អ្នកឃ្លាំមើល​សង្គម ជំរុញ​ឲ្យ ACU ស៊ើបអង្កេត​រក​អ្នក​នៅ​ពីក្រោយ​នៃ​អំពើ​ឆបោក​របស់​អ្នកស្រី ឡេង ចាន់ណា

0
6
រូបឯកសារ៖ (កណ្ដាល) លោក ហ៊ុន ម៉ាណែត និង​អ្នកស្រី ឡេង ចាន់ណា ​អគ្គនាយិកា​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) និង​សហការី​របស់​អ្នកស្រី (ឆ្វេង) នៅ​ក្នុង​ពិធី​បញ្ចូល​សមាជិក​គណបក្សប្រជាជន នៅ​ខេត្តសៀមរាប កាល​ពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុក Oknha Leng Channa
រូបឯកសារ៖ (កណ្ដាល) លោក ហ៊ុន ម៉ាណែត និង​អ្នកស្រី ឡេង ចាន់ណា ​អគ្គនាយិកា​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) និង​សហការី​របស់​អ្នកស្រី (ឆ្វេង) នៅ​ក្នុង​ពិធី​បញ្ចូល​សមាជិក​គណបក្សប្រជាជន នៅ​ខេត្តសៀមរាប កាល​ពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុក Oknha Leng Channa

អ្នកឃ្លាំមើល​សង្គម​ជំរុញ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្វើការ​ស៊ើបអង្កេត​បន្ថែ​ម​ទៀត រក​អ្នក​នៅ​ពីក្រោយ​នៃ​អំពើ​ឆបោក​របស់​អ្នកស្រី ឡេង ចាន់ណា មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​។ ការ​អះអាង​នេះ បន្ទាប់ពី​ប្រធាន​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី អ្នកស្រី ឡេង ចាន់ណា និង​បក្ខពួក បាន​សារភាព​ថា ពួកគេ​បាន​ទទួល​ប្រាក់​ចន្លោះ​ពី ៩៣ ទៅ ៩៨​លាន​ដុល្លារ​អាមេរិក ពី​«​មេ​២៥»។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា បាន​ប្រាប់​ទូរទស្សន៍ អាស៊ីសេរី​ថា បើ​ពិនិត្យមើល​នូវ​អំពើ​ប្រព្រឹត្ត​របស់ អតីត​ឧកញ៉ា ឡេង ចាន់ណា ឃើញ​ថា មិនមែន​ធ្វើឡើង​ដោយ​ចិត្ត​ឯង​នោះ​ទេ​។ ការ​ធ្វើ​នេះ​ហាក់ដូចជា​មានការ គប់គិត​គ្នា​ជា​ប្រព័ន្ធ ហើយក៏​មានការ​បើកដៃ​ពី​អ្នក​មាន​អំណាច​ដែរ ទើប​អំពើ​ឆបោក​នេះ អាច​ទទួល​បាន​នូវ​ផលប្រយោជន៍ ប្រាក់​វាល់​លាន​បែបនេះ។

លោក ស៊ឹង សែនករុណា បន្ថែមទៀត​ថា បើសិនជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្វើការ​ស៊ើប ប្រាកដ​ច្បាស់លាស់​នោះ គួរតែ​ស៊ើបអង្កេត​អ្នក​ពីក្រោយ​ទៀត ដូចជា មេ​២៥ ជា​នរណា ហើយ​នៅ​ពីក្រោយ​មេ​២៥ ជា​អ្នកណា​ទៀត នោះ​ទើប​ហៅថា​ជា​ការ​ធ្វើការ​មាន​ភាព​ច្បាស់លាស់។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវធ្វើ​ដោយ​កុំ​ខ្លាច​អំណាច ប្រសិនជា​រក​ឃើញ​ថា អ្នក​ពាក់ព័ន្ធ ជា​នាយករដ្ឋមន្ត្រី​ក៏ដោយ ក៏​ត្រូវតែ​អនុវត្ត​ច្បាប់​ដែរ ពីព្រោះ​ច្បាប់​មិន​មាន​អ្នកណា​នៅ​ពីលើ​ទេ។

យ៉ាងណាក្តី លោក ស៊ឹង សែនករុណា បន្ថែម​ទៀត​ថា ក្នុង​រឿង​ឆបោក​នេះ មាន​អ្នកខ្លះ​ធ្លាក់ខ្លួន​ក្រីក្រ អ្នកខ្លះ​អស់សង្ឃឹម​ក៏​ដល់​ថ្នាក់​សម្លាប់​ខ្លួន​ក៏មានដែរ វា​ជា​រឿង​ដែល​ប៉ះពាល់​ទៅដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ ហើយ​ប៉ះពាល់​ទៅដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ទៅទៀត។

លោក ស៊ឹង សែនករុណា៖ «អ៊ីចឹង​យើង​មិន​សង្ឃឹម​ទេ បើសិនជា ការស៊ើបអង្កេត​និង​ធ្វើ​ឡើយ​ដោយ​អង្គភាព​ក្រោមបង្គាប់​របស់​រដ្ឋ ឬក៏​ក្រោមបង្គាប់​របស់​គណបក្ស​កាន់អំណាច​។ អ៊ីចឹង​បើ​ស៊ើបអង្កេត​ទៅដល់ ប៉ះ​ដល់​អ្នក​ដែល​មាន​អំណាច​ខ្ពស់​បំផុត ឬក៏​មាន​ឥទ្ធិពល​បំផុត ខ្ញុំ​ជឿជាក់​ថា ច្បាស់​ជា​មិន​ហ៊ាន​ទេ ហើយ​បើ​ហ៊ាន​ក៏​មាន​ការ​ប៉ះពាល់​មកដល់​ខ្លួនឯង​ដែរ​។ អ៊ីចឹង​យើង​គ្មាន​សង្ឃឹម​ទេ បើសិនជា​ការស៊ើបអង្កេត ហ្នឹង ជា​ការ​ស៊ើបអង្កេត នេះ​គ្រាន់តែ​ធ្វើ​ឲ្យ​តែ​បាន ឲ្យ​តែ​មាន​ឈ្មោះថា​ស៊ើបអង្កេត»។

ការ​លើកឡើង​នេះ គឺ​បន្ទាប់ពី អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃទី​២៨ ខែឧសភា ចេញផ្សាយ លទ្ធផល​កិច្ចប្រជុំ​លើក​ទី​១០ របស់​ក្រុម​ប្រឹក្សា​ជាតិ​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ថា ជនសង្ស័យ ឡេង ចាន់ណា និង​បក្ខពួក​២​នាក់​ទៀត ឈ្មោះ ចាន់ ឃិន និង ផុន សាមាន បាន​ទទួលស្គាល់​ថា ពួកគេ​បាន​ទទួល​ប្រាក់​ចន្លោះ​ពី ៩៣ ទៅ ៩៨​លាន​ដុល្លារ​អាមេរិក ពី​«​មេ​២៥»។

ក្នុង​លទ្ធផល​នៃ​កិច្ចប្រជុំ​ដដែល អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជាក់ ចម្លើយ​ទទួល​ស្គាល់​របស់ជនសង្ស័យ​ថា ក្រោយ​ទទួល​បាន​ប្រាក់​រាប់​សិប​លាន​ដុល្លារ​នោះ​ហើយ ពួកគេ​យក​ប្រាក់​ទាំងនោះ ទិញ​ដី​អភិវឌ្ឍ​គម្រោង ដោយ​ផ្តល់​ការប្រាក់​ទៅ​ឱ្យ​«​មេ​២៥» និង ទៅ​ឱ្យ​អ្នក​ដែល​បាន​ចំណាយ​ប្រាក់​វិនិយោគ​។ ទោះជា​យ៉ាងណា ACU មិនបាន​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់ «​មេ​២៥» នោះ​ឡើយ។

បែបនេះ​ក្តី ទាក់​នឹង​បញ្ហា​នេះ គេ​សង្កេតឃើញ​ថា មុននឹង​ឈាន​ដល់​ការ​ចាប់​ឃុំខ្លួន​អ្នកស្រី ឡេង ចាន់ណា មាន​វីដេអូ​បែកធ្លាយ​ជាច្រើន ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​អតីត ឧកញ៉ា ឡេង ចាន់ណា បាន​លើកឡើង​ក្នុង​វីដេអូ​ខ្លីៗ​មួយចំនួន ពាក់ព័ន្ធ​នឹង​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ា​ណែ​ត ដែល​មានន័យថា រាល់​សកម្មភាព​របស់​ខ្លួន​កន្លងមក គឺ​មាន​ការ​គាំទ្រ​របស់​នាយករដ្ឋមន្ត្រី​ពីក្រោយ​ខ្នង ដូចជា ថា លោក ហ៊ុន ម៉ាណែត គឺជា​អ្នកបង្កើត​សមាគម​ពលករ និង អតីត​ពលករ ដើម្បី​សប្បុរសធម៌ ដែល​ខ្លួន​កំពុង​ដឹកនាំ​ធ្វើ​សកម្មភាព​កន្លងមក ជាដើម។

អ្នកស្រី ឡេង ចាន់ណា និង​បក្ខពួក ត្រូវ​បាន​សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​នៅ​ថ្ងៃទី​១២ មីនា ឆ្នាំ​២០២៤ ពាក់ព័ន្ធ​នឹង​ការ​ឆបោក​ពលរដ្ឋ​ឱ្យ​ដាក់​ប្រាក់​វិនិយោគ ក្រោម​រូបភាព​ទទួល​បាន​ការប្រាក់​ប្រចាំខែ ក្នុង​អត្រា​ខ្ពស់​។ សាលាដំបូង​ខេត្តសៀមរាប បានសម្រេច​ចោទប្រកាន់​ជនសង្ស័យ​ឈ្មោះ ឡេង ចាន់ណា អគ្គ​នាយិកា​ក្រុមហ៊ុន ទ្រីលានស៊ីធី និង​អគ្គនាយករង​ក្រុមហ៊ុន​២​នាក់​ទៀត ព្រមទាំង​បក្ខពួក​ចំនួន ៣​បទល្មើស គឺ «​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស (​ជា​ក្រុម​មានការ​ចាត់តាំង​)» «​សម្អាត​ប្រាក់​» និង «​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​» ឬ ចេញ​សែក​ស្អុយ។

ក្រោយ​ស៊ើប​សង្កេត​ជាង​១​ខែ ពោល​គឺ​នៅ​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២៤ សាលាដំបូង​ខេត្ត​សៀមរាប បានសម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ចំនួន​៥​នាក់ និង​បង្កក​គណនី​ធនាគារ​ចំនួន ១៨៣ និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​របស់​ជនសង្ស័យ ឡេង ចាន់ណា។

ពាក់ព័ន្ធ​ជាមួយ​សំណុំរឿង​អតីត​ឧកញ៉ា ឡេង ចាន់ណា នេះ ដែរ ACU ក៏បាន​បើក​ការស៊ើបអង្កេត​លើ​ជនសង្ស័យ​ដែល​ជា​មន្ត្រីជាន់ខ្ពស់​២​នាក់​ដែរ គឺ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ​ក្រសួង​អប់រំ និង​លោក ស ថាវី អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ នៅ​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២៥៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ