

រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យក្រុមហ៊ុនចិនឈ្មោះខេមបូឌាន ខេ៨៨ អ៊ិនដាសស្ត្រី(Cambodian K88 Industry) ធ្វើអាជីវកម្មរ៉ែមាសថ្មីបន្ថែមទៀតនៅក្នុងភូមិសាស្ត្រតំបន់ការពារព្រៃឡង់ភាគខាងត្បូង ក្នុងខេត្តកំពង់ធំ និងខេត្តក្រចេះ។ អ្នកឃ្លាំមើល បារម្ភថា អាជីវកម្មរ៉ែមាសនេះ នឹងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបរិស្ថាននៅជុំវិញតំបន់នោះ។
បើទោះបីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្រកាសប្រាប់ពលរដ្ឋថា ឈប់ឲ្យមានក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែនៅក្នុងដែនជម្រកសត្វព្រៃឡង់យ៉ាងណាក្ដី ក៏កាលពីថ្ងៃទី២២ ខែមេសា រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមល លោក កែវ រតនៈ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវរោងចក្រចម្រាញ់រ៉ែមាស របស់ក្រុមហ៊ុន ខេមបូឌាន ខេ៨៨ អ៊ិនដាសស្ត្រី (Cambodian K88 Industry) ស្ថិតនៅតំបន់ស្នងអន ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកសំបូរ ខេត្តក្រចេះ ក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃព្រៃឡង់ភាគខាងត្បូង។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា ដើម្បីសុំការអត្ថាធិប្បាយបន្ថែមបានទេ នៅថ្ងៃទី២៤ ខែមេសា។ ទោះជាយ៉ាងណា អ្នកសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា ក្រុមហ៊ុន ខេមបូឌាន ខេ88 ជាក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន បានចុះសិក្សាស្រាវជ្រាវរករ៉ែមាសចាប់តាំងពីឆ្នាំ២០២០ និងបានរកឃើញជម្រករ៉ែមាសដែលមានលក្ខណៈសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០២៣ និងបានឈានដល់ដំណាក់កាល បង្កើតរោងចក្រចម្រាញ់យករ៉ែមាស ដែលមានទុនវិនិយោគ សរុបប្រមាណ ៤០លាន ៤០.០០០.០០០$) ដុល្លារអាមេរិក។
ការអនុញ្ញាតឲ្យក្រុមហ៊ុនចិនធ្វើអាជីវកម្មរ៉ែមាសនៅពេលនេះ គឺ ផ្ទុយពីការប្រកាសរបស់ លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីឆ្នាំ២០២៥កន្លងទៅ ថា នឹងមិនពង្រីកអាជីវកម្មរ៉ែ និងការរុករករ៉ែ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ទៀតនោះទេ ដោយដាក់តំបន់ការពារមួយនេះ ជាតំបន់ក្រហមថែមទៀតផង។
ដែនជម្រកសត្វព្រៃព្រៃឡង់មានផ្ទៃដីជិត ៥សែន (៤៨៩.៦៦៣)ហិកតារ ជាប់ខេត្តចំនួន៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ត្រូវបានរដ្ឋាភិបាល បង្កើតជាតំបន់ដែនជម្រកសត្វព្រៃនៅក្នុងឆ្នាំ២០១៦។ បច្ចុប្បន្នមានក្រុមហ៊ុនឯកជនចំនួន៤ ដែលកំពុងច្បាមយកធ្វើធនធានរ៉ែផ្សេងគ្នា ក្នុងមានដូចជា ក្រុមហ៊ុន គ្លប៊ល ហ្គ្រីន កំពុងច្បាមយករ៉ែដែក នៅភាគខាងជើងនៃតំបន់ព្រៃឡង់ នៃខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ក្រុមហ៊ុន ឡេត ចេង ម៉ាញនីង កំពុងធ្វើអាជីវកម្មរ៉ែមាស នៅភាគខាងត្បូង ក្នុងខេត្តកំពង់ធំ និងរោងចក្រផលិតស៊ីម៉ងត៍ នៅភាគខាងកើត ក្នុងខេត្តក្រចេះ ហើយមានក្រុមហ៊ុន ចំនួន១១ផ្សេងទៀត កំពុងសិក្សារុករករ៉ែ នៅក្នុងដែនជម្រកសត្វព្រៃឡង់។
ជុំវិញរឿងនេះ អ្នកស្រាវជ្រាវ និងឃ្លាំមើលធនធានធម្មជាតិនៅកម្ពុជា លោក សេង សុខហេង ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៤ ខែមេសាថា លោកបារម្ភខ្លាចក្រុមហ៊ុនទាំងនេះ មិនបានសិក្សាអំពីផលប៉ះពាល់បរិស្ថាន និងពលរដ្ឋ ឲ្យបានត្រឹមត្រូវ ដែលអាច នឹងធ្វើឲ្យបរិស្ថាន និងពលរដ្ឋរស់នៅតំបន់នោះ រងគ្រោះដល់អាយុជីវិត។ លោកថា ប្រជាពលរដ្ឋតែងតែភ័យខ្លាចនៅពេលដែលឮថា មានគម្រោងវិនិយោគអ្វីមួយនៅតំបន់របស់គាត់រស់នៅ ដោយសារតែរាល់ការវិនិយោគ និងអភិវឌ្ឍន៍ទាំងនោះ តែងតែធ្វើឲ្យពលរដ្ឋស្រក់ទឹកភ្នែក និងរងទុក្ខវេទនា។
លោក សេង សុខហេង៖ «ប្រជាពលរដ្ឋពេលគាត់លឺពាក្យវិនិយោគ រឺពាក្យអភិវឌ្ឍន៍គាត់ហាក់បីមានការភ័យខ្លាចជាក់ស្តែងយើងមើលឃើញថា គម្រោងវិនិយោគជាច្រើនឃើញថា ប្រជាជនមានការបាត់បង់ផ្ទះ បាត់បង់ដី បាត់បង់ធនធានជាច្រើន ធនធានដែរពួកគាត់ធ្លាប់អាស្រ័យផលពីដូនតាសូម្បីផ្ទះដែរមានកម្មសិទ្ធិក៏ត្រូវប្រឈមបាត់បង់ដែរ»។
កន្លងទៅទាំងអង្គការជាតិ និងអន្តរជាតិ រកឃើញថា គម្រោងអាជីវកម្មរ៉ែធំៗនៅក្នុងតំបន់ជម្រកសត្វព្រៃព្រៃឡង់ បានបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ព្រៃឈើ និងជីវិតរបស់ប្រជាជននៅក្នុងតំបន់នោះ ហើយជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនរ៉ែ និងហាមឃាត់មិនឲ្យមានគម្រោងអាជីវកម្មរ៉ែធំៗនៅក្នុងតំបន់ជម្រកសត្វព្រៃព្រៃឡង់ទៀតនោះទេ។
ក្រៅពីអាជីវកម្មរ៉ែមាសនៅតំបន់ព្រៃឡង់ ក្នុងខេត្តកំពង់ធំ មានខេត្តចំនួន៤ផ្សេងទៀត ដែលធ្វើអាជីវកម្មរ៉ែមាសខ្នាតធំបង្កផលប៉ះពាល់ ការរំលោភសិទ្ធិមនុស្ស ការខូចខាតបរិស្ថាន និងការកាប់បំផ្លាញព្រៃឈើ ក្នុងនោះរួមមានខេត្តព្រះវិហារ រតនគីរី ក្រចេះ និងខេត្តមណ្ឌលគិរីជាដើម៕






