

អ្នកការពារសិទ្ធិកម្មករ-កម្មការិនី ព្រួយបារម្ភពីសុវត្ថិភាពកម្មករ ខណៈ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅ តាមដងផ្លូវបន្តកើតមានជាបន្តបន្ទាប់ ដែលធ្វើឱ្យកម្មករមួយចំនួនធំ បានស្លាប់ រងបួសធ្ងន់ និងពិការអស់មួយជីវិត ។ ពួកគាត់ស្នើឱ្យរដ្ឋាភិបាល និងនិយោជកទទួលខុសត្រូវខ្ពស់ លើករណីនេះ និងត្រូវរៀបចំមធ្យោបាយដឹកកម្មករ ដែលមានស្តង់ដារត្រឹមត្រូវ។ ការលើកឡើងនេះ បន្ទាប់ពីមាន ឡានដឹកកម្មករ១គ្រឿងទៀតនៅថ្ងៃទី៤មិថុនា ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាន នៅខេត្តស្វាយរៀង បណ្ដាលឱ្យកម្មករ ជាច្រើននាក់ រងបួសធ្ងន់។
ជាច្រើនឆ្នាំហើយ ដែលរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា បានបរាជ័យ ក្នុងការរៀបចំមធ្យោបាយ ដឹកកម្មករទៅធ្វើការមិនបានត្រឹមត្រូវ ហើយបណ្ដែតបណ្ដោយកម្មករជិះឡានកែច្នៃ ទៅធ្វើការដោយចង្អៀតតាន់តាប់ និងរងហានិភ័យខ្ពស់តាមដងវិថី។ អ្នកឃ្លាំមើលរិះគន់ ថា ការមិនសូវអើពីសំណាក់ អាជ្ញាធរពាក់ព័ន្ធ បានឆក់យកអាយុជីវិតកម្មករស្ទើរ តែរាល់ថ្ងៃ នៅតាមដងផ្លូវ ដោយសារតែ បញ្ហាគ្រោះថ្នាក់ចរាចរណ៍។
ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៤ ខែមិថុនា ថា បញ្ហាសុវត្ថិភាពសម្រាប់កម្មករនិយោជិក ពេលធ្វើដំណើរមកធ្វើការតាមរថយន្តដឹកជញ្ជូន នៅតែជាបញ្ហាធំ អស់ច្រើនឆ្នាំមកហើយ បើទោះបីជា កន្លងទៅ ក្រុមអង្គការស៊ីវិល និងកម្មករសហជីព តែងតែស្នើឱ្យរដ្ឋាភិបាល និងតំណាងក្រុមហ៊ុនទទួលខុសត្រូវក៏ដោយចុះ ក៏ហាក់ពុំសូវអើពើនោះដែរ ។ លោកស្រីសង្កេតឃើញថា រថយន្តដឹកកម្មកររោងចក្រភាគច្រើន ជាប្រភេទឡានកែច្នៃ ហើយ អ្នកបើកបររថយន្ត ទាំងនោះភាគច្រើន ជាអ្នកភូមិដែលពុំសូវយល់ពីច្បាប់ចរាចរណ៍ ។ អ្នកស្រីថា ករណីនេះ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុវត្ថិភាពកម្មករជាច្រើន ប្រសិនបើរដ្ឋាភិបាល មិនអើពើរកដំណោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលាទេនោះ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ៖ «ដោយសារតែទី១ អ្នកបើកបរនោះអត់មានជំនាញក្នុងការបើកបរ ឬក៏ឡាននោះផ្ទុកមនុស្សច្រើនពេក ឬក៏អ្នកបើកបរនោះមិនស្ថិតក្រោមការងារគ្រប់គ្រងរបស់និយោជក ជាដើម ទើបធ្វើឱ្យពួកគាត់បើកបរតាមចិត្តរបស់គាត់។ ប្រហែលគាត់គិតថា អ្នកធ្វើដំណើរត្រូវការទៅដល់គោលដៅ អ៊ីចឹងគាត់មិនសូវគិតពីសុវត្ថិភាពជាចម្បង គឺអត់ទេ អត់សូវបានគិតទេ»។
អ្នកការពារសិទ្ធិកម្មកររូបនេះ រៀបរាប់ថា ករណីឡានដឹកកម្មករជួបគ្រោះថ្នាក់ចរាចរណ៍កន្លងមកគឺ ដោយសារតែ ការបើកប្រជែងគ្នាខណៈដែលឡានទាំងនោះ ដឹកលើសកម្រិត ងាយនឹងក្រឡាប់ឡាន បណ្ដាលឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរ។ រីឯ ករណីគ្រោះថ្នាក់ ផ្សេងទៀត គឺកើតឡើង ដោយសារតែ អ្នកបើករថយន្តមួយចំនួន មិនគោរពច្បាប់ បានបណ្ដាលឱ្យបុកគ្នា ជាមួយឡានដឹកកម្មករ ជាដើម។លោកស្រីស្នើឱ្យរដ្ឋាភិបាល និងនិយោជក ត្រូវតែទទួលខុសត្រូវលើមធ្យោបាយដឹកកម្មករ ដោយផ្ទាល់ ហើយគិតពីសុវត្ថិភាពកម្មករ ជាចម្បាំង។
អ្នកស្រី យ៉ាង សុភ័ណ្ឌ៖ «អ៊ីចឹងខ្ញុំនៅតែស្នើទទូចឱ្យរដ្ឋាភិបាល យកចិត្តទុកដាក់ទៅលើបញ្ហាទាំងនោះឱ្យបានច្បាស់លាស់ប្រាកដប្រជា ហើយមានប្រសិទ្ធភាពទៅទៀត។ ព្រោះដើម្បីឱ្យកម្មករនិយោជិករបស់យើងធ្វើដំណើរដោយសុវត្ថិភាព។ ខ្ញុំមិនចង់ឱ្យមានការ មិនទទួលខុសត្រូវពីនិយោជក ក៏ដូចជារដ្ឋាភិបាល ទេ ព្រោះរាល់ថ្ងៃឡានដែលកម្មករជួលជិះគឺគេចផុតពីរដ្ឋាភិបាល ក៏ដូចជានិយោជកដែរ»។
ការលើកឡើងនេះ ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ជាថ្មីទៀត កើតឡើងនៅឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៤ ខែមិថុនា ដោយសារដាច់ហ្វ្រាំងរថយន្ត បានធ្វើឱ្យក្រឡាប់ឡាន បណ្ដាលឱ្យកម្មករចំនួន២៧នាក់ រងរបួស ក្នុងនោះ របួសធ្ងន់៥នាក់ និងស្រាល២២នាក់ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។ កាលពីថ្ងៃទី២៣ ខែឧសភា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក៏ បានកើតឡើងដែរ នៅខេត្តស្វាយរៀង ដោយសាររថយន្តដឹកកម្មករមួយគ្រឿង បានរេចង្កូតគេចពី រថយន្តដឹកកម្មករមួយគ្រឿងទៀត បណ្ដាលឱ្យក្រឡាប់ឡាន បណ្ដាលឱ្យមាន អ្នករងគ្រោះសរុបចំនួន ៤០នាក់។ ក្នុងនោះ មានកម្មករ ចំនួន៥នាក់បានស្លាប់ និង ៦នាក់ រងរបួសធ្ងន់។
រីឯនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ នៅថ្ងៃទី២៣ ខែឧសភា ដដែលនេះ ក៏មានរថយន្តធុនធំ បានបើកបុករះរថយន្តដឹកកម្មករចំនួនពីរគ្រឿង បណ្ដាលឱ្យកម្មករ៩នាក់ បានស្លាប់ និង របួសធ្ងន់ ស្រាល ចំនួន ៤៤នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំងនេះ ពុំមែនជារឿងថ្មីនោះទេ គឺតែងតែកើត មានជាច្រើនដងមកហើយ ដោយឆក់យកអាយុជីវិតកម្មករយ៉ាងលឿនរហ័ស ខណៈរដ្ឋាភិបាល ហាក់ពុំមានវិធានការទប់ស្កាត់ និងរកដំណោះស្រាយបញ្ហាទាំងនេះឱ្យមានប្រសិទ្ធភាព ដោយបណ្ដែតបណ្ដោយឱ្យពលរដ្ឋដេកដួលស្លាប់យ៉ាង អាណោចអាធ័ម ស្ទើរតែរាល់ថ្ងៃ។
ទូរទស្សន៍អាស៊ីសេរី ពុំអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី៤ ខែមិថុនា ដោយហៅទូរស័ព្ទចូលតែ គ្មានអ្នកទទួល។
ប៉ុន្តែក្រោយពីមានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះក្រសួងការងារ និងអង្គការសង្គមស៊ីវិលបាន បានជួបពិភាក្សាគ្នា កាលពីថ្ងៃទី២៥ ខែឧសភា ដើម្បីរកដំណោះស្រាយប៉ុន្តែតាម ការអះអាងរបស់អ្នកស្រី យ៉ាង សុភ័ណ្ឌ ការពិភាក្សានោះ ពុំទទួលបានលទ្ធផលជាវិជ្ជមាននោះទេ ព្រោះទាំងក្រសួង និងនិយោជក ព្រួយបារម្ភថា ប្រសិនបើរៀបចំរថយន្តដឹកកម្មករកាន់តែមានសុវត្ថិភាពនិងស្តង់ដារ ការចំណាយថ្លៃក៏កាន់តែច្រើន។ ដូច្នេះ លោកស្រីថា ការជជែកលើចំណុចនេះត្រូវបានផ្អាក ប៉ុន្តែ សម្រាប់លោកស្រីគិតថា ការរៀបចំឱ្យមានរថយន្តដឹកកម្មករ ដែលមានស្តង់ដារល្អ គឺជារឿងសំខាន់ ដើម្បីកាត់បន្ថយអត្រាអ្នកស្លាប់ និងរងរបួស។
ក្រៅតែពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ កម្មករ-កម្មការិនី នៅកម្ពុជា ក៏មានបញ្ហាជាច្រើនទៀត ដែលរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ត្រូវតែគិតគូរ និងរកដំណោះស្រាយជូនកម្មករឱ្យបានទាន់ពេលវេលា ក្នុងនោះ គឺ ការរំលោភសិទ្ធិកម្មករ នៅកន្លែងធ្វើការពីសំណាកថៅកែ តាមរយៈដាក់លក្ខខណ្ឌការងារតឹងរ៉ឹង ដែលមានលក្ខណៈ កេងកម្លាំងពលកម្ម ធ្វើការងារដោយបង្ខំ និងការរឹតត្បិត សិទ្ធិសេរីភាព កម្មករសហជីពឯករាជ្យជាដើម។ បញ្ហាទាំងនេះត្រូវបានសហគមន៍អន្តរជាតិ តាមដាន យ៉ាងយកចិត្តទុកដាក់ជាមួយកម្ពុជា ព្រោះទង្វើទាំងនេះរំលោភច្បាប់អន្តរជាតិ។
ជាក់ស្ដែងនៅថ្ងៃទី២ ខែឧសភា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានស្នើដាក់ពន្ធគយថ្មី ចំនួន ១០%ដល់១២% លើទំនិញដែលនាំចូលពីកម្ពុជា ក្រោយពីរកឃើញថា មានពាក់ព័ន្ធនឹងបញ្ហាពលកម្មដោយបង្ខំ។ ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ដែលចំណុះឱ្យខុទ្ទកាល័យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ជាក់ថា កម្ពុជា រួមនឹងបណ្ដាប្រទេសសរុប៦០បានបរាជ័យក្នុងការអនុវត្ត និងលើកកម្ពស់ប្រកបដោយប្រសិទ្ធភាព ចំពោះបម្រាមស្ដីពីការនាំចូលទំនិញដែលត្រូវបានផលិតដោយពលកម្មទាំងបង្ខំ។
ជុំវិញរឿងនេះ អ្នកគ្រប់គ្រងកម្មវិធីការងារនៅ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា អង្គការសង់ត្រាល់ (CENTRAL) គឺលោក ឃុន ថារ៉ូ យល់ថា ការស្នើរបស់រដ្ឋាភិបាលអាមេរិកដាក់ពន្ធគយថ្មីបន្ថែម លើទំនិញដែលនាំចូលពីកម្ពុជា គឺជារឿងមួយដ៏គួរឱ្យព្រួយបារម្ភ ដែលអាចនឹងប៉ះពាល់ធ្ងន់ធ្ងរដែលវិស័យកាត់ដេរនៅកម្ពុជា។ ដូច្នេះលោកស្នើឱ្យរដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាការរំលោភសិទ្ធិកម្មករ ការងារដោយបង្ខំ និងជាពិសេស ការប្រើប្រាស់កម្លាំងពលកម្មកុមារ ដែលខុសទៅនឹងច្បាប់អាមេរិក។ លោកបន្តថា បញ្ហាទាំងនេះមិនត្រឹមតែប៉ះពាល់ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មនោះទេ នឹង ប៉ះពាល់ដល់ឱកាសការងារ របស់កម្មករ-កម្មការិនី នៅពេលដែលពន្ធឡើងថ្លៃ ការបញ្ជាទិញពីក្រៅប្រទេស បានធ្លាក់ចុះ។
លោក ឃុន ថារ៉ូ៖ «សិទ្ធិការងារនេះត្រូវបានដាក់បញ្ចូលក្នុងកិច្ចព្រមព្រៀងមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលជាក្របខណ្ឌមួយ ដែលរដ្ឋាភិបាលត្រូវមាន ឆន្ទៈក្នុងការដោះស្រាយ ផ្អែកទៅនឹងបញ្ហាអាទិភាពដែលមាន៥ ទៅ ៦ចំណុច ។ ចំណុចសំខាន់នោះ គឺការធ្វើវិសោធនកម្មក្របខណ្ឌច្បាប់ ជាពិសេសច្បាប់ស្ដីពី សហជីព ទម្លាប់រាល់ការចោទប្រកាន់ទៅលើ មេដឹកនាំសហជីពក្នុងការអនុវត្ត នូវសិទ្ធិសេរីភាពស្របច្បាប់ ពាក់ព័ន្ធនឹងការធានាលើកកម្ពស់ប្រសិទ្ធភាពការងារក្រុមអាជ្ញាធរកណ្ដាល»។
អ្នកការពារសិទ្ធិកម្មករ តែងតែ ទទូចឱ្យរដ្ឋាភិបាល គោរពសិទ្ធិកម្មករ និងធានានូវសុវត្ថិភាពដល់កម្មករជាចម្បាំង ទាំងអំឡុងពេលធ្វើការ និងក្រោយពេលធ្វើការ ព្រោះវិស័យឧស្សាហកម្មមួយនេះ គឺជាវិស័យស្នូលផ្នែកសេដ្ឋកិច្ចជាតិ ដូច្នេះការគិតពី សុវត្ថិភាពកម្មករ ការផ្ដល់បរិយាកាសការងារល្អ និងការគោរពសិទ្ធិកម្មករ ឡើងវិញគឺជា រឿងសំខាន់បំផុត ដើម្បីទាក់ទាញអ្នកវិនិយោគល្អៗ ពីប្រទេសលោកសេរី ដើម្បីធានាថា ពលរដ្ឋមានការងារធ្វើ ហើយប្រទេសជាតិមានការអភិវឌ្ឍន៍ប្រកបដោយភាពថ្លៃថ្នូរ៕









