អ្នកឃ្លាំមើល​សង្គម​ថា សាលក្រម​លោក កឹម សុខា នឹង​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​នយោបាយ​ពិតប្រាកដ​របស់​រដ្ឋាភិបាល

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។ រូប៖ បណ្ដាញសង្គម
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។ រូប៖ បណ្ដាញសង្គម

អ្នកឃ្លាំមើល​សង្គម​អះអាង​ថា ការប្រកាស​សាលក្រម​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃទី​៣០ ខែមេសា នឹង​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​នយោបាយ​ពិតប្រាកដ​របស់ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា​តើ នឹង​បន្ត​រឹត​បន្តឹង​នយោបាយ រឺ​ក៏​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ផ្សះផ្សា​ជាតិ​ពិតប្រាកដ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែន​ករុណា បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃ​នេះ​ថា លោក​រំពឹង​ថា ការប្រកាស​សាលក្រម​របស់​សាលាឧទ្ធរណ៍ លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃទី​៣០ ខែមេសា គឺ​ផ្អែកលើ​ការចរចា កញ្ចប់​នយោបាយ ពីព្រោះ​អង្គទូត​បរទេស​ជាច្រើន​ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ បាន​លើកឡើង​កន្លងមក​ថា សំណុំរឿង​លោក កឹម សុខា គឺជា​សំណុំរឿង​នយោបាយ​មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​នោះ​ទេ។

លោក ស៊ឹង សែន​ករុណា បាន​បន្ថែម​ទៀត​ថា ក្នុងករណី​តុលាការ​ប្រកាស សាលក្រម បន្ធូរបន្ថយ​លក្ខខណ្ឌ​ឃុំខ្លួន ឬក៏​ផ្តល់​សេរីភាព​ពេញលេញ​ដល់ លោក កឹម សុខា ឲ្យ​មាន​សេរីភាព​វិញ គឺ​អាច​ស្តារ​មុខមាត់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត លើ​ឆាក​អន្តរជាតិ​ឡើងវិញ​បាន ដោយសារ​ជា​សញ្ញា​បង្ហាញ​ទៅ​សហគមន៍​អន្តរជាតិ​ថា កម្ពុជា​នឹង​បើក​លំហ​ប្រជាធិបតេយ្យ​ឡើងវិញ តាមរយៈ​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​និង​សកម្មជន​សិទ្ធិមនុស្ស និង បរិស្ថាន​ជាដើម។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​រូប​នេះ បន្ថែម​ថា ការ​ដោះលែង លោក កឹម សុខា នឹង​ក្លាយជា​ស្ពាន​ក្នុង​ការ​ស្តារ​ទំនាក់ទំនង​ជាមួយ​ប្រទេស​លោក​សេរី និង​បង្ហាញ​អំពី​ការ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ហើយក៏​បង្ហាញ​អំពី​ការផ្សះផ្សា​ជាតិ​ពិតប្រាកដ ដើម្បី​ធានា​នូវ​អធិបតេយ្យភាព​របស់​កម្ពុជា​ផង​ដែរ។

លោក ស៊ឹង សែន​ករុណា៖ «ការ​ធ្វើ​ឲ្យ​មានការ​រួបរួម​ជាតិ សាមគ្គី​ជាតិ​នៅក្នុង​កាលៈទេសៈ​នេះ​គឺជា​រឿង​ដែល​ល្អ​បំផុត​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ចាប់ផ្តើម​មានការ​គិតគូរ​បង្កើន​នូវ​ការ​ទំនាក់ទំនង ស្តារ​នូវ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ផ្សេងៗ ទំនុកចិត្ត​ពី​សហគមន៍​អន្តរជាតិ ឡើងវិញ អីចឹង ស្ថានភាព​កម្ពុជា​អាច​នឹង​ប្រសើរ​បន្តិច​ម្តងៗ​នៅពេល​ខាងមុខ»។

ការ​អះអាង​របស់​ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​រូប​នេះ បន្ទាប់ពី​អគ្គ​ព្រះរាជអាជ្ញា​រង នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ លោក អ៊ឹម សុផាន ចេញ​ដីកាកោះ បង្គាប់​ឲ្យ​ជនជាប់ចោទ​ចូលខ្លួន​បើក​សវនាការ ដើម្បី​ប្រកាស សាលក្រម​នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២៦ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក។

ទាក់ទង​នឹង​សំណុំរឿង «សន្ទិដ្ឋិភាពជា​មួយ​បរទេស​» នៅក្នុង​សវនាការ កាលពី​ថ្ងៃទី​៩ ខែមេសា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ស្នើ​សុំ​ឲ្យ​តុលាការ​លើកលែង​ការចោទប្រកាន់​ទាំងអស់​លើ​រូបលោក ដើម្បី​បង្ហាញ​ពី​ការ​រួបរួម​សាមគ្គី​ជាតិ ព្រោះ​លោក មិនបាន​គប់គិត​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្តួល រលំ​រដ្ឋាភិបាល​ដូច​ការចោទប្រកាន់​នោះ​ឡើយ។

ជុំវិញ​រឿង​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​លោក សេង វណ្ណលី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ការប្រកាស​សាលក្រម​នៅ​ថ្ងៃទី​៣០​ខែមេសា គឺជា​ចំណុច​របត់​ប្រវត្តិសាស្ត្រ​ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​នយោបាយ​ពិតប្រាកដ​របស់ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ា​ណែត ក្នុង​ការ​ស្តារ​មុខមាត់​នីតិរដ្ឋ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ឡើងវិញ។

លោក សេង វណ្ណលី បន្ថែម​ថា ការ​ផ្តល់​សេរីភាព​ដល់ លោក កឹម សុខា ក៏​អាច​ដោះដូរ​មកវិញ​នូវ​ការ​រក្សា​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​កម្មករ​រាប់​លាន​នាក់​ផង​ដែរ ហើយ​ការ​ងាក​មក​ប្រើប្រាស់​យុទ្ធសាស្ត្រ​រួបរួម​គ្នា​ដើម្បី​ជាតិ ដោយ​បើក​លំហ​សេរីភាព​ឱ្យ​សំឡេង​ផ្ទុយ អាច​ចូលរួម​ចំណែក​ផ្ដល់​មតិ​ដើម្បី​ការពារ​ទឹកដី គឺជា​ការ​សាង​សាមគ្គីភាព​ផ្ទៃក្នុង​ដ៏​រឹងមាំ​បំផុត។

ទាក់ទង​ទៅ​នឹង​សំណុំ​រឿង​នេះ សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា គឺ​លោក ផែង ហេង បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃនេះ​ថា លោក​រង់ចាំ​ស្តាប់​លទ្ធផល​ថ្ងៃ ៣០ ខែមេសា ឆ្នាំ ២០២៦ ម៉ោង ៨ និង ៣០​នាទី​ព្រឹក តើ​តុលាការ​នឹង​សម្រេច​ប្រកាស​យ៉ាងម៉េច​។ សេចក្តី​សម្រេច យ៉ាងណា គឺ​នៅពេល​បានឮ បានដឹង នឹង​បាន​ចូល​ជា​ធរមាន ទើប​មិន​ប្រែប្រួល។

កាលពី​ថ្ងៃទី​៣ ខែមីនា ឆ្នាំ ២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​កាត់ទោស​លោក​កឹម សុខា ដាក់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ពី​បទ​សន្ទិដ្ឋិភាពជា​មួយ​បរទេស ដោយ​ត្រូវ​ឃុំខ្លួន​នៅក្នុង​ផ្ទះ ព្រមទាំង​ដកហូត​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ជា​ស្ថាពរ​ទៀត​ផង។

ក្រុម​អ្នកឃ្លាំមើល​សង្គម​លើកឡើង​ថា ដំណោះស្រាយ​ដ៏​ល្អ​បំផុត​សម្រាប់​ស្ថិរភាព​យូរអង្វែង​របស់​កម្ពុជា គឺ រដ្ឋាភិបាល​កម្ពុជា ត្រូវ​ទម្លាក់​ចោល​សំណុំរឿង​លោក កឹម សុខា ដើម្បី​បោះជំហាន​ឆ្ពោះ​ទៅ​រក​ការផ្សះផ្សា​ជាតិ​ពិតប្រាកដ ការ​ផ្តល់​សេរីភាព​ពេញលេញ​ដល់​លោក កឹម សុខា និង​សកម្មជន​ដទៃទៀត នឹង​ក្លាយជា​គ្រឹះ​ដ៏​រឹងមាំ​ក្នុង​ការ​កសាង​ទំនុកចិត្ត​ជាមួយ​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ