

គ្រួសារអ្នកនយោបាយ សកម្មជនសង្គម និងបរិស្ថានសង្ឃឹមថា មេបក្សកាន់អំណាច និងជាប្រមុខរដ្ឋស្តីទីលោក ហ៊ុន សែន លើកលែងទោស និងដោះលែងអ្នកទោសមនសិការទាំងអស់ ដោយគ្មានភ្ជាប់លក្ខខណ្ឌ ដើម្បីពួកគេមានសិទ្ធិសេរីភាពពេញលេញ ក្នុងការធ្វើការសង្គម ជួយប្រទេសជាតិរបស់ខ្លួន។ ការលើកឡើងនេះ បន្ទាប់ពីលោក ហ៊ុន សែន បានលើកលែងទោសមេដឹកប្រឆាំងលោក កឹម សុខា ឲ្យមានសេរីភាពខ្លះ បន្ទាប់ពីជាប់ឃុំជិត ១០ ឆ្នាំ។
គ្រួសារអ្នកនយោបាយ សកម្មជនសង្គម និងបរិស្ថាន លើកឡើងថា ការលើកលែងទោសលោក កឹម សុខា គឺជាសញ្ញាវិជ្ជាមានមួយ ប៉ុន្តែពួកគាត់ចង់ឃើញ មេដឹកនាំបក្សកាន់លោក ហ៊ុន សែន លើកលែងទោស និងដោះលែងអ្នកទោសមនសិការទាំងអស់ឲ្យមានសេរីភាព និងគ្មានភ្ជាប់លក្ខខណ្ឌ ទើបប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិសាទរ។
ប្រពន្ធលោក ថាច់ សេដ្ឋា គឺលោកស្រី ថាច់ សុខបូរ៉ានី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៦ ខែឧសភាថា លោកស្រីរីករាយ បន្ទាប់ពីឃើញលោក កឹម សុខា ត្រូវបានលើកលែងទោស ដោយអាចដើរខាងក្រៅបាន ប៉ុន្តែលោកស្រីក៏ចង់ឃើញ មេដឹកនាំគណបក្សកាន់អំណាចលើកលែងទោស និងដោះលែងប្ដីលោកស្រី ព្រមទាំងអ្នកនយោបាយផ្សេងទៀតឲ្យមានសេរីភាពវិញដែរ ដើម្បីពួកគាត់អាចចូលធ្វើនយោបាយ និងបម្រើប្រទេសជាតិ។
លោកស្រីបន្តថា ប្រសិនបើលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត លើកលែងទោសតែលោកកឹម សុខា ខណៈអ្នកនយោបាយផ្សេងទៀត នៅជាប់ឃុំនិងជាប់ បណ្ដឹងនៅតុលាការដដែល នោះបង្ហាញថាប្រទេសកម្ពុជា មិនទាន់មានឯកភាពជាតិ និងការបង្រួបបង្រួមជាតិពិតប្រាកដឡើយ។
លោកស្រី ថាច់ សុខបូរ៉ានី៖ «បើដោះលែងតែឯកឧត្ដម កឹម សុខា ប្រហែលជាមិនល្អទេ បើដោះលែងទាំងអស់តែម្ដង ប្រហែលជាល្អ។ ប្រជាជនអបអរសាទរមែនទែន មិនថា ស្រុកគេ មិនថា ស្រុកខ្មែរទេ គេសម្លឹងមើលឃើញថា រួមរួបផ្សះផ្សាជាតិអ៊ីចឹងល្អមែនទែន មិនថា គ្រួសារខ្ញុំ និងគ្រួសារបងប្អូនដទៃទៀតទេ គេចាំតែមើលដោះលែង និងលើកលែកទោស អត់មានខុសអីទេ ឲ្យមកធ្វើការជាមួយគ្នា ដើម្បីជាតិទៅមុខទាំងអស់គ្នាអ៊ីចឹង»។
ក្រៅពីគ្រួសារអ្នកនយោបាយនោះ ក៏មានសាច់ញាតិ និងម្ដាយ សកម្មជនបរិស្ថាន និងសង្គម ក៏ទាមទារឲ្យប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរដ្ឋស្តីទីលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដោះលែងកូន និងសាច់ញាតិរបស់ពួកគេផងដែរ។ ប្អូនស្រីសកម្មជនបរិស្ថានកញ្ញា ឡុង គន្ធា គឺកញ្ញា ឡុង សុខលីន ទទូចឲ្យរដ្ឋាភិបាលដោះលែងបងស្រីរបស់ខ្លួន និងសកម្មជនបរិស្ថានផ្សេងទៀតឲ្យមានសេរីភាព ដោយគ្មានភ្ជាប់ជាមួយលក្ខខណ្ឌ ពីព្រោះកន្លងមក ពួកគាត់ខិតខំការពារបរិស្ថាន ដើម្បីផលប្រយោជន៍សង្គមជាតិ ប៉ុន្តែបែរជាត្រូវរដ្ឋាភិបាលដាក់ពន្ធនាគារទាំងអយុត្តិធម៌។ កញ្ញាបន្តថា បងស្រីរបស់កញ្ញាត្រូវបន្តការសិក្សា និងធ្វើការងារការពារបរិស្ថានបន្តទៀត។
កញ្ញា ឡុង សុខលីន៖ «ចង់ឲ្យគាត់ដោះលែងសកម្មជនទាំងអស់ទ្រង់ទ្រាយធំ ដោយមិនការភ្ជាប់លក្ខខណ្ឌអ្វីទាំងអស់ ព្រោះពួកគាត់អត់បានធ្វើខុសទេ អ៊ីចឹងអត់មានអីត្រូវភ្ជាប់លក្ខខណ្ឌអីដាក់កំហិតពួកគាត់ទេ។ យើងដឹងស្រាប់ហើយ ពិភពលោកក៏ឲ្យតម្លៃសកម្មភាពរបស់ពួកគាត់ថាពួកគាត់ធ្វើកន្លងមក វាមិនមែនជារឿង ក្បត់ជាតិ រឿងដែលផ្ដួលរំលំរដ្ឋាភិបាលអីទេ។ អ៊ីចឹងវាអត់មានហេតុផលអី ដោះលែងពួកគាត់ ត្រូវតែលក្ខខណ្ឌភ្ជាប់ជាមួយគាត់ទេ»។
ចំណែកម្ដាយសកម្មជនសង្គមលោក ធី ថន គឺលោកស្រី មិន មុំ ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៦ ខែឧសភាថា កូនប្រុសលោកស្រី ត្រូវតុលាការឃុំខ្លួននៅ ពន្ធនាគារ ជិត២ឆ្នាំ រង់ចាំសវនាការ ទាំងដែលកូនប្រុសលោកស្រី មិនបានធ្វើខុសអ្វីសោះ។ លោកស្រីរំពឹងថា រដ្ឋាភិបាល និងតុលាការដោះលែងកូនប្រុសឲ្យមានសេរីភាពវិញ ខណៈតុលាការនឹងបើកសវនាការសំណុំរឿងកូនប្រុសលោកស្រី នៅថ្ងៃទី២៧ ខែឧសភានេះ។
លោកស្រី មិន មុំ៖ «បើដោះលែងប្រជាពលរដ្ឋទាំងអស់ នឹងសប្បាយចិត្ត រីករាយត្រេកអរ។ ខ្ញុំអត់មានអីច្រើនទេ ខ្ញុំសូមសំណូមពរ សូមឲ្យដោះលែងកូនតែប៉ុណ្ណឹង ទេ ឲ្យមកបន្តការសិក្សាឡើងវិញ ហើយឲ្យគាត់មកមើលជំងឺ រោគាគាត់ឲ្យជា»។
អង្គការលីកាដូឲ្យដឹងថា បច្ចុប្បន្ននេះមានអ្នកទោសមនសិការចំនួន១០៥នាក់ កំពុងជាប់ពន្ធនាគារ ក្រោមបទចោទប្រកាន់«ញុះញង់» «រួមគំនិតក្បត់» និង« ក្បត់ជាតិ»ពាក់ព័ន្ធនឹងការបញ្ចេញមតិរឿងព្រំដែន បញ្ហាសង្គម និងការចែករំលែកព័ត៌មាននៅលើបណ្ដាញសង្គមរបស់ពួកគេ។
ប្រពន្ធសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីសលោក សាន សិទ្ធ គឺលោកស្រី ស្វាយ ពៅ ប្រាប់ទូរទស្សន៍នៅថ្ងៃទី២៦ ខែឧសភា ថា នៅក្នុងខែកក្កដាខាងមុខនេះ ប្ដីលោកស្រី និងសកម្មជនកិច្ចព្រមព្រៀងផ្សេងទៀត បានអនុវត្តទោសគ្រប់ចំនួន ២ ឆ្នាំ ប៉ុន្តែលោកស្រី រំពឹងថា រដ្ឋាភិបាល លើកលែងទោស និងដោះលែងប្ដីលោកស្រី និងអ្នកដទៃទៀតឲ្យមានសេរីភាពដែរ។ លោកស្រីបន្តថា ប្រសិនបើរដ្ឋាភិបាល នៅតែបន្តចាប់ខ្លួនអ្នកបញ្ចេញមតិ ដាក់ពន្ធនាគារដោយយកបទ«ញុះញង់»មកចោទប្រកាន់លើពលរដ្ឋ ផ្ទុយពីរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសជាតិ នោះបង្ហាញថា ការអនុវត្តច្បាប់មានស្តង់ដារពីរ។
លោកស្រី ស្វាយ ពៅ៖ «ល្មមដោះលែងពួកគាត់ទៅ ព្រោះអីពួកគាត់ហ្នឹង សុទ្ធតែអ្នកជួយជាតិទេ។ បើសិនជាខ្ញុំជារដ្ឋាភិបាលវិញ ខ្ញុំជួយលើកទឹកចិត្តដល់ពួកគាត់ហ្នឹង លើកទឹកចិត្តថែមទៀត ដើម្បីកុំឲ្យពិបាកដល់រដ្ឋាភិបាល ប្រជាពលរដ្ឋមិនចេះច្បាប់ លំបាកណាស់ បើសិនជាយើងពន្យល់ហើយ គាត់ធ្វើការជំនួយរដ្ឋាភិបាល គួរតែលើកទឹកចិត្តដល់ពួកគាត់វិញបានវាត្រូវ មិនគួរណាទៅបិទសិទ្ធិសេរីភាពពួកគាត់ ហើយទៅចោទពួកគាត់ពីបទញុះញង់ទេ។ ចុះថ្ងៃក្រោយកូនចៅយើងគិតយ៉ាង ម៉េចទៀត បើម៉ែឪនិយាយប៉ុណ្ណឹងជាប់គុក ពីបទញុះញង់ហើយ។ យើងការពារ កិត្តិយសយើងថ្លៃថ្នូរដោយរបៀបណា បើសិនជាយើងខ្មែរ ហើយនិយាយខ្មែរដូចគ្នា សោះស្ដាប់គ្នាមិនបានមិនយល់ថា អ្វីជាបទល្មើសញុះញង់ អ្វីក្នុងការបញ្ចេញមតិ យើងចែកពីរហ្នឹងឲ្យដាច់។ មិនមែនថា ហេមានមាត់ចេះតែនិយាយទេ មិនមែនអ៊ីចឹងទេ»។
ទាក់ទិនរឿងនេះ សង្គមស៊ីវិលជាតិនិងអន្តរជាតិ ជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បើកលំហសេរីភាពបញ្ចេញមតិ និងដោះលែងអ្នកជាប់ឃុំ ដោយសារការបញ្ចេញមតិស្របច្បាប់ជាង ១០០នាក់ ឲ្យមានសេរីភាពវិញ ដើម្បីស្ដារមុខមាត់រដ្ឋាភិបាលលើឆាកអន្តរជាតិ និងលើកម្ពស់សិទ្ធិពលរដ្ឋ ក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ។
ពួកគាត់ថា ប្រសិនបើលោក ហ៊ុន សែន លើកលែងទោស លោក កឹម សុខា ប៉ុន្តែនៅតែបន្តចាប់ និងឃុំខ្លួន សកម្មជននយោបាយ សង្គម សិទ្ធិមនុស្ស បរិស្ថាន និងពលរដ្ឋ ដែលបញ្ចេញមតិដាក់ពន្ធនាគារទៀត នោះលោក ហ៊ុន សែន និងរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នឹងរងភាពអាម៉ាស់កាន់តែខ្លាំងនៅលើឆាកអន្តរជាតិ៕









