

អ្នកច្បាប់ និងអ្នកវិភាគ ជំរុញឱ្យរដ្ឋសភា ឬព្រឹទ្ធសភាកោះហៅ សមាជិកមួយចំនួន ដែលជាប់ពាក់ព័ន្ធ ឧក្រិដ្ឋកម្ម តាមឆបោកអនឡាញ មកសួរដេញដោល ជាសាធារណៈ ដើម្បីបង្ហាញពលរដ្ឋ និង សហគមន៍អន្តរជាតិ ឱ្យបានច្បាស់ពីភាពស្អាតស្អំ និងបង្ហាញពីការប្ដេជ្ញារបស់កម្ពុជា ក្នុងការបោសសម្អាតឧក្រិដ្ឋឆបោកតាមអនឡាញពិតប្រាកដ។ ទន្ទឹមគ្នានោះ ពួកគាត់ជំរុញឱ្យជនរងទណ្ឌកម្មពីអាមេរិក ត្រូវក្លាហានប្ដឹងអាមេរិក ប្រសិនបើស្អាតស្អំមែន។
អ្នកជំនួញដ៏មានឥទ្ធិពល និងជាសមាជិកព្រឹទ្ធសភា មកពីកូតាគណបក្សកាន់អំណាច ចំនួន២នាក់ហើយ ត្រូវបានសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាម អនឡាញ និងការជួញដូរមនុស្សលំដាប់អន្តរជាតិ ក៏ប៉ុន្តែមកទល់ពេលនេះ គេនៅពុំទាន់ឃើញសភា ឬព្រឹទ្ធសភា កោះហៅសមាជិកណាម្នាក់ មកសួរដេញដោល ជាសាធារណៈនៅឡើយ ក្រៅតែពីចេញលិខិតបដិសេធ និងដើរនិយាយ លាងសម្អាតខ្លួន តាមរយៈ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន នៅក្នុងស្រុក។
មេធាវី និងជាអ្នកច្បាប់ បណ្ឌិត សឺន ជុំជួន ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៤ ខែឧសភាថា ជារឿងធម្មតា ប្រទេសដែល អនុវត្តនីតិរដ្ឋពេញលេញ ប្រសិនបើមានមន្ត្រីជាន់ខ្ពស់ ដូចជា សមាជិកសភា ឬព្រឹទ្ធសភាណាម្នាក់ ត្រូវបានសង្ស័យ ឬរងទណ្ឌកម្ម ពាក់ព័ន្ធបទឧក្រិដ្ឋគឺសភា ឬព្រឹទ្ធសភានៃប្រទេសនោះ នឹងកោះហៅសមាជិកដើម្បីសាកសួរដេញដោល ជាសាធារណៈ។ លោកថា ការធ្វើបែបនេះ នឹងផ្ដល់ជាគំរូភាពផង និងបោសស្អាតមន្ត្រីទុច្ចរិត កុំឱ្យឆ្លៀតឱកាសប្រើអំណាចប្រព្រឹត្តបទល្មើស តាមអំពើចិត្ត ដែល ធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងស្ថាប័នរដ្ឋ។
បណ្ឌិត សឺន ជុំជួន៖ «កម្ពុជាគួរតែមានការកោះហៅមន្ត្រីទាំងអស់នោះ ដូចជាសមាជិកព្រឹទ្ធសភាក្ដី សមាជិកព្រឹទ្ធសភា ដែលត្រូវបានគេសង្ស័យថា បានប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ ជាដើម ដើម្បីពិភាក្សា ដេញដោល សួរ។ បង្ហាញឱ្យឃើញច្បាស់ថាបុគ្គលនោះបាន ប្រព្រឹត្តឬ ក៏មិនបានប្រព្រឹត្ត ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់គាត់។ ជាពិសេសពាក់ព័ន្ធកិត្តិយសភាពថ្លៃថ្នូរ របស់កម្ពុជាផង»។
ការលើកឡើងនេះ ក្រោយពីសមាជិកព្រឹទ្ធសភា កម្ពុជាចំនួន២រូប ត្រូវបានអាមេរិកដាក់ទណ្ឌកម្ម និងចេញដីកាចាប់ខ្លួន ពាក់ព័ន្ធ ឧក្រិដ្ឋឆបោកតាមអនឡាញ ការលាងលុយកខ្វក់ និង ការជួញដូរមនុស្សដោយខុសច្បាប់។ ក្នុងនោះ រួមមាន ប្រធានសមាគមឧកញ៉ាកម្ពុជា និងជាសមាជិកព្រឹទ្ធសភា គឺ លោក លី យ៉ងផាត់ ដែល ត្រូវបានអាមេរិក ដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងរារាំងមិនឱ្យប្រតិបត្តិការហិរញ្ញវត្ថុជាអន្តរជាតិកាលពីថ្ងៃទី១២កញ្ញា ឆ្នាំ២០២៤។
រីឯមនុស្សជំនិតរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងជាសមាជិកព្រឹទ្ធសភា គឺលោកឧកញ៉ា កុក អាន និងបណ្ដាញសរុប ២៨នាក់ កាលពីថ្ងៃទី២៣ ខែមេសាក៏ត្រូវបានក្រសួងហិរញ្ញវត្ថុអាមេរិក ប្រកាសដាក់ទណ្ឌកម្ម ជុំវិញឧក្រិដ្ឋកម្មឆបោកអនឡាញផងដែរ។ បើទោះបីជាអាមេរិក បានបង្ហាញពីភស្តុតាង និង ទីតាំងអគារឆបោកជាច្រើនរបស់លោក កុក អាន ក្ដី ស្ថាប័នសភា ឬព្រឹទ្ធសភាកម្ពុជា ពុំបានកោះហៅ សមាជិកខ្លួនមកសួរនាំ ឬស៊ើបអង្កេតនោះឡើយ។
ឆ្លើយតបជុំវិញរឿងនេះ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា លោក ជា ធីរិទ្ធ បានប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី០៤ ខែឧសភា ថា ការកោះហៅសមាជិកព្រឹទ្ធសភាណាម្នាក់មកសាកសួរ ទាល់តែបុគ្គលនោះបានប្រព្រឹត្តខុសទៅ នឹងគោលការណ៍បក្ស និងច្បាប់កម្ពុជា។
លោក ជា ធីរិទ្ធ៖ «ខ្ញុំសូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមានលក្ខន្តិកបក្ស មានគោលការណ៍របស់បក្ស រាល់សមាជិក រាល់មន្ត្រីរបស់គណបក្សទាំងអស់ត្រូវគោរពនូវលក្ខន្តិករបស់បក្ស និងគោរពធំបំផុតនោះ ច្បាប់របស់កម្ពុជា។ ដូច្នេះហើយ បើមន្ត្រីរបស់គណបក្សមិនបានប្រព្រឹត្តនូវទង្វើ ដែលខុសច្បាប់ ឬលក្ខន្តិករបស់បក្សទេ គឺមិនមានភាពណាមួយ ដែលចាំបាច់ ការសាកសួរពួកគាត់ឡើយ។ ហើយ ការចោទប្រកាន់របស់អាមេរិកបែបណានោះ មានតែអាមេរិកទេដែលដឹងរឿងនេះ សូមទៅសួរអាមេរិកទៅ»។
ទោះយ៉ាងណា លោកហាក់ចង់សំដៅថា ទាំងលោក កុក អាន និង លោក លី យ៉ុងផាត់ ពុំបានប្រព្រឹត្តកំហុស ដូចការចោទប្រកាន់របស់សហរដ្ឋអាមេរិកនោះទេ។
មកទល់ពេលនេះ ទាំងលោក លី យ៉ុងផាត់ និងលោក កុក អាន នៅតែមានសេរីភាពដើរហើរ ដោយសេរី ដោយគ្មានស្ថាប័នពាក់ព័ន្ធណា ហ៊ានចាត់វិធានការច្បាប់ឡើយ ហើយ អ្នកទាំងពីរ កំពុងតែក្ដោបក្ដាប់មុខជំនួញជាច្រើនរួមនិង អំណាចនយោបាយ ក្នុងនាមជាសមាជិកព្រឹទ្ធសភា។ ការមិនចាត់វិធានការមកលើអ្នកជំនួញទាំងពីរនាក់នេះ ត្រូវបានអ្នកវិភាគ និងពលរដ្ឋរិះគន់ថា គឺជារឿងដ៏គ្រោះថ្នាក់ បំផុតសម្រាប់ជាតិ ព្រោះ វាបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យវិនិយោគពីក្រៅប្រទេស និងវិស័យទេសចរណ៍ ក្រោយពីមន្ត្រីទុច្ចរិតទាំងនោះ បានយកកេរ្តិ៍ឈ្មោះកម្ពុជា ទៅជាន់ឈ្លី តាមរយៈការប្រព្រឹត្ត បទល្មើស ឆបោក និងការជួញដូរមនុស្សលំដាប់អន្តរជាតិ។
ជុំវិញរឿងនេះសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ឃើញថា ប្រសិនបើគ្មានការ កោះហៅ ពីសភា ឬព្រឹទ្ធសភា ដើម្បីសាកសួរ គឺ បុគ្គល ដែលរងការដាក់ទណ្ឌកម្មពីអាមេរិក ដូចជា លោក កុក អាន និងលោក លី យ៉ុងផាត់ គួរតែក្លាហានប្ដឹងអាមេរិកវិញ ដើម្បីតតាំងក្ដី និង ដើម្បីលាងសម្អាត កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ ប្រសិនបើមន្ត្រីជាន់ខ្ពស់ទាំងនោះពិតជា ស្អាតស្អំមែន។ លោកថា ការនៅស្ងៀមស្ងាត់ ពុំមែនជាដំណោះស្រាយទេ ផ្ទុយទៅវិញ កម្ពុជានឹងត្រូវបានសហគមន៍អន្តរជាតិបន្តរិះគន់បន្ថែមទៀត។
ទន្ទឹមគ្នានោះ លោក ឯម សុវណ្ណារ៉ា ក៏ជំរុញឱ្យអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវតែបើកការស៊ើបអង្កេត មកលើមន្ត្រីដែលរងទណ្ឌកម្ម និងសង្ស័យទាំងនោះ ប្រកបដោយឯករាជ្យ និងតម្លាភាព ដើម្បីជៀសវាង រងការរិះគន់កាន់តែខ្លាំង ពីសាធារណជន និងសហគមន៍អន្តរជាតិ។
លោក ឯម សុវណ្ណារ៉ា៖ «ជាទូទៅកាលណាដែលមានការដាក់បន្ទុក ឬចោទប្រកាន់ពីបរទេស រួមនឹងសហរដ្ឋអាមេរិក ហើយកម្ពុជាអត់មានការឆ្លើយតប វាខូចមុខទាំងអស់គ្នា ទាំងបុគ្គល ទាំងស្ថាប័ននីតិបញ្ញត្តិ រួមនឹងប្រទេសកម្ពុជាទាំងម្ដង ព្រោះវាមានឈ្មោះកម្ពុជា»។
អ្នកឃ្លាំមើលលើកឡើងថា ជាង៤០ឆ្នាំហើយដែលគណបក្សប្រជាជនកម្ពុជា បានក្ដោបក្ដាប់អំណាចពេញដៃ តាមរបៀបការបំបាក់ គូប្រជែងនយោបាយតាមបែបផ្ដាច់ការ ហេតុដូច្នេះហើយគេកម្រឃើញ សភា និងព្រឹទ្ធសភា កោះហៅ សមាជិក ដើម្បីសាកសួរដេញដោលក្នុងគោលដៅ បម្រើផលប្រយោជន៍ពលរដ្ឋ និង ជាតិណាស់ បើទោះជាច្រើនទសវត្សរ៍មកនេះ មន្ត្រីជាន់ខ្ពស់ទាំងនោះ បានបង្កបញ្ហាអយុត្តិធម៌ជាច្រើន ដូចការប្លន់ដីធ្លី ពលរដ្ឋ ការឆបោកលុយ និងការកិបកេង ថវិកាជាតិ ដើម្បីប្រយោជន៍គ្រួសារ និងបក្ខពួកខ្លួនអស់ជាច្រើនក្ដី។
ទន្ទឹមគ្នានោះ គេសង្កេតឃើញថា តួនាទី និងអំណាចរបស់មន្ត្រីក្នុងជួរបក្សកាន់អំណាចចាប់តាំងពីមន្ត្រី មូលដ្ឋាន រហូតដល់មន្ត្រីជាន់ខ្ពស់ ពួកគេហាក់យក តួនាទីនិងតំណែងជាមន្ត្រីរាជការ ដើម្បីឆ្លៀតឱកាស រកចំណូល រហូតបានក្លាយជាវប្បធម៌មួយដែលគេតែងតែហៅថា «ឯងជួយអញ អញជួយឯង» ៕









