
អ្នកឃ្លាំមើលជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ ដើម្បីបង្កើនទំនាក់ទំនងល្អជាមួយក្រុមប្រទេស ប្រជាធិបតេយ្យធំៗ ខណៈប្រទេសកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាច អះអាងថា ប្រទេសកម្ពុជាកំពុងអនុវត្តគោលការណ៍ប្រជាធិបតេយ្យរួចហើយ។
អ្នកឃ្លាំមើលសង្កេតឃើញថា ចាប់តាំងពីប្រទេសកម្ពុជា មានជម្លោះព្រំដែនជាមួយប្រទេសថៃមក ក្រុមប្រទេសប្រជាធិបតេយ្យធំៗ ជាពិសេសសហរដ្ឋអាមេរិក បានដើរតួនាទីសំខាន់ក្នុងការជួយពន្លត់ជម្លោះប្រដាប់អាវុធនេះ ខណៈប្រទេសចិន ហាក់ចេញមុខតិចតួច។ ប្រការនេះហើយ ពួកគាត់ យល់ថា រដ្ឋាភិបាលត្រកូល”ហ៊ុន”គួរតែងាកមកពង្រឹងទំនាក់ទំនងជាមួយ ក្រុមប្រទេសលោកសេរីឡើងវិញ ដោយមិនត្រូវលម្អៀងខ្លាំងទៅរកប្រទេសចិនមួយនោះទេ។
ប្រធានអង្គការសម្ពន្ធខ្មែរ ដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក អ៊ិន ណាត មានប្រសាសន៍ថា ក្នុងពេលប្រទេសកម្ពុជា រងការឈ្លានពានពីប្រទេសថៃនេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា ប្រទេសណាខ្លះគឺជាមិត្តពិតប្រាកដរបស់កម្ពុជា។ លោកយល់ថា ដើម្បីទទួលបាននូវផលប្រយោជន៍ទាំងរឿងសេដ្ឋកិច្ច ការការពារជាតិ ព្រមទាំងទំនាក់ទំនងល្អជាមួយក្រុមប្រទេសលោកសេរីនោះ មេដឹកនាំកម្ពុជា គួរតែចាប់ផ្តើមស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ ព្រមទាំងបង្ក្រាប ឧក្រិដ្ឋកម្មបោកតាមអនឡាញ (Online) ជាដើម។
លោក អ៊ិន ណាត៖ «យើងមិនអាចដើរតែមួយផ្លូវទេ។យើងត្រូវដើរពីរផ្លូវ ជាពិសេសយើងដឹងហើយថា ចិនមិនធ្វើអ្វីដែលមិនចំណេញសម្រាប់ខ្លួនឯងទេ ព្រោះចិនជាប្រទេសកម្មុយនីស្ត។ កាលពីពេលយើងបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺយើងបានដោយសារប្រទេសភាគច្រើនជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ។ ហើយសហគមន៍ដែលផ្តល់ជំនួយយើងច្រើនដូចជាជប៉ុន បារាំង អូស្ត្រាលី បានផ្តល់ជំនួយច្រើនសម្រាប់ការអភិវឌ្ឍសង្គមកម្ពុជា»។
កន្លងមក រដ្ឋាភិបាលត្រកូល”ហ៊ុន”បានពង្រឹងទំនាក់ទំនងដ៏ស្អិតល្មួតជាមួយរដ្ឋាភិបាលចិនដឹកនាំដោយលោក ស៊ី ជីនពីង (Xi Jinping )ទាំងរឿងសេដ្ឋកិច្ច ការទូត និងយោធា រហូតមានការជាប់សង្ស័យរឿងផ្តល់មូលដ្ឋានដល់កងទ័ពជើងទឹករបស់ចិនទៀតផង។ ប៉ុន្តែរដ្ឋាភិបាលត្រកូល”ហ៊ុន” បានបង្កភាពរកាំរកូសជាបន្តបន្ទាប់ជាមួយក្រុមប្រទេសប្រជាធិបតេយ្យ ជាពិសេសសហរដ្ឋអាមេរិក (USA) និងសហភាពអឺរ៉ុប (EU) រហូតកម្ពុជា បាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មEBA និងGSP។ ភាពរកាំរកូសនេះ ដោយសារតែក្រុមប្រទេសលោកសេរី ទាមទារឲ្យកម្ពុជា អនុវត្តគោលការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សស្របតាមរដ្ឋធម្មនុញ្ញ កម្ពុជា។ ទោះជាយ៉ាងណា ក្នុងពេលប្រទេសកម្ពុជា និងថៃ ផ្ទុះសង្គ្រាមនៅតាមព្រំដែនកន្លងមក មិត្តដែកថែបរបស់មេដឹកនាំក្រុងភ្នំពេញ គឺប្រទេសចិន ត្រូវបានគេមើលឃើញហាក់ទុកកម្ពុជាចោលដោយងាកទៅស្និទ្ធស្នាលជាមួយប្រទេសថៃវិញ ខុសពីសហរដ្ឋអាមេរិក ដែលបានចេញមុខជួយឲ្យប្រទេសជិតខាងទាំងពីរឈប់ច្បាំងគ្នា។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំរដ្ឋវ៉ិកតូរីយ៉ា (Victoria) លោក អ៊ិន ហេមរ៉ា ថ្លែងថា តាំងពីដើមមក កម្ពុជា មិនទទួលបានផលប្រយោជន៍ច្រើនពីទំនាក់ទំនងជាមួយចិន ដូចទំនាក់ទំនងជាមួយប្រទេសលោកសេរីនោះទេ។ លោកបន្តថា ស្ថានភាពបច្ចុប្បន្ននេះ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត គួរតែស្ដារទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក និងក្រុមប្រទេសប្រជាធិបតេយ្យឡើងវិញ។
លោក អ៊ិន ហេមរ៉ា៖«ពេលដែលយើងនៅជាមួយចិន មានរបបខ្មែរក្រហម។ឥឡូវនេះពេលយើងមានសង្គ្រាមជាមួយថៃ យើងឃើញមាននាយករដ្ឋមន្ត្រី និងស្តេចថៃ បានទៅជួបចិន ខ្មែរយើងក៏ជួបចិនដែរ ប៉ុន្តែចិនហាក់ដូចមិនយកចិត្តទុកដាក់ចំពោះខ្មែរយើងទេ។ ខ្ញុំគិតថា ដោយសារផលប្រយោជន៍សេដ្ឋកិច្ច និងផលប្រយោជន៍អីផ្សេង ចិនមិនជួយយើងទេ នេះទី១។ ទី២ អ្នកដែលលោក ហ៊ុន សែន ចោទប្រកាន់ដូចជាសហរដ្ឋអាមេរិក គប់គិតជាមួយលោក កឹម សុខា ក្លាយជាអ្នកព្យាយាមរកដំណោះស្រាយជូនយើងទៅវិញ។ ប៉ុន្តែខ្ញុំយល់ថា ដើម្បីឲ្យប្រទេសយើង អាចការពារខ្លួនឯង និងឆ្ពោះទៅរកសន្តិភាពនោះ ខ្មែរយើងត្រូវតែរួបរួមគ្នា សាមគ្គីគ្នា មិនយកគ្នាជាសត្រូវ គោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»។
ទាក់ទងនឹងរឿងនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច និងជាអ្នកនាំពាក្យស្ថាប័នព្រឹទ្ធសភា លោក ជា ធីរិទ្ធ ឆ្លើយតបថា នេះគឺជាការលើកឡើងដដែលៗ ខណៈរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្សរួចទៅហើយ។
លោក ជា ធីរិទ្ធ៖ «តាំងពីឆ្នាំ១៩៩៣មក គឺយើងបានអនុវត្តតាមបែបលទ្ធិប្រជាធិបតេយ្យ យើងបានអនុវត្តតាមរដ្ឋធម្មនុញ្ញកម្ពុជា ដែលមានសេរីពហុបក្ស។ បច្ចុប្បន្ននេះ យើងមានបក្សដ៏ច្រើន យើងមានសង្គមស៊ីវិលដ៏ច្រើន ដែលយើង កំពុងតែអនុវត្តតាមបែបប្រជាធិបតេយ្យ។ ពួកគេអាចសួរថា តើកម្ពុជា អនុវត្តប្រជាធិបតេយ្យពេញលេញឬអត់? សំណួរនេះឲ្យពួកគេសួរវិញថា តើប្រទេសណានៅលើសកលលោកនេះ ដែលអនុវត្តប្រជាធិបតេយ្យបានពេញលេញនោះ ? ប្រទេសណា? គឺគ្មានទេ វាតែងតែមានការខ្វះចន្លោះហើយការខ្វះចន្លោះ គេមានការកែប្រែជាបន្តបន្ទាប់។ បែបហ្នឹងឯង វាឱ្យល្អឥតខ្ចោះ(Perfect)វាអត់មានទេ»។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលសង្កេតឃើញថា មកទល់ពេលនេះ រដ្ឋាភិបាលក្រុងភ្នំពេញ មិនត្រឹមតែមិនបានកែលម្អចំណុចខ្វះខាតនោះទេ ប៉ុន្តែថែមទាំងកាន់តែបន្តបំផ្លាញគោលការណ៍ប្រជាធិបតេយ្យ នីតិរដ្ឋ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបំផុត។ ជាក់ស្តែង កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ មេបក្សកាន់អំណាច និងជាឪពុក នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានប្រកាសថា លោកនឹងមិនអត់ឱនឲ្យជាដាច់ខាតទាំងចំពោះពលរដ្ឋ និងព្រះសង្ឃដែលហ៊ានបញ្ចេញមតិរឿងបញ្ហាព្រំដែន ឬចោទថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះដូរដីជាមួយប្រទេសថៃដើម្បីដូរយកសន្តិភាព។
សមាជិកសភាអូស្ត្រាលីដើមកំណើតខ្មែរ លោក តាក់ ម៉េងហ៊ាង មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា គួរតែយកឱកាសនេះ គិតឡើងវិញក្នុងការបើកឲ្យមាននូវលំហសេរីភាពបញ្ចេញមតិ សេរីភាពនយោបាយ និងសេរីភាពសារព័ត៌មាន ព្រមទាំងដោះលែងអ្នកទោសនយោបាយជាដើម។ លោកយល់ថា ការធ្វើដូច្នេះដើម្បីទទួលបានការគាំទ្រ និងមិត្តភាពប្រសើរជាងមុនជាមួយក្រុមប្រទេសលោកសេរីទាំងរឿងសេដ្ឋកិច្ច នយោបាយ និងការបរទេស។
លោក តាក់ ម៉េងហ៊ាង៖ «មែនទែនទៅ គឺតាមរយៈរដ្ឋធម្មនុញ្ញរបស់កម្ពុជាផងដែរហ្នឹង គឺបើកឲ្យមានលំហប្រជាធិបតេយ្យពេញលេញ ហើយដោះលែងអ្នកប្រជាធិបតេយ្យ ឬអ្នកទោសនយោបាយ ដែលពេលខ្លះយើងហៅថា ចំណាប់ខ្មាំងនយោបាយ ដើម្បីឲ្យខ្មែរយើងទាំងអស់គ្នា នៅទីណាក៏ដោយ អាចចូលរួមនៅក្នុងការអភិវឌ្ឍប្រទេសជាតិទាំងអស់គ្នា។ តាមរយៈផ្លូវនេះ ខ្ញុំយល់ថា ពិភពលោក ជាពិសេសសហគមន៍អន្តរជាតិ ដែលរង់ចាំចង់ឃើញកម្ពុជាយើងដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ ដើម្បីឲ្យមានវឌ្ឍនភាពពិតប្រាកដ ហើយដូចដែលយើងឃើញហើយថា ការប៉ះទង្គិចគ្នា ឬមួយក៏ការឈ្លានពានពីប្រទេសជិតខាងបានឆ្លុះបញ្ចាំង យ៉ាងច្បាស់ថា ប្រទេសកម្ពុជា ពិតជាត្រូវការនូវមិត្តភក្ដិ ពិតជាត្រូវការនូវទំនាក់ទំនងការទូតល្អជាមួយបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោក»។
អ្នកឃ្លាំមើល និងអ្នកនយោបាយបក្សប្រឆាំង ព្រួយបារម្ភដូចៗគ្នាថា ប្រសិនបើរដ្ឋាភិបាលក្រុងភ្នំពេញ នៅតែមិនទទួលស្គាល់ការពិត ហើយបន្តបង្ក្រាបលើសំឡេងរិះគន់និងសំឡេងប្រឆាំងឥតឈប់ឈរនោះ នឹងធ្វើឲ្យប្រទេសកម្ពុជា បាត់បង់ផលប្រយោជន៍ធំធេង និងការគាំទ្រពីប្រទេសលោកសេរីទាំងរឿងសេដ្ឋកិច្ច និងទំនាក់ទំនងការទូត៕










