សង្គម​ស៊ីវិល​រិះគន់​រដ្ឋាភិបាល​ថា មិនសូវ​អើពើ​ពី​ជីវភាព​ពលរដ្ឋ ទើប​ពួកគាត់​បង្ខំចិត្ត​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ទាំង​ប្រថុយប្រថាន

​ទិដ្ឋភាព​ពលករ​ខ្មែរ​ចំនួន ១៦​នាក់ ត្រូវទាហាន​ឈុត​ខ្មៅ​ថៃ នៅ​ស្រុក​អារញ្ញ (Aranyaprathet) ខេត្ត​ស្រះកែវ (SaKeo) បាន​ចាប់ខ្លួន ពេល​​លួច​ឆ្លងដែន​ខុសច្បាប់​ចូលក្នុង​ប្រទេស​ថៃ​ កាលពី​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកសាលាខេត្ត​អារញ្ញ
​ទិដ្ឋភាព​ពលករ​ខ្មែរ​ចំនួន ១៦​នាក់ ត្រូវទាហាន​ឈុត​ខ្មៅ​ថៃ នៅ​ស្រុក​អារញ្ញ (Aranyaprathet) ខេត្ត​ស្រះកែវ (SaKeo) បាន​ចាប់ខ្លួន ពេល​​លួច​ឆ្លងដែន​ខុសច្បាប់​ចូលក្នុង​ប្រទេស​ថៃ​ កាលពី​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកសាលាខេត្ត​អារញ្ញ

សង្គម​ស៊ីវិល​រិះគន់​រដ្ឋាភិបាល​ថា មិនសូវ​អើពើ​ពី​ជីវភាព​ពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ ទើប​ពួកគាត់​បង្ខំចិត្ត ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ទាំង​ប្រថុយប្រថាន​ដោយ​ខុសច្បាប់ ខណៈ​អ្នកខ្លះ​ត្រូវ​បាន​ប៉ូលិស​ថៃ​ចាប់ខ្លួន និង​ពិន័យ​ជា​ប្រាក់​អស់​រាប់​ម៉ឺន​បាត​។ ការ​លើកឡើង​នេះ ក្រោយពី​ពលករ​ខ្មែរ​ជាច្រើន​នាក់​បាន​នាំ​គ្នា​សម្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​បន្ទាប់ពី​បុណ្យុ​ចូលឆ្នាំ ព្រោះតែ ជីវភាព​ខ្វះខាត និង​ពិបាក​រក​ការងារ​ធ្វើ​នៅក្នុង​ស្រុក។

បើ​ទោះបីជា​អាជ្ញាធរ​ថៃ បាន​ប្រកាស​ដាច់​អហង្ការ​រួច​មក​ហើយ​ថា មិន​ទទួលយក​ពលករ​ខ្មែរ​ថ្មី ឱ្យមក​ធ្វើការ នៅ​ប្រទេស​ថៃ ហើយ ប្រសិនបើ​ថៅកែ​ជនជាតិ​ថៃ​ណា​ហ៊ាន​ទទួលយក នឹង​ត្រូវ​រង​ការ​ពិន័យ​ជា​ប្រាក់​ជាច្រើន​ក្ដី ពលរដ្ឋ​ខ្មែរ​មួយចំនួន នៅតែ​បន្ត ក្រាញននៀល​ឡើង​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ទាំង​ប្រថុយប្រថាន ខណៈ​អ្នកខ្លះ​ឡើង​មក​ដោយ​ជោគជ័យ ហើយ​ខ្លះទៀត ត្រូវ​បាន​ប៉ូលិស​ថៃ​ចាប់ខ្លួន​រួច​យក​ទៅ​ឃុំឃាំង បណ្ដោះអាសន្ន និង​ពិន័យ​ជា​ប្រាក់​អស់​រាប់​ម៉ឺន​បាត់។

ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសក៍ នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា «​សង់ត្រាល់» (CENTRAL) លោក ឌី ថេហូយ៉ា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២៨ ខែ មេសា ថា បញ្ហា​ចម្បង​ដែល​ពលរដ្ឋ​ខ្មែរ​នៅតែ​បន្ត​ប្រថុយប្រថាន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ គឺ​ដោយសារតែ​ជីវភាព​ខ្វះខាត និង​ពិបាក រក​ការងារ​ធ្វើ​នៅក្នុង​ស្រុក​។ លោក​ថា ថ្វីត្បិតតែ កន្លង​មក​នេះ​ក្រសួង​ការងារ​ព្យាយាម​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ ឱ្យទៅ​ធ្វើការ​តាម​រោងចក្រ​ក្ដី លោ​កថា​ការងារ​ទាំងនោះ ពុំ​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្ដែង​របស់​ពលរដ្ឋ​នោះ​ទេ ព្រោះ​ថ្លៃឈ្នួល​ថោក សម្បូរ​ករណី​រំលោភសិទ្ធិ​កម្មករ និង​បញ្ហា​គ្មាន​ស្ថិរភាព​ការងារ​ជាដើម។

តាម​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​អាជ្ញាធរ​ថៃ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៦ ដល់​២៨ ខែមេសា មាន​ពលករ​ខ្មែរ​ជិត​១០០​នាក់ ត្រូវ​បាន​ប៉ូលិស​ថៃ​ចាប់ខ្លួន អំឡុង​ពេល​ពួកគាត់ កំពុងតែ​ធ្វើដំណើរ ដោយ​ថ្មើរជើង និង​តាម​ឡាន​តាក់ស៊ី​ចូល ក្នុង​ទឹកដី​ប្រទេស​ថៃ ដោយ​ខុសច្បាប់ តាម​ច្រកព្រំដែន ខេត្ត​ចាន់​បុរី និង​ខេត្ត​ស្រះកែវ។ ក្នុង​នោះ​អាជ្ញាធរ​ថៃ បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ ខ្លះទៅ ឃុំឃាំង​បណ្ដោះអាសន្ន ដើម្បី​បន្ត​នីតិវិធី​និង អ្នក​ខ្លះទៀត បាន​បញ្ជូន​ត្រឡប់​មក​ខ្មែរ​វិញ ក្រោយពី​ធ្វើ​កិច្ចសន្យា​មួយចំនួន។

រីឯ ពលករ​ខ្មែរ​ដែល​កំពុងតែ​រស់នៅ​ប្រទេស​ថៃ​ស្រាប់ ក៏​ពួកគាត់​កំពុងតែ​ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ ពី​សំណាក់​ប៉ូលិស​ថៃ ជា​ហូរហែ តាមរយៈ​ការ​ចុះ​ឆែកឆេរ ដល់​បន្ទប់​ជួល​ដែល​មាន​ពលករ​ខ្មែរ​រស់នៅ ដើម្បី​ពិនិត្យមើល ឯកសារ និង​ទិដ្ឋាការ ការងារ​ជាដើម​។ ចំណែកឯ​នៅ​តាម​ដងផ្លូវ ដែល ពលករ​ខ្មែរ តែងតែ ជិះឡាន តាក់ស៊ី​ទៅ​ធ្វើ​ការ ជា​ញឹកញាប់ តែងតែ ឃើញ​មាន ប៉ូលិស​ថៃ ចាំ​ស្ទាក់​ចាប់ និង​ពិន័យ​ជា​ប្រាក់​ចន្លោះ​ពី ២​ទៅ​៣​ម៉ឺន​បាត ឬ​ស្មើ ២​ពាន់ ទៅ​៣​ពាន់​ដុល្លារ បើ​រក​ឃើញ​ថា ពលករ​ខ្មែរ​ទាំងនោះ រស់នៅ ដោយ​ខុសច្បាប់។

ពលករ​ខ្មែរ​ធ្វើ​នៅ​ប្រទេស​ថៃ លោកស្រី យ៉ាន់ ឈឿន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៨ ខែ មេសា​ថា ពួកគាត់​រស់នៅ​ប្រទេស​ថៃ ដោយ​ក្ដី​ភ័យខ្លាច ពុំ​ហ៊ាន​ដើរហើរ​ដោយ​សេរី​នោះ​ទេ ព្រោះ​ប៉ូលិស​ថៃ តែងតែ​តាមដាន និង​ចាំ​ចាប់ជំរិត​ទារប្រាក់​។ លោកស្រី​ថា ចាប់តាំងពី បុណ្យ​ចូលឆ្នាំថ្មី​រួចមក ឃើញ​មាន​ពលករ​ខ្មែរ ឡើង​មក​ថៃ ជា​ហូរហែ ខណៈ​អ្នកខ្លះ​ត្រូវ បាន​ប៉ូលិស​ថៃ ចាប់ និង​ខ្លះទៀត បាន​មក​ដល់​ថៃ​ដោយ​សុវត្ថិភាព​។ លោកស្រី​ថា ការដែល​ពលរដ្ឋ​នាំគ្នា​មក​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​នេះ ព្រោះតែ​ជីវភាព​ខ្វះខាត និង​ជំពាក់​បំណុល​ច្រើន ហើយ​រក​ការងារ​ធ្វើ​នៅក្នុង​ស្រុក ក៏​ពុំ​សូវ បាន​ប្រាក់ចំណូល​ទៀងទាត់។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ស៊ុន មេសា ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​២៨ ខែ​មេសា ដោយ​ហៅ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នកទទួល​។ ទោះជា​យ៉ាងណា កន្លងទៅ លោក ស៊ុន មេសា តែងតែ​អះអាង​ថា ឱកាស​ការងារ នៅក្នុង​ស្រុក គឺ​មាន​ជាច្រើន​កន្លែង​នៅ​តាម ខេត្ត​-​រាជធានី​។ ក្នុង​នោះ​លោក​ថា គិត​មក​ទល់​ពេល​នេះ មាន​អតីត​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ​ចំនួន​៦៥​ម៉ឺន​នាក់​ហើយ មានការ​ងារ​ធ្វើ ក្នុង​នោះ​មាន​ជាង​៣៣​ម៉ឺន​នាក់​កំពុងធ្វើការ​នៅ​តាម​សហគ្រាស ក្រុមហ៊ុន រោងចក្រ និង​កសិដ្ឋាន​ធំៗ​មួយចំនួន។

បើទោះបីជា​មានការ​អះអាង​បែបនេះ​ក្ដី លោក ឌី ថេហូយ៉ា យល់ថា ការ​បង្ហាញ​ពី​ចំនួន​អ្នកមាន​ការងារ​ធ្វើ​ច្រើន គឺជា​រឿង​មួយ ប៉ុន្តែ បញ្ហា​គ្មាន ស្ថិរភាព​ការងារ និង​ប្រាក់ចំណូល​សមរម្យ​គឺជា​កត្តា​ដែល​ពលរដ្ឋ​ខ្មែរ តែងតែ​ត្អូញត្អែរ និង ពុំ​សូវ​សប្បាយចិត្ត​ក្នុង​ការ​បំពេញការងារ​នោះ​ឡើយ​។ លោក​ថា បញ្ហា​នេះ​ជាហេតុ ដែល​ជំរុញ​ឱ្យ ពលករ​ខ្មែរ ហ៊ាន​ប្រថុយប្រថាន ទៅ​រក​ការងារ​ធ្វើ នៅ​ប្រទេស​ថៃ​។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល គួរតែ​ពិនិត្យ​ឡើង​វិញ ចំពោះ បរិយាកាស​ការងារ​នៅក្នុង​ស្រុក និង​ត្រូវ​លុបបំបាត់​ការរំលោភ​សិទ្ធិ​កម្មករ នៅ​តាម​រោងចក្រ និង​ការដ្ឋាន​សំណង។

កាលពី​ថ្ងៃទី​២១​ខែមីនា អង្គការ​សង់ត្រាល់ បាន​រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ ជាង​៩០​ម៉ឺន​នាក់ គឺ ភាគច្រើន មាន​ប្រាក់ចំណូល​ប្រចាំខែ​ជា​មធ្យម ៦៤​ដុល្លារ ខណៈ​ការ​ចំណាយ ប្រចាំខែ​ជា មធ្យម​ជិត​២០០ (១៧៣)​ដុល្លារ​។ ក្នុង​នោះ​ការស្វែងរក​ការងារ ក្នុងស្រុក ជា​ញឹកញាប់ ពួកគាត់​តែងតែ ជួបប្រទះ ការ​កេងប្រវ័ញ្ច​ប្រាក់​ឈ្នួល លក្ខខណ្ឌ​ការងារ​មិន​សមរម្យ និង​ការ​ផ្ដល់​ការងារ បង្កប់​នូវ​ការ​បោកប្រាស់។ អង្គការ​សង់ត្រាល់​ថា បញ្ហា​ទាំងនេះ បង្ខំ​ឱ្យ​ពលរដ្ឋ ៥៣% ដែល​ត្រូវ​បាន​សម្ភាស អះអាង​ថា ពួកគាត់​គ្រោង​នឹង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ម្ដងទៀត បើ​ទោះបី​ជា​ប្រទេស​ទាំងពីរ កំពុង​មាន​ជម្លោះព្រំដែន​ក្ដី៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ