

អ្នកឃ្លាំមើលសង្គមអះអាងថា ការប្រកាសសាលក្រមរបស់សាលាឧទ្ធរណ៍ភ្នំពេញ លើសំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃទី៣០ ខែមេសា នឹងឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយពិតប្រាកដរបស់ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថាតើ នឹងបន្តរឹតបន្តឹងនយោបាយ រឺក៏បង្ហាញឆន្ទៈក្នុងការផ្សះផ្សាជាតិពិតប្រាកដ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃនេះថា លោករំពឹងថា ការប្រកាសសាលក្រមរបស់សាលាឧទ្ធរណ៍ លើសំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃទី៣០ ខែមេសា គឺផ្អែកលើការចរចា កញ្ចប់នយោបាយ ពីព្រោះអង្គទូតបរទេសជាច្រើនប្រចាំនៅក្នុងប្រទេសកម្ពុជា និងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ បានលើកឡើងកន្លងមកថា សំណុំរឿងលោក កឹម សុខា គឺជាសំណុំរឿងនយោបាយមិនមែនជាការអនុវត្តច្បាប់នោះទេ។
លោក ស៊ឹង សែនករុណា បានបន្ថែមទៀតថា ក្នុងករណីតុលាការប្រកាស សាលក្រម បន្ធូរបន្ថយលក្ខខណ្ឌឃុំខ្លួន ឬក៏ផ្តល់សេរីភាពពេញលេញដល់ លោក កឹម សុខា ឲ្យមានសេរីភាពវិញ គឺអាចស្តារមុខមាត់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត លើឆាកអន្តរជាតិឡើងវិញបាន ដោយសារជាសញ្ញាបង្ហាញទៅសហគមន៍អន្តរជាតិថា កម្ពុជានឹងបើកលំហប្រជាធិបតេយ្យឡើងវិញ តាមរយៈការដោះលែងអ្នកទោសនយោបាយនិងសកម្មជនសិទ្ធិមនុស្ស និង បរិស្ថានជាដើម។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែររូបនេះ បន្ថែមថា ការដោះលែង លោក កឹម សុខា នឹងក្លាយជាស្ពានក្នុងការស្តារទំនាក់ទំនងជាមួយប្រទេសលោកសេរី និងបង្ហាញអំពីការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ហើយក៏បង្ហាញអំពីការផ្សះផ្សាជាតិពិតប្រាកដ ដើម្បីធានានូវអធិបតេយ្យភាពរបស់កម្ពុជាផងដែរ។
លោក ស៊ឹង សែនករុណា៖ «ការធ្វើឲ្យមានការរួបរួមជាតិ សាមគ្គីជាតិនៅក្នុងកាលៈទេសៈនេះគឺជារឿងដែលល្អបំផុតដែលធ្វើឲ្យកម្ពុជាចាប់ផ្តើមមានការគិតគូរបង្កើននូវការទំនាក់ទំនង ស្តារនូវសេដ្ឋកិច្ចពាណិជ្ជកម្មផ្សេងៗ ទំនុកចិត្តពីសហគមន៍អន្តរជាតិ ឡើងវិញ អីចឹង ស្ថានភាពកម្ពុជាអាចនឹងប្រសើរបន្តិចម្តងៗនៅពេលខាងមុខ»។
ការអះអាងរបស់ប្រធានអង្គការប្រជាធិបតេយ្យខ្មែររូបនេះ បន្ទាប់ពីអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ លោក អ៊ឹម សុផាន ចេញដីកាកោះ បង្គាប់ឲ្យជនជាប់ចោទចូលខ្លួនបើកសវនាការ ដើម្បីប្រកាស សាលក្រមនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៨និង៣០នាទីព្រឹក។
ទាក់ទងនឹងសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» នៅក្នុងសវនាការ កាលពីថ្ងៃទី៩ ខែមេសា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានស្នើសុំឲ្យតុលាការលើកលែងការចោទប្រកាន់ទាំងអស់លើរូបលោក ដើម្បីបង្ហាញពីការរួបរួមសាមគ្គីជាតិ ព្រោះលោក មិនបានគប់គិតជាមួយរដ្ឋបរទេសដើម្បីផ្តួល រលំរដ្ឋាភិបាលដូចការចោទប្រកាន់នោះឡើយ។
ជុំវិញរឿងនេះ អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកលោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ការប្រកាសសាលក្រមនៅថ្ងៃទី៣០ខែមេសា គឺជាចំណុចរបត់ប្រវត្តិសាស្ត្រដែលឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយពិតប្រាកដរបស់ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ក្នុងការស្តារមុខមាត់នីតិរដ្ឋកម្ពុជាលើឆាកអន្តរជាតិឡើងវិញ។
លោក សេង វណ្ណលី បន្ថែមថា ការផ្តល់សេរីភាពដល់ លោក កឹម សុខា ក៏អាចដោះដូរមកវិញនូវការរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម ដែលជាដង្ហើមសេដ្ឋកិច្ចរបស់កម្មកររាប់លាននាក់ផងដែរ ហើយការងាកមកប្រើប្រាស់យុទ្ធសាស្ត្ររួបរួមគ្នាដើម្បីជាតិ ដោយបើកលំហសេរីភាពឱ្យសំឡេងផ្ទុយ អាចចូលរួមចំណែកផ្ដល់មតិដើម្បីការពារទឹកដី គឺជាការសាងសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំបំផុត។
ទាក់ទងទៅនឹងសំណុំរឿងនេះ សហមេធាវីការពារក្តីលោក កឹម សុខា គឺលោក ផែង ហេង បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា លោករង់ចាំស្តាប់លទ្ធផលថ្ងៃ ៣០ ខែមេសា ឆ្នាំ ២០២៦ ម៉ោង ៨ និង ៣០នាទីព្រឹក តើតុលាការនឹងសម្រេចប្រកាសយ៉ាងម៉េច។ សេចក្តីសម្រេច យ៉ាងណា គឺនៅពេលបានឮ បានដឹង នឹងបានចូលជាធរមាន ទើបមិនប្រែប្រួល។
កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៣ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមកាត់ទោសលោកកឹម សុខា ដាក់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដោយត្រូវឃុំខ្លួននៅក្នុងផ្ទះ ព្រមទាំងដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាស្ថាពរទៀតផង។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ដំណោះស្រាយដ៏ល្អបំផុតសម្រាប់ស្ថិរភាពយូរអង្វែងរបស់កម្ពុជា គឺ រដ្ឋាភិបាលកម្ពុជា ត្រូវទម្លាក់ចោលសំណុំរឿងលោក កឹម សុខា ដើម្បីបោះជំហានឆ្ពោះទៅរកការផ្សះផ្សាជាតិពិតប្រាកដ ការផ្តល់សេរីភាពពេញលេញដល់លោក កឹម សុខា និងសកម្មជនដទៃទៀត នឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការកសាងទំនុកចិត្តជាមួយពលរដ្ឋ និងសហគមន៍អន្តរជាតិ៕









