ពលរដ្ឋ​រងគ្រោះ​​ដោយសារ​ក្រុមហ៊ុន​លោក ហ៊ី គឹមហុង តវ៉ា​បិទ​ផ្លូវ​ជំរុញ​ស្វែងរក​ដំណោះស្រាយ

0
10
ពលរដ្ឋ​ដែល​ចាញ់បោក​ប្រាក់​ក្រុមហ៊ុន​ពិភព​ដី​មាស​របស់​លោក ហ៊ី គឹមហុង តវ៉ា​លើកបដាមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ មានរូបជនរងគ្រោះស្លាប់​ជាដើម ​កាល​ព្រឹក​ថ្ងៃទី​២៤ វិច្ឆិកា ២០២៥។
ពលរដ្ឋ​ដែល​ចាញ់បោក​ប្រាក់​ក្រុមហ៊ុន​ពិភព​ដី​មាស​របស់​លោក ហ៊ី គឹមហុង តវ៉ា​លើកបដាមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ មានរូបជនរងគ្រោះស្លាប់​ជាដើម ​កាល​ព្រឹក​ថ្ងៃទី​២៤ វិច្ឆិកា ២០២៥។

តុលាការ​មិនទាន់​ប្រកាស​សាលក្រម​សំណុំរឿង​អតីត​ឧកញ៉ា ហ៊ី គឹមហុង ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ប្រាក់​ពលរដ្ឋ​នៅឡើយ ខណៈ​ពលរដ្ឋ​រងគ្រោះ បន្ត​ជំរុញ​ឲ្យ​តុលាការ​ពន្លឿន​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់។

ពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន​ពិភព​ដី​មាស​របស់​អតីត​ឧកញ៉ា ហ៊ី គឹមហុង អះអាង​ថា បើ​តុលាការ​មិន​ផ្ដល់​ដំណោះស្រាយ​សំណង​ជូន​ពួកគាត់​នៅ​ខែក្រោយ​នេះ ដូច​ការសន្យា​នោះ​ទេ នឹង​មាន​អ្នករងគ្រោះ​ស្លាប់​ជា​បន្តបន្ទាប់​ទៀត ដោយសារតែ​ឈឺ ចិត្ត​ស្អិត​ទ្រូង​ព្រោះតែ​វិបត្តិ​បំណុល។

ការ​អះអាង​នេះ បន្ទាប់ពី​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ចប់​ការ ធ្វើ សេចក្ដីសន្និដ្ឋាន​នៅ​ថ្ងៃទី​២០​ខែឧសភា ហើយ​សម្រេច​លើក​ពេល​ប្រកាស​សាល ក្រម​សំណុំរឿង​អតីត​ឧកញ៉ា ហ៊ី គឹមហុង និង​បក្ខពួក ទៅ​ថ្ងៃទី​២០ ខែមិថុនា វិញ។

តំណាង​ពលរដ្ឋ​នៅ​ខេត្តបាត់ដំបង លោក ភាព សុផា ខកចិត្ត​ចំពោះ​តុលាការ ដែល​ពន្យារពេល​ប្រកាស​សាលក្រម​សំណុំ​រឿង​នេះ។លោក​បន្ត​ថា នៅ​ថ្ងៃទី​២០ ខែ​មិថុនា ខាងមុខ​នេះ ប្រសិនបើ​តុលាការ​នៅតែ​មិន​មាន​ដំណោះស្រាយ​នោះ ពួកគាត់​នឹង នាំគ្នា​ឡើង​មក​ភ្នំពេញ​ជាថ្មី​ទៀត។

លោក ភាព សុផា៖ «គាត់​ធ្វើ​ការងារ​យឺតយ៉ាវ​មែនទែន ៣ ឆ្នាំ​ហើយ គាត់​អត់​ដំណោះស្រាយ គឺ​វា​អត់​ទាន់​ដាច់​ស្រេច​អ៊ីចឹង ហើយ​គាត់​នៅ​បន្ត ៣០ ថ្ងៃ​ទៀត​។ លើក​មុន​គាត់​ប្រាប់​ថា មួយ​អាទិត្យ​ទេ មួយ​អាទិត្យ​ឡើង​ដល់ ៣​ខែ ហើយ​ឥឡូវ ហ្នឹង គាត់​ថា ៣០​ថ្ងៃ ហើយ​បើ ៣០​ថ្ងៃ មិនដឹង​ប៉ុន្មាន​ខែ​ទៀត​។ សំណូមពរ​ធ្វើ​ម៉េច គឺ​ឲ្យ​ការងារ​នឹង​ឲ្យ​បាន​ចប់​ឆាប់ៗ កុំ​ឲ្យ​ទុក​ពេល​វេលា​យូរ​ពេក ព្រោះ​ធនាគារ​អត់ ទុក​ពេល​ឲ្យ​យើង​ទេ ព្រោះ​ដល់​ពេល​ដល់​វេលា គេ​រឹបអូស​យក​ដី​ហើយ»។

តំណាង​ពលរដ្ឋ​រងគ្រោះ លោក សេង ហាន់ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២០ ខែ​ឧសភា ថា ពលរដ្ឋ ដែល​ស្លាប់​ដោយសារ​ក្រុមហ៊ុន​ពិភព​ដីមាស បាន​កើន​ដល់ ៣៨​នាក់​ហើយ។ លោក​ថា ប្រសិនបើ​តុលាការ​នៅតែ​ពន្យារពេល​មិន​ព្រម​ផ្ដល់ ដំណោះស្រាយ លោក​ថា អាច​នឹង​មាន​ពលរដ្ឋ​ស្លាប់​ជា​បន្តបន្ទាប់​ទៀត ដោយសារ​វិបត្តិ​ផ្លូវចិត្ត និង​សម្ពាធ​បំណុល​ធនាគារ។

លោក សេង ហាន់៖ «ថ្ងៃ​ខាងមុខនេះ គាត់​ចេញ​សាលក្រម​មក ហើយ​ផ្ដន្ទាទោស ហើយ​សុំ​ឲ្យ​តុលាការ​ចេញ​ដីកា​ពេល​ហ្នឹង​ដែរ ព្រោះ​អីយើ​ង​មាន​សាលក្រម​ហើយ​។ បើ​តុលាការ​ថា មាន​សាលក្រម ទើប​អាច​ចាប់ខ្លួន​បាន​អ៊ីចឹង​។ អ៊ីចឹង​ស្នើសុំ​ពេល ហ្នឹង ចេញ​សាលក្រម​ហើយ​ចេញ​ដីកា​ចាប់​តែម្ដង»។

អតីត​ឧកញ៉ា ហ៊ី គីមហុង ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ខែ សីហា​ឆ្នាំ​២០២៣ ពាក់ព័ន្ធ​នឹង​បទ​ចោទ​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស បន្ទាប់ពី​ក្រុម​ប្រជាពលរដ្ឋ បាន ដាក់ពាក្យ​បណ្ដឹង​ប្ដឹង​ឧកញ៉ា​រូប​នេះ។ ប៉ុន្តែ​កាលពីដើម​ខែវិច្ឆិកា​ឆ្នាំ​២០២៣ ម្ចាស់ ក្រុមហ៊ុន​ពិភព​ដី​មាស​អតីត​ឧកញ៉ា ហ៊ី គឹមហុង ត្រូវ​បាន​សាលាឧទ្ធរណ៍​ភ្នំពេញ ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន បន្ទាប់ពី​ជាប់​ពន្ធនាគារ​ប្រមាណ ៣​ខែ។

ទាក់ទិន​រឿង​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​តុលាការ​ពន្លឿន ដំណោះស្រាយ​ជូន​ពលរដ្ឋ ពីព្រោះ​ការ​យឺតយ៉ាវ​នេះ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ផ្ទួនៗ ដោយ​ជំពាក់​បំណុល​វ័ណ្ឌក​ផង ប៉ះពាល់​ទៅដល់​ជីវភាព រស់នៅ ប្រចាំថ្ងៃ​ផង ហើយ​បញ្ហា​ទាំងនេះ នឹង​ជះ​ឥទ្ធិពល​ដល់​សង្គមជាតិ ខណៈ​ពលរដ្ឋ ក៏​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​ផង​ដែរ។

ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ ព្រមាន​ថា ប្រសិនបើ​តុលាការ​នៅតែ​អូស​បន្លាយ ដំណោះស្រាយ និង​មិន​ចាប់ខ្លួន​អតីត​ឧកញ៉ា ហ៊ី គឹមហុង និង​បក្ខពួក​នោះ​ទេ ពួកគាត់​នឹង​នាំគ្នា​ឡើង​ទៅ​ភ្នំពេញ​ជាថ្មី​ទៀត ដើម្បី​ប្រមូលផ្ដុំ​តវ៉ា​នៅ​ខាង​មុខ​ផ្ទះ លោកនាយក​រដ្ឋមន្ត្រី​រហូត​ទទួល​បាន​ដំណោះស្រាយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ