

Prachaya Nongnuch
ពលរដ្ឋរស់នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានអះអាងថា យោធាថៃបានលួចរំកិលបង្គោលព្រំដែនលេខ៥៥ ដែលនៅជាប់នឹងមាត់ស្ទឹង ចូលមកក្នុងដីខ្មែរប្រមាណជិត១គីឡូម៉ែត្រ។ ពួកគាត់ថា ការរំកិលបង្គោលព្រំដែនរបស់ភាគីថៃនេះ បានធ្វើឱ្យពួកគាត់ត្រូវបាត់បង់ដីលំនៅឋាន និងដីសម្រាប់បង្កបង្កើនផលមួយចំនួន ដោយសារភាគីថៃបានព័ន្ធយកទៅ។
នៅតំបន់ជាយដែនថៃ ក្នុងឃុំបឹងរាំង ស្រុកកំរៀង បង្គោលព្រំដែនលេខ៥៥ ដែលមានទីតាំងក្បែរមាត់អូរធម្មជាតិ ពេលនេះ រំកិលខ្លួនចេញពីមាត់អូរចូលក្នុងដីចម្ការបស់ពលរដ្ឋខ្មែររាប់រយម៉ែត្រ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរជាម្ចាស់ដីនាំគ្នាស្រឡាំងកាំងគ្រប់គ្នា។
ពលរដ្ឋម្នាក់ រស់នៅឃុំបឹងរាំង ស្រុកកំរៀង បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា នៅមុនឆ្នាំ១៩៩០ បង្គោលព្រំដែនលេខ៥៥ នេះ ស្ថិតនៅជាប់មាត់អូរធម្មជាតិ ដែលជាខ្សែបន្ទាត់ព្រំដែនបណ្ដោះអាសន្នរវាងកម្ពុជា និងថៃ ក៏ប៉ុន្តែក្រោយមកភាគីថៃរំកិលបង្គោលព្រំដែននេះជាច្រើនលើក រហូតដល់ចូលក្នុងទឹកដីកម្ពុជាប្រហែល៣០០ម៉ែត្រ ដោយគ្មានការរារាំងពីកងកម្លាំងការពារព្រំដែនរបស់កម្ពុជានោះឡើយ។ លោកបន្តថា ក្រោយភាគីថៃបានរំកិលបង្គោលព្រំដែនរួចមក បានធ្វើឱ្យមានការផ្លាស់ប្ដូរជាច្រើន ដោយអូរធម្មជាតិ ដែលខណ្ឌចែកទឹកដីកម្ពុជា និងថៃ បានក្លាយជារបស់ថៃផ្ដាច់មុខ ហើយពលរដ្ឋខ្មែរដែលធ្លាប់ធ្វើដំណើរនៅលើផ្លូវក្នុងទឹកដីខ្លួន បែរជាប្រែក្លាយទៅជាទឹកដីរបស់ថៃទាំងស្រុង។
ពលរដ្ឋ៖ «ទាហានថៃឱ្យយើងដកបង្គោលខ្សែភ្លើងចេញ ថយទៅ ១០ ម៉ែត្រទៀត។ គំនិតវា (ថៃ) អញ្ចឹងណា វាយកបានតែបង្គោលហ្នឹងហើយ មានន័យអញ្ចឹង យើងក៏ទទួលស្គាល់ហើយ មានន័យថាជាដីរបស់គេហើយណា ហើយវាឱ្យយើងដកបង្គោលខ្សែចេញពីបង្គោលហ្នឹងទៅ ១០ ម៉ែត្រ អត់ឱ្យយើងធ្វើអីទៀត ទុកជាតំបន់សរទៀតទេ ឃើញទេ? គំនិតវាគឺអញ្ចឹង មែនយកបានប៉ុណ្ណឹងហើយ ឈប់ប៉ុណ្ណឹងទេ»។
បង្គោលព្រំដែនលេខ៥៥ គឺជាបង្គោលឡាក់បណ្ដោះអាសន្នដែលកម្ពុជា-ថៃបានឯកភាពគ្នាដាក់បញ្ចូលក្នុងតំបន់គ្មានទំនាស់ និងនៅទីតាំងនៅចន្លោះព្រំដែនលេខ៥២ ស្ថិតក្នុងតំបន់ច្រកអន្តរជាតិភូមិដូង(បានឡែម) រហូតដល់បង្គោលព្រំដែនលេខ៥៩ ដែលមានសណ្ឋានជាខ្សែបន្ទាត់ព្រំដែនត្រង់។ ភាគីថៃកំពុងអនុវត្តគម្រោងសាងសង់របងជញ្ជាំងអចិន្ត្រៃយ៍ជាឯកតោភាគីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩នេះ ទៅតាមដំណាក់។
ទោះជាយ៉ាងណា អតីតមន្ត្រីមូលដ្ឋានម្នាក់ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា ការបោះបង្គោលព្រំដែនលេខ៥៥ និងបង្គោលព្រំដែនមួយចំនួនទៀត គឺមិនចំកន្លែងទីតាំងចាស់នោះឡើយ ដោយភាគីថៃបានរំកិលចូលក្នុងទឹកដីកម្ពុជា ខណៈរដ្ឋាភិបាលក៏មិនបានសើរើ និងចុះត្រួតពិនិត្យទីតាំងបង្គោលព្រំដែនចាស់ឱ្យបានច្បាស់លាស់ មុខនឹងឯកភាពបោះបង្គោលព្រំដែនជាមួយភាគីថៃនោះឡើយ។
លោកបន្តថា បច្ចុប្បន្ននេះយោធាថៃបានបណ្ដេញពលរដ្ឋខ្មែរដែលធ្វើចម្ការ ចេញពីទីតាំងបង្គោលព្រំដែនចាស់ប្រហែល៣០០ម៉ែត្រ និងដកបង្គោលភ្លើងចេញ ខណៈផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួនត្រូវយោធាថៃបង្ខំឱ្យរុះរើ និងចំនួនទៀត បានចាក់ធ្នឹម និងរៀបជញ្ជាំងឥដ្ឋរួចទៅហើយនោះ ត្រូវទុកចោល ដោយសារយោធាថៃបានប្រកាសដាក់ទីតាំងទាំងនេះ ទៅក្នុងតំបន់ស។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអភិបាលស្រុកកំរៀង សុខ ដែន និងរដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ ដោយសារទូរស័ព្ទហៅចូលតែត្រូវចុចផ្ដាច់។
កន្លងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា ការវាស់វែង និងបោះបង្គោលព្រំដែនបណ្ដោះអាសន្នលេខ ៥២ ដល់៥៩ បានចាប់ផ្ដើមធ្វើអស់រយៈពេលជិត២០ឆ្នាំមកហើយ ដោយមានការវាស់វែង និងស្វែងរកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនបេតុងចំនួន៧៤បង្គោល ដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម នៅចន្លោះឆ្នាំ១៩១៩-១៩២០។
ជាមួយគ្នានេះ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះរបស់កម្ពុជា និងថៃ បានសម្រេចការងារបោះបង្គោលបណ្ដោះអាសន្ននៅកំណាត់ខ្សែព្រំដែនខាងលើនេះ បានប្រវែងជាង ៨គីឡូម៉ែត្រ ដែលស្មើនឹង ១៥៧បង្គោល នៃបង្គោលសរុបដែលត្រូវបោះចំនួន១៦៦។
ក៏ប៉ុន្តែ ការវាស់វែង និងបោះបង្គោលព្រំដែនបណ្ដោះអាសន្នលេខ៥២ ដល់៥៩នេះ បានជាប់គាំងបន្ទាប់ពីយោធាថៃបានធ្វើសង្គ្រាមឈ្លានពានជាលើកទី២ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមានការចរចា និងបង្កើតបទឈប់បាញ់ជាលើកទី២។ ភាគីកម្ពុជាបានស្នើទៅភាគីថៃ ឱ្យអនុវត្តតាមកំណត់ហេតុនៃកិច្ចប្រជុំ JBC ដើម្បីបន្តវាស់វែង និងបោះបង្គោលបណ្ដោះអាសន្ននៅទីតាំងបង្គោលលេខ៤២-៤៧ និងបង្គោលលេខ ៥២-៥៩ នៅពេលវេលាសមស្របណាមួយ។ ក៏ប៉ុន្តែ ភាគីថៃដែលជាភាគីមានប្រៀបលើកម្លាំងយោធា បានបដិសេធ និងធ្វើសកម្មភាពសាងសង់សំណង់រឹងជាឯកតោភាគី នៅក្នុងតំបន់ព្រំដែនដែលយោធាថៃដណ្ដើមបានពីកម្ពុជា។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន យល់ឃើញថា ការបោះបង្គោលបណ្ដោះអាសន្ននេះ គ្មានភាពសុក្រឹត និងមិនអាចយកជាការបាននោះឡើយ ដោយបង្គោលព្រំដែនលេខ៥៥នេះ គឺជាបង្គោលដែលភាគីថៃបានសាងសង់ថ្មី ខណៈការវាស់វែងគឺធ្វើឡើងដោយក្រុមបច្ចេកទេសរបស់ភាគីថៃជាអ្នកដៅតម្រុយ ដែលធ្វើឱ្យខុសពីទីតាំងចាស់។
លោក អ៊ុំ សំអាន៖ «បង្គោលសម័យបារាំងថៃវាយចោលអស់ហើយ ដើម្បីរំកិលចូលដីខ្មែរយើង ហើយបែរជាគណៈកម្មការព្រំដែនសម័យលោក ហ៊ុន សែន ដឹកនាំហ្នឹង ឯកភាពជាមួយថៃទៅលើទីតាំងបង្គោលលេខ ៥២ ដល់ ៥៩ ហ្នឹងទៅវិញ គឺជារឿងមួយដែលជាការឃុបឃិត ដែលជាទង្វើក្បត់ជាតិ ក្នុងការឃុបឃិតជាមួយថៃ ទទួលស្គាល់ទីតាំងបង្គោលព្រំដែន ដែលមិនស្ថិតនៅទីតាំងចាស់»។
អ្នកស្រុកកំរៀង លើកឡើងថា ដោយសារការរំកិលបង្គោលព្រំដែនពីសំណាក់ភាគីថៃ និងភាពមិនច្បាស់លាស់របស់រដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារ ត្រូវបាត់បង់ដីលំនៅឋាន ផ្ទះសម្បែង ដីបង្កបង្កើនផង និងចោលលុយអស់រាប់ម៉ឺនដុល្លារ បន្ទាប់ពីសាងសង់ផ្ទះជិតរួចរាល់ទៅហើយ ប៉ុន្តែមិនអាចចូលទៅនៅបាន៕









