គ្រួសារ​អតីត​ឈ្លើយសឹក​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​យោធា​ថៃ ដែល​ថា គ្រួសារ​គាត់​វង្វេង​ស្មារតី ដោយសារ​ផឹកស្រា

0
192
កងទ័ព​ខ្មែរ​ដែល​ត្រូវ​យោធា​ថៃ​ប្រើ​ឧបាយ​ចាប់ខ្លួន យក​ធ្វើជា​ឈ្លើយសឹក លោក លឹម សំអេង ត្រូវ​ដោះលែង​វិញ​កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ រូបចែកចាយលើហ្វេសប៊ុក
យោធិន​ឈរជើង​នៅ​ជួរមុខ លោក លឹម សំ​អេង ដែលធ្លាប់ត្រូវយោធាថៃប្រើល្បិចចាប់ខ្លួនក្រោយបទឈប់បាញ់។ រូបចែកចាយលើបណ្ដាញសង្គម

គ្រួសារ​របស់​យោធា​ខ្មែរ​ដែល​ថៃ​បាន​ដោះលែង​វិញ​ក្នុង​សភាព​វង្វេងស្មារតី​នោះ បាន​អះអាង​ថា គ្រួសារ​គាត់​មិនមែន​កើត​វិបល្លាស ដោយសារ​ផឹកស្រា​ដូច​ការចោទប្រកាន់​របស់​យោធា​ថៃ នោះ​ឡើយ។ កងទ័ព​ខ្មែរ​ដែល​ត្រូវ​យោធា​ថៃ​ប្រើ​ឧបាយ​ចាប់ខ្លួន យក​ធ្វើជា​ឈ្លើយសឹក និង​ដោះលែង​វិញ​នោះ គឺ​លោក លឹម សំអេង។ ការ​ថ្លែង​របស់​គ្រួសារ​យោធិន​ខ្មែរ​បែបនេះ ធ្វើឡើង​បន្ទាប់ពី​សមាគម​គ្រូពេទ្យ និង​យោធា​ថៃ បាន​លើកឡើង​ថា យោធា​ខ្មែរ គឺ​លោក លឹម សំអេង មាន​ជំងឺ​វង្វេង​ដោយសារ​ផឹកស្រា​ហួស​កម្រិត និង​បាន​ចោទប្រកាន់​ទៀត​ថា កម្ពុជា​បញ្ជូន​ទាហាន​មាន​វិបត្តិ​ផ្លូវចិត្ត មក​សមរភូមិ។

ប្អូនស្រី​របស់​ទាហាន​ខ្មែរ គឺ​លោកស្រី លឹម អាន លើកឡើង​ថា បងប្រុស​របស់​លោកស្រី ដែល​ជា​យោធិន​ឈរជើង​នៅ​ជួរមុខ គឺ​លោក លឹម សំ​អេង បាន​រងគ្រោះ​ផ្ទួនៗ ដោយសារ​ត្រូវ​យោធា​ថៃ​បាន​ប្រើ​ល្បិច​ចាប់ខ្លួន និង​ធ្វើបាប​ហើយ បែរជា​ត្រូវ​ក្រុម​គ្រូពេទ្យ​ថៃ​មួលបង្កាច់​ថា ជា​ជន​ប្រមឹក ញៀន​ស្រា​ថែមទៀត។

លោកស្រី លឹម អាន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២០ ខែ​វិច្ឆិកា ថា បងប្រុស​របស់​លោក​ស្រី គឺ​លោក លឹម សំអេង មាន​ស្មារតី​ល្អជា​ប្រក្រតី នៅមុន​ពេល​ត្រូវ​យោធា​ថៃ ព័ទ្ធ​ចាប់​ខ្លួន និង​គ្មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ​ដែល​បណ្ដាលមកពី​ការ​ផឹកស្រា​ជាប្រចាំ​នោះ​ឡើយ។ លោកស្រី​បន្ត​ថា បច្ចុប្បន្ន​បងប្រុស​លោក​ស្រី គឺ​លោក លឹម សំអេង បាន​ត្រឡប់​ទៅ​ប្រចាំការ​នៅ​តំបន់​ជួរមុខ​តាម​ព្រំដែន​វិញ​ហើយ ទោះជា​យ៉ាងណា លោក​នៅ​មាន​អាការៈ​វង្វេង វិបល្លាស​បន្តិចបន្តួច ក្រោយពេល​សម្រាក​ព្យាបាល​បាន​មួយ​រយៈ បន្ទាប់​ពីយោធា​ថៃ បាន​បញ្ជូន​ខ្លួន​មកវិញ ក្នុង​សភាព​ទ្រុឌទ្រោម។

លោកស្រី លឹម អាន៖ «គាត់​មិន​ពិសា​ស្រា​ណាស់ណា​ទេ យូរៗ​ម្ដង តាម​ដំណាក់កាល ដោយសារ​គាត់​នៅក្នុង​ជំរំ​ទាហាន។ គាត់​អត់​មានអី​ទេ ពីមុន​នោះ នៅ​ពេល​បាញ់​គ្នា​ហ្នឹង គាត់​ខល​មក​រក​កូនចៅ​ធម្មតា សង្ស័យ​គាត់​ភ័យ​ពេក​បាន​គាត់​វង្វេង។ ណាមួយ​កាល​បាញ់​គ្នា​ប៉ុន្មាន​ថ្ងៃ​ហ្នឹង គាត់​អត់​បាន​ហូបបាយ​ផង»។

ការ​ថ្លែង​របស់​គ្រួសារ​យុទ្ធជន​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សហគមន៍​ពេទ្យ​ថៃ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ កាល​ពី​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ដោយ​ថ្កោលទោស​កម្ពុជា ដែល​ពួកគេ​ចោទ​ថា បាន​នាំ​យក​អតីត​ឈ្លើយសឹក ជា​យោធិន​ខ្មែរ​គឺ​លោក លឹម សំអេង ដែល​ថៃ​បាន​ដោះលែង ដែល​ពួកគេ​អះអាង​ថា ដោយសារ លោក​ញៀន​ស្រា​រ៉ាំរ៉ៃ និង​មាន​ជំងឺផ្លូវចិត្ត​នោះ ត្រឡប់​ទៅកាន់​សមរភូមិ​វិញ​។ ពួកគេ​បាន​ចោទ​ថា​ ករណីនេះ​ជា​ការ​វាយប្រហារ​ដ៏​ធ្ងន់ធ្ងរ​លើ​មនុស្ស​មាន​ផ្លូវចិត្ត​ផុយ​ស្រួយ ដែល​ជា​ទង្វើ​អមនុស្សធម៌ និង​ស្នើ​ឱ្យ​អង្គការ​អន្តរជាតិ​ស៊ើបអង្កេត​ករណីនេះ។

ជាមួយ​គ្នា​នេះ យោធា​ភូមិភាគ​២ របស់​ថៃ បាន​ចេញ​សេចក្ដីប្រកាស ដោយ​ចោទ​ប្រកាន់​ថា លោក លឹម សំអេង មាន​ជំងឺ​ស្រវឹង​រ៉ាំរ៉ៃ ហើយ​វង្វេងស្មារតី​ពី​ភាព​តានតឹង​នៃ​កា​រប្រយុទ្ធ មុន​ពេល​ត្រូវ​បញ្ជូន​ត្រឡប់​មក​វិញ បន្ទាប់ពី​លោក​បាន​ធ្វើ​កិច្ចសន្យា​ដោយ​បញ្ជាក់​ថា លោក​នឹង​មិន​ប្រយុទ្ធ​ទៀត​នោះ​ទេ នៅ​ពេល​ត្រូវ​ដោះលែង​ទៅ​កម្ពុជា​វិញ។

ទោះជា​បែបនេះ​ក្ដី គ្រួសារ​យោធិន​ខ្មែរ ដែល​ថៃ​បាន​ចាប់ខ្លួន លើកឡើង​ថា គឺ​ភាគី​យោធា​ថៃ​ទៅវិញ​ទេ ដែល​អមនុស្សធម៌ និង​រំលោភច្បាប់​អន្តរជាតិ ដោយសារ​យោធា​ថៃ បាន​ចាប់​ទាហាន​ខ្មែរ ក្រោយ​បទ​ឈប់​បាញ់ ដែល​ចូល​ជា​ធរមាន តាមរយៈ​ការប្រើប្រាស់​ឧបាយកល​ចាប់ដៃ និង​លួច​ភ្ជង់​កាំភ្លើង​។ ពួកគាត់​លើកឡើង​ថា កាលនោះ ប្រសិនបើ​គ្មាន​ទាហាន​ខ្មែរ​ម្នាក់ ដែល​បាន​រត់​រួចខ្លួន មក​ផ្ដល់​ដំណឹង​ទេ​នោះ ទាហាន​ខ្មែរ​ទាំង​ជាង​២០​នាក់ ដែល​យោធា​ថៃ​បាន​ចាប់ខ្លួន​នោះ អាច​នឹង​ត្រូវ​គេ​ធ្វើ​ទារុណកម្ម ឬ​ត្រូវ​សម្លាប់​បាត់​ទៅ​ហើយក៏​មិនដឹង។

កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ យោធា​ថៃ បាន​សម្លាប់ និង​រំលោភបំពាន​មក​លើ​ពលរដ្ឋ​ខ្មែរ​ជា​បន្តបន្ទាប់ ក្រោយ​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព កាលពី​ថ្ងៃទី​២៦ ខែតុលា ក្រោម​សក្ខីភាព​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក (USA) លោក ដូណាល់ ត្រាំ (Donald J. Trump) និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី (Malaysia) លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim ) ដែល​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន។ ជាក់ស្ដែង កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា យោធា​ថៃ បាន​បើក​ការ​បាញ់​ប្រហារ​ទាំង​កម្រោល​មក​លើ​ពលរដ្ឋ​ខ្មែរ នៅ​ភូមិ​ព្រៃចាន់ ក្នុង​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ បណ្ដាល​ឱ្យ​ពលរដ្ឋ​ម្នាក់​ស្លាប់ និង​របួស​បី​នាក់។

ជាថ្មី​ម្ដងទៀត កាលពី​ថ្ងៃទី​១៥ ខែ​វិច្ឆិកា មាន​ករណី​ទាហាន​ឈុត​ខ្មៅ​ថៃ​យ៉ាងតិច ណាស់​៧​នាក់ បាន​រំលោភ​បូក ទៅលើ​យុវតី​ខ្មែរ​ម្នាក់ អាយុ​១៨​ឆ្នាំ ហើយ​ថែមទាំង​បាន​ប្រើ​អំពើ​ហិង្សា និង​ប្លន់​យក​ទូរស័ព្ទ និង​លុយ​របស់​ក្រុម​ពលករ​ខ្មែរ ១២​នាក់​ផ្សេងទៀត នៅពេល​ពួកគេ​ធ្វើដំណើរ​តាម​រថយន្ត​ត្រឡប់​មក​កម្ពុជា​វិញ។ ចំពោះ​ករណី​ទាំងនេះ រដ្ឋាភិបាល​ថៃ មិន​បាន​បើក​ការស៊ើបអង្កេត​ឱ្យ​ស៊ីជម្រៅ ដើម្បី​ស្វែងរក​ការពិត​នោះ​ទេ ក្រៅ​តែ​ពី​ការ​ប្រកែក​ថា​ជា​ព័ត៌មាន​មិន​ពិត។

ងាក​មក​រឿង​យោធា​ខ្មែរ​វិញ ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា​លោក​វេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី មាន​ប្រសាសន៍ថា យោធិន​ខ្មែរ ដែល​មាន​អាការៈ​វិបល្លាស​នោះ មិន​គួរ​ឱ្យ​ត្រឡប់​ទៅ​ឈរជើង​នៅ​តាម​ព្រំដែន​ទៀត​នោះ​ទេ ព្រោះ​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ការ​បដិបត្តិ​តួនាទី។ លោក​បន្ត​ថា ក្រុម​បច្ចេកទេស គួរតែ​ឱ្យ​យោធិន​ដែល​មាន​ស្មារតី​មិន​ទាន់​ល្អ​ប្រសើរ​សម្រាក និង​ធ្វើការ​ពិនិត្យ ដើម្បី​ប្រមូល​ភស្តុតាង​បញ្ជាក់​ពី​ការ​ធ្វើ​ទារុណកម្ម​របស់​យោធា​ថៃ សម្រាប់​ដាក់ពាក្យ​បណ្ដឹង។

លោក អ៊ូច វុឌ្ឍី៖ «ទីមួយ​យើង​សង្កេតមើល​ការ​ធ្វើ​ទារុណកម្ម។ ខាង​ថៃ​ហ្នឹង​មាន​ធ្វើ​ទារុណកម្ម​ដល់​គាត់​ហ្នឹង​យ៉ាងម៉េច​ខ្លះ ដើម្បី​សួរចម្លើយ។ កន្លែង​ហ្នឹង​មួយ គឺ​យើង​ត្រូវ​ប្រយ័ត្ន​ខ្លាំង។ ទី​ពីរ​យើង​ត្រូវ​សួរ​ថា ខាង​ថៃ ដែល​គេ​ចាប់​គាត់​យក​ទៅ​ហ្នឹង គេ​បាន​ចាក់​ថ្នាំ​អ្វី​ឱ្យ​គាត់ ហើយ​គេ​មាន​ឱ្យ​គាត់​ហូប​អ្វីខ្លះ ព្រោះ​ជួនកាល​គេ​បំពុល​មនុស្ស​ហ្នឹង ឱ្យ​ទៅ​ជា​មិនមែន​មនុស្ស»។

ទូរទស្សន៍​អាស៊ីសេរី មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ អ្នកស្រី ម៉ាលី សុជាតា តាម​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃទី​២០ ខែ​វិច្ឆិកា។

កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា យោធា​ថៃ បាន​ប្រើ​ឧបាយកល​ចាប់​ទាហាន​ខ្មែរ​ចំនួន ២១​នាក់ ក្នុង​នោះ​ស្លាប់​ម្នាក់ និង​២​នាក់​ទៀត ត្រូវ​បាន​ដោះលែង​វិញ ក្រោម​សភាព​ពិការ និង​មាន​បញ្ហា​ស្មារតី ខណៈ​១៨​នាក់​ផ្សេងទៀត ត្រូវ​ថៃ​រក្សាទុក​ធ្វើជា​ចំណាប់ខ្មាំង។

កន្លងទៅ​ថ្មីៗ​នេះ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​លើកឡើង​ថា នៅពេល​លោក​បាន​ទទួល​ដំណឹង​ថា ទាហាន​ខ្មែរ​ទាំង​ជាង​២០​នាក់ ត្រូវ​យោធា​ថៃ​ចាប់ខ្លួន​ហើយ​នោះ លោក​បាន​គិតថា ពួកគាត់​បាន​ពលី​ដើម្បី​ជាតិ​រួច​បាត់​ទៅ​ហើយ ដោយ​ពួកគេ​មិនមែន​ជា​ឈ្លើយសឹក​នោះ​ទេ។

យ៉ាងណា​ក៏ដោយ​ចុះ ខុសពី​ទាហាន​ខ្មែរ ដែល​លោក ហ៊ុន សែន បាន​ត្រៀម​ដាក់បញ្ចូល​ក្នុង​តារាង​ពលី​នោះ ក្នុង​អំឡុង​សង្គ្រាម​ព្រំដែន​រវាង​កម្ពុជា និង​ថៃ កាលពី​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១១ កងទ័ព​កម្ពុជា​បាន​ចាប់ខ្លួន​ទាហាន​ថៃ​បានជា​ច្រើន​នាក់ បន្ទាប់ពី​ការ​ប្រយុទ្ធ​នៅ​តំបន់​ព្រំដែន​ដែល​មាន​ជម្លោះ​លើ​ជួរ​ភ្នំ​ដងរែក ហើយ​ពួកគេ​មិនបាន​ទទួលរង​ទណ្ឌកម្ម​ពី​ទាហាន​ខ្មែរ​ឡើយ ដោយ​កាលនោះ​លោក ហ៊ុន សែន បាន​ប្រកាស​ថា នឹង​មិន​កាត់ទោស​ឈ្លើយសឹក​ថៃ​ទាំង​នោះ​ឡើយ និង​ផ្ដល់​ការថែទាំ​យ៉ាង​ល្អ មុននឹង​ពួកគេ​ត្រូវ​ដោះលែង​វិញ​ក្នុង​រយៈពេល​ដ៏​ខ្លី៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ