ពលរដ្ឋ​អះអាង​ថា​ថៃ​បាន​រំកិល​បង្គោល​ព្រំដែន​លេខ​៥៥ ចូលក្នុង​ទឹកដី​កម្ពុជា នៅ​ព្រំដែន​ខេត្ត​បាត់ដំបង

0
58
ទិដ្ឋភាពទាហានថៃចុះពិនិត្យបង្គោលព្រំដែន​លេខ ៥៥ ជាប់នឹងស្រុកកំរៀង ខេត្ត​បាត់ដំបង កាលពីខែ​តុលា ឆ្នាំ​២០២៥។ រូប៖ យូធូប Prachaya Nongnuch
ទិដ្ឋភាពទាហានថៃចុះពិនិត្យបង្គោលព្រំដែន​លេខ ៥៥ ជាប់នឹងស្រុកកំរៀង ខេត្ត​បាត់ដំបង កាលពីខែ​តុលា ឆ្នាំ​២០២៥។ រូប៖ យូធូប
Prachaya Nongnuch

ពលរដ្ឋ​រស់នៅ​ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង បាន​អះអាង​ថា យោធា​ថៃ​បាន​លួច​រំកិល​បង្គោល​ព្រំដែន​លេខ​៥៥ ដែល​នៅ​ជាប់​នឹង​មាត់​ស្ទឹង ចូល​មក​ក្នុង​ដី​ខ្មែរ​ប្រមាណ​ជិត​១​គីឡូម៉ែត្រ​។ ពួកគាត់​ថា ការ​រំកិល​បង្គោល​ព្រំដែន​របស់​ភា​គី​ថៃ​នេះ បាន​ធ្វើ​ឱ្យ​ពួកគាត់​ត្រូវ​បាត់បង់​ដី​លំនៅឋាន និង​ដី​សម្រាប់​បង្កបង្កើនផល​មួយចំនួន ដោយសារ​ភាគី​ថៃ​បាន​ព័ន្ធ​យក​ទៅ។

នៅ​តំបន់​ជាយដែន​ថៃ ក្នុង​ឃុំ​បឹងរាំង ស្រុក​កំរៀង បង្គោល​ព្រំដែន​លេខ​៥៥ ដែល​មាន​ទីតាំង​ក្បែរ​មាត់​អូរធម្មជាតិ ពេលនេះ រំកិល​ខ្លួន​ចេញ​ពី​មាត់​អូរ​ចូលក្នុង​ដី​ចម្កា​របស់​ពលរដ្ឋ​ខ្មែរ​រាប់​រយ​ម៉ែត្រ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ដី​នាំគ្នា​ស្រឡាំងកាំង​គ្រប់គ្នា។

ពលរដ្ឋ​ម្នាក់ រស់នៅ​ឃុំ​បឹងរាំង ស្រុក​កំរៀង បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា នៅមុន​ឆ្នាំ​១៩៩០ បង្គោល​ព្រំដែន​លេខ​៥៥ នេះ ស្ថិតនៅ​ជាប់មាត់​អូរ​ធម្មជាតិ ដែល​ជា​ខ្សែបន្ទាត់​ព្រំដែន​បណ្ដោះអាសន្ន​រវាង​កម្ពុជា និង​ថៃ ក៏ប៉ុន្តែ​ក្រោយមក​ភាគី​ថៃ​រំកិល​បង្គោល​ព្រំដែន​នេះ​ជាច្រើនលើក រហូតដល់​ចូលក្នុង​ទឹកដី​កម្ពុជា​ប្រហែល​៣០០​ម៉ែត្រ ដោយ​គ្មាន​ការរារាំង​ពី​កងកម្លាំង​ការពារ​ព្រំដែន​របស់​កម្ពុជា​នោះ​ឡើយ​។ លោក​បន្ត​ថា ក្រោយ​ភាគី​ថៃ​បាន​រំកិល​បង្គោល​ព្រំដែន​រួចមក បាន​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​ជាច្រើន ដោយ​អូរ​ធម្មជាតិ ដែល​ខណ្ឌ​ចែក​ទឹកដី​កម្ពុជា និង​ថៃ បាន​ក្លាយជា​របស់​ថៃ​ផ្ដាច់មុខ ហើយ​ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​ធ្វើដំណើរ​នៅ​លើ​ផ្លូវ​ក្នុង​ទឹកដី​ខ្លួន បែរជា​ប្រែ​ក្លាយទៅជា​ទឹកដី​របស់​ថៃ​ទាំងស្រុង។

ពលរដ្ឋ៖ «ទាហាន​ថៃ​ឱ្យ​យើង​ដក​បង្គោល​ខ្សែភ្លើង​ចេញ ថយ​ទៅ ១០ ម៉ែត្រ​ទៀត​។ គំនិត​វា (ថៃ) អញ្ចឹង​ណា វា​យក​បានតែ​បង្គោល​ហ្នឹងហើយ មានន័យ​អញ្ចឹង យើង​ក៏​ទទួលស្គាល់​ហើយ មានន័យថា​ជា​ដី​របស់គេ​ហើយ​ណា ហើយ​វា​ឱ្យ​យើង​ដក​បង្គោល​ខ្សែ​ចេញពី​បង្គោល​ហ្នឹង​ទៅ ១០ ម៉ែត្រ អត់ឱ្យ​យើង​ធ្វើ​អី​ទៀត ទុកជា​តំបន់​សរទៀត​ទេ ឃើញ​ទេ​? គំនិត​វា​គឺ​អញ្ចឹង មែន​យក​បាន​ប៉ុណ្ណឹង​ហើយ ឈប់​ប៉ុណ្ណឹង​ទេ»។

បង្គោល​ព្រំដែន​លេខ​៥៥ គឺជា​បង្គោល​ឡាក់​បណ្ដោះអាសន្ន​ដែល​កម្ពុជា​-​ថៃ​បាន​ឯកភាព​គ្នា​ដាក់បញ្ចូល​ក្នុង​តំបន់​គ្មាន​ទំនាស់ និង​នៅ​ទីតាំងនៅ​ចន្លោះ​ព្រំដែន​លេខ​៥២ ស្ថិត​ក្នុង​តំបន់​ច្រក​អន្តរ​ជាតិភូមិ​ដូង​(​បាន​ឡែ​ម​) រហូតដល់​បង្គោល​ព្រំដែន​លេខ​៥៩ ដែល​មាន​សណ្ឋាន​ជា​ខ្សែបន្ទាត់​ព្រំដែន​ត្រង់។ ភាគី​ថៃ​កំពុង​អនុវត្ត​គម្រោង​សាងសង់​របង​ជញ្ជាំង​អចិន្ត្រៃយ៍​ជា​ឯកតោភាគី​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៥២ ដល់​៥៩​នេះ ទៅ​តាម​ដំណាក់។

ទោះជា​យ៉ាងណា អតីតមន្ត្រី​មូលដ្ឋាន​ម្នាក់ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា ការ​បោះបង្គោល​ព្រំដែន​លេខ​៥៥ និង​បង្គោល​ព្រំដែន​មួយ​ចំនួន​ទៀត គឺ​មិន​ចំ​កន្លែង​ទីតាំង​ចាស់​នោះ​ឡើយ ដោយ​ភាគី​ថៃ​បាន​រំកិល​ចូលក្នុង​ទឹកដី​កម្ពុជា ខណៈ​រដ្ឋាភិបាល​ក៏​មិនបាន​សើរើ និង​ចុះ​ត្រួតពិនិត្យ​ទីតាំង​បង្គោល​ព្រំដែន​ចាស់​ឱ្យ​បាន​ច្បាស់លាស់ មុខ​នឹង​ឯកភាព​បោះបង្គោល​ព្រំដែន​ជាមួយ​ភាគី​ថៃ​នោះ​ឡើយ។

លោក​បន្ត​ថា បច្ចុប្បន្ន​នេះ​យោធា​ថៃ​បាន​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ចម្ការ ចេញពី​ទីតាំង​បង្គោល​ព្រំដែន​ចាស់​ប្រហែល​៣០០​ម៉ែត្រ និង​ដក​បង្គោល​ភ្លើង​ចេញ ខណៈ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ត្រូវ​យោធា​ថៃ​បង្ខំ​ឱ្យ​រុះរើ និង​ចំនួន​ទៀត បាន​ចាក់​ធ្នឹម និង​រៀប​ជញ្ជាំង​ឥដ្ឋ​រួច​ទៅ​ហើយ​នោះ ត្រូវ​ទុកចោល ដោយសារ​យោធា​ថៃ​បាន​ប្រកាស​ដាក់​ទីតាំង​ទាំងនេះ ទៅ​ក្នុង​តំបន់​ស។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អភិបាលស្រុក​កំរៀង សុខ ដែន និង​រដ្ឋមន្ត្រី​ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន លោក ឡាំ ជា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ ដោយសារ​ទូរស័ព្ទ​ហៅ​ចូល​តែ​ត្រូវ​ចុច​ផ្ដាច់។

កន្លងទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​អះអាង​ថា ការវាស់វែង និង​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន​លេខ ៥២ ដល់​៥៩ បាន​ចាប់ផ្ដើម​ធ្វើ​អស់​រយៈពេល​ជិត​២០​ឆ្នាំ​មក​ហើយ ដោយមាន​ការវាស់វែង និង​ស្វែងរក​ទីតាំង​ពិតប្រាកដ​នៃ​បង្គោល​ព្រំដែន​បេតុង​ចំនួន​៧៤​បង្គោល ដែល​បាន​បោះ​ដោយ​គណៈកម្មការ​បោះបង្គោល​ព្រំដែន​រវាង​ឥណ្ឌូចិន​-​សៀម នៅ​ចន្លោះ​ឆ្នាំ​១៩១៩-១៩២០​។​

ជាមួយ​គ្នា​នេះ កាល​ពី​ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្រុម​វាស់វែង​ចម្រុះ​របស់​កម្ពុជា និង​ថៃ បាន​សម្រេច​ការងារ​បោះ​បង្គោល​បណ្ដោះអាសន្ន​នៅ​កំណាត់​ខ្សែ​ព្រំដែន​ខាងលើ​នេះ បាន​ប្រវែង​ជាង ៨​គីឡូម៉ែត្រ ដែល​ស្មើ​នឹង ១៥៧​បង្គោល នៃ​បង្គោល​សរុប​ដែល​ត្រូវ​បោះ​ចំនួន​១៦៦។

ក៏ប៉ុន្តែ ការវាស់វែង និង​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន​លេខ​៥២ ដល់​៥៩​នេះ បាន​ជាប់​គាំង​បន្ទាប់ពី​យោធា​ថៃ​បាន​ធ្វើ​សង្គ្រាម​ឈ្លានពាន​ជា​លើក​ទី​២ កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២៥ រហូត​មានការ​ចរចា និង​បង្កើត​បទ​ឈប់​បាញ់​ជា​លើក​ទី​២។ ភាគី​កម្ពុជា​បាន​ស្នើ​ទៅ​ភាគី​ថៃ ឱ្យ​អនុវត្ត​តាម​កំណត់ហេតុ​នៃ​កិច្ចប្រជុំ JBC ដើម្បី​បន្ត​វាស់វែង និង​បោះបង្គោល​បណ្ដោះអាសន្ន​នៅ​ទីតាំង​បង្គោល​លេខ​៤២-៤៧ និង​បង្គោល​លេខ ៥២-៥៩ នៅពេល​វេលា​សមស្រប​ណាមួយ​។ ក៏ប៉ុន្តែ ភាគី​ថៃ​ដែល​ជា​ភាគី​មានប្រៀប​លើ​កម្លាំងយោធា បាន​បដិសេធ និង​ធ្វើ​សកម្មភាព​សាងសង់​សំណង់​រឹង​ជា​ឯកតោភាគី នៅក្នុង​តំបន់​ព្រំដែន​ដែល​យោធា​ថៃ​ដណ្ដើម​បាន​ពី​កម្ពុជា។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន យល់ឃើញ​ថា ការ​បោះបង្គោល​បណ្ដោះអាសន្ន​នេះ គ្មាន​ភាព​សុក្រឹត និង​មិនអាច​យក​ជា​ការ​បាន​នោះ​ឡើយ ដោយ​បង្គោល​ព្រំដែន​លេខ​៥៥​នេះ គឺជា​បង្គោល​ដែល​ភាគី​ថៃ​បាន​សាងសង់​ថ្មី ខណៈ​ការវាស់វែង​គឺ​ធ្វើ​ឡើង​ដោយ​ក្រុមបច្ចេកទេស​របស់​ភាគី​ថៃ​ជា​អ្នក​ដៅ​តម្រុយ ដែល​ធ្វើ​ឱ្យ​ខុសពី​ទីតាំង​ចាស់។​

លោក អ៊ុំ សំអាន៖ «បង្គោល​សម័យ​បារាំង​ថៃ​វាយ​ចោល​អស់ហើយ ដើម្បី​រំកិល​ចូល​ដី​ខ្មែរ​យើង ហើយ​បែរ​ជា​គណៈកម្មការ​ព្រំដែន​សម័យ​លោក ហ៊ុន សែន ដឹកនាំ​ហ្នឹង ឯកភាព​ជាមួយ​ថៃ​ទៅលើ​ទីតាំង​បង្គោល​លេខ ៥២ ដល់ ៥៩ ហ្នឹង​ទៅវិញ គឺជា​រឿង​មួយ​ដែល​ជា​ការ​ឃុបឃិត ដែល​​ជា​ទង្វើ​ក្បត់ជាតិ ក្នុង​ការ​ឃុបឃិត​ជាមួយ​ថៃ ទទួលស្គាល់​ទីតាំង​បង្គោល​ព្រំដែន ដែល​មិន​ស្ថិតនៅ​ទីតាំង​ចាស់»។

អ្នកស្រុក​កំរៀង លើកឡើង​ថា ដោយសារ​ការ​រំកិល​បង្គោល​ព្រំដែន​ពី​សំណាក់​ភាគី​ថៃ និង​ភាព​មិន​ច្បាស់លាស់​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ត្រូវ​បាត់បង់​ដី​លំនៅឋាន ផ្ទះសម្បែង ដី​បង្កបង្កើន​ផង និង​ចោលលុយ​អស់​រាប់​ម៉ឺន​ដុល្លារ បន្ទាប់ពី​សាងសង់​ផ្ទះ​ជិត​រួចរាល់​ទៅ​ហើយ ប៉ុន្តែ​មិនអាច​ចូល​ទៅ​នៅ​បាន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ