

កម្ពុជា និងថៃ បានបន្ទោសគ្នាទៅវិញទៅមកក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធ ២២គ្រាប់នៅតំបន់ព្រំដែនអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ភាគីកម្ពុជាបានទម្លាក់ការទទួលខុសត្រូវក្នុងករណីផ្ទុះអាវុធនេះ ទៅលើភាគីថៃ និងបានចេញលិខិតតវ៉ាទៅកាន់កងទ័ពភូមិភាគទី២ របស់ថៃ។ ចំណែកភាគីថៃ បានទទួលស្គាល់ ដោយឆ្លៀតចោទប្រកាន់មកលើកម្ពុជាថា សំឡេងផ្ទុះអាវុធនេះ កើតឡើងដោយសារទាហានថៃបានបាញ់ ដើម្បីព្រមានកងទ័ពខ្មែរដែលចូលមកក្បែរតំបន់ឈរជើងរបស់ពួកគេ។
សំឡេងផ្ទុះអាវុធនៅតំបន់ព្រំដែនអូរស្មាច់ បានលាន់ឡើងជាច្រើនដង ទោះបីកម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់ដ៏ផុយស្រួយហើយក៏ដោយ។
យោធភូមិភាគទី៤ របស់កម្ពុជាបានប្រកាសថា កាលពីថ្ងៃទី២៤ ខែឧសភា មានសំឡេងផ្ទុះអាវុធចំនួន២លើក នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ក្នុងទឹកដីកម្ពុជាដែលយោធាថៃបានចូលកាន់កាប់ដោយខុសច្បាប់ ដោយលើកទី១ មានចំនួន១២គ្រាប់ និងលើកទី២ ចំនួន១០គ្រាប់។ ក្នុងករណីនេះ ភាគីកម្ពុជាបានធ្វើលិខិតតវ៉ាទៅក្រុមទំនាក់ទំនងរបស់កងទ័ពភូមិភាគទី២ របស់ថៃ ដើម្បីឱ្យភាគីថៃផ្ទៀងផ្ទាត់ និងរឹតបន្តឹងវិធានការគ្រប់គ្រងវិន័យកងទ័ពរបស់ខ្លួនឱ្យបានតឹងរ៉ឹង ដោយគោរពសេចក្ដីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលភាគីទាំងពីរបានចុះហត្ថលេខា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ការផ្ទុះអាវុធនេះ បានកើតឡើង១ថ្ងៃក្រោយពេលកម្ពុជាបានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់។
ទោះជាយ៉ាងណា ប៉ុន្មានម៉ោងក្រោយពីកម្ពុជាបានចេញលិខិតតវ៉ា កងទ័ពភូមិភាគទី២របស់ថៃ តាមរយៈអ្នកនាំពាក្យកងទ័ពជើងគោក លោក វីនថៃ ស៊ូវារី (Winthai Suvari) បានចេញសេចក្ដីប្រកាសដោយទទួលស្គាល់ថា សំឡេងផ្ទុះអាវុធចំនួន ២២ គ្រាប់នេះ គឺបង្កឡើងដោយទាហានថៃពិតមែន ក៏ប៉ុន្តែលោកបានចោទថា ការផ្ទុះអាវុធនេះ គឺដើម្បីព្រមានចំពោះទាហានខ្មែរ ដែលបានចូលមកក្បែរទីតាំងឈរជើងរបស់ទាហានថៃ នៅក្នុងទឹកដីកម្ពុជា។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៥ ខែឧសភា។
តំបន់ព្រំដែនអូរស្មាច់ គឺជាទីតាំងដែលមានភាពរកាំរកូស និងរសើបមួយ ក្នុងបណ្ដាតំបន់ប្រយុទ្ធគ្នានៅតាមព្រំដែនផ្សេងទៀត ដោយជាញឹកញាប់ភាគីថៃតែងតែចោទប្រកាន់មកលើភាគីកម្ពុជា ថាតែងតែផ្ទុះអាវុធដើម្បីបង្ករឿង និងញុះញង់ទាហានថៃ រហូតយោធាថៃបានដាក់ពង្រាយកម្លាំងទ័ព និងសព្វាវុធធុនធ្ងន់ក្នុងតំបន់នេះជាច្រើនលើក។
ជាក់ស្ដែងកាលពីថ្ងៃទី៣ ខែមេសា យោធាថៃបានដាក់ពង្រាយកម្លាំងទ័ព និងរថពាសដែក M113 ចំនួនពីរគ្រឿងដោយបែរកាណុងតម្រង់មកខាងកម្ពុជា ដែលមានចម្ងាយប្រហែល ៤០០ម៉ែត្រពីច្រកទ្វារអន្តរជាតិអូរស្មាច់។ មេទ័ពអាកាសថៃ លោក ប្រាក់ផាត សនចៃឌី (Praphas Sonjaidee) បានចោទថា ការដាក់ពង្រាយកម្លាំងនៅកាលនោះ គឺដោយសារតែទាហានខ្មែរបានចូលទៅជិតរបងលួស ដើម្បីធ្វើសកម្មភាពញុះញង់ និងបង្កជម្លោះជាមួយទាហានថៃ។ ដោយឡែកកាលពីថ្ងៃទី១៣ ឧសភា យោធាថៃបានចោទប្រកាន់មកលើទាហានខ្មែរថា បានបាញ់ចំនួន១១គ្រាប់ នៅព្រំដែនអូរស្មាច់ និងបានដាក់ពង្រាយកម្លាំងជាច្រើន នៅទីតាំងបន្លាលួស និងនៅតាមលេណដ្ឋាន។
យ៉ាងណាក៏ដោយចុះ ទាហានខ្មែរម្នាក់ ដែលកំពុងឈរជើងនៅតំបន់អូរស្មាច់ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា ជាទូទៅការចោទប្រកាន់ និងការដាក់ពង្រាយកម្លាំងរបស់យោធាថៃនៅតំបន់អូរស្មាច់ តែងតែកើតឡើងនៅពេលដែលកម្ពុជា បានដឹកនាំក្រុមអនុព័ន្ធយោធាបរទេសចុះទៅសង្កេតការណ៍នៅទល់មុខទីតាំងរនាំងបន្លាលួសរបស់យោធាថៃ ដែលធ្វើឱ្យយោធាមិនសប្បាយចិត្ត និងតែងតែរកលេសចោទប្រកាន់មកលើកងទ័ពខ្មែរ។
ការអះអាងរបស់ទាហានខ្មែររូបនេះ មានភាពស្របគ្នានៅក្នុងអំឡុងពេលដែលក្រុមអនុព័ន្ធយោធាបរទេស (MACPP) ចុះសង្កេតការណ៍នៅច្រកអូរស្មាច់ កាលពីថ្ងៃទី២៩ ខែមេសា ហើយទាហានថៃបានបាញ់កាំភ្លើងប្រភេទM79 និងប្រភេទ M16ចំនួន ៥លើក សរុបចំនួន៩គ្រាប់។ យោធាថៃបានអះអាងថា សំឡេងផ្ទុះនេះគឺជាសំឡេងផាវ ដែលទាហានថៃបានដុតចំនួនបីគ្រាប់ ដើម្បីព្រមានកម្ពុជាកុំឱ្យចូលមកក្បែរតំបន់បន្លាលួសដែលយោធាថៃបានដាក់ពង្រាយ ដោយគ្មានការអនុញ្ញាតពីភាគីថៃដែលបានចូលកាន់កាប់តំបន់នេះ ក្រោយពីមានបទឈប់បាញ់លើកទី២។ ក៏ប៉ុន្តែទាហានខ្មែរបានអះអាងថា ស្នូរផ្ទុះនេះ មិនមែនជាសំឡេងផ្ទុះដែលបណ្ដាលមកពីការដុតផាវនោះឡើយ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា សកម្មភាពរបស់យោធាថៃគឺជាចេតនាញុះញង់ ដើម្បីបង្កជម្លោះជាមួយកម្ពុជា។ លោកបន្តថា ស្ថិតក្នុងស្ថានភាពដែលយោធាថៃបានអុកឡុកនៅតាមព្រំដែនបែបនេះ ប្រសិនបើកម្ពុជាប្រើប្រាស់សិទ្ធិការពារខ្លួន នោះយោធាថៃអាចនឹងមានលេសបង្កសង្គ្រាមមកលើកម្ពុជាសាជាថ្មី ដូច្នេះកម្ពុជាគួរតែប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ទើបអាចប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់យោធាថៃដោយគេចផុតពីការផ្ទុះអាវុធ។
លោក ម៉ែន ណាត៖ «ទីពីរ លិខិតតវ៉ាទាំងអស់ ស្ដីអំពីសកម្មភាពថៃឈ្លានពានកម្ពុជានេះ ត្រូវបញ្ជូនទៅដល់ដៃអង្គការអន្តរជាតិ ហើយនិងក្រុមអ្នកការទូតដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា រួមទាំងមានមន្ត្រីរបស់កម្ពុជាហ្នឹង ទៅឡុបប៊ី ពន្យល់ឱ្យគេដឹងដែរ មិនមែនចេញសេចក្ដីថ្លែងការណ៍មួយសន្លឹក ឬពីរសន្លឹកហ្នឹងហើយអាចចប់នោះទេ។ គ្មាននរណាទៅអានសេចក្ដីថ្លែងការណ៍របស់យើងហើយ ឱ្យគេយកចិត្តទុកដាក់មែនទែនទេ ព្រោះគេមានបញ្ហារបស់ប្រទេសគេដែរ»។
ពាក់ព័ន្ធនឹងការចោទប្រកាន់ករណីផ្ទុះអាវុធនេះដែរ នៅថ្ងៃនេះ កងទ័ពភូមិភាគទី២ របស់ថៃ បានចេញលិខិតតវ៉ាមួយទៀត ដោយចោទកម្ពុជាថាបានផ្ទុះអាវុធចំនួន៩គ្រាប់ នៅតំបន់ព្រំដែនប្រាសាទព្រះវិហារ កាលពីយប់ថ្ងៃទី២៤ ខែឧសភា។ ក្នុងការចោទប្រកាន់នេះ យោធាថៃបានបើកការប្រជុំពិសេសមួយ ដើម្បីពិនិត្យមើល និងវាយតម្លៃចំពោះស្ថានការណ៍នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។
ជាការឆ្លើយតប ក្រសួងការពារជាតិកម្ពុជា បានអះអាងនៅថ្ងៃនេះថា ភាគីកម្ពុជាបានធ្វើការទំនាក់ទំនងទៅកាន់កងទ័ពភូមិភាគទី២ របស់ថៃ ដើម្បីសួរនាំ និងបញ្ជាក់ចំពោះករណីផ្ទុះអាវុធនេះ។ កម្ពុជាអះអាងថា ករណីនេះបង្កឡើងពីខាងភាគីថៃ ដោយបាញ់ចំនួន២ដង គឺលើកទី១បាញ់ចំនួន ៥គ្រាប់ ក្នុងភូមិសាស្ត្រភ្នំទ្រព្យ និងលើកទី២ បាញ់ចំនួន ៣គ្រាប់ ក្នុងភូមិសាស្ត្រភ្នំសំបុកឃ្មុំ ខេត្តព្រះវិហារ៕









