចាំ​ដែរ។

សំណើ​នេះ ធ្វើឡើង​បន្ទាប់ពី​តំណាង​អយ្យការ​បាន​ចោទប្រកាន់​លោក ខឿន វីវ៉ាត់ និង​បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ​នៅ​ថ្ងៃទី​១០ ខែ​មេសា​នេះ។

មេធាវី​លោក ខឿន វីរ៉ាត់ គឺ​លោក សឺន ជុំជួន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១០ ខែមេសា ថា តំណាង​អយ្យការ​បាន​ចោទប្រកាន់​លោក ខឿន វីរ៉ាត់ ពី​បទ «​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម​»​និង​បទ​«​ជេរប្រមាថ​» ពាក់ព័ន្ធ​នឹង ការ​បញ្ចេញមតិ និង​ការ​ចែករំលែក​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម ជាដើម​។ លោក​យល់ថា ការ​បញ្ចេញមតិ និង​ចែករំលែក​ព័ត៌មាន​របស់​កូនក្ដី​លោក​គឺ​អនុលោម​ទៅតាម​ច្បាប់​ជាតិ និង​អន្តរជាតិ ។ លោក សឺន ជុំជួន បញ្ជាក់​ថា លោក ខឿន វីរ៉ាត់ បាន​ស្នើ​ទៅ​ចៅក្រម​ស៊ើបសួរ កុំ​ឲ្យ​ឃុំខ្លួន​លោក ពីព្រោះ​លោក​កំពុង​ឈឺ និង​ប្រពន្ធ​ក៏​កំពុង​មាន​ជំងឺ​ដែរ។

លោក សឺន ជុំជួន៖ «សំណូមពរ​ហ្នឹង សុំ​ឲ្យ​តុលាការ​ហ្នឹង សម្រេច​កុំ​ឃុំខ្លួន​គាត់​។ ហេតុផល​របស់​គាត់ ដោយសារតែ​ស្ថានភាព​សុខភាព​គ្រួសារ​គាត់ ទាំង​គាត់​ក្ដី ហើយ​បើសិនជា​ឃុំខ្លួន​ទៅ មិនអាច​ឲ្យ​គាត់​ទៅតាម​ការ​ណាត់​របស់​គ្រូពេទ្យ​បានទេ ហើយ​ពេទ្យ​មិនមែន​នៅក្នុង​ស្រុក​ទេ​គាត់​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស។ នេះ​ជា​ហេតុផល​សុំ​កុំ​ឲ្យ​ឃុំខ្លួន ដើម្បី​គាត់​មានឱកាស​មើល​គ្រួសារ​ផង និង​ខ្លួនឯង​ផង»។

មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​កម្លាំងជាតិ​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ចាប់ខ្លួន​ជា​លើក​ទី​២ កាលពី​ថ្ងៃទី៧ ខែ​មេសា។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ (LICAHDO) លោក អំ សំអាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃ ទី​១០ ខែ​មេសា​ថា ចាប់ពី​កម្ពុជា​មាន​ជម្លោះព្រំដែន​មក អង្គការសិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​ព្រួយបារម្ភ​ចំពោះ​ការ​ចាប់ខ្លួន​អ្នក​បញ្ចេញមតិ​ជា​បន្តបន្ទាប់​នេះ​។ លោក​ទទូច​ឲ្យ​តុលាការ និង​អាជ្ញាធរ​ពិនិត្យ​ឲ្យ បាន​ដិត ដល់​ថា អ្វី​ជា​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​អ្វី​បទល្មើស ដើម្បី​កុំ​ឲ្យ​រំលោភ សិទ្ធិ​សេរីភាព​បញ្ចេញមតិ ប៉ះពាល់​លំហ​សេរីភាព​សារព័ត៌មាន និង​នយោបាយ ដែល​នាំ​ឲ្យ​មានការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ជាពិសេស ក្នុង​កាលៈទេសៈ​ដែល​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ ចង់​ឃើញ​ខ្មែរ​រួបរួមសាមគ្គី​គ្នា ឯកភាពជាតិ ដើម្បី​ឲ្យ​ប្រទេស ជាតិ​រឹត​មាំ ដែល​បរទេស​ឈាន​ពាន​កម្ពុជា។

លោក អំ សំអាត៖ «ព្រួយបារម្ភ​ទៅលើ​ការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ទៅលើ​សកម្មជន នយោបាយ ទៅលើ​អ្នកសារព័ត៌មាន ទៅលើ​ប្រជាពលរដ្ឋ ដែល​បាន​បញ្ចេញមតិ នៅក្នុង​បណ្ដាញ​សង្គម ដែល​ទាក់ទង​នឹង​បញ្ហា​ព្រំដែន ឬក៏​លើកឡើង​ផ្សេងៗ ទៀត​នៅក្នុង​សង្គម ដែល​បញ្ហា​ទាំងអស់​នេះ វា​អាច​ប៉ះពាល់​ទៅដល់​សេរីភាព នៅ ក្នុង​ការ​បញ្ចេញមតិ លំហ​សេរីភាព​នយោបាយ លំហ​សេរីភាព​សារព័ត៌មាន​។ យើង មើល​ឃើញ​ថា បញ្ហា​ទាំងអស់​នេះ ជា​ចំណុច​មួយ ដែល​គួរ​ឲ្យ​មានការ​ព្រួយបារម្ភ ទាក់ទង​នឹង​សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ ទាក់ទង​ទៅលើ​សិទ្ធិ​សេរីភាព ទាំងអស់​ហ្នឹង»។

ទោះជា​យ៉ាងណា លោក ខឿន វីរ៉ាត់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​នៅ​ស្នងការ​វិញ បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ​ធ្វើការ​សាកសួរ​នៅ​ថ្ងៃទី​១០ ខែ​មេសា។

អ្នកឃ្លាំមើល ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បើក​លំហ​សេរីភាព និង​ដោះស្រាយ​បញ្ហា​ប្រឈម​តាមរយៈ​ការ​សន្ទនា ជាជាង​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​បង្ក្រាប​សំឡេង​រិះគន់ ពីព្រោះ​យុទ្ធសាស្ត្រ​បំបិទមាត់​តាមរយៈ​ការ ចោទប្រកាន់​ដដែលៗ​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​មេដឹកនាំ កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ​ថា ជា​មេដឹកនាំ​រំលោភសិទ្ធិ​មនុស្ស និង​រុញច្រាន​សង្គម​កម្ពុជា​ឲ្យ​ធ្លាក់​ក្នុង​ស្ថានភាព​ភ័យខ្លាច ដែល​ជា​ឧបសគ្គ​រារាំង​ដល់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស និង​ការ​កសាង​ឯកភាព​ជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ