

តុលាការក្រុងភ្នំពេញផ្ដន្ទាទោសសមាជិកគណបក្សកម្លាំងជាតិ លោក អៀម រ៉ាវុទ្ធ ឲ្យពន្ធនាគារ៣ឆ្នាំក្រោមបទចោទប្រកាន់«ប្រមាថចំពោះអង្គព្រះមហាក្សត្រ។ គ្រួសារចាត់ទុកការផ្ដន្ទាទោសនេះថា ជារឿងអយុត្តិធម៌ និងទទូចឲ្យដោះលែងលោក អៀម រ៉ាវុទ្ធ ដើម្បីឲ្យលោកព្យាបាលជំងឺ។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែឧសភា បានផ្ដន្ទាទោសសមាជិក គណបក្សកម្លាំងជាតិ លោក អៀម រ៉ាវុទ្ធ ឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំ និងពិន័យប្រាក់ ៥ លានរៀល ឬស្មើ១២៥០ដុល្លារ ពីបទ«ប្រមាថចំពោះអង្គព្រះមហាក្សត្រ» ពាក់ព័ន្ធនឹងការមតិរិះគន់នៅលើបណ្ដាញសង្គមរបស់លោក។
ប្អូនស្រីលោក អៀម រ៉ាវុទ្ធ គឺអ្នកនាង អៀម ថាវរី ចាត់ទុកការផ្ដន្ទាទោសបងប្រុសថា ជារឿងអយុត្តិធម៌ ពីព្រោះការចោទប្រកាន់នេះ មិនមានភស្ដុតាងច្បាស់ ដោយតុលាការគ្រាន់តែយកពាក្យសម្ដីរបស់បុគ្គលម្នាក់ មកចោទប្រកាន់ និងឃុំខ្លួនបងប្រុសអ្នកនាង។ អ្នកនាងលើកឡើងថា តុលាការមិនបានបង្ហាញភស្តុតាងនោះទេ អំឡុងពេលសវនាការ ទោះបីជាបងប្រុសអ្នកនាងបានស្នើសុំក៏ដោយ។
អ្នកនាង អៀម ថាវរី៖ «ខ្ញុំចូលទៅស្ដាប់សាលក្រមជាមួយបងប្រុស អៀម រ៉ាវុទ្ធ។ ទី១ ការចោទប្រកាន់របស់តុលាការ គឺមានបុគ្គលម្នាក់ទៀត គាត់មុនបងប្រុសខ្ញុំអ៊ីចឹង នឹងមានប្រមាថអង្គព្រះមហាក្សត្រដោយអាត់សំឡេង ដល់ពេលហើយមនុស្ស ប្រុសនោះ បានសារភាពមកលើបងប្រុសរបស់ខ្ញុំ ពេលគាត់និយាយនៅតូបកាហ្វេ មានបងប្រុស អៀម រ៉ាវុទ្ធ ចូលរួមនិយាយជាមួយអ៊ីចឹង។ ការចោទប្រកាន់របស់ តុលាការ គឺបែបនេះទេ អ៊ីចឹងមានបង្ហោះលើសង្គមហ្វេសប៊ុកទេ។ ចំពោះខ្ញុំ ប្អូនស្រីបង្កើត គឺស្ដាប់ហើយរងភាពអយុត្តិធម៌ចំពោះបងប្រុស ដោយសារ តែគ្រាន់ តែការចោទប្រកាន់ពីមនុស្សម្នាក់ទៀត មកដាក់មនុស្សម្នាក់ ហើយគ្មានភស្តុតាង ច្បាស់លាស់មកបង្ហាញជាសាធារណៈបង្ហាញនៅក្នុងអង្គសវនាការអ៊ីចឹង»។
អ្នកនាង អៀម ថាវរី ទទូចឲ្យតុលាការ និងរដ្ឋាភិបាលដោះលែងបងប្រុសឲ្យមានសេរីភាព ដើម្បីបានទៅព្យាបាលជំងឺ និងជួបជុំម្ដាយចាស់ជរា។
អ្នកនាង អៀម ថាវរី៖ «សូមផ្សព្វផ្សាយឲ្យបានដឹងដល់រដ្ឋាភិបាល និងដល់តុលាការ ឲ្យគាត់ជួយដោះលែងបងខ្ញុំមកវិញមក។ បងខ្ញុំគ្មានកំហុសអីទេ ហើយម្ដាយរង់ចាំផ្លូវនៅផ្ទះអ៊ីចឹង ហើយឥឡូវគាត់កំពុងមានជំងឺ ចង់ឲ្យគាត់មកព្យាបាលជំងឺខាងក្រៅអ៊ីចឹង»។
លោក អៀម រ៉ាវុទ្ធ ជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិបណ្ដោះអាសន្ន នៃគណបក្សកម្លាំងជាតិ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោកត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ហើយនៅខែកញ្ញា ឆ្នាំ២០២៥ លោកត្រូវសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅខេត្តមណ្ឌលគិរី ដែលឆ្ងាយពីក្រុមគ្រួសារ ក្នុងការជួបសួរសុខទុក្ខ ខណៈលោកកំពុងមានជំងឺសួតធ្ងន់ធ្ងរ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិ មនុស្ស លីកាដូ(LICADHO) លោក អំ សំអាត លើកឡើងថា កន្លងមក សង្គមស៊ីវិលជាតិ និងអន្តតជាតិ ព្រមទាំងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មានការ ព្រួយបារម្ភចំពោះការចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួន សកម្មជនគណបក្ស នយោបាយ សកម្មជនសិទ្ធិមនុស្ស បរិស្ថាន សង្គម និងពលរដ្ឋ ដែលប្រើប្រាស់សិទ្ធិ បញ្ចេញមតិ និងចែករំលែកព័ត៌មាន លើបណ្ដាញសង្គម។ លោកថា ករណីនេះ កម្ពុជានឹងរងការរិះគន់បន្ថែមទៀត ពាក់ព័ន្ធនឹងការរឹតត្បិតសិទ្ធិសេរីភាព បញ្ចេញមតិ ដែលធានាដោយរដ្ឋធម្មនុញ្ញ ខណៈកម្ពុជាក៏បានទទួលស្គាល់បទដ្ឋាន អន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយផងដែរ។
លោក អំ សំអាត៖ «គេចាត់ទុកថា អាចនឹងធ្វើឲ្យប៉ះពាល់លំហសេរីភាពនៅក្នុងការ បញ្ចេញមតិ និងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។ ដូច្នេះ ករណីផ្ដន្ទាទោសលោក អៀម រ៉ាវុទ្ធ នេះ ជាករណីមួយនៅក្នុងករណីដែលបានលើកឡើផងដែរ ដែលគេ សម្ដែងការព្រួយបារម្ភទាក់ទងនឹងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។ នៅក្នុងរដ្ឋធម្មនុញ្ញមាត្រ ៣៥ បានលើកឡើងយ៉ាងច្បាស់ថា ពលរដ្ឋគ្រប់រូប មានសិទ្ធិចូល រួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ហើយមាត្រ ៤១ ក៏និយាយអំពីសេរីភាព នៅក្នុងការបញ្ចេញមតិផងដែរ»។
លោក អំ សំអាត បន្តថា បើមើលទៅប្រទេសក្នុងតំបន់អាស៊ាន ដូចជា ភូមា ក្រោយ ការបោះឆ្នោត ក៏បានដោះលែងសកម្មជន ឬអ្នកនយោបាយ ព្រមទាំងអ្នកជាប់ឃុំ ជាច្រើន ដូច្នេះ អង្គការសង្គមស៊ីវិល ក៏ចង់ឃើញកម្ពុជា ផ្សះផ្សាជាតិ បង្រួប បង្រួមជាតិ ដោយដោះលែងសកម្មជនគណបក្សនយោបាយ សកម្មជនសិទ្ធិមនុស្ស បរិស្ថាន សង្គម និងពលរដ្ឋ ដែលត្រូវសមត្ថកិច្ចចាប់និងឃុំខ្លួន ដោយសារតែប្រើ ប្រាស់សិទ្ធិបញ្ចេញមតិ។
អង្គការលីកាដូ ឲ្យដឹងថាលោក អៀម រ៉ាវុទ្ធ គឺជាស្ថិតនៅក្នុងចំណោមមនុស្សចំនួន១០៤នាក់ដែលត្រូវបានជាប់ឃុំដោយប្រើប្រាស់សិទ្ធិ៕








