ថៃ​បាន​ធ្វើ​សកម្មភាព​ឈ្លានពាន​ទឹកដី​កម្ពុជា​នៅ​តាម​បណ្ដោយ​ព្រំដែន ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំថ្មី

0
67
សកម្មភាពយោធា​ថៃ​វាស់វែងសាងសង់​របង​តាម​ព្រំដែន​ក្នុង​ខេត្ត​ចន្ទបុរី ជាប់​ប្រទេស​កម្ពុជា ប្រវែង​ជាង ១​គីឡូម៉ែត្រ កាល​ពីថ្ងៃទី១៨ ខែ​មីនា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកកងទ័ពជើងគោកថៃ
សកម្មភាពយោធា​ថៃ​វាស់វែងសាងសង់​របង​តាម​ព្រំដែន​ក្នុង​ខេត្ត​ចន្ទបុរី ជាប់​ប្រទេស​កម្ពុជា ប្រវែង​ជាង ១​គីឡូម៉ែត្រ កាល​ពីថ្ងៃទី១៨ ខែ​មីនា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកកងទ័ពជើងគោកថៃ

ទាហាន​ខ្មែរ​អះអាង​ថា ទាហាន​ថៃ​បាន​បន្ត​ឈូស​ឆាយ​ធ្វើ​ផ្លូវ សាងសង់​អាគារ និង​លេណដ្ឋាន​ធំៗ នៅ​លើ​ទឹកដី​កម្ពុជា ចាប់តាំងពី​អំឡុង​ពេល​ដែល​កម្ពុជា កំពុង​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​។ ទាហាន​ខ្មែរ​បន្ត​ថា នៅ​តាម​តំបន់​ព្រំដែន ទាហាន​ថៃ​បាន​បណ្ដេញ​ទាហាន​ខ្មែរ មិន​ឱ្យ​ចូល​ក្បែរ​បន្លា​លួស​នោះ​ឡើយ ដោយ​ពួកគេ​នៅតែ​ព្យាយាម​រាយ​បន្លា​លួស កាយ​ប្រឡាយ និង​សាងសង់​សំណង់​ក្នុង​ទីតាំង​ជាច្រើន​ទៀត ដែល​ពួកគេ​ដណ្ដើម​បាន​ពី​កម្ពុជា។

ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា កំពុង​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​អស់​រយៈពេល​ជិត​មួយ​សប្ដាហ៍ ទាហាន​ថៃ​បាន​ធ្វើ​សកម្មភាព​ឈ្លានពាន​ក្នុង​ទឹកដី​កម្ពុជា ដោយ​គ្មាន​លើកលែង​សូម្បីតែ​ក្នុង​រដូវ​កាល​បុណ្យទាន​នោះ​ឡើយ។

ទាហាន​ខ្មែរ​ម្នាក់ ដែល​កំពុង​ឈរជើង​នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ឧត្តរមានជ័យ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ថា ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា កំពុង​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ដែល​ប្រារព្ធ​ឡើង​តាំងពី​ថ្ងៃទី​១៤ ខែមេសា នោះ ក្រុម​ទាហាន​ថៃ​បាន​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ព្រៃ​កសាង​ផ្លូវ នៅ​តាម​បណ្ដោយ​ព្រំដែន​ក្បែរ​បន្លា​លួស និង​ប្រឡាយ​ជាច្រើន​ទីតាំង នៅ​តំបន់​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ស្រុក​បន្ទាយ​អំពិល និង​ទីតាំង​មួយចំនួន​ទៀត។

ទាហាន​ខ្មែរ​រូប​នេះ​បន្ត​ថា ក្នុង​សកម្មភាព​សាងសង់​សំណង់​រឹង​នេះ ទាហាន​ថៃ​បាន​អះអាង​ថា ពួកគេ​សាងសង់​នៅក្នុង​តំបន់ ដែល​ជា​ទឹកដី​របស់​ថៃ និង​បាន​បណ្ដេញ​ទាហាន​ខ្មែរ មិន​ឱ្យ​ចូល​ទៅ​ក្បែរ​ទីតាំង​ទាំង​នោះ​ឡើយ។

ដូចគ្នា​នេះ​ដែរ ទាហាន​ខ្មែរ​ម្នាក់ទៀត ដែល​កំពុង​ឈរជើង​នៅ​តំបន់​ព្រំដែន​ខេត្តព្រះវិហារ ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ដែរ​នោះ បាន​អះអាង​ថា ទាហាន​ថៃ​តែងតែ​បណ្ដេញ​ទាហាន​ខ្មែរ នៅពេល​ភាគី​ទាំង​២​បាន​ដើរ​ល្បាត ជ្រួសផ្លូវ​គ្នា ដោយ​ទាហាន​ថៃ​បាន​ទាមទារ​កាន់កាប់​តំបន់​ទាំងនោះ និង​ចោទ​ទាហាន​ខ្មែរ​ថា មក​បង្ករឿង​ជាមួយ​ទាហាន​ថៃ​។ លោក​បន្ត​ថា បញ្ហា​បែបនេះ​បាន​កើត​ឡើងជា​ញឹកញាប់ រហូត​ពេលខ្លះ​ទាហាន​ថៃ បាន​គំរាម​ផ្ទុះអាវុធ​ជាច្រើន​ដង។

ក្រសួង​ការបរទេស​កម្ពុជា កាលពី​ថ្ងៃទី ១៩ មេសា បាន​ចេញ​លិខិតតវ៉ា ពាក់ព័ន្ធ​ករណី​ទាហាន​ថៃ​បាន​ពង្រឹង​ការ​កាន់កាប់​ដោយ​ខុសច្បាប់​នៅ​ទីតាំង​ជាច្រើន ក្នុង​ខេត្ត​ចំនួន​បី ដូចជា​ព្រះវិហារ ឧត្តរមានជ័យ និង​ពោធិ៍សាត់។

ក្រសួងការបរទេស​បញ្ជាក់​ថា នៅ​ខេត្ត​ព្រះវិហារ ទាហាន​ថៃ​បាន​សាងសង់​ប៉ុស្តិ៍​យាម នៅក្នុង​តំបន់​ប្រាសាទព្រះវិហារ។ ចំណែក​នៅ​ខេត្ត​ឧត្តរមានជ័យ ទាហាន​ថៃ​បាន​បន្ត​សាងសង់​ផ្លូវ នៅ​ជិត​បង្គោល​ព្រំដែន​លេខ​២ និង​តំបន់​ដើម​តាត្រាវ ស្រុក​ត្រពាំង​ប្រាសាទ ខណៈ​នៅ​ស្រុក​បន្ទាយ​អំពិល ទាហាន​ថៃ​បាន​ជីក​លេណដ្ឋាន​នៅ​តំបន់​ច្រកទ្វារ​អន្តរជាតិ ជប់​គគីរ។ ក្រសួង​បន្ថែម​ថា ទាហាន​ថៃ​បាន​សាងសង់​ប៉ុស្តិ៍​យាម និង​ឈូសឆាយ​ដី​នៅ​ខាងកើត​តំបន់​ជប់​ដើម​ខ្នុរ នៅ​សង្កាត់​កូន​ក្រៀល ក្រុង​សំរោង​។ រីឯ​នៅ​ភាគ​ខាងកើត​តំបន់​ថ្ម​ដូន ទាហាន​ថៃ បាន​បន្ត​សាងសង់​ផ្លូវថ្នល់ និង​លេណដ្ឋាន ជាច្រើន​ទីតាំង។

ដោយឡែក​នៅ​ខេត្តពោធិ៍សាត់ វិញ ទាហាន​ថៃ​បាន​ប្រើប្រាស់​គ្រឿងចក្រ​ធុន​ធ្ងន់ ឈូស​ឆាយ​ដី​បន្ថែម​ទៀត នៅ​តំបន់​អូរ​ភ្លុក​ដំរី ស្ថិត​ក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែង។

កាលពី​ថ្ងៃទី​១៤ ខែមេសា ដែល​ជា​ថ្ងៃទី​១ នៃ​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ប្រមុខ​រដ្ឋស្ដីទី លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក ដោយ​ដាក់​ចំណងជើង​ថា «​របួស​កូនដៃ​មួយ មិន​គួរ​ធ្វើ​ឱ្យ​ខ្លួនប្រាណ​ពិការ​ទាំងមូល​នោះ​ឡើយ»។ នៅក្នុង​សំណេរ​ស្ដីពី​បញ្ហា​ព្រំដែន​ដ៏​កម្រ​នេះ លោក ហ៊ុន សែន បាន​ប្រដូច​ការបាត់បង់​ទឹកដី​នៅ​តាម​បណ្ដោយ​ព្រំដែន ទៅកាន់​ប្រទេស​ថៃ ថា​ជា​ផ្នែក​តូច​មួយ ដូច​របួស​កូនដៃ និង​មិន​ត្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​ជាង ១៧​លាន​នាក់​ផ្សេងទៀត ដែល​មិនមែន​ជា​ជនភៀសសឹក នាំគ្នា​យំ​ស្រែក​បញ្ឈប់​សកម្មភាព ជីវភាព​សេដ្ឋកិច្ច​នោះ​ឡើយ។

ទោះជា​បែបនេះ​ក្ដី ទាហាន​ខ្មែរ ដែល​កំពុង​ឈរ​ជើ​នៅ​តំបន់​ព្រំដែន​យល់ថា ការបាត់បង់​ទឹកដី​នៅ​តំបន់​ព្រំដែន គឺជា​ដំបៅ​ដួងចិត្ត​ដ៏​ជូរចត់ ព្រោះ​ក្នុងចំណោម​ពួកគាត់ មាន​អ្នកខ្លះ​បាន​ឈរជើង​នៅ​តំបន់​ព្រំដែន​ជិត​២០​ឆ្នាំ​មក​ហើយ និង​ខ្លះទៀត ឈរជើង​លើស​ពី​២០​ឆ្នាំ រហូត​ត​ដល់​ជំនាន់​កូន​ទៀត​ផង​។ ពួកគាត់​ពន្យល់​ថា ការបាត់បង់​ទឹកដី​តាម​បណ្ដោយ​ព្រំដែន​នេះ មិនមែន​ជា​ការបាត់បង់​ដីព្រៃ ភ្នំ ឬ​គំនរ​ថ្ម​បែកបាក់​នោះ​ឡើយ ប៉ុន្តែ​គឺជា​ការបាត់បង់​តំបន់​យុទ្ធសាស្ត្រ​សំខាន់ ដែល​ជា​ទីតាំង​ខ្ពស់ ប្រៀប​ដូចជា​ខែល​ការពារ​ព្រំដែន រួម​ទាំង​ការបាត់បង់​ប្រាសាទបុរាណ ដែល​ជា​កេរ្តិ៍មរតក​របស់​ដូនតា​ខ្មែរ។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន បាន​អះអាង​ថា គិត​ចាប់ពី​ផ្អាក​សង្គ្រាម​លើក​ទី​២ ថៃ​បាន​គ្រប់គ្រង​ទឹកដី​ខ្មែរ​តាម​ព្រំដែន​មាន​ចំនួន​កើនឡើង​ដល់ ៥៨​ទីតាំង​ហើយ​។ លោក​បន្ត​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន ដែល​ប្រៀបធៀប​ការបាត់បង់​ទឹកដី​តាម​ព្រំដែន ថា​ជា​របួស​កូនដៃ គឺជា​ភាសា​របស់​មេដឹកនាំ ដែល​គ្មាន​ការទទួលខុសត្រូវ និង​គ្មាន​ភាព​ច្បាស់លាស់ ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី។

លោក អ៊ុំ សំអាន៖ «លោក ហ៊ុន សែន គាត់​បាន​កាត់​ទឹកដី​ទៅ​ឱ្យ​បរទេស​ហ្នឹង គឺជា​រឿង​ធម្មតា​របស់​គាត់​ទៅ​ហើយ ដែល​គាត់​បាន​សម​ទៅ​ហើយ ព្រោះ​គាត់​ធ្លាប់​កាត់​ទឹកដី​ទៅ​ឱ្យ​វៀតណាម ដូច្នេះ​គាត់​មិន​ខ្វល់ខ្វាយ​ទេ​។ បាត់បង់​ទឹកដី​ជាង ៥៨​ទីតាំង​ហ្នឹង គឺជា​រឿង​ធម្មតា​ទៅ​ហើយ គាត់​មិន​ខ្វល់ខ្វាយ​ទេ ធ្វើ​ម៉េច​ឱ្យ​តែ​ការពារ​អំណាច​គាត់​បាន»។

ពាក់ព័ន្ធ​នឹង​វិវាទ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បាន​ប្រកាស​កាល​ពី​ថ្ងៃទី​១៧ ខែ​មេសា ថា ប្រទេស​ថៃ​មិន​បដិសេធ​ការចរចា​លើ​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ត្រូវ​ចាំ​ដល់ពេល​ថៃ​តែងតាំង​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​ថៃ (JBC) ថ្មី​ជា​មុន​សិន។ ប្រមុខ​ការទូត​ថៃ​រូប​នេះ បាន​ចោទ​កម្ពុជា​ថា មាន​ភាព​តក់ក្រហល់ និង​បង្ខំ​ឱ្យ​ថៃ​ចរចា​ក្នុង​រយៈពេល​ខ្លី បន្ទាប់ពី​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ថៃ​ចូលកាន់​តំណែង ដែល​ជា​ការ​ឆ្លុះបញ្ចាំង​ពី​កង្វះ​ភាព​ស៊ីសង្វាក់​គ្នា។

យ៉ាងណា​ក៏​ដោយ​ចុះ មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល និង​យោធា​ថៃ ហាក់​បាន​ត្រៀម​យុទ្ធសាស្ត្រ​ក្នុង​ការចរចា​ជាមួយ​កម្ពុជា​រួច​ទៅ​ហើយ ដោយ​ពួកគេ​បាន​ប្រកាស​ពី​គោលជំហរ​រឹងមាំ មិន​ប្រគល់​ទឹកដី ដែល​យោធា​ថៃ​កំពុង​កាន់កាប់ ប្រគល់​មក​ឱ្យ​កម្ពុជា​វិញ​នោះ​ឡើយ ដែល​ធ្វើ​ឱ្យ​ការចរចា​ទ្វេភាគី​ក្នុង​វិវាទ​ព្រំដែន​នែ​ប្រទេស​ទាំងពីរ ហាក់​គ្មាន​ពន្លឺ​វិជ្ជមាន​នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ