កម្ពុជា និង​ថៃ​ចោទប្រកាន់​គ្នា​រឿង​ផ្ទុះអាវុធ​២២​គ្រាប់​នៅ​តំបន់​អូរស្មាច់

0
37
ទិដ្ឋភាពមន្ត្រីអាជ្ញាធរខេត្ត​ឧត្ដរមានជ័យ នាំអ្នកសង្គេតការអាស៊ាន (AOT) ពិនិត្យតំបន់អូរស្មាច់ ដែលថៃកំពុងកាន់កាប់ កាល​ពីថ្ងៃទី២៩ មេសា ២០២៦។ រូប៖ អធិការក្រុង​សំរោង
ទិដ្ឋភាពមន្ត្រីអាជ្ញាធរខេត្ត​ឧត្ដរមានជ័យ នាំអ្នកសង្គេតការអាស៊ាន (AOT) ពិនិត្យតំបន់អូរស្មាច់ ដែលថៃកំពុងកាន់កាប់ កាល​ពីថ្ងៃទី២៩ មេសា ២០២៦។ រូប៖ អធិការក្រុង​សំរោង

កម្ពុជា និង​ថៃ បាន​បន្ទោស​គ្នា​ទៅវិញទៅមក​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះអាវុធ ២២​គ្រាប់​នៅ​តំបន់​ព្រំដែន​អូរស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។ ភាគី​កម្ពុជា​បាន​ទម្លាក់​ការទទួលខុសត្រូវ​ក្នុងករណី​ផ្ទុះអាវុធ​នេះ ទៅ​លើ​ភាគី​ថៃ និង​បាន​ចេញ​លិខិតតវ៉ា​ទៅកាន់​កងទ័ព​ភូមិភាគ​ទី​២ របស់​ថៃ។ ចំណែក​ភាគី​ថៃ បាន​ទទួល​ស្គាល់ ដោយ​ឆ្លៀត​ចោទប្រកាន់​មក​លើ​កម្ពុជា​ថា សំឡេង​ផ្ទុះអាវុធ​នេះ កើតឡើង​ដោយសារ​ទាហាន​ថៃ​បាន​បាញ់ ដើម្បី​ព្រមាន​កងទ័ព​ខ្មែរ​ដែល​ចូល​មក​ក្បែរ​តំបន់​ឈរជើង​របស់​ពួកគេ។

សំឡេង​ផ្ទុះអាវុធ​នៅ​តំបន់​ព្រំដែន​អូរស្មាច់ បាន​លាន់​ឡើងជា​ច្រើនដង ទោះបី​កម្ពុជា និង​ថៃ បាន​ចុះ​កិច្ចព្រមព្រៀង​លើ​បទ​ឈប់​បាញ់​ដ៏​ផុយ​ស្រួយ​ហើយក៏​ដោយ។

យោធភូមិភាគ​ទី​៤ របស់​កម្ពុជា​បាន​ប្រកាស​ថា កាលពី​ថ្ងៃទី​២៤ ខែឧសភា មាន​សំឡេង​ផ្ទុះអាវុធ​ចំនួន​២​លើក នៅ​តំបន់​ច្រក​អន្តរជាតិ​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ ក្នុង​ទឹកដី​កម្ពុជា​ដែល​យោធា​ថៃ​បាន​ចូល​កាន់កាប់​ដោយ​ខុសច្បាប់ ដោយ​លើក​ទី​១ មាន​ចំនួន​១២​គ្រាប់ និង​លើក​ទី​២ ចំនួន​១០​គ្រាប់​។ ក្នុង​ករណី​នេះ ភាគី​កម្ពុជា​បាន​ធ្វើ​លិខិតតវ៉ា​ទៅ​ក្រុម​ទំនាក់ទំនង​របស់​កង​ទ័ព​ភូមិភាគ​ទី​២ របស់​ថៃ ដើម្បី​ឱ្យ​ភាគី​ថៃ​ផ្ទៀងផ្ទាត់ និង​រឹត​បន្តឹង​វិធានការ​គ្រប់គ្រង​វិន័យ​កងទ័ព​របស់​ខ្លួន​ឱ្យ​បាន​តឹងរ៉ឹង ដោយ​គោរព​សេចក្ដីប្រកាស​រួម​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ដែល​ភាគី​ទាំងពីរ​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥។

ការ​ផ្ទុះ​អាវុធ​នេះ បាន​កើត​ឡើង​១​ថ្ងៃ​ក្រោយពេល​កម្ពុជា​បាន​ដឹកនាំ​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) ចុះ​សង្កេតការណ៍​អំពី​ស្ថានភាព​ព្រំដែន​នៅ​តំបន់​ច្រក​អូរស្មាច់។

ទោះជា​យ៉ាងណា ប៉ុន្មាន​ម៉ោង​ក្រោយពី​កម្ពុជា​បាន​ចេញ​លិខិតតវ៉ា កងទ័ព​ភូមិភាគ​ទី​២​របស់​ថៃ តាមរយៈ​អ្នកនាំពាក្យ​កងទ័ពជើងគោក លោក វីនថៃ ស៊ូវារី (Winthai Suvari) បាន​ចេញ​សេចក្ដីប្រកាស​ដោយ​ទទួលស្គាល់​ថា សំឡេង​ផ្ទុះអាវុធ​ចំនួន ២២ គ្រាប់​នេះ គឺ​បង្កឡើង​ដោយ​ទាហាន​ថៃ​ពិតមែន ក៏ប៉ុន្តែ​លោក​បាន​ចោទ​ថា ការ​ផ្ទុះអាវុធ​នេះ គឺ​ដើម្បី​ព្រមាន​ចំពោះ​ទាហាន​ខ្មែរ ដែល​បាន​ចូល​មក​ក្បែរ​ទីតាំង​ឈរជើង​របស់​ទាហាន​ថៃ នៅក្នុង​ទឹកដី​កម្ពុជា។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៥ ខែ​ឧសភា។

តំបន់​ព្រំដែន​អូរ​ស្មាច់ គឺជា​ទីតាំង​ដែល​មាន​ភាព​រកាំរកូស និង​រសើប​មួយ ក្នុង​បណ្ដា​តំបន់​ប្រយុទ្ធ​គ្នា​នៅ​តាម​ព្រំដែន​ផ្សេងទៀត ដោយ​ជា​ញឹកញាប់​ភាគី​ថៃ​តែងតែ​ចោទប្រកាន់​មក​លើ​ភាគី​កម្ពុជា ថា​តែងតែ​ផ្ទុះអាវុធ​ដើម្បី​បង្ករឿង និង​ញុះញង់​ទាហាន​ថៃ រហូត​យោធា​ថៃ​បាន​ដាក់​ពង្រាយ​កម្លាំង​ទ័ព និង​សព្វាវុធ​ធុន​ធ្ងន់​ក្នុង​តំបន់​នេះ​ជាច្រើនលើក។

ជាក់ស្ដែង​កាលពី​ថ្ងៃទី​៣ ខែមេសា យោធា​ថៃ​បាន​ដាក់​ពង្រាយ​កម្លាំង​ទ័ព និង​រថពាសដែក M113 ចំនួន​ពីរ​គ្រឿង​ដោយ​បែរ​កាណុង​តម្រង់​មក​ខាង​កម្ពុជា ដែល​មាន​ចម្ងាយ​ប្រហែល ៤០០​ម៉ែត្រ​ពី​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់​។ មេទ័ព​អាកាស​ថៃ លោក ប្រាក់ផាត សនចៃឌី (Praphas Sonjaidee) បាន​ចោទ​ថា ការ​ដាក់​ពង្រាយ​កម្លាំង​នៅ​កាលនោះ គឺ​ដោយសារតែ​ទាហាន​ខ្មែរ​បាន​ចូល​ទៅ​ជិត​របង​លួស ដើម្បី​ធ្វើ​សកម្មភាព​ញុះញង់ និង​បង្កជម្លោះ​ជាមួយ​ទាហាន​ថៃ​។ ដោយឡែក​កាលពី​ថ្ងៃទី​១៣ ឧសភា យោធា​ថៃ​បាន​ចោទប្រកាន់​មក​លើ​ទាហាន​ខ្មែរ​ថា បាន​បាញ់​ចំនួន​១១​គ្រាប់ នៅ​ព្រំដែន​អូរស្មាច់ និង​បាន​ដាក់​ពង្រាយ​កម្លាំង​ជាច្រើន នៅ​ទីតាំង​បន្លា​លួស និង​នៅ​តាម​លេណដ្ឋាន។

យ៉ាងណា​ក៏ដោយ​ចុះ ទាហាន​ខ្មែរ​ម្នាក់ ដែល​កំពុង​ឈរជើង​នៅ​តំបន់​អូរ​ស្មាច់ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា ជាទូទៅ​ការចោទប្រកាន់ និង​ការ​ដាក់​ពង្រាយ​កម្លាំង​របស់​យោធា​ថៃ​នៅ​តំបន់​អូរ​ស្មាច់ តែងតែ​កើតឡើង​នៅ​ពេល​ដែល​កម្ពុជា បាន​ដឹកនាំ​ក្រុម​អនុព័ន្ធយោធា​បរទេស​ចុះទៅ​សង្កេតការណ៍​នៅ​ទល់មុខ​ទីតាំង​រនាំង​បន្លា​លួស​របស់​យោធា​ថៃ ដែល​ធ្វើ​ឱ្យ​យោធា​មិន​សប្បាយចិត្ត និង​តែងតែ​រក​លេស​ចោទប្រកាន់​មក​លើ​កងទ័ព​ខ្មែរ​។​

ការ​អះអាង​របស់​ទាហាន​ខ្មែរ​រូប​នេះ មាន​ភាព​ស្របគ្នា​នៅក្នុង​អំឡុង​ពេល​ដែល​ក្រុម​អនុព័ន្ធយោធា​បរទេស (MACPP) ចុះ​សង្កេតការណ៍​នៅ​ច្រក​អូរ​ស្មាច់ កាលពី​ថ្ងៃទី​២៩ ខែមេសា ហើយ​ទាហាន​ថៃ​បាន​បាញ់កាំភ្លើង​ប្រភេទ​M79 និង​ប្រភេទ M16​ចំនួន ៥​លើក សរុប​ចំនួន​៩​គ្រាប់​។ យោធា​ថៃ​បាន​អះអាង​ថា សំឡេង​ផ្ទុះ​នេះ​គឺជា​សំឡេង​ផាវ ដែល​ទាហាន​ថៃ​បាន​ដុត​ចំនួន​បី​គ្រាប់ ដើម្បី​ព្រមាន​កម្ពុជា​កុំឱ្យ​ចូលម​ក​ក្បែរ​តំបន់​បន្លា​លួស​ដែល​យោធា​ថៃ​បាន​ដាក់​ពង្រាយ ដោយ​គ្មាន​ការអនុញ្ញាត​ពី​ភាគី​ថៃ​ដែល​បាន​ចូលកាន់​កាប់​តំបន់​នេះ ក្រោយពី​មាន​បទ​ឈប់​បាញ់​លើក​ទី​២​។ ក៏ប៉ុន្តែ​ទាហាន​ខ្មែរ​បាន​អះអាង​ថា ស្នូរ​ផ្ទុះ​នេះ មិនមែន​ជា​សំឡេង​ផ្ទុះ​ដែល​បណ្ដាលមកពី​ការ​ដុត​ផាវ​នោះ​ឡើយ​។​

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា សកម្មភាព​របស់​យោធា​ថៃ​គឺជា​ចេតនា​ញុះញង់ ដើម្បី​បង្កជម្លោះ​ជាមួយ​កម្ពុជា​។ លោក​បន្ត​ថា ស្ថិត​ក្នុង​ស្ថានភាព​ដែល​យោធា​ថៃ​បាន​អុកឡុក​នៅ​តាម​ព្រំដែន​បែបនេះ ប្រសិនបើ​កម្ពុជា​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន នោះ​យោធា​ថៃ​អាច​នឹង​មាន​លេស​បង្ក​សង្គ្រាម​មក​លើ​កម្ពុជា​សាជាថ្មី ដូច្នេះ​កម្ពុជា​គួរតែ​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ ទើប​អាច​ប្រឆាំង​នឹង​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ​ដោយ​គេច​ផុត​ពី​ការ​ផ្ទុះ​អាវុធ។

លោក ម៉ែន ណាត៖ «​ទី​ពីរ លិខិតតវ៉ា​ទាំងអស់ ស្ដី​អំពី​សកម្មភាព​ថៃ​ឈ្លានពាន​កម្ពុជា​នេះ ត្រូវ​បញ្ជូន​ទៅ​ដល់ដៃ​អង្គការ​អន្តរជាតិ ហើយ​និង​ក្រុម​អ្នកការទូត​ដែល​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា រួម​ទាំង​មាន​មន្ត្រី​របស់​កម្ពុជា​ហ្នឹង ទៅ​ឡុបប៊ី ពន្យល់​ឱ្យ​គេ​ដឹង​ដែរ មិនមែន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​សន្លឹក ឬ​ពីរ​សន្លឹក​ហ្នឹងហើយ​អាច​ចប់​នោះ​ទេ​។ គ្មាន​នរណា​ទៅ​អាន​សេចក្ដីថ្លែងការណ៍​របស់​យើង​ហើយ ឱ្យ​គេ​យកចិត្តទុកដាក់​មែនទែន​ទេ ព្រោះ​គេ​មាន​បញ្ហា​របស់​ប្រទេស​គេ​ដែរ»។

ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ករណី​ផ្ទុះអាវុធ​នេះ​ដែរ នៅ​ថ្ងៃ​នេះ កងទ័ព​ភូមិភាគ​ទី​២ របស់​ថៃ បាន​ចេញ​លិខិតតវ៉ា​មួយទៀត ដោយ​ចោទ​កម្ពុជា​ថា​បាន​ផ្ទុះអាវុធ​ចំនួន​៩​គ្រាប់ នៅ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ កាលពី​យប់​ថ្ងៃទី​២៤ ខែឧសភា​។ ក្នុង​ការ​ចោទប្រកាន់​នេះ យោធា​ថៃ​បាន​បើក​ការប្រជុំ​ពិសេស​មួយ ដើម្បី​ពិនិត្យមើល និង​វាយតម្លៃ​ចំពោះ​ស្ថានការណ៍​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ។

ជា​ការ​ឆ្លើយតប ក្រសួងការពារជាតិ​កម្ពុជា បាន​អះអាង​នៅថ្ងៃ​នេះ​ថា ភាគី​កម្ពុជា​បាន​ធ្វើការ​ទំនាក់ទំនង​ទៅកាន់​កងទ័ព​ភូមិភាគ​ទី​២ របស់​ថៃ ដើម្បី​សួរនាំ និង​បញ្ជាក់​ចំពោះ​ករណី​ផ្ទុះអាវុធ​នេះ​។ កម្ពុជា​អះអាង​ថា ករណីនេះ​បង្កឡើង​ពី​ខាង​ភាគី​ថៃ ដោយ​បាញ់​ចំនួន​២​ដង គឺ​លើក​ទី​១​បាញ់​ចំនួន ៥​គ្រាប់ ក្នុងភូមិ​សាស្ត្រ​ភ្នំ​ទ្រព្យ និង​លើក​ទី​២ បាញ់​ចំនួន ៣​គ្រាប់ ក្នុងភូមិ​សាស្ត្រ​ភ្នំ​សំបុក​ឃ្មុំ ខេត្តព្រះវិហារ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ