
ដោយ ថា ថៃ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សោកស្តាយចំពោះសោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តក្រុងធ្លាក់ចូលប្រឡាយទឹកដែលបានបណ្តាលឲ្យមនុស្សស្លាប់ចំនួន១៣ នាក់និងរបួសជាង២០នាក់។ មន្ត្រីសង្គមស៊ីវិល អំពាវនាវឲ្យសមត្ថកិច្ចដោះ ស្រាយករណីនេះឲ្យបានត្រឹមត្រូវតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងជាពង្រឹងការអនុវត្តច្បាប់ចរាចរណ៍។
យ៉ាងហោចណាស់មានមនុស្សស្លាប់ចំនួន ១៣នាក់ និងរបួសធ្ងន់ស្រាលជាង២០នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅម៉ោងប្រមាណ៣ទៀបភ្លឺព្រឹកថ្ងៃទី២០ ខែវិច្ឆិកា។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងដោយរថយន្តក្រុង ២ជាន់ដែលដឹកនាំអ្នកដំណើរចំនួន៣៧នាក់ បានបើកបុកស្ពានហើយក្រឡាប់ចូលទឹកប្រឡាយស្ថិតនៅចំណុចស្ពានអូរប្រសាទ ក្នុងភូមិគីរីវ័ន្ត ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ស្នងការនគរបាលខេត្តកំពង់ធំ លោក ហេង សុផល ប្រាប់កាសែត ក្នុងស្រុកដោយសន្និដ្ឋានជំហានដំបូងថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ អាចដោយសារអ្នកបើកបរងងុយដេក។ដោយឡែក កាសែតភ្នំពេញប៉ុស្តិ៍ បានចុះផ្សាយថា រថយន្តក្រុងដែលជួបគ្រោះថ្នាក់នេះគឺជារបស់ក្រុមហ៊ុន វីរៈ រិទ្ធី (Virak Rithy Transport) ហើយតំណាងក្រុមហ៊ុនបានចូលបុណ្យសពម្នាក់១លានរៀល និងបានសន្យាដោះស្រាយសំណងតាមរយៈក្រុមហ៊ុនធានារ៉ាប់រង។
ក្រោយហេតុការណ៍នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ក៏បានបង្ហោះសារបង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ។ លោកបន្តថា សោកនាដកម្មដ៏ធំធេងនេះ គឺជាការដាស់តឿនដ៏ឈឺចាប់បំផុតមួយសម្រាប់ទាំងអស់គ្នា អំពីតម្លៃនៃជីវិត និងសារៈសំខាន់នៃការគោរពច្បាប់ចរាចរណ៍។ លោកយល់ថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើន អាចបង្ការបាន បើសិនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ មានស្មារតីទទួលខុសត្រូវខ្ពស់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ក៏បានអំពាវនាវឲ្យពលរដ្ឋ កុំបើកបរហួសល្បឿនកំណត់ កុំបើកបរក្នុងស្ថានភាពស្រវឹង ពាក់មួកការពារ ពាក់ខ្សែក្រវាត់ កុំបើកវ៉ាជែងគ្នា និងត្រូវប្រកាន់ស្តាំជានិច្ច។ បន្ថែមពីនេះ លោក ស សុខា ណែនាំឱ្យមន្ត្រីនគរបាលចរាចរណ៍ សហការជាមួយមន្ត្រីក្រសួងសាធារណការ ត្រូវបង្កើនការអប់រំ ត្រួតពិនិត្យមើលផ្លូវដែលងាយបង្កគ្រោះថ្នាក់ ដំឡើងស្លាកសញ្ញាបន្ថែម លាបគំនូសថ្មី ឬកែលម្អផ្លូវ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដឹកជញ្ជូនជាដើម។
ទាក់ទងរឿងនេះ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) លោក ឡាំ សុជាតិ មានប្រសាសន៍ថា ការអនុវត្តច្បាប់ធូររលុងរបស់មន្ត្រី ព្រមទាំងការមិនចូលរួមគោរពច្បាប់របស់អ្នកបើកបរ និងក្រុមហ៊ុនដឹកជញ្ជូន គឺជាហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ធំៗកើតឡើងជាញឹកញាប់។ លោកយល់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ច គួរតែស្រាវជ្រាវឲ្យបានច្បាស់លាស់ ដើម្បីដាក់ឲ្យអ្នកបើកបរ និងម្ចាស់ក្រុមហ៊ុន ទទួលរងទណ្ឌកម្មតាមផ្លូវច្បាប់ ដោយមិនត្រូវបញ្ចប់រឿងត្រឹមលុយចូលបុណ្យ ឬការបង់លុយតាមរយៈក្រុមហ៊ុនធានារ៉ាប់រងឡើយ។
លោក ឡាំ សុជាតិ៖ «ទី១ ក្រុមហ៊ុន មិនបង្កលក្ខណៈឲ្យអ្នកបើកបរ គោរពច្បាប់ច្បាស់លាស់ហើយមានកម្លាំង និងការបើកបរមានវិជ្ជាជីវៈគោរពសិទ្ធិអ្នកជិះឡាន។ ដល់ពេលមានគ្រោះ អាងយកលុយមួយលានពីរលានទៅចូលបុណ្យ ចូលឧបត្ថម្ភ ដូច្នេះធ្វើឲ្យជីវិតអ្នកដំណើរនៅស្រុកខ្មែរយើងនេះ តម្លៃវាថោកហួសហេតុហើយ។ ជីវិតមួយ ត្រឹមមួយលានពីរលានរៀល។ ត្រូវតែដាក់ទោសទណ្ឌម្ចាស់ក្រុមហ៊ុន និងអ្នកបើកបរឲ្យបានធ្ងន់ធ្ងរ ។ វាមិនមានរឿងសងលុយរួចខ្លួនទេ»។
គិតត្រឹមល្ងាចថ្ងៃទី២០ វិច្ឆិកានេះ អាជ្ញាធរបានដឹកសាកសពជនរងគ្រោះទៅតម្កល់ទុកនៅវត្តកកោះ ដើម្បីប្រកាសរកសមាជិកក្រុមគ្រួសារយកទៅធ្វើបុណ្យ។ កាសែត ក្នុងស្រុកចុះផ្សាយថា អ្នកស្លាប់ភាគច្រើនជាអ្នករស់នៅខេត្តសៀមរាប ហើយអ្នកខ្លះ គឺជាកម្មករសំណង់។ ក្រុមគ្រួសារជនរងគ្រោះ បានស្រែកយំបោកខ្លួនយ៉ាងសង្វេគនៅពេលទៅទទួលសាកសពមកធ្វើបុណ្យ។
មាត្រា ៨៥ នៃច្បាប់ចរាចរណ៍ចែងថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ដោយបង្កឱ្យមានអ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យពី ៤លាន ទៅ ១៥លានរៀល។ ទោសនេះនឹងត្រូវផ្ដន្ទាទោសពី ២ឆ្នាំ ទៅ ៥ឆ្នាំ ពិន័យពី ១០លានរៀល ដល់ ២៥លានរៀល ប្រសិនបើបណ្ដាលឱ្យមានអ្នកស្លាប់ច្រើននាក់ ឬករណីផ្សេងៗមួយចំនួនទៀត ដូចជាបើកបរក្នុងស្ថានភាពស្រវឹង និងរត់គេចពីកន្លែងកើតហេតុ។
សព្វថ្ងៃនេះ នៅស្រុកខ្មែរ គ្រោះថ្នាក់ចរាចរណ៍ កំពុងក្លាយជាឃាតកសម្លាប់មនុស្សលេខ១។រដ្ឋាភិបាល ក៏បានដឹងច្បាស់អំពីមូលហេតុចម្បងដែលនាំឲ្យមានគ្រោះ ថ្នាក់ចរាចរណ៍នេះ គឺបញ្ហាគ្រឿងស្រវឹង ការអនុវត្តច្បាប់ធូររលុង ការបើកបរមិនគោរពច្បាប់ និងអំពើពុករលួយជាដើម។ ទោះជាយ៉ាងណា គេមើលឃើញថា រដ្ឋាភិបាល នៅមិនទាន់ដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាពនោះឡើយ៕









