

អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាង១០ស្ថាប័ន ដែលធ្វើការលើប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិមនុស្ស បានប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា សម្រាប់ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយសេរី និងមានទំនួលខុសត្រូវដើម្បីសន្តិភាព និងការអភិវឌ្ឍ» ដោយស្នើទៅរដ្ឋាភិបាលកម្ពុជាឱ្យបញ្ឈប់រាល់រូបភាពនៃការគំរាមកំហែងទៅលើអ្នកសារព័ត៌មាន ខណៈសេរីភាពសារព័ត៌មាននៅកម្ពុជាបន្តរឹតត្បិត បើទោះបីជារដ្ឋាភិបាលអះអាងថា មានភាពល្អប្រសើរក៏ដោយ។
អង្គការសង្គមស៊ីវិលជាង១០ស្ថាប័ន រួមមាន សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJa) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ជាដើម នៅថ្ងៃទី៣០ ខែមេសា បានប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៦ ក្រោមប្រធានបទ “ការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយសេរី និងមានទំនួលខុសត្រូវដើម្បីសន្តិភាព និងការអភិវឌ្ឍ» ដែលមានគោលបំណងលើកកម្ពស់ការសន្ទនា ទាំងថ្នាក់ជាតិ ទាំងថ្នាក់មូលដ្ឋានដោយ រំពឹងថានឹងអាចជួយជំរុញការយល់ដឹងកាន់តែប្រសើរ បង្កើនកិច្ចសហប្រតិបត្តិការ និងបង្កើតអនុសាសន៍ ជាក់ស្ដែងដើម្បីពង្រឹងការការពារអ្នកសារព័ត៌មាន និងគាំទ្រដល់បរិយាកាសប្រព័ន្ធផ្សព្វផ្សាយដែលមានលក្ខណៈអំណោយផលជាងមុន។
នាយកប្រតិបត្តិ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី ជំរុញឱ្យអ្នកសារព័ត៌មាន រួមគ្នាលើកស្ទួយវិស័យសារព័ត៌មាន សេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិដែលជាមូលដ្ឋានគ្រឹះនិងជាឆ្អឹងខ្នងក្នុងសង្គមប្រជាធិបតេយ្យ។ លោកថា អ្នកសារព័ត៌មានហាក់កំពុងតែមានបន្ទុកនិងកាតព្វកិច្ចកាន់តែធំជាងមុន ពីព្រោះស្ថាប័នសារព័ត៌មានកាន់តែតិច ដែលប្រឹងបន្តសកម្មភាពផ្តល់ព័ត៌មានដោយមិនរួញរា។
លោក ណុប វី ស្នើដល់រាជរដ្ឋាភិបាលឱ្យយកចិត្តទុកដាក់បន្ថែមទៀតក្នុងការធានា ថារូបភាពនៃការគំរាមកំហែងទាំងអស់ នឹងមិនបន្តកើតមានឡើងចំពោះអ្នកសារព័ត៌មាន ពីព្រោះប្រទេសប្រជាធិបតេយ្យរឹងមាំមិនព្រួយបារម្ភនិងភ័យខ្លាចការបញ្ចេញទស្សនៈ ឬគំនិតរបស់ប្រជាពលរដ្ឋនោះទេ។
លោក ណុប វី៖ «សេរីភាពសារព័ត៌មានប្រៀបបាននឹងខ្យល់អុកស៊ីសែន និងអាហារដែលមនុស្សគ្រប់រូបត្រូវការ និងមិនអាចខ្វះបាន»។
ចំណែក ឯកអគ្គរដ្ឋទូតរងស្តីទី អូស្ត្រាលីប្រចាំនៅកម្ពុជា អ្នកនាង Emily Sandilands បានលើកឡើងថា តម្រូវការប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មានសារៈសំខាន់យ៉ាងខ្លាំង ដែលធ្វើឲ្យការងាររបស់អ្នកសារព័ត៌មាន អ្នកធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ កាន់តែមានសារៈសំខាន់ ក្នុងការសហការគ្នាដើម្បីការពារប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសេរីភាពសារព័ត៌មាន។
រីឯតំណាង អង្គការយូណេស្កូប្រចាំការិយាល័យនៅភ្នំពេញ អ្នកនាង Esther Mcfarlane បានលើកឡើងថា ប្រជាពលរដ្ឋដែលទទួលបានព័ត៌មានគ្រប់គ្រាន់ អាចធ្វើសេចក្តីសម្រេចចិត្តបានល្អប្រសើរ ខណៈស្ថាប័នដែលមានតម្លាភាពនឹងទទួលបានការជឿទុកចិត្តពីសាធារណជនកាន់តែខ្ពស់។
នៅក្នុងការវាយតម្លៃប្រចាំឆ្នាំចុងក្រោយ ក្នុងឆ្នាំ២០២៥ CamboJA បានកត់ត្រាករណីរំលោភបំពានចំនួន ៦១ ករណី ប្រឆាំងនឹងអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មាន។ ករណីភាគច្រើនពាក់ព័ន្ធនឹងអ្នកសារព័ត៌មានអនឡាញ ខណៈបណ្ដាញសង្គម ដូចជា Facebook ក្លាយជាវេទិកាដែលមានហានិភ័យខ្ពស់សម្រាប់ការរាយការណ៍ព័ត៌មាននៅកម្ពុជា។ អ្នកសារព័ត៌មានស្ត្រីរងផលប៉ះពាល់ខ្លាំងជាងគេ ដោយប្រឈមនឹងការរំខានផ្លូវភេទ អំពើហិង្សាផ្អែកលើយេនឌ័រ និងការបំភិតបំភ័យទាំងលើអនឡាញ និងដោយផ្ទាល់។
CamboJA បានឱ្យដឹងថា អ្នកសារព័ត៌មានបានប្រឈមនឹងការវាយប្រហាររាងកាយ ការរំលោភបំពានផ្លូវចិត្ត ការគំរាមកំហែងតាមផ្លូវច្បាប់ បៀតបៀនផ្លូវភេទ ការរើសអើង និងការបំភិតបំភ័យ ដែលបង្កឱ្យមានបរិយាកាសនៃការភ័យខ្លាច និងការត្រួតពិនិត្យខ្លួនឯងនៅក្នុងវិជ្ជាជីវៈសារព័ត៌មាន។
ការរកឃើញនេះផ្ទុយពីរបាយការណ៍ លើកទី៣ របស់ក្រសួងព័ត៌មាន ដែលអះអាងថា សេរីភាពសារព័ត៌មាននៅឆ្នាំ២០២៥ មានភាពល្អប្រសើរ ដោយក្រសួងបញ្ជាក់ថា ៨១% ក្នុងចំណោមអ្នកសារព័ត៌មានជិត ៦០០ នាក់ដែលបាន អ្នកចូលរួមស្ទង់មតិ ចាត់ទុកសេរីភាពសារព័ត៌មាននៅកម្ពុជាថាមានការវិវត្តន៍ប្រកបដោយវិជ្ជមាន ខណៈមានតែជិត ២% ប៉ុណ្ណោះដែលចាត់ទុកមិនទាន់ល្អនៅឡើយ។
នៅក្នុងសន្និសីទសារព័ត៌មានដែលបានរៀបចំនៅក្រសួងព័ត៌មាននាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានប្រាប់អ្នកកាសែតថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាសម្រាប់ឆ្នាំ២០២៦ នេះមានភាពវិជ្ជមានច្រើន បើទោះបីជានៅមានបញ្ហាប្រឈមមួយចំនួនបន្តកើតមានក៏ដោយ។
បើទោះជាក្រសួងព័ត៌មានអះអាងពីភាពល្អប្រសើរក្តី អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) បានចេញផ្សាយពីសន្ទស្សន៍សេរីភាពសារព័ត៌មានសម្រាប់ឆ្នាំ២០២៥ កាលពីខែឧសភា ថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៦១ ក្នុងចំណោមប្រទេសចំនួន១៧៨ នៅលើពិភពលោក។
ចំណែករបាយការណ៍អង្គការសម្ព័ន្ធខ្មែរជំរឿន និងសិទ្ធិមនុស្ស (លីកាដូ) កាលពីពេលថ្មីៗនេះ ឲ្យដឹងថា មានអ្នកសារព័ត៌មាន សកម្មជនសិទ្ធិមនុស្ស សកម្មជននយោបាយ សកម្មជនបរិស្ថាន សកម្មជនសហជីព និងអ្នកប្រើប្រាស់បណ្ដាញសង្គមត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ដោយសារការបញ្ចេញមតិ មានជាង ១០០ នាក់។
សង្គមស៊ីវិល និងអ្នកសារព័ត៌មានទទូចឱ្យក្រសួងយកចិត្តទុកដាក់ចំណុចខ្វះខាត ដើម្បីពង្រឹងវិស័យព័ត៌មានឱ្យ កាន់តែល្អប្រសើរ និងត្រូវទម្លាក់បទចោទប្រកាន់ និងដោះលែងអ្នកសារព័ត៌មានទាំងអស់ដែលជាប់ពន្ធនាគារដោយសារការអនុវត្តវិជ្ជាជីវៈសារព័ត៌មានឱ្យមានសេរីភាពឡើងវិញដើម្បីបង្ហាញសហគមន៍អន្តរជាតិថា កម្ពុជាពិតជាគោរពសេរីភាព និងមិនធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មាន៕









