
អ្នកឃ្លាំមើលសង្គម អះអាងថា សហគមន៍អន្តរជាតិ កំពុងត្រៀមចាត់ការបន្ថែមទៀត លើរដ្ឋាភិបាលក្រុមគ្រួសារហ៊ុន ដោយសារគេអាចបារម្ភថារបបផ្ដាច់ការបែបឧក្រិដ្ឋកម្មក្នុងសម័យឌីជីថល ដូចក្រុមគ្រួសារហ៊ុន អាចក្លាយទៅជាបណ្តាញភេរវកម្មឌីជីថលសកលទំនើបមួយ ក្រោយពីរបាយការណ៍របស់គណៈកម្មាធិការសភាអាមេរិកដែលបានចេញផ្សាយនាពេលថ្មីៗនេះ រកឃើញថា មេបណ្តាញឧក្រិដ្ឋកម្មឆបោកអនឡាញ អតីតឧកញ៉ា ចេន ហ្ស៊ី ជាឧបករណ៍របស់គណបក្សកុម្មុយនិស្តចិន មានទំនាក់ទំនងស្និទមួយរដ្ឋាភិបាលកម្ពុជា បានបោកលុយពលរដ្ឋអាមេរិកក្នុង១ឆ្នាំៗប្រមាណ ១០ពាន់លានដុល្លារឱ្យបក្សកុម្មុយនិស្តចិន។
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា យោងតាមរបាយការណ៍របស់គណៈកម្មាធិការសភាអាមេរិកថ្មីៗនេះ រកឃើញថា មេបណ្តាញឧក្រិដ្ឋកម្មឆបោកអនឡាញ អតីតឧកញ៉ា ចេន ហ្ស៊ី គឺជាឧបករណ៍របស់របស់អ្នកមានអំណាចខ្លាំងនៅប្រទេសចិនដូច្នេះហើយនៅពេលបែកព័ត៌មានអំពី ចេន ហ្ស៊ី ភាគីចិនក៏ឲ្យគ្រួសារហ៊ុន បញ្ជូនទៅចិនវិញ។
លោក គឹម សុខ បន្ថែមថា លោក ចេន ហ្ស៊ី មានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយថ្នាក់ដឹកនាំកម្ពុជា រហូតទទួលតួនាទីជាទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន។ ដូច្នេះពួកគេបញ្ជូនលោក ចេន ហ្ស៊ី ទៅប្រទេសចិនវិញ ខា្លចសហរដ្ឋអាមេរិកចាប់បានបែករឿងអ្នកដែលនៅពីក្រោយ លោក ចេន ហ្ស៊ី។
អ្នកនាំពាក្យរូបនេះ បន្ថែមទៀតថា សហគមន៍អន្តរជាតិ អាចដាក់ទណ្ឌកម្ម រឺក៏សម្ពាធឲ្យដល់ឫសគល់នៃរបបផ្ដាច់ការក្រុមគ្រួសារហ៊ុន ពីព្រោះសហគមន៍អន្តរជាតិអាចបារម្ភថា របបផ្ដាច់ការបែបឧក្រិដ្ឋកម្មក្នុងសម័យឌីជីថលដូចក្រុមគ្រួសារហ៊ុននេះអាចក្លាយទៅជាបណ្តាញភេរវកម្មឌីជីថលសកលទំនើបមួយ។
លោក គឹម សុខ៖ «កាលណាគេចាត់ចំណាត់ថ្នាក់រដ្ឋាភិបាលក្រុមគ្រួសារហ៊ុនជារបបផ្ដាច់ការបែបឧក្រិដ្ឋកម្មក្នុងសម័យឌីជីថល នោះមានន័យថាសហគមន៍អន្តរជាតិ បស្ចិមប្រទេស ត្រៀមចាត់ការបន្ថែមទៀតហើយលើរដ្ឋាភិបាលក្រុមគ្រួសារហ៊ុន គឺច្បាស់ណាស់ថា គេអាចដាក់ទណ្ឌកម្ម រឺក៏សម្ពាធឲ្យដល់ឫសគល់នៃរបបផ្ដាច់ការក្រុមគ្រួសារហ៊ុនតែម្តង»។
ការអះអាងរបស់អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ២៣ តុលារូបនេះ បន្ទាប់ពីរបាយការណ៍របស់គណៈកម្មាធិការសភាអាមេរិកបានចេញផ្សាយនាពេលថ្មីៗនេះ បង្ហាញថា លោក ចេន ហ្ស៊ី ជាបុគ្គលម្នាក់ដែលត្រូវបានបក្សកុម្មុយនិស្តចិនរក្សាទុកសម្រាប់ប្រើជាឧបករណ៍របស់ខ្លួនដើម្បីរកលុយឲ្យបក្សកុម្មុយនិស្តចិន។
របាយការណ៍ដដែលអះអាងថា នៅមុនពេលចាប់ខ្លួន លោក ចេន ហ្ស៊ី កាលពីខែមករា ឆ្នាំ២០២៦ មន្ត្រីចិនជាច្រើននាក់បានលើកឡើងពីការធ្វើបត្យាប័ន ចេន ហ្ស៊ី ទៅឲ្យចិនវិញ។ ប៉ុន្តែមន្ត្រីចិនជាច្រើននាក់ផ្សេងទៀតបានបដិសេធរឿងធ្វើបត្យាប័នដោយអះអាងថា ចេន ហ្ស៊ី នៅមានប្រយោជន៍សម្រាប់បក្សកុម្មុយនិស្តចិនក្នុងការរក្សាលំនឹងនៃទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយរដ្ឋាភិបាលកម្ពុជា និងជាឧបករណ៍ដែលបានបោកលុយពលរដ្ឋអាមេរិកក្នុង ១ឆ្នាំៗប្រមាណ ១០ពាន់លានដុល្លារឱ្យបក្សកុម្មុយនិស្តចិន។
បើតាមរបាយការណ៍ដដែល បង្ហាញថា អតីតឧកញ៉ា ចេន ហ្ស៊ី បង្ហាញមុខនៅកម្ពុជា និងបានបង្កើតក្រុមហ៊ុនមួយឈ្មោះ Prince Holding Group ដោយគ្មាននរណាស្គាល់ បានក្លាយទៅជាអ្នកជំនួញដ៏លេចធ្លោម្នាក់នៅកម្ពុជា និងមានទំនាក់ទំនងដ៏ជិតស្និទ្ធ ជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន តាមរយៈការផ្តល់ជំនួយរាប់លានដុល្លារដើម្បីជួយរដ្ឋាភិបាល រហូតទទួលបានតួនាទីជាទីប្រឹក្សារបស់លោក ហ៊ុន សែន លោក សេ ខេង និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោក ចេន ហ្ស៊ី ត្រូវបានអាជ្ញាធរកម្ពុជាចាប់បញ្ជូនទៅឱ្យចិន និងត្រូវបានឃុំខ្លួនកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។ ការចាប់ខ្លួនចេន ហ្ស៊ី ក្រោយមានការអំពាវនាវ ពីសហគមន៍អន្តរជាតិ និងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់របស់អាមេរិក និងអង់គ្លេសលើសកម្មភាពរបស់បណ្តាញក្រុមហ៊ុន Prince។
ទាក់ទងទៅនឹងបញ្ហានេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានឲ្យដឹងថា នៅពេលដែលប្រព័ន្ធដឹកនាំរដ្ឋមួយ មានទំនាក់ទំនងជាមួយបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន ដូចជា លោក ចេន ហ្ស៊ី បានជ្រៀតចូលទៅក្នុងរចនាសម្ព័ន្ធនយោបាយរបស់ប្រទេសកម្ពុជានេះ ធ្វើឲ្យមជ្ឈមណ្ឌលឆបោកអាចពង្រីកទីតាំងបានយ៉ាងឆាប់រហ័សនៅទូរទាំងប្រទេស ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា ពីព្រោះធ្វើឱ្យរូបភាពប្រទេសកម្ពុជានៅលើឆាកអន្តរជាតិខូចខាត និងប៉ះពាល់ដល់ទំនុកចិត្តពីវិនិយោគិន និងភ្ញៀវទេសចរ។
លោកបានបន្ថែមទៀតថា រដ្ឋាភិបាលកម្ពុជាបញ្ជូនលោកចេន ហ្ស៊ី ទៅប្រទេសចិនវិញ ពីព្រោះខ្លាចអាមេរិក ចាប់ខ្លួនលោក ចេន ហ្ស៊ី បាន ធ្វើឲ្យបែករឿងសម្ងាត់នៃការរកស៊ីឆបោកអនឡាញ។ ហើយការចាប់ខ្លួននេះក៏ដោយសារ រដ្ឋាភិបាលបរទេសមួយចំនួន បានដាក់សម្ពាធឱ្យកម្ពុជា បង្ក្រាបបណ្ដាញឆបោក និងការជួញដូរមនុស្សឱ្យមានប្រសិទ្ធភាពជាងមុន។ ប្រសិនបើបញ្ហានេះបន្ត អាចប៉ះពាល់ដល់ទំនាក់ទំនងការទូត និងពាណិជ្ជកម្មអន្តរជាតិ។
យ៉ាងណាក៏ដោយ អ្នកឃ្លាំមើលបានសង្កេតឃើញថា វិធានការបោសសម្អាតឱ្យអស់ក្រុមឧក្រិដ្ឋជនឆបោកអនឡាញពីកម្ពុជារបស់លោក ហ៊ុន ម៉ាណែត មិនទទួលបានជោគជ័យឡើយ ពីព្រោះឧកញ៉ានិងថ្នាក់ដឹកនាំសំខាន់ៗ សមាជិកក្រុមគ្រួសារត្រកូល ហ៊ុន ដូចជាលោក ហ៊ុន តូ ជាដើម រួមទាំងមន្ត្រីកំពូលៗមួយចំនួនទៀតដែលមានតួនាទីជាឧបនាយករដ្ឋមន្ត្រី ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញនេះ មិនត្រូវបានស៊ើបអង្កេតតាមច្បាប់នៅឡើយ។ ចំណែករដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន រងការចោទប្រកាន់ថា ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញជាពិសេសតាមរយៈការជួយលាក់បាំង និងផ្ដល់សញ្ជាតិខ្មែរដល់ឧក្រិដ្ឋជន ដើម្បីឱ្យពង្រីកមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជា៕









