

តុលាការមិនទាន់ប្រកាសសាលក្រមសំណុំរឿងអតីតឧកញ៉ា ហ៊ី គឹមហុង ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ពលរដ្ឋនៅឡើយ ខណៈពលរដ្ឋរងគ្រោះ បន្តជំរុញឲ្យតុលាការពន្លឿនដំណោះស្រាយឲ្យបានឆាប់។
ពលរដ្ឋចាញ់បោកក្រុមហ៊ុនពិភពដីមាសរបស់អតីតឧកញ៉ា ហ៊ី គឹមហុង អះអាងថា បើតុលាការមិនផ្ដល់ដំណោះស្រាយសំណងជូនពួកគាត់នៅខែក្រោយនេះ ដូចការសន្យានោះទេ នឹងមានអ្នករងគ្រោះស្លាប់ជាបន្តបន្ទាប់ទៀត ដោយសារតែឈឺ ចិត្តស្អិតទ្រូងព្រោះតែវិបត្តិបំណុល។
ការអះអាងនេះ បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ការ ធ្វើ សេចក្ដីសន្និដ្ឋាននៅថ្ងៃទី២០ខែឧសភា ហើយសម្រេចលើកពេលប្រកាសសាល ក្រមសំណុំរឿងអតីតឧកញ៉ា ហ៊ី គឹមហុង និងបក្ខពួក ទៅថ្ងៃទី២០ ខែមិថុនា វិញ។
តំណាងពលរដ្ឋនៅខេត្តបាត់ដំបង លោក ភាព សុផា ខកចិត្តចំពោះតុលាការ ដែលពន្យារពេលប្រកាសសាលក្រមសំណុំរឿងនេះ។លោកបន្តថា នៅថ្ងៃទី២០ ខែមិថុនា ខាងមុខនេះ ប្រសិនបើតុលាការនៅតែមិនមានដំណោះស្រាយនោះ ពួកគាត់នឹង នាំគ្នាឡើងមកភ្នំពេញជាថ្មីទៀត។
លោក ភាព សុផា៖ «គាត់ធ្វើការងារយឺតយ៉ាវមែនទែន ៣ ឆ្នាំហើយ គាត់អត់ដំណោះស្រាយ គឺវាអត់ទាន់ដាច់ស្រេចអ៊ីចឹង ហើយគាត់នៅបន្ត ៣០ ថ្ងៃទៀត។ លើកមុនគាត់ប្រាប់ថា មួយអាទិត្យទេ មួយអាទិត្យឡើងដល់ ៣ខែ ហើយឥឡូវ ហ្នឹង គាត់ថា ៣០ថ្ងៃ ហើយបើ ៣០ថ្ងៃ មិនដឹងប៉ុន្មានខែទៀត។ សំណូមពរធ្វើម៉េច គឺឲ្យការងារនឹងឲ្យបានចប់ឆាប់ៗ កុំឲ្យទុកពេលវេលាយូរពេក ព្រោះធនាគារអត់ ទុកពេលឲ្យយើងទេ ព្រោះដល់ពេលដល់វេលា គេរឹបអូសយកដីហើយ»។
តំណាងពលរដ្ឋរងគ្រោះ លោក សេង ហាន់ ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២០ ខែឧសភា ថា ពលរដ្ឋ ដែលស្លាប់ដោយសារក្រុមហ៊ុនពិភពដីមាស បានកើនដល់ ៣៨នាក់ហើយ។ លោកថា ប្រសិនបើតុលាការនៅតែពន្យារពេលមិនព្រមផ្ដល់ ដំណោះស្រាយ លោកថា អាចនឹងមានពលរដ្ឋស្លាប់ជាបន្តបន្ទាប់ទៀត ដោយសារវិបត្តិផ្លូវចិត្ត និងសម្ពាធបំណុលធនាគារ។
លោក សេង ហាន់៖ «ថ្ងៃខាងមុខនេះ គាត់ចេញសាលក្រមមក ហើយផ្ដន្ទាទោស ហើយសុំឲ្យតុលាការចេញដីកាពេលហ្នឹងដែរ ព្រោះអីយើងមានសាលក្រមហើយ។ បើតុលាការថា មានសាលក្រម ទើបអាចចាប់ខ្លួនបានអ៊ីចឹង។ អ៊ីចឹងស្នើសុំពេល ហ្នឹង ចេញសាលក្រមហើយចេញដីកាចាប់តែម្ដង»។
អតីតឧកញ៉ា ហ៊ី គីមហុង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីខែ សីហាឆ្នាំ២០២៣ ពាក់ព័ន្ធនឹងបទចោទឆបោកមានស្ថានទម្ងន់ទោស បន្ទាប់ពីក្រុមប្រជាពលរដ្ឋ បាន ដាក់ពាក្យបណ្ដឹងប្ដឹងឧកញ៉ារូបនេះ។ ប៉ុន្តែកាលពីដើមខែវិច្ឆិកាឆ្នាំ២០២៣ ម្ចាស់ ក្រុមហ៊ុនពិភពដីមាសអតីតឧកញ៉ា ហ៊ី គឹមហុង ត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញ ដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពីជាប់ពន្ធនាគារប្រមាណ ៣ខែ។
ទាក់ទិនរឿងនេះ ក្រុមអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ជំរុញឲ្យតុលាការពន្លឿន ដំណោះស្រាយជូនពលរដ្ឋ ពីព្រោះការយឺតយ៉ាវនេះ នឹងធ្វើឲ្យពលរដ្ឋរងគ្រោះផ្ទួនៗ ដោយជំពាក់បំណុលវ័ណ្ឌកផង ប៉ះពាល់ទៅដល់ជីវភាព រស់នៅ ប្រចាំថ្ងៃផង ហើយបញ្ហាទាំងនេះ នឹងជះឥទ្ធិពលដល់សង្គមជាតិ ខណៈពលរដ្ឋ ក៏បាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌ផងដែរ។
ក្រុមប្រជាពលរដ្ឋរងគ្រោះ ព្រមានថា ប្រសិនបើតុលាការនៅតែអូសបន្លាយ ដំណោះស្រាយ និងមិនចាប់ខ្លួនអតីតឧកញ៉ា ហ៊ី គឹមហុង និងបក្ខពួកនោះទេ ពួកគាត់នឹងនាំគ្នាឡើងទៅភ្នំពេញជាថ្មីទៀត ដើម្បីប្រមូលផ្ដុំតវ៉ានៅខាងមុខផ្ទះ លោកនាយករដ្ឋមន្ត្រីរហូតទទួលបានដំណោះស្រាយ៕









