ក្រុម​ឧក្រិដ្ឋជន​ចិន​បន្ត​ធ្វើ​សកម្មភាព​ចាប់ជំរិត និង​អំពើ​ឃាតកម្ម​លើទឹក​ដី​កម្ពុជា

0
54
ជនសង្ស័យ​ជា​ជនជាតិ​ចិន ២​នាក់ និង​ខ្មែរ​២​នាក់ សម្លាប់​អ្នក​រត់តាក់ស៊ី និង​នារី​ភេទ​ទីបី យក​សព​ទៅ​កប់​នៅ​ក្នុង​លូ​ចាក់​បេតុង នៅ​សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។ រូប៖ បណ្ដាញ​សង្គម
ជនសង្ស័យ​ជា​ជនជាតិ​ចិន ២​នាក់ និង​ខ្មែរ​២​នាក់ សម្លាប់​អ្នក​រត់តាក់ស៊ី និង​នារី​ភេទ​ទីបី យក​សព​ទៅ​កប់​នៅ​ក្នុង​លូ​ចាក់​បេតុង នៅ​សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។ រូប៖ បណ្ដាញ​សង្គម

ក្រុម​ឧក្រិដ្ឋជន​ចិន​នៅតែ​បន្ត​ធ្វើ​សកម្មភាព​ចាប់ជំរិត បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម និង​សម្លាប់​ជនរងគ្រោះ​ទាំង​ជនបរទេស និង​ពលរដ្ឋ​ខ្មែរ ដើម្បី​ជំរិត​ទារប្រាក់​ក្នុង​រូបភាព​ដ៏​ឃោរឃៅ។ អំពើ​ឧក្រិដ្ឋកម្ម​ទាំងនេះ​មិន​ត្រឹមតែ​បង្ក​ការភ័យខ្លាច​ដល់​សាធារណជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បំផ្លាញ​កេរ្តិ៍ឈ្មោះ និង​មុខមាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ​។ អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ថា ការ​រីក​រាលដាល​នៃ​បណ្ដាញ​ឧក្រិដ្ឋ​ជនបរទេស​ទាំង​នេះ គឺជា​លទ្ធផល​ដែល​មេដឹកនាំ​ត្រកូល ហ៊ុន បើកដៃ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ចូល​មក​ធ្វើ​សកម្មភាព​នៅ​កម្ពុជា និង​ការ​ខ្វះ​ឆន្ទៈ​នយោបាយ​ក្នុង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់។

ការ​ហូរ​ចូល​នៃ​បណ្ដាញ​ឧក្រិដ្ឋជន​ចិន​ដែល​កន្លងមក​ល្បី​ខាង​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ ចាប់ជំរិត និង​សម្លាប់​ជនរងគ្រោះ​ភាគច្រើន​ជា​ជនបរទេស​ដើម្បី​ជំរិត​ទារប្រាក់​នៅ​កម្ពុជា ពេលនេះ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ប្រទេស​ក៏​ក្លាយជា​ជនរងគ្រោះ​ដោយ​ការ​ចាប់​ជំរិត និង​អំពើ​ឃាតកម្ម​ដ៏​ឃោរឃៅ​ដូចគ្នា​ដែរ។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៣ ខែមិថុនា បាន​បង្ហាញមុខ​ជនសង្ស័យ​ជនជាតិ​ចិន និង​ខ្មែរ ៤​នាក់ ក្រោយ​បើក​ប្រតិបត្តិ​ការ​បង្ក្រាប​ករណី​ចាប់ជំរិត​ទារប្រាក់ និង​ឃាតកម្ម​គិតទុក​ជាមុន​លើ​ជនរងគ្រោះ​ខ្មែរ ២​នាក់ ក្នុង​នោះ​មាន​ម្នាក់​ជានា​រី​ភេទ​ទី​៣ និង​ម្នាក់ទៀត​ជា​អ្នក​រត់​តាក់ស៊ី​។ យោង​តាម​របាយការណ៍​សមត្ថកិច្ច​បង្ហាញថា ក្រុម​ជនសង្ស័យ​បាន​ធ្វើ​ទារុណកម្ម យក​ខ្សែ​ចងដៃ ចង់​ជើង និង​រឹត​ក​ជនរងគ្រោះ​ទាំងពីរ​នាក់​នៅក្នុង​ផ្ទះសំណាក់​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​កោះក្របី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៣ ខែឧសភា រហូតដល់​ស្លាប់​។ បន្ទាប់មក​ក្រុម​ជន​ដៃដល់​បាន​ដឹក​សាកសព​ទៅ​កប់​រួមគ្នា​ក្នុង​ដី​ឡូតិ៍​មួយ​កន្លែង​នៅ​សង្កាត់​ព្រែកលៀប ហើយ​ថែមទាំង​ចាក់​បេតុង​គ្រប​ពី​លើ​រណ្ដៅ​សាកសព ដើម្បី​បំបាត់ភស្តុតាង​។ ជនរងគ្រោះ​នារី​ភេទ​ទី​៣ មាន​ឈ្មោះ តាំង ស៊ីម៉េង និង​ជនរងគ្រោះ​ម្នាក់ទៀត​ឈ្មោះ អែម គីមស្រ៊ុន មានមុខ​របរ​អ្នក​រត់​តាក់ស៊ី​។ វត្ថុ​តាង​ដែល​សមត្ថកិច្ច​រឹបអូស​បាន​មាន​ដូចជា ដំបង ពូថៅ ខ្សែភ្លើង និង​ទូរស័ព្ទ​ដៃ។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​អះអាង​ថា បាន​កសាង​សំណុំ​រឿង​នេះ​បញ្ជូន​ទៅ​តុលាការ​រួច​ហើយ ប៉ុន្តែ​នៅ​មាន​មេខ្លោង និង​បក្ខពួក​មួយចំនួន​កំពុង​រត់គេច​ខ្លួន ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់។

ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក សំ វិច្ឆិកា ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​៣ ខែមិថុនា។

អ្នកឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស​ចាត់ទុក​អំពើ​ឃាតកម្ម​នេះ​ថា ជា​ទង្វើ​ដ៏​សាហាវឃោរឃៅ និង​អមនុស្សធម៌​។ ពួកគាត់​ថា អំពើ​ឧក្រិដ្ឋកម្ម​នេះ​មិន​ត្រឹមតែ​ឆក់​យក​ជីវិត​ពលរដ្ឋ​ខ្មែរ​ដោយ​ស្លាប់​ក្នុង​ស្ថានភាព​វេទនា​នោះ​ទេ ថែមទាំង​បន្សល់ទុក​នូវ​ការឈឺចាប់​ផ្លូវចិត្ត​យ៉ាងធ្ងន់ធ្ងរ​ដល់​ក្រុម​គ្រួសារ​ផង​ដែរ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា ទទូច​ដល់​សមត្ថកិច្ច​ស្វែងរក​មេខ្លោង និង​បក្ខ​ពួក​ក្រុម​ឃាតក​ឱ្យខាង​តែ​បាន និង​ផ្ដន្ទាទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាមផ្លូវ​ច្បាប់​។ លោក​សង្កត់ធ្ងន់​ថា អំពើ​ចាប់ជំរិត និង​ការ​រីក​រាលដាល​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ពេញ​ប្រទេស​ដូច​សព្វថ្ងៃ​នេះ គឺ​ដោយសារតែ​គោលនយោបាយ​របស់​មេដឹកនាំ​ក្រុងភ្នំពេញ​អនុវត្ត​ច្បាប់​ធូររលុង និង​បើកដៃ​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន​ចិន​ចូល​មក​កម្ពុជា​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ និង​សិក្សា​ឱ្យ​បាន​ល្អិតល្អន់។

លោក ស៊ឹង សែនករុណា៖ «​ក្នុង​រយៈកាល​ចុងក្រោយ​នៃ​ការដឹកនាំ​របស់​មេដឹកនាំ​បច្ចុប្បន្ន បាន​នាំមក​នូវ​ជនបរទេស​ដែល​មាន​ចរិតលក្ខណៈ​កោងកាច ហើយ​ប្រព្រឹត្ត​នូវ​អំពើ​ទុច្ចរិត​បង្កចលាចល និង​ភាព​អសន្តិសុខ​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ជាច្រើន ដែល​យើង​មើលឃើញ​រូបភាព​បង្ក​បញ្ហា​ហិង្សា ការ​កាប់​សម្លាប់ បាញ់សម្លាប់ ចាប់ជំរិត​អី​ទាំងអស់​នេះឯង​។ យើង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង សង្គម​មួយ​ដែល​មាន​អំពើ​ទាំងអស់​នេះ​កើតឡើង យើង​អត់​ចង់​ឃើញ​រូបភាព​នៃ​ការដឹកនាំ​ដែល​បង្ក​ឱ្យ​មាន​ហានិភ័យ​នៅក្នុង​សង្គម​បែបនេះ​ទេ អ៊ីចឹង​យើង​ចង់​ឃើញ​ការដឹកនាំ​មួយ​ដែល​នាំមក​នូវ​សេចក្ដីសុខ​សន្តិភាព​ពិតប្រាកដ​ទាំង​ផ្លូវចិត្ត​ផ្លូវកាយ​ជូន​ទៅដល់​ប្រជាពលរដ្ឋ»។

អំពើ​ឃាតកម្ម​លើ​ពលរដ្ឋ​ខ្មែរ​ដោយ​ក្រុម​ឧក្រិដ្ឋជន​ចិន​មិនមែន​ជា​ករណី​ថ្មី​នោះ​ទេ​។ កន្លងមក ស្ត្រី​ខ្មែរ និង​នារី​ភេទ​ទី​៣ ដែល​ប្រកប​របរ​បម្រើសេវា​កម្សាន្ត និង​ផ្លូវភេទ បាន​រាយការណ៍​ជា​បន្តបន្ទាប់​អំពី​ការ​ចាប់​ជំរិត ធ្វើ​ទារុណកម្ម និង​ជំរិត​ទារប្រាក់​ដោយ​ជនជាតិ​ចិន​មួយចំនួន​។ ក្រៅ​ពី​នេះ ក៏​ធ្លាប់​មាន​ស្ត្រី​ខ្មែរ​ម្នាក់​នៅ​ខេត្តកំពត​ឈ្មោះ ហេង សៀវលី ដែល​ជា​គូស្នេហ៍​របស់​ជនជាតិ​ចិន​ត្រូវ​បាន​សម្លាប់​បំបិទមាត់ បន្ទាប់ពី​នាង​បានដឹង​អំពី​រឿងរ៉ាវ និង​សកម្មភាព​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ពួកគេ។

កាលពី​ថ្ងៃទី​២៣ ខែឧសភា កន្លងទៅ​កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ក៏បាន​បង្ក្រាប​ជនជាតិ ២​នាក់ និង​បាន​រំដោះ​ជនរងគ្រោះ ៤​នាក់​ពាក់ព័ន្ធ​ករណី​ធ្វើ​ទារុណកម្ម​ចាប់ជំរិត​ទារប្រាក់។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន លោក ប៉ោ មករា លើកឡើង​ថា អំពើ​ចាប់ជំរិត បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម និង​បង្ខំ​ឱ្យ​ចូលរួម​ក្នុង​ប្រតិបត្តិការ​ឆបោក​តាម​អន​ឡាញ កំពុង​ក្លាយជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​សុវត្ថិភាព​របស់​ពលរដ្ឋ​ខ្មែរ ក៏ដូចជា​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​កម្ពុជា​។ លោក​ថា ការ​រីក​រាលដាល​នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ទាំងនេះ ឆ្លុះបញ្ចាំង​ពី​ភាព​កម្សោយ​នៃ​ការអនុវត្ត​ច្បាប់ និង​ការដឹកនាំ​របស់​រដ្ឋាភិបាល ដោយសារតែ​បញ្ហា​អំពើពុករលួយ និង​បក្ខពួក​និយម​ដែល​កំពុង​ចាក់ឫស​យ៉ាង​ជ្រៅ​ក្នុង​ស្ថាប័នរដ្ឋ។

លោក ប៉ោ មករា៖ «​យើង​ឃើញថា តើ​ពួក​ក្រុម​ឧក្រិដ្ឋជន ក្រុម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ក្រុម​ចាប់ជំរិត​ទាំងអស់​ហ្នឹង គាត់​ចូល​មក​តាម​ណា​? យើង​ឃើញ​មាន​ប្រភព​បី តាម​ដែនអាកាស តាម​គោក តាមផ្លូវ​ទឹក​។ ទាំង​បី​ហ្នឹង តើ​មានការ​ត្រួតពិនិត្យ​ច្បាស់លាស់​អត់​? មាន​អំពើពុករលួយ​នៅក្នុង​ហ្នឹង​អត់​? ប្រសិនបើ​មានការ​រឹតត្បិត មានការ​អនុវត្ត​ច្បាប់​ដែល​គ្មាន​អំពើពុករលួយ គ្មាន​បក្ខពួក​និយម ខ្ញុំ​គិតថា វា​ប្រសិទ្ធភាព​ខ្ពស់​ជាង​។ ហើយ​ការ​បោសសម្អាត​ក្រុម​ទាំងអស់​នេះ វា​គួរតែ​ចាប់ផ្ដើម​ពី​មេ​ធំៗ ឬក៏​ដូចជា​អ្នក​ដែល​កាង​ពួក​ឧក្រិដ្ឋកម្ម​តាម​អនឡាញ​ហ្នឹង»។

អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​ព្រមាន​ថា ដរាបណា​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​នៅតែ​ធូររលុង និង​ពោរពេញ​ដោយ​អំពើពុករលួយ បណ្ដាញ​ឧក្រិដ្ឋជន​នឹង​នៅតែ​បន្តធ្វើ​សកម្មភាព​ដោយ​មិន​ខ្លាចញញើត​ច្បាប់​ឡើយ​។ ពួកគាត់​ព្រួយបារម្ភ​ថា ស្ថានភាព​បែបនេះ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស​កាន់តែ​ច្រើន​បន្ត​ធ្លាក់ខ្លួន​ជា​ជនរងគ្រោះ​នៃ​អំពើ​ឧក្រិដ្ឋកម្ម​ឆ្លងដែន អំពើ​ឃាតកម្ម និង​ការ​ចាប់ជំរិត​បន្ថែម​ទៀត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ