តុលាការ​ផ្ដន្ទាទោស​សកម្មជន​បក្ស​កម្លាំង​ជាតិ​ម្នាក់​ដាក់​ពន្ធនាគារ​៣​ឆ្នាំ ក្រោម​បទ​ចោទ​ប្រមាថ​ព្រះមហាក្សត្រ

0
67
សមាជិក​គណបក្ស​កម្លាំង​ជាតិ លោក អៀម រ៉ាវុទ្ធ ពេលម្ដាយទៅសួរសុខទុក្ខពេលលោកកំពុងព្យាបាល​ជំងឺក្នុងពន្ធនាគារ។ ​រូប៖ ផ្ដល់ឱ្យ
សមាជិក​គណបក្ស​កម្លាំង​ជាតិ លោក អៀម រ៉ាវុទ្ធ ពេលម្ដាយទៅសួរសុខទុក្ខពេលលោកកំពុងព្យាបាល​ជំងឺក្នុងពន្ធនាគារ។ ​រូប៖ ផ្ដល់ឱ្យ

តុលាការក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​សមាជិក​គណបក្ស​កម្លាំង​ជាតិ លោក អៀម រ៉ាវុទ្ធ ឲ្យ​ពន្ធនាគារ​៣​ឆ្នាំ​ក្រោម​បទចោទប្រកាន់​«​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​។ គ្រួសារ​ចាត់ទុក​ការ​ផ្ដន្ទាទោស​នេះ​ថា ជា​រឿង​អយុត្តិធម៌ និង​ទទូច​ឲ្យ​ដោះលែង​លោក អៀម រ៉ាវុទ្ធ ដើម្បី​ឲ្យ​លោក​ព្យាបាល​ជំងឺ។

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២១ ខែ​ឧសភា បាន​ផ្ដន្ទាទោស​សមាជិក គណបក្ស​កម្លាំង​ជាតិ លោក អៀម រ៉ាវុទ្ធ ឲ្យ​ជាប់ពន្ធនាគារ ៣ ឆ្នាំ និង​ពិន័យ​ប្រាក់ ៥ លាន​រៀល ឬ​ស្មើ​១២៥០​ដុល្លារ ពី​បទ​«​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​» ពាក់ព័ន្ធ​នឹង​ការ​មតិ​រិះគន់​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក។

ប្អូនស្រី​លោក អៀម រ៉ាវុទ្ធ គឺ​អ្នកនាង អៀម ថាវរី ចាត់ទុក​ការ​ផ្ដន្ទាទោស​បងប្រុស​ថា ជា​រឿង​អយុត្តិធម៌ ពីព្រោះ​ការចោទប្រកាន់​នេះ មិន​មាន​ភស្ដុតាង​ច្បាស់ ដោយ​តុលាការ​គ្រាន់តែ​យកពាក្យ​សម្ដី​របស់​បុគ្គល​ម្នាក់ មក​ចោទប្រកាន់ និង​ឃុំខ្លួន​បងប្រុស​អ្នកនាង​។ អ្នកនាង​លើកឡើង​ថា តុលាការ​មិនបាន​បង្ហាញ​ភស្តុតាង​នោះ​ទេ អំឡុង​ពេល​សវនាការ ទោះបីជា​បងប្រុស​អ្នកនាង​បាន​ស្នើ​សុំ​ក៏ដោយ។

​អ្នកនាង អៀម ថាវរី៖ «​ខ្ញុំ​ចូល​ទៅ​ស្ដាប់​សាលក្រម​ជាមួយ​បងប្រុស អៀម រ៉ាវុទ្ធ។ ទី​១ ការចោទប្រកាន់​របស់​តុលាការ គឺ​មាន​បុគ្គល​ម្នាក់ទៀត គាត់​មុន​បងប្រុស​ខ្ញុំ​អ៊ីចឹង នឹង​មាន​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​ដោយ​អាត់​សំឡេង ដល់ពេល​ហើយ​មនុស្ស ប្រុស​នោះ បាន​សារភាព​មក​លើ​បងប្រុស​របស់ខ្ញុំ ពេល​គាត់​និយាយ​នៅ​តូប​កាហ្វេ មាន​បងប្រុស អៀម រ៉ាវុទ្ធ ចូលរួម​និយាយ​ជាមួយ​អ៊ីចឹង​។ ការចោទប្រកាន់​របស់ តុលាការ គឺ​បែបនេះ​ទេ អ៊ីចឹង​មាន​បង្ហោះ​លើ​សង្គម​ហ្វេសប៊ុក​ទេ​។ ចំពោះ​ខ្ញុំ ប្អូនស្រី​បង្កើត គឺ​ស្ដាប់​ហើយ​រង​ភាព​អយុត្តិធម៌​ចំពោះ​បងប្រុស ដោយសារ តែ​គ្រាន់ តែ​ការចោទប្រកាន់​ពី​មនុស្ស​ម្នាក់ទៀត មក​ដាក់​មនុស្ស​ម្នាក់ ហើយ​គ្មាន​ភស្តុតាង ច្បាស់លាស់​មក​បង្ហាញ​ជា​សាធារណៈ​បង្ហាញ​នៅក្នុង​អង្គ​សវនាការ​អ៊ីចឹង»។

អ្នកនាង អៀម ថាវរី ទទូច​ឲ្យ​តុលាការ និង​រដ្ឋាភិបាល​ដោះលែង​បងប្រុស​ឲ្យ​មាន​សេរីភាព ដើម្បី​បាន​ទៅ​ព្យាបាល​ជំងឺ និង​ជួបជុំ​ម្ដាយ​ចាស់ជរា។

អ្នកនាង អៀម ថាវរី៖ «​សូម​ផ្សព្វផ្សាយ​ឲ្យ​បានដឹង​ដល់​រដ្ឋាភិបាល និង​ដល់​តុលាការ ឲ្យ​គាត់​ជួយ​ដោះលែង​បង​ខ្ញុំ​មកវិញ​មក​។ បង​ខ្ញុំ​គ្មាន​កំហុស​អី​ទេ ហើយ​ម្ដាយ​រង់ចាំ​ផ្លូវ​នៅផ្ទះ​អ៊ីចឹង ហើយ​ឥឡូវ​គាត់​កំពុង​មាន​ជំងឺ ចង់​ឲ្យ​គាត់​មក​ព្យាបាល​ជំងឺ​ខាង​ក្រៅ​អ៊ីចឹង»។

លោក អៀម រ៉ាវុទ្ធ ជា​អនុប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​បណ្ដោះអាសន្ន នៃ​គណបក្ស​កម្លាំង​ជាតិ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ​។ លោក​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៥ ហើយ​នៅ​ខែ​កញ្ញា ឆ្នាំ​២០២៥ លោក​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ខេត្តមណ្ឌលគិរី ដែល​ឆ្ងាយ​ពី​ក្រុម​គ្រួសារ ក្នុង​ការ​ជួប​សួរសុខទុក្ខ ខណៈ​លោក​កំពុង​មាន​ជំងឺ​សួត​ធ្ងន់ធ្ងរ។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិ មនុស្ស លីកាដូ​(LICADHO) លោក អំ សំអាត លើកឡើង​ថា កន្លងមក សង្គម​ស៊ីវិល​ជាតិ និង​អន្ត​ត​ជាតិ ព្រមទាំង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ មានការ ព្រួយបារម្ភ​ចំពោះ​ការ​ចាប់ខ្លួន ចោទប្រកាន់ និង​ឃុំខ្លួន សកម្មជន​គណបក្ស នយោបាយ សកម្មជន​សិទ្ធិមនុស្ស បរិស្ថាន សង្គម និង​ពលរដ្ឋ ដែល​ប្រើប្រាស់​សិទ្ធិ បញ្ចេញមតិ និង​ចែករំលែក​ព័ត៌មាន លើ​បណ្ដាញ​សង្គម​។ លោក​ថា ករណីនេះ កម្ពុជា​នឹង​រង​ការរិះគន់​បន្ថែម​ទៀត ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព បញ្ចេញមតិ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ខណៈ​កម្ពុជា​ក៏បាន​ទទួលស្គាល់​បទដ្ឋាន អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​ផង​ដែរ។

លោក អំ សំអាត៖ «គេ​ចាត់ទុកថា អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​លំហ​សេរីភាព​នៅក្នុង​ការ បញ្ចេញមតិ និង​សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ​។ ដូច្នេះ ករណី​ផ្ដន្ទាទោស​លោក អៀម រ៉ាវុទ្ធ នេះ ជា​ករណី​មួយ​នៅក្នុង​ករណី​ដែល​បាន​លើក​ឡើ​ផង​ដែរ ដែល​គេ សម្ដែង​ការ​ព្រួយ​បារម្ភ​ទាក់ទង​នឹង​សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ​។ នៅក្នុង​រដ្ឋធម្មនុញ្ញ​មាត្រ ៣៥ បាន​លើកឡើង​យ៉ាង​ច្បាស់​ថា ពលរដ្ឋ​គ្រប់រូប មាន​សិទ្ធិ​ចូល រួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ហើយ​មាត្រ ៤១ ក៏​និយាយ​អំពី​សេរីភាព នៅក្នុង​ការ​បញ្ចេញមតិ​ផង​ដែរ»។

លោក អំ សំអាត បន្ត​ថា បើ​មើលទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដូចជា ភូមា ក្រោយ ការបោះឆ្នោត ក៏បាន​ដោះលែង​សកម្មជន ឬ​អ្នកនយោបាយ ព្រមទាំង​អ្នក​ជាប់ឃុំ ជាច្រើន ដូច្នេះ អង្គការ​សង្គម​ស៊ីវិល ក៏​ចង់​ឃើញ​កម្ពុជា ផ្សះផ្សា​ជាតិ បង្រួប បង្រួម​ជាតិ ដោយ​ដោះលែង​សកម្មជន​គណបក្ស​នយោបាយ សកម្មជន​សិទ្ធិមនុស្ស បរិស្ថាន សង្គម និង​ពលរដ្ឋ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​និង​ឃុំខ្លួន ដោយសារតែ​ប្រើ ប្រាស់​សិទ្ធិ​បញ្ចេញមតិ។

អង្គការ​លីកាដូ ឲ្យ​ដឹង​ថា​លោក អៀម រ៉ាវុទ្ធ គឺជា​ស្ថិត​នៅក្នុង​ចំណោម​មនុស្ស​ចំនួន​១០៤​នាក់​ដែល​ត្រូវ​បាន​ជាប់ឃុំ​ដោយ​ប្រើប្រាស់​សិទ្ធិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ