

អ្នកឃ្លាំមើលសង្គមជំរុញឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការស៊ើបអង្កេតបន្ថែមទៀត រកអ្នកនៅពីក្រោយនៃអំពើឆបោករបស់អ្នកស្រី ឡេង ចាន់ណា មកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ការអះអាងនេះ បន្ទាប់ពីប្រធានក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី អ្នកស្រី ឡេង ចាន់ណា និងបក្ខពួក បានសារភាពថា ពួកគេបានទទួលប្រាក់ចន្លោះពី ៩៣ ទៅ ៩៨លានដុល្លារអាមេរិក ពី«មេ២៥»។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានប្រាប់ទូរទស្សន៍ អាស៊ីសេរីថា បើពិនិត្យមើលនូវអំពើប្រព្រឹត្តរបស់ អតីតឧកញ៉ា ឡេង ចាន់ណា ឃើញថា មិនមែនធ្វើឡើងដោយចិត្តឯងនោះទេ។ ការធ្វើនេះហាក់ដូចជាមានការ គប់គិតគ្នាជាប្រព័ន្ធ ហើយក៏មានការបើកដៃពីអ្នកមានអំណាចដែរ ទើបអំពើឆបោកនេះ អាចទទួលបាននូវផលប្រយោជន៍ ប្រាក់វាល់លានបែបនេះ។
លោក ស៊ឹង សែនករុណា បន្ថែមទៀតថា បើសិនជាអង្គភាពប្រឆាំងអំពើពុករលួយធ្វើការស៊ើប ប្រាកដច្បាស់លាស់នោះ គួរតែស៊ើបអង្កេតអ្នកពីក្រោយទៀត ដូចជា មេ២៥ ជានរណា ហើយនៅពីក្រោយមេ២៥ ជាអ្នកណាទៀត នោះទើបហៅថាជាការធ្វើការមានភាពច្បាស់លាស់។ អង្គភាពប្រឆាំងអំពើពុករលួយត្រូវធ្វើដោយកុំខ្លាចអំណាច ប្រសិនជារកឃើញថា អ្នកពាក់ព័ន្ធ ជានាយករដ្ឋមន្ត្រីក៏ដោយ ក៏ត្រូវតែអនុវត្តច្បាប់ដែរ ពីព្រោះច្បាប់មិនមានអ្នកណានៅពីលើទេ។
យ៉ាងណាក្តី លោក ស៊ឹង សែនករុណា បន្ថែមទៀតថា ក្នុងរឿងឆបោកនេះ មានអ្នកខ្លះធ្លាក់ខ្លួនក្រីក្រ អ្នកខ្លះអស់សង្ឃឹមក៏ដល់ថ្នាក់សម្លាប់ខ្លួនក៏មានដែរ វាជារឿងដែលប៉ះពាល់ទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋធ្ងន់ធ្ងរ ហើយប៉ះពាល់ទៅដល់អាយុជីវិតរបស់ប្រជាពលរដ្ឋទៅទៀត។
លោក ស៊ឹង សែនករុណា៖ «អ៊ីចឹងយើងមិនសង្ឃឹមទេ បើសិនជា ការស៊ើបអង្កេតនិងធ្វើឡើយដោយអង្គភាពក្រោមបង្គាប់របស់រដ្ឋ ឬក៏ក្រោមបង្គាប់របស់គណបក្សកាន់អំណាច។ អ៊ីចឹងបើស៊ើបអង្កេតទៅដល់ ប៉ះដល់អ្នកដែលមានអំណាចខ្ពស់បំផុត ឬក៏មានឥទ្ធិពលបំផុត ខ្ញុំជឿជាក់ថា ច្បាស់ជាមិនហ៊ានទេ ហើយបើហ៊ានក៏មានការប៉ះពាល់មកដល់ខ្លួនឯងដែរ។ អ៊ីចឹងយើងគ្មានសង្ឃឹមទេ បើសិនជាការស៊ើបអង្កេត ហ្នឹង ជាការស៊ើបអង្កេត នេះគ្រាន់តែធ្វើឲ្យតែបាន ឲ្យតែមានឈ្មោះថាស៊ើបអង្កេត»។
ការលើកឡើងនេះ គឺបន្ទាប់ពី អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៨ ខែឧសភា ចេញផ្សាយ លទ្ធផលកិច្ចប្រជុំលើកទី១០ របស់ក្រុមប្រឹក្សាជាតិនៃអង្គភាពប្រឆាំងអំពើពុករលួយ ថា ជនសង្ស័យ ឡេង ចាន់ណា និងបក្ខពួក២នាក់ទៀត ឈ្មោះ ចាន់ ឃិន និង ផុន សាមាន បានទទួលស្គាល់ថា ពួកគេបានទទួលប្រាក់ចន្លោះពី ៩៣ ទៅ ៩៨លានដុល្លារអាមេរិក ពី«មេ២៥»។
ក្នុងលទ្ធផលនៃកិច្ចប្រជុំដដែល អង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់ ចម្លើយទទួលស្គាល់របស់ជនសង្ស័យថា ក្រោយទទួលបានប្រាក់រាប់សិបលានដុល្លារនោះហើយ ពួកគេយកប្រាក់ទាំងនោះ ទិញដីអភិវឌ្ឍគម្រោង ដោយផ្តល់ការប្រាក់ទៅឱ្យ«មេ២៥» និង ទៅឱ្យអ្នកដែលបានចំណាយប្រាក់វិនិយោគ។ ទោះជាយ៉ាងណា ACU មិនបានបញ្ជាក់ពីអត្តសញ្ញាណរបស់ «មេ២៥» នោះឡើយ។
បែបនេះក្តី ទាក់នឹងបញ្ហានេះ គេសង្កេតឃើញថា មុននឹងឈានដល់ការចាប់ឃុំខ្លួនអ្នកស្រី ឡេង ចាន់ណា មានវីដេអូបែកធ្លាយជាច្រើន ត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដែលអតីត ឧកញ៉ា ឡេង ចាន់ណា បានលើកឡើងក្នុងវីដេអូខ្លីៗមួយចំនួន ពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត ដែលមានន័យថា រាល់សកម្មភាពរបស់ខ្លួនកន្លងមក គឺមានការគាំទ្ររបស់នាយករដ្ឋមន្ត្រីពីក្រោយខ្នង ដូចជា ថា លោក ហ៊ុន ម៉ាណែត គឺជាអ្នកបង្កើតសមាគមពលករ និង អតីតពលករ ដើម្បីសប្បុរសធម៌ ដែលខ្លួនកំពុងដឹកនាំធ្វើសកម្មភាពកន្លងមក ជាដើម។
អ្នកស្រី ឡេង ចាន់ណា និងបក្ខពួក ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួននៅថ្ងៃទី១២ មីនា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការឆបោកពលរដ្ឋឱ្យដាក់ប្រាក់វិនិយោគ ក្រោមរូបភាពទទួលបានការប្រាក់ប្រចាំខែ ក្នុងអត្រាខ្ពស់។ សាលាដំបូងខេត្តសៀមរាប បានសម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះ ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ទ្រីលានស៊ីធី និងអគ្គនាយករងក្រុមហ៊ុន២នាក់ទៀត ព្រមទាំងបក្ខពួកចំនួន ៣បទល្មើស គឺ «ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)» «សម្អាតប្រាក់» និង «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ឬ ចេញសែកស្អុយ។
ក្រោយស៊ើបសង្កេតជាង១ខែ ពោលគឺនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ សាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន៥នាក់ និងបង្កកគណនីធនាគារចំនួន ១៨៣ និងទ្រព្យសម្បត្តិមួយចំនួនរបស់ជនសង្ស័យ ឡេង ចាន់ណា។
ពាក់ព័ន្ធជាមួយសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា នេះ ដែរ ACU ក៏បានបើកការស៊ើបអង្កេតលើជនសង្ស័យដែលជាមន្ត្រីជាន់ខ្ពស់២នាក់ដែរ គឺ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ និងលោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នៅអំឡុងខែកក្កដា ឆ្នាំ២០២៥៕









