លោក ហ៊ុន ម៉ាណែត ណែ​នាំ​ឱ្យ​ពលរដ្ឋ​មាន​សមត្ថភាព និង​ទំនួល​ខុសត្រូវ តែលោក​ត្រូវគេរិះគន់​ថា អសមត្ថភាព និង​ខ្វះ​ការទទួលខុសត្រូវ

0
120
ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​ពង្រឹងសមត្ថភាព មាន​វិន័យ និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់ ដើម្បី​អាច​ជួយ​គ្រួសារ និង​សង្គមជាតិ ខណៈ​លោក​រង​ការ​រិះគន់​ថា ជា​មេដឹកនាំ​ដែល «​អសមត្ថភាព​» និង «​ខ្វះ​ទំនួល​ខុសត្រូវ​ខ្ពស់​»​លើ​ការដឹកនាំ​ប្រទេសជាតិ ឱ្យ​បាន​ត្រឹមត្រូវ ទើប​ធ្វើ​ឱ្យ ប្រទេសជិតខាង​ប្រមាថមើលងាយ និង​ឈ្លានពាន​យក​ទឹកដី​តាម​អំពើ​ចិត្ត។

លោកនាយក​រដ្ឋមន្ត្រី លោក ម៉ាណែត នៅ​ថ្ងៃទី​០១ ខែឧសភា បាន​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត នៅ​ឯ​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ​ថា វិស័យ​កំពង់ផែ គឺជា​វិស័យ​អាទិភាព​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​។ លោក​ថា រដ្ឋាភិបាល​របស់​លោក បាន​ខិតខំ បន្ត​បង្កើន​ថវិកា​វិនិយោគ និង​កៀរគរ​ហិរញ្ញប្បទាន​នានា ដើម្បី​បន្ត​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ ឱ្យ​កាន់តែ​រីកចម្រើន សម្រាប់​ទ្រទ្រង់​កំណើន​សកម្មភាព​ពាណិជ្ជ​កម្ម​អន្តរជាតិ និង​កំណើន សេដ្ឋកិច្ចជាតិ កាន់​តែ​មាន​ភាព​ជឿនលឿន ជាង​មុន។

លោក​ក៏បាន​លើកឡើង​អំពី​សារៈសំខាន់​នៃ​ការអភិវឌ្ឍន៍​ធនធានមនុស្ស​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍន៍​ជាតិ នា​ពេល​អនាគត​។ ក្នុង​នោះ​លោក​បាន​លើក​ពី​គុណវិបត្តិ​នៃ​ក្មេង​ទំនើង​ដែល​ចេះតែ​បន្ត​កើនឡើង ហើយ​អាជ្ញាធរ​កំពុង​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​។ ឆ្លៀត​ក្នុង​វេទិកា​នោះ​ដែរ លោក​ក៏បាន​រិះគន់ បែប​ប្រយោល មក​លើ​អ្នកវិភាគ​មួយចំនួន​នៅ​ក្រៅ​ប្រទេស ដែល​តែងតែ រិះគន់ មក​លើ​ការដឹកនាំ​របស់​លោក​ថា គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។ បន្ថែម​ពីលើ​នោះ​លោក បាន​ណែនាំ​ដល់​ពលរដ្ឋ​ខ្មែរ ឱ្យ​ពង្រឹង សមត្ថភាព មាន​វិន័យ​គ្រួសារ និង មាន​ទំនួល​ខុសត្រូវ​ខ្ពស់ ដើម្បី​ជួយ​ដល់​គ្រួសារ និង​សង្គមជាតិ ឱ្យ​កាន់តែ រីកចម្រើន។

លោក ហ៊ុន ម៉ាណែត៖ «ទល់​តែ​មាន​វិន័យ​ឆន្ទៈ​ការទទួលខុសត្រូវ ទើប​ផែ​នេះ​រីកចម្រើន ប្រទេសជាតិ​ក៏​ដូចគ្នា ត្រូវការ​មនុស្ស ត្រូវការ​ធនធានមនុស្ស​។ ជាពិសេស​យុវជន​ដែល​មាន​វិន័យ​មាន​សមត្ថភាព និង​មាន​ឆន្ទៈ​ក្នុង​ការ​ពង្រឹង​ខ្លួន​។ នៅ​ពេល​ដែល​គាត់​ម្នាក់ៗ​រីកចម្រើន គ្រួសារ​គាត់​រីកចម្រើន គ្រួសារ​គាត់​រីកចម្រើន គឺ​ធ្វើ​ឱ្យ​សង្គមជាតិ​រីកចម្រើន​។ នេះ​គឺជា​គោលដៅ​របស់​យើង»។

បើ​ទោះជា លោក ហ៊ុន ម៉ា​ណែ​ត តែងតែ​យក​វេទិកាសាធារណៈ ជា​កន្លែង​ណែនាំ​ប្រៀនប្រដៅ​មក​លើ​ពលរដ្ឋ អ្នកនយោបាយ​បក្ស​ប្រឆាំង និង​អ្នកវិភាគ​មួយចំនួន ឱ្យធ្វើ​ល្អ អភិវឌ្ឍន៍​ខ្លួន ចេះ​សាមគ្គី​គ្នា និង​ឱ្យ​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​គ្រួសារ និង​សង្គមជាតិ​ក្ដី លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​អ្នកដឹកនាំ​ដែល​ពូកែ​តែ​វោហារ​សព្ទ ប៉ុន្តែ​ពុំ​សូវ​មាន​ខ្លឹមសារ ឬ​សាច់​ការ​ជាក់ស្ដែង​នោះ​ទេ។

កន្លងមក លោក​តែង​អំពាវនាវ​ឲ្យ​ពលរដ្ឋ ចេះ​សាមគ្គី​គ្នា និង​មាន​សិទ្ធិ​ឈឺឆ្អាល​រឿង​បញ្ហា​ព្រំដែន ប៉ុន្តែ​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​របស់​លោក នៅតែ​បន្ត​បង្ក្រាប​លើ​សំឡេង​រិះគន់​និង​សំឡេង​ប្រឆាំង​ឥត​ឈប់ឈរ។ លើស​ពី​នេះ​ពលរដ្ឋ​យល់​ថា បញ្ហា​ពលរដ្ឋ​ធ្លាក់ខ្លួន​ក្រីក្រ គ្មាន​សមត្ថភាព គ្មាន​វិន័យ គឺជា​កំហុស​របស់​មេដឹកនាំ ដូច្នេះ​លោក ហ៊ុន ម៉ាណែត គួរតែ​ប្រើ​តួនាទី​កែប្រែ​សង្គម​ឲ្យ​បាន​ល្អ​ត្រឹមត្រូវ មិនមែន​បាន​ត្រឹមតែ​សូត្រ​ទ្រឹស្ដី​ឥត​បាន​ការ​នោះ​ទេ។

បន្ថែម​ពី​នេះ ពលរដ្ឋ​សង្កត់ធ្ងន់​ថា លោក ហ៊ុន ម៉ាណែត គួរ​ដល់ពេល​ផ្សះផ្សា​ជាតិ ស្អារ​ប្រជាធិបតេយ្យ និង​លុបបំបាត់​អំពើពុករលួយ ដើម្បី​មានឱកាស​កសាង​ប្រទេស​ឲ្យ​ខ្លាំង ដើម្បី​ទាមទារ​ទឹកដី​ដែល​យោធា​ថៃ កំពុង​ឈ្លានពាន​កាន់កាប់។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់​ថា កន្លង​មក លោក ហ៊ុន ម៉ាណែត តែងតែ​និយាយ​អំពី​ការផ្សះផ្សា​យ​ជាតិ ការ​សាមគ្គី​ជាតិ និង​ការ​ប្រឆាំង​នឹង​អំពើពុករលួយ និង​អយុត្តិធម៌​សង្គម​ជាដើម ប៉ុន្តែ លោក ហ៊ុន ម៉ាណែត បាន​ត្រឹមតែ​និយាយ និង​សន្យា​ខ្យល់។ លោក​ថា បច្ចុប្បន្ន​ប្រទេសជាតិ នៅតែ​បន្ត​បាក់បែក ពលរដ្ឋ​ខ្មែរ នៅតែ​រងគ្រោះ​ដោយសារតែ​ភាព​អយុត្តិធម៌​សង្គម បក្ខពួក​និយម អំពើពុករលួយ និង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល ក្រោយពី​ពួកគាត់​បាន​ប្រើប្រាស់ សិទ្ធិ​សេរីភាព​បញ្ចេញមតិ។

«ខ្ញុំ​យើង​មាន​ប្រសិទ្ធភាព​តែមួយ​ទេ គឺ​ចាប់​មនុស្ស​ដាក់គុក​។ អ្នក​ដែល​រិះគន់​ទិតៀន​ក្រុម​គ្រួសារ​គាត់ ទិតៀន​រដ្ឋាភិបាល​គាត់​ដែល​អសកម្ម និង​អសមត្ថភាព គាត់​ចាប់​គេ​ដាក់គុក ហើយ​លឿន​ណាស់ វិធានការ​ចាប់​មនុស្ស​ដាក់គុក​ទាំង​អយុត្តិធម៌​។ ចំណែកឯ​វិធានការ​កម្ចាត់​អំពើពុករលួយ វិធានការ​ពង្រឹង​វិស័យ​ច្បាប់​សន្តិសុខ​សង្គម បំបាត់ ឧក្រិដ្ឋកម្ម​អនឡាញ​ជាដើម ធ្វើ​អត់​ដែល​មាន​ប្រសិទ្ធភាព​ពិតប្រាកដ​ទេ គឺ​មានតែ​ការ​បកស្រាយ​បំភាន់​បន្ថែម»។

លោក ម៉ែន ណាត យល់ថា ដើម្បី​ឱ្យ​ពាក្យសម្ដី​របស់ លោក ហ៊ុន ម៉ាណែត មានតម្លៃ​ក្នុង​ក្រសែភ្នែក​ពលរដ្ឋ គឺ​ទល់​តែ​លោក​ហ៊ុន ម៉ា​ណែ​ត និង​មន្ត្រី​គ្រប់​ជាន់ថ្នាក់ និយាយ​តិច ជាង​ធ្វើ ។ លោក​បន្ត​ថា ការ​ធ្វើ គឺ​ធ្វើ​កិច្ចការ​បម្រើ​ប្រយោជន៍​ពលរដ្ឋ និង​ជាតិ​ជាធំ ហើយ​ប្រសិនបើ អសមត្ថភាព ក្នុង​ការ​ដោះស្រាយ​បញ្ហា ដូច​បញ្ហា​សេដ្ឋកិច្ច និង​បញ្ហា​បូរាណ​ភាព​ទឹកដី​ជាដើម​ត្រូវ​ហ៊ាន​ចុះចេញ​អំណាច ដើម្បី ផ្ដល់​ជា​គំរូ​ភាព​ដល់​មន្ត្រី​ដទៃទៀត​។ ទន្ទឹមគ្នា​នោះ លោក​ថា បញ្ហា​ដែល​ពលរដ្ឋ​តែង​ចង់​ឃើញ​បំផុត​នៅ​ពេល​នេះ គឺ ការ​អនុវត្ត​ច្បាប់​ប្រកបដោយ​តម្លាភាព និង​គ្មាន​ការលើកលែង ចំពោះ អ្នក​ដែល កិបកេង ថវិកាជាតិ ដើម្បី​ប្រយោជន៍​ខ្លួន និង​អ្នក​ដែល​ពាក់ព័ន្ធ ឧក្រិដ្ឋកម្ម ឆបោក​តាម អន​ឡាញ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​ជាតិ​យ៉ាងធ្ងន់ធ្ងរ។

លោក ម៉ែន ណាត៖ «​អ្វី​ដែល​បច្ចុប្បន្ន មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ចង់​ឃើញ​កម្ពុជា​ផ្សះផ្សា​ស្មារតី​ជាតិ ស្របតាម​រដ្ឋធម្មនុញ្ញ ហើយ​ចង់​ឃើញ​កម្ពុជា​វិលត្រឡប់​ទៅ​រក​ការគោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ និង​ចង់​ឃើញ​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម អនឡាញ​ជាក់ស្ដែង​។ មួយទៀត ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​ការ​ពារ​បូរណភាព​ទឹកដី ពី​ការឈ្លានពាន​របស់​ប្រទេសជិតខាង​ឱ្យ​បាន​ពិតប្រាកដ​ដែរ»។

អ្នកឃ្លាំមើល​លើកឡើង​ថា ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ជាង​៣​ឆ្នាំ​មកនេះ បាន​បរាជ័យ​ក្នុង​ការ​ដោះស្រាយ បញ្ហា​ជាតិ​ជាច្រើន ដូចជា​បញ្ហា​អំពើពុករលួយ ពលរដ្ឋ គ្មាន​ការ​ធ្វើ​សមរម្យ ឧក្រិដ្ឋកម្ម​អនឡាញ ការរំលោភ​សិទ្ធិមនុស្ស ការ​ធ្លាក់​ចុះ​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ការ​បែក​បាក់​ផ្ទៃក្នុង​ជាតិ និង​អសមត្ថភាព​ក្នុង​ការ​ការពារ​ទឹកដី​ពី​ការឈ្លានពាន របស់​យោធា​ថៃ។ បញ្ហា​ទាំងនេះ​ហើយ ដែល​ពួកគាត់​ថា រាល់​ការ​និយាយ របស់​រដ្ឋាភិបាល លោក ម៉ាណែត នៅ​តាម​វេទិកា​នានា ភាគច្រើន​មាន លក្ខណៈ​បន្លែបន្លំ និង​ប្រជាភិថុតិ ដើម្បី​បិទបាំង​ពី​ភាព​កម្សោយ​របស់​ខ្លួន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ