អ្នកឃ្លាំមើល​សង្គម​ថា អន្តរជាតិ​នឹង​ចាត់ការ​បន្ថែម​លើ​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​ជាមួយ​បណ្ដាញ​ឧក្រិដ្ឋកម្ម​អនឡាញ

(ពី​ស្ដាំ) ប្រធាន​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) លោក ហ៊ុន តូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ជា បងប្អូន​ជីដូនមួយ​លោក ហ៊ុន ម៉ាណែត។ រូប៖ បណ្ដាញ​សង្គម

អ្នកឃ្លាំមើល​សង្គម អះអាង​ថា សហគមន៍​អន្តរជាតិ កំពុង​ត្រៀម​ចាត់ការ​បន្ថែម​ទៀត លើ​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ហ៊ុន ដោយសារ​គេ​អាច​បារម្ភ​ថា​របប​ផ្ដាច់ការ​បែប​ឧក្រិដ្ឋកម្ម​ក្នុង​សម័យ​ឌីជីថល ដូច​ក្រុម​គ្រួសារ​ហ៊ុន អាច​ក្លាយទៅជា​បណ្តាញ​ភេរវកម្ម​ឌីជីថល​សកល​ទំនើប​មួយ ក្រោយពី​របាយការណ៍​របស់​គណៈកម្មាធិការ​សភា​អាមេរិក​ដែល​បាន​ចេញ​ផ្សាយ​នា​ពេល​ថ្មីៗ​នេះ រក​ឃើញ​ថា មេ​បណ្តាញ​ឧក្រិដ្ឋកម្ម​ឆបោក​អន​ឡាញ អតីត​ឧកញ៉ា ចេន ហ្ស៊ី ជា​ឧបករណ៍​របស់​គណបក្ស​កុម្មុយនិស្ត​ចិន មាន​ទំនាក់ទំនង​ស្និទ​មួយ​រដ្ឋាភិបាល​កម្ពុជា បាន​បោក​លុយ​ពលរដ្ឋ​អាមេរិក​ក្នុង​១​ឆ្នាំៗ​ប្រមាណ ១០​ពាន់​លាន​ដុល្លារ​ឱ្យ​បក្ស​កុម្មុយនិស្ត​ចិន។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ​២៣ តុលា លោក គឹម សុខ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​សភា​អាមេរិក​ថ្មីៗ​នេះ រកឃើញ​ថា មេ​បណ្តាញ​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ អតីត​ឧកញ៉ា ចេន ហ្ស៊ី គឺជា​ឧបករណ៍​របស់​របស់​អ្នក​មាន​អំណាច​ខ្លាំង​នៅ​ប្រទេស​ចិន​ដូច្នេះហើយ​នៅពេល​បែក​ព័ត៌មាន​អំពី ចេន ហ្ស៊ី ភាគី​ចិន​ក៏​ឲ្យ​គ្រួសារ​ហ៊ុន បញ្ជូន​ទៅ​ចិន​វិញ។

លោក គឹម សុខ បន្ថែម​ថា លោក ចេន ហ្ស៊ី មាន​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​ជាមួយ​ថ្នាក់ដឹកនាំ​កម្ពុជា រហូត​ទទួល​តួនាទី​ជាទី​ប្រឹក្សា​របស់​នាយករដ្ឋ​មន្ត្រី​កម្ពុជា​បច្ចុប្បន្ន​។ ដូច្នេះ​ពួកគេ​បញ្ជូន​លោក ចេន ហ្ស៊ី ទៅ​ប្រទេស​ចិន​វិញ ខា្លច​សហរដ្ឋអាមេរិក​ចាប់បាន​បែក​រឿង​អ្នក​ដែល​នៅ​ពីក្រោយ លោក ចេន ហ្ស៊ី។

អ្នកនាំពាក្យ​រូប​នេះ បន្ថែម​ទៀត​ថា សហគមន៍​អន្តរជាតិ អាច​ដាក់​ទណ្ឌកម្ម រឺ​ក៏​សម្ពាធ​ឲ្យ​ដល់​ឫសគល់​នៃ​របប​ផ្ដាច់ការ​ក្រុម​គ្រួសារ​ហ៊ុន ពីព្រោះ​សហគមន៍​អន្តរជាតិ​អាច​បារម្ភ​ថា របប​ផ្ដាច់ការ​បែប​ឧក្រិដ្ឋកម្ម​ក្នុង​សម័យ​ឌីជីថល​ដូច​ក្រុម​គ្រួសារ​ហ៊ុន​នេះ​អាច​ក្លាយទៅជា​បណ្តាញ​ភេរវកម្ម​ឌីជីថល​សកល​ទំនើប​មួយ។

លោក គឹម សុខ៖ «កាលណា​គេ​ចាត់​ចំណាត់ថ្នាក់​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ហ៊ុន​ជា​របប​ផ្ដាច់ការ​បែប​ឧក្រិដ្ឋកម្ម​ក្នុង​សម័យ​ឌីជីថល នោះ​មានន័យថា​សហគមន៍​អន្តរជាតិ បស្ចិម​ប្រទេស ត្រៀម​ចាត់ការ​បន្ថែម​ទៀតហើយ​លើ​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ហ៊ុន គឺ​ច្បាស់​ណាស់​ថា គេ​អាច​ដាក់​ទណ្ឌកម្ម រឺ​ក៏​សម្ពាធ​ឲ្យ​ដល់​ឫសគល់​នៃ​របប​ផ្ដាច់ការ​ក្រុម​គ្រួសារ​ហ៊ុន​តែម្តង»។

ការ​អះអាង​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ​២៣ តុលា​រូប​នេះ បន្ទាប់​ពី​របាយការណ៍​របស់​គណៈកម្មាធិការ​សភា​អាមេរិក​បាន​ចេញ​ផ្សាយ​នា​ពេល​ថ្មីៗ​នេះ បង្ហាញថា លោក ចេន ហ្ស៊ី ជា​បុគ្គល​ម្នាក់​ដែល​ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​ចិន​រក្សាទុក​សម្រាប់​ប្រើ​ជា​ឧបករណ៍​របស់​ខ្លួន​ដើម្បី​រកលុយ​ឲ្យ​បក្ស​កុម្មុយនិស្ត​ចិន។

របាយការណ៍​ដដែល​អះ​អាង​ថា នៅ​មុន​ពេល​ចាប់ខ្លួន លោក ចេន ហ្ស៊ី កាលពី​ខែ​មករា ឆ្នាំ​២០២៦ មន្ត្រី​ចិន​ជាច្រើន​នាក់​បាន​លើកឡើង​ពី​ការ​ធ្វើ​បត្យាប័ន ចេន ហ្ស៊ី ទៅ​ឲ្យ​ចិន​វិញ​។ ប៉ុន្តែ​មន្ត្រី​ចិន​ជាច្រើន​នាក់​ផ្សេងទៀត​បាន​បដិសេធ​រឿង​ធ្វើ​បត្យាប័ន​ដោយ​អះអាង​ថា ចេន ហ្ស៊ី នៅ​មាន​ប្រយោជន៍​សម្រាប់​បក្ស​កុម្មុយនិស្ត​ចិន​ក្នុង​ការ​រក្សា​លំនឹង​នៃ​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង​ជា​ឧបករណ៍​ដែល​បាន​បោក​លុយ​ពលរដ្ឋ​អាមេរិក​ក្នុង ១​ឆ្នាំៗ​ប្រមាណ ១០​ពាន់​លាន​ដុល្លារ​ឱ្យ​បក្ស​កុម្មុយនិស្ត​ចិន។

បើ​តាម​របាយការណ៍​ដដែល បង្ហាញថា អតីត​ឧកញ៉ា ចេន ហ្ស៊ី បង្ហាញមុខ​នៅ​កម្ពុជា និង​បាន​បង្កើត​ក្រុមហ៊ុន​មួយ​ឈ្មោះ Prince Holding Group ដោយ​គ្មាន​នរណា​ស្គាល់ បាន​ក្លាយទៅជា​អ្នកជំនួញ​ដ៏​លេចធ្លោ​ម្នាក់​នៅ​កម្ពុជា និង​មាន​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន តាមរយៈ​ការ​ផ្តល់​ជំនួយ​រាប់​លាន​ដុល្លារ​ដើម្បី​ជួយ​រដ្ឋាភិបាល រហូត​ទទួល​បាន​តួនាទី​ជាទី​ប្រឹក្សា​របស់​លោក ហ៊ុន សែន លោក សេ ខេង និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

លោក ចេន ហ្ស៊ី ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​បញ្ជូន​ទៅ​ឱ្យ​ចិន និង​ត្រូវ​បាន​ឃុំខ្លួន​កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២៦​។ ការ​ចាប់ខ្លួន​ចេន ហ្ស៊ី ក្រោយ​មានការ​អំពាវនាវ ពី​សហគមន៍​អន្តរជាតិ និង​ការ​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​របស់​អាមេរិក និង​អង់គ្លេស​លើ​សកម្មភាព​របស់​បណ្តា​ញ​ក្រុមហ៊ុន Prince។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែន​ករុណា បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​មួយ មាន​ទំនាក់ទំនង​ជាមួយ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដូចជា លោក ចេន ហ្ស៊ី បាន​ជ្រៀតចូល​ទៅ​ក្នុង​រចនាសម្ព័ន្ធ​នយោបាយ​របស់​ប្រទេស​កម្ពុជា​នេះ ធ្វើ​ឲ្យ​មជ្ឈមណ្ឌល​ឆបោក​អាច​ពង្រីក​ទីតាំង​បាន​យ៉ាង​ឆាប់រហ័ស​នៅ​ទូរ​ទាំង​ប្រទេស ដែល​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រទេស​កម្ពុជា ពីព្រោះ​ធ្វើ​ឱ្យ​រូបភាព​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ខូចខាត និង​ប៉ះពាល់​ដល់​ទំនុកចិត្ត​ពី​វិនិយោគិន និង​ភ្ញៀវ​ទេសចរ។

លោក​បាន​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា​បញ្ជូន​លោក​ចេន ហ្ស៊ី ទៅ​ប្រទេស​ចិន​វិញ ពីព្រោះ​ខ្លាច​អាមេរិក ចាប់ខ្លួន​លោក ចេន ហ្ស៊ី បាន ធ្វើ​ឲ្យ​បែក​រឿង​សម្ងាត់​នៃ​ការ​រកស៊ី​ឆបោក​អន​ឡាញ។ ហើយ​ការ​ចាប់ខ្លួន​នេះ​ក៏ដោយ​សារ រដ្ឋាភិបាល​បរទេស​មួយ​ចំនួន បាន​ដាក់​សម្ពាធ​ឱ្យ​កម្ពុជា បង្ក្រាប​បណ្ដាញ​ឆបោក និង​ការ​ជួញដូរ​មនុស្ស​ឱ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន។ ប្រសិនបើ​បញ្ហា​នេះ​បន្ត អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​ការទូត និង​ពាណិជ្ជកម្ម​អន្តរជាតិ។

យ៉ាងណាក៏ដោយ អ្នកឃ្លាំមើល​បាន​សង្កេត​ឃើញ​ថា វិធានការ​បោសសម្អាត​ឱ្យ​អស់​ក្រុម​ឧក្រិដ្ឋជន​ឆបោក​អនឡាញ​ពី​កម្ពុជា​របស់​លោក ហ៊ុន ម៉ាណែត មិន​ទទួល​បាន​ជោគជ័យ​ឡើយ ពីព្រោះ​ឧកញ៉ា​និង​ថ្នាក់ដឹកនាំ​សំខាន់ៗ សមាជិក​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ដូចជា​លោក ហ៊ុន តូ ជាដើម រួម​ទាំង​មន្ត្រី​កំពូលៗ​មួយ​ចំនួន​ទៀត​ដែល​មាន​តួនាទី​ជា​ឧបនាយករដ្ឋមន្ត្រី ដែល​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នេះ មិន​ត្រូវ​បាន​ស៊ើបអង្កេត​តាមច្បាប់​នៅឡើយ​។ ចំណែក​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន រង​ការ​ចោទប្រកាន់​ថា ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ជាពិសេស​តាមរយៈ​ការ​ជួយ​លាក់បាំង និង​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​ឧក្រិដ្ឋជន ដើម្បី​ឱ្យ​ពង្រីក​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ