

មន្ត្រីយោធាពាក់ផ្កាយ១ លោក អូន សុខសិលា និងត្រូវជាកូនប្រុសមេយោធាផ្កាយ ៣ គឺមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ លោក ឯក សំអូន ដែលគេមិនសូវស្គាល់នោះ ពេលនេះចាប់ផ្ដើមល្បីឈ្មោះក្រោយមានរឿងរ៉ាវអាស្រូវពាក់ព័ន្ធជួលផ្ទះវីឡារបស់ខ្លួនឱ្យក្រុមឧក្រិដ្ឋជនប្រតិបត្តិការឆបោកតាមអនឡាញ។ កូនប្រុសរបស់មេយោធាដ៏មានឥទ្ធិពលរូបនេះក៏កំពុងរត់គេចខ្លួន បន្ទាប់ពីទទួលស្គាល់ថា ផ្ទះវីឡាដែលសមត្ថកិច្ចចូលបង្ក្រាបនៅកណ្ដាលក្រុងបាត់ដំបងគឺជាកម្មសិទ្ធិរបស់ខ្លួន។
កូនប្រុសរបស់មេបញ្ជាការយោធភូមិភាគទី៥ លោក ឯក សំអូន គឺលោក អូន សុខសិលា រហូតមកដល់ពេលនេះនៅមិនទាន់ត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាកសួរ ឬចាត់វិធានការផ្លូវច្បាប់ណាមួយនៅឡើយទេ បន្ទាប់ពីរងការសង្ស័យថា បានជួលវីឡារបស់ខ្លួននៅក្រុងបាត់ដំបងឱ្យបណ្ដាញឧក្រិដ្ឋជនប្រើប្រាស់ជាទីតាំងប្រតិបត្តិការឆបោកតាមអនឡាញ។
កម្លាំងសមត្ថកិច្ចបានចុះឡោមព័ទ្ធ និងបង្ក្រាបវីឡាមួយកន្លែងស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង កាលពីថ្ងៃទី១ ខែមិថុនា ដោយរកឃើញកុំព្យូទ័រ ទូរស័ព្ទ និងសម្ភារៈពាក់ព័ន្ធមួយចំនួនដែលត្រូវបានសង្ស័យថា ប្រើប្រាស់សម្រាប់ប្រតិបត្តិការឆបោកតាមអនឡាញ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនជាតិខ្មែរ និងបរទេសប្រមាណ ៣០នាក់ ដែលកំពុងលួចសម្ងំធ្វើសកម្មភាពនៅក្នុងវីឡានោះផងដែរ។
មួយថ្ងៃក្រោយការបង្ក្រាបនោះ លោក អូន សុខសិលា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា វីឡាដែលសមត្ថកិច្ចចុះបង្ក្រាបនោះ ពិតជាកម្មសិទ្ធិរបស់លោកមែន។ ទោះជាយ៉ាងណា លោកអះអាងថា លោកក៏ជាជនរងគ្រោះម្នាក់ដែរពីព្រោះមុនពេលជួលវីឡាក្នុងតម្លៃ ១ពាន់ ៥រយដុល្លារក្នុងមួយខែ លោកបានចុះកិច្ចសន្យាជួលជាមួយជនជាតិខ្មែរចំនួន ២នាក់ ដោយមិនបានដឹងថា ប្រើប្រាស់សម្រាប់ប្រតិបត្តិការឆបោកតាមអនឡាញនោះទេ។ ទន្ទឹមនឹងការចេញមុខបកស្រាយនេះលោក អូន សុខសិលា មិនទាន់បានចូលបំភ្លឺជូនសមត្ថកិច្ចជាសាធារណៈ ឬបង្ហាញវត្តមានដើម្បីប្រឈមនឹងការស៊ើបអង្កេតនៅឡើយ។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងនាយសេនាធិការរងយោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែន ឧត្ដមសេនីយ៍ អូន សុខសិលា និងស្នងការនគរបាលខេត្តបាត់ដំបងលោក ដាញ់ អេងប៊ុនចាន់ ដើម្បីសាកសួរជុំវិញរឿងនេះបន្ថែមឡើយនៅថ្ងៃទី៤ ខែមិថុនា។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើងថា ផ្អែកលើភស្តុតាង សាក្សី និងរបាយការណ៍សមត្ថកិច្ច ការចេញមុខបកស្រាយរបស់ម្ចាស់វីឡាតែម្ខាងគឺ មិនអាចបញ្ចប់ការសង្ស័យរបស់សាធារណជនបានឡើយ។ លោកជំរុញឱ្យអាជ្ញាធរបើកការស៊ើបអង្កេតបន្ថែមដោយតម្លាភាព និងមិនត្រូវមានការលើកលែងចំពោះបុគ្គលណាម្នាក់ដោយសារតែឋានៈ ឬឥទ្ធិពលនយោបាយនោះទេ។
ទោះជាយ៉ាងណា លោក ស៊ឹង សែនករុណា បន្តថា មិនមែនមានតែមន្ត្រីយោធាម្នាក់នេះទេ មន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិ និងក្រុមឧកញ៉ាអ្នកមានអំណាចមួយចំនួនទៀតដែលរងការចោទប្រកាន់ថា បានកាងការពារ ឬទទួលផលប្រយោជន៍ពីឧស្សាហកម្មឆបោកតាមអនឡាញរស់នៅក្រៅសំណាញ់ច្បាប់ជាច្រើនទៀត ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋាភិបាលគ្មានឆន្ទៈស៊ើបអង្កេតឱ្យបានស៊ីជម្រៅ និងតម្លាភាពនៅឡើយ។ លោកយល់ថា ស្ថានភាពនេះឆ្លុះបញ្ចាំងពីបញ្ហាអំពើពុករលួយ និងគ្រួសារបក្ខពួកនិយមដែលកំពុងចាក់ឫសយ៉ាងជ្រៅក្នុងប្រព័ន្ធដឹកនាំ ដែលធ្វើឱ្យក្រុមឧក្រិដ្ឋជនអាចពង្រីកបណ្ដាញឆបោកនៅកម្ពុជាដោយរលូន។
លោក ស៊ឹង សែនករុណា៖ «រឿងឆបោកអនឡាញនេះជាបញ្ហាក្លាយទៅជាជំងឺមហារីកទៅហើយ អ៊ីចឹងវាអាចស៊ីរូងផ្ទៃក្នុង វាអាចធ្វើឱ្យរូបរាងកាយរបស់មនុស្សហ្នឹងត្រូវទ្រុឌទ្រោម ពិបាកនឹងព្យាបាលរហូតទៅដល់ស្លាប់ក៏ថាបានដែរ។ ការប្ដេជ្ញាចិត្តរបស់មេដឹកនាំប្រទេសហ្នឹងក៏បានឆ្លើយតបជារឿយៗដែរ ក៏ប៉ុន្តែអ្វីដែលយើងមើលឃើញក្នុងការចាត់វិធានការហាក់ដូចជា ការចាត់វិធានការអ្នកតូចតាចដោយឡែកៗ អ៊ីចឹងហើយ បញ្ហាចាត់ការហ្នឹងឃើញថា វាអត់ទាន់ចំគោលដៅនៅឡើយទេ។ អ៊ីចឹងវានៅតែបន្តរ៉ាំរ៉ៃបែបហ្នឹងឯង»។
លោក អូន សុខសិលា មានវ័យជាង ៣០ឆ្នាំ មានឋានន្តរសក្ដិជាឧត្ដមសេនីយ៍ពាក់ផ្ដាយ១ និងបានទទួលតំណែងជានាយសេនាធិការរងយោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែននៅមុនអំឡុងឆ្នាំ២០២០។ ការងារស្នូលរបស់លោកគឺផ្ដោតសំខាន់ការការពារបូរណភាពទឹកដីនៅតាមព្រំដែន និងការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ លោកគឺជាកូនប្រុសរបស់លោក ឯក សំអូន ដែលជាមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ ដែលជាមេយោធាមានឥទ្ធិពលមួយរូបនៅក្នុងជួរកងទ័ពគោកកម្ពុជា និងជាបុគ្គលគាំទ្រគណបក្សប្រជាជនកម្ពុជា។ មុនពេលទទួលបានតំណែងជាន់ខ្ពស់ និងមានឋានន្តរសក្ដិផ្កាយ១ លោក អូន សុខសិលា មិនមានព័ត៌មានជាសាធារណៈអំពីសកម្មភាព ឬស្នាដៃការងារលេចធ្លោរបស់លោកក្នុងវិស័យយោធាឡើយ។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន យល់ថា លោក អូន សុខសិលា ទទួលបានតំណែងជាន់ខ្ពស់ក្នុងជួរកងទ័ពមិនមែនដោយសារតែមានស្នាដៃជួយជាតិនោះទេ ប៉ុន្តែដោយសារឥទ្ធិពល និងការជ្រោមជ្រែងពីឪពុកដែលជាមេយោធាប្រចាំតំបន់។ លោកថា បើអាជ្ញាធរគ្មានការបង្ក្រាបមន្ត្រីពាក់ព័ន្ធ ឧកញ៉ាដែលមេខ្លោងធំៗ និងលុបបំបាត់អំពើពុករលួយ គ្រួសារបក្ខពួកនិយមទេនោះ យុទ្ធនាការបង្ក្រាបអំពើឆបោកតាមអនឡាញគ្រាន់តែរូបភាពសម្ដែងឱ្យតែល្អមើលតែប៉ុណ្ណោះ។
លោក អ៊ុំ សំអាន៖ «ដោយសារតែការកាន់តំណែងផ្ដាច់ការតពូជវាធ្វើឱ្យបទល្មើសនៃការឆបោកតាមអនឡាញហ្នឹង រាលដាលទូទាំងប្រទេសមិនអាចបង្ក្រាបបាន មានមន្ត្រីពាក់ព័ន្ធតាំងពីលើរហូតដល់ក្រោមដោយសារតែ ការដឹកនាំផ្ដាច់ការ និងអំពើពុករលួយ។ ដូចនៅកូរ៉េខាងជើងអ៊ីចឹងពេលដែលកាន់តំណែងផ្ដាច់ការមានការលាងលុយ ព្រោះពួកជនផ្ដាច់ការរស់ដោយសារ ពួកឧក្រិដ្ឋជនចិញ្ចឹម។ ហើយទៅចាប់តែអ្នកតូចតាចហ្នឹងអ្នកធំៗ ដែលជាមេខ្លោងដូចជា លោក ឌី វិជ្ជា លោក ហ៊ុន តូ ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា កុក អាន ដែលពាក់ព័ន្ធហ្នឹងដែលជាមេខ្លោងធំៗ អត់ព្រមចាប់ផងហ្នឹង ទៅបង្ក្រាបអ្នកខាងក្រោមវាប្រៀបដូចជា វែកចចកវាមិនអាច បង្ក្រាបបទល្មើសហ្នឹងបាននោះទេ»។
ក្រៅពីការផ្ទុះរឿងអាស្រូវពាក់ព័ន្ធនឹងលោក អូន សុខសិលា កូនប្រុសរបស់មេបញ្ជាការយោធភូមិភាគទី៥ លោក ឯក សំអូន ក្នុងសំណុំរឿងសង្ស័យជួលវីឡាឱ្យបណ្ដាញឧក្រិដ្ឋជនប្រើប្រាស់សម្រាប់ប្រតិបត្តិការឆបោកតាមអនឡាញនោះ សាច់ញាតិ និងបណ្ដាញគ្រួសារមួយចំនួនរបស់លោក ឯក សំអូន ក៏កេរ្តិ៍ឈ្មោះអាស្រូវពាក់ព័ន្ធអំពើពុករលួយ និងការកាងទំនិញនាំចូលពីប្រទេសថៃដោយខុសច្បាប់ផងដែរ។ ក្នុងនោះ កូនប្រសារបស់លោក ឯក សំអូន គឺលោក ពេជ្រ វណ្ណា ដែលត្រូវជាបងថ្លៃរបស់លោក អូន សុខសិលា បច្ចុប្បន្នមានឋានន្តរសក្ដិឧត្ដមសេនីយ៍ទោ និងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំណែក ប្អូនប្រុសបង្កើតរបស់លោក ពេជ្រ វណ្ណា គឺលោក ពេជ្រ សារ៉េន កំពុងកាន់តំណែងជាអធិការនគរបាលស្រុកសំពៅលូន ខេត្តបាត់ដំបង។
មន្ត្រីនគរបាល និងប្រជាពលរដ្ឋមួយចំនួននៅខេត្តបាត់ដំបងទម្លាយថា លោក ពេជ្រ វណ្ណា មានទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានសាងសង់ផ្ទះវីឡាជាច្រើនកន្លែងនៅក្នុងខេត្តបាត់ដំបងដោយប្រើឈ្មោះអ្នកដទៃកាន់កាប់ជំនួស។ ប្រភពដដែលអះអាងថា ទ្រព្យសម្បត្តិទាំងនោះអាចជាប់ពាក់ព័ន្ធនឹងមុខរបររកស៊ីកេងប្រវ័ញ្ច និងការកាងទំនិញនាំចូលពីប្រទេសថៃដោយខុសច្បាប់ ប៉ុន្តែគ្មានមន្ត្រីសមត្ថកិច្ចណាហ៊ានបើកការស៊ើបអង្កេតលើសមាជិកគ្រួសាររបស់មេយោធាប្រចាំតំបន់ភូមិភាគទី៥ លោក ឯក សំអូន នេះឡើយ៕









