

ពលរដ្ឋមួយចំនួនអះអាងថា ពួកគាត់ត្រូវបានអាជ្ញាធរគំរាមកំហែង និងខ្លះទៀតព្រមានតាមវ៉ៃដល់ផ្ទះ បន្ទាប់ពីពួកគាត់បានបញ្ចេញមតិរិះគន់ឈ្មោះភូមិមួយ ដែលប្រមុខរដ្ឋស្ដីទី លោក ហ៊ុន សែន បានដាក់ឱ្យតំបន់ជនភៀសសឹក ស្ថិតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានឈ្មោះថាភូមិរង់ចាំ។ ពួកគាត់ថា មូលហេតុដែលពួកគាត់រិះគន់ឈ្មោះភូមិនេះ ដោយសារតែអត្ថន័យរបស់វាបានធ្វើស៊ីផ្លូវចិត្តរបស់ពួកគាត់ និងរម្លឹកពីភាពឈឺចាប់ ចំពោះលោកនាដកម្មក្នុងសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើកម្ពុជា ដែលធ្វើឱ្យពួកគាត់ត្រូវបាត់បង់ផ្ទះសម្បែងរហូតមកដល់សព្វថ្ងៃនេះ។
ពលរដ្ឋមួយចំនួន បានសម្ដែងការហួសចិត្តចំពោះទង្វើរបស់អាជ្ញាធរ ដែលបានគំរាម និងព្រមានប្រើអំពើហិង្សាមកលើអ្នករិះគន់ ដែលគ្រាន់តែពួកគាត់សម្ដែងការមិនពេញចិត្តទៅលើឈ្មោះភូមិរបស់ជនភៀសសឹក ដែលលោក ហ៊ុន សែន បានដាក់ឱ្យ។
ពលរដ្ឋដែលជាជនភៀសសឹកម្នាក់ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា លោកត្រូវអាជ្ញាធរគំរាមកំហែងតាមបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីលោកបានរិះគន់ទៅលើឈ្មោះភូមិរង់ចាំ ដែលលោក ហ៊ុន សែន បានដាក់ឱ្យតំបន់ជនភៀសសឹក ថាជាភូមិរង់ចាំទាំងគ្មានក្ដីសង្ឃឹម។ លោកបន្តថា អាជ្ញាធរបានប្រាប់ឱ្យលោកលុបចោលរូបភាព និងអត្ថបទនៅលើបណ្ដាញសង្គម ដោយអាជ្ញាធរបានព្រមានថា ការបង្ហោះសាររិះគន់របស់លោកត្រូវបានអាជ្ញាធរលើកយកមកប្រជុំហើយ។
ពលរដ្ឋ៖ «គេថតអា កន្លែងបងហ្នឹង យកទៅក្រុមតេឡេក្រាម គេជំនុំដែលមានគេឆាតមកបង ហើយខំមិនសួររកអត្តសញ្ញាណប័ណ្ណអីណោះ បងឡើងភ័យណាស់ ឥឡូវហ្នឹង គួរឱ្យខ្លាចណាស់»។
កាលពីថ្ងៃទី៩ ខែមិថុនា ប្រមុខរដ្ឋស្ដីទី លោក ហ៊ុន សែន បានចុះទៅសំណេះសំណាលជាមួយពលរដ្ឋភៀសសឹក ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងបានប្រកាសបង្កើតតំបន់នោះឱ្យទៅជាភូមិ ដោយដាក់ឈ្មោះថាភូមិរង់ចាំ។ ថ្លែងនៅចំពោះមុខពលរដ្ឋភៀសសឹកជាង ២ពាន់ ៨រយគ្រួសារ លោក ហ៊ុន សែន លើកឡើងថា ការបង្កើត «ភូមិរង់ចាំ» មិនមែនមានន័យថា កម្ពុជាបោះបង់ការទាមទារទឹកដីរបស់ខ្លួននោះឡើយ ពោលឈ្មោះរង់ចាំនេះ មានន័យថាប្រជាពលរដ្ឋកំពុងរង់ចាំការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងរង់ចាំការវិលត្រឡប់ទៅកាន់ភូមិឋានរបស់ខ្លួនវិញដោយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ។
លោក ហ៊ុន សែន៖ «ខ្ញុំចង់ប្រសិទ្ធិនាម ហេតុអ្វីបានយើងត្រូវកសាងផ្ទះនេះ? តើផ្ទះនេះ ភូមិនេះ គួរដាក់ភូមិអី? ខ្ញុំសំណូមពរអ៊ីចេះ យើងមិនមែនធ្វើភូមិនេះហើយ យើងបោះបង់ចោលការទាមទារដីរបស់យើងទេ! ភូមិនេះ ខ្ញុំសុំស្នើដាក់ថា ជាភូមិរង់ចាំ! ភូមិរង់ចាំទី១ ភូមិរង់ចាំទី២ ភូមិរង់ចាំទី៣ ភូមិរង់ចាំទី៤ ព្រោះភូមិវាធំណាស់»។
មិនខុសពីទម្លាប់ចាស់នោះឡើយ ក្រោយពីបានដាក់ឈ្មោះភូមិរង់ចាំ ឱ្យតំបន់ជនភៀសសឹកនេះហើយ លោក ហ៊ុន សែន បង្ហោះកំណាព្យនៅលើបណ្ដាញសង្គមរបស់លោក ដោយរំលេចខ្លឹមសាររម្លឹកគុណ និងវីរភាពរបស់មេដឹកនាំកម្ពុជា ពីរនាក់ឪពុក និងកូនរបស់លោក ដែលបានសាងសង់ផ្ទះសន្តិភាពដំបូលពណ៌ត្រួយចេក ឱ្យជនភៀសសឹករស់នៅដោយមានសេចក្ដីសុខ ក្រោយពេលភូមិករ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន ត្រូវយោធាថៃឈូសកម្ទេចចោល និងចូលកាន់កាប់ជិតមួយឆ្នាំមកនេះ។
ផ្ទុយពីមោទនភាពរបស់មេដឹកនាំ ពលរដ្ឋភៀសសឹកមិនត្រេកអរចំពោះអំណោយជាផ្ទះដែលសង់ពីគ្រោងដែក ក្រាលក្ដារកិន និងប្រក់ស័ង្កសីត្រួយចេក នៅកណ្ដាលវាលល្ហល្ហេវនេះឡើយ។ ពួកគាត់ថា ត្បិតផ្ទះនេះអាចឱ្យពួកគាត់រស់នៅជ្រកកោនគ្រាន់បើជាងដំបូងតង់កៅស៊ូក៏ពិតមែន ប៉ុន្តែវាមិនអាចទូទាត់នឹងលំនៅឋានចាស់ មុខរបរ និងទ្រព្យសម្បត្តិ ដែលពួកគាត់បានសន្សំស្ទើរជាងពាក់កណ្ដាលជីវិតទៅហើយនោះ បានបាត់បង់ទៅនៅក្នុងសង្គ្រាមឈ្លានពានរបស់យោធាថៃ ដែលលោក ហ៊ុន សែន គឺជាមេនាំភ្លើងនោះឡើយ។
ពលរដ្ឋម្នាក់នៅខេត្តព្រះវិហារ បានប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោកត្រូវមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាព្រមានតាមវ៉ៃដល់ផ្ទះ ក្រោយពេលលោកបង្ហោះរូបភាពផ្ទះរបស់ជនភៀសសឹក ដោយសរសេរដាក់ឈ្មោះបន្ថែមទីតាំងថា ភូមិរង់ចាំ ស្ថិតនៅឃុំសំណាញ់មេឃ ស្រុកអួត ខេត្តពីរនាក់ឪកូន។ លោកបន្តថា មន្ត្រីបក្សកាន់អំណាចបានចោទសំណេររបស់លោកថា គឺជាការនិយាយដៀមដាម និងមើលងាយឈ្មោះភូមិដែលមេដឹកនាំកម្ពុជាសាងសង់ឱ្យជនភៀសសឹកស្នាក់នៅ ហើយមន្ត្រីគណបក្សកាន់អំណាច បានសួររកទីតាំងផ្ទះរបស់លោក និងគំរាមប្រើអំពើហិង្សា ប្រសិនបើលោកមិនលុបរូបភាព ដែលបង្ហោះនៅលើបណ្ដាញសង្គមចោលទេនោះ។
ពលរដ្ឋ៖ «ខ្លាំងបានតែជាមួយខ្មែរគ្នាឯង ចុះបើឈ្នះតែជាមួយខ្មែរគ្នាឯងវាមានន័យស្អី? ចាញ់គេទាំងអស់ ទឹកក៏អស់ ដីក៏អស់ហើយ។ ចេះតែនិយាយ រិះគន់មួយម៉ាត់ គំរាមវាយមួយម៉ាត់ គំរាមវាយ។ បើពូកែវាយអញ្ចឹង ទៅវាយយកទឹកដីមកវិញមក អាហ្នឹងបានគេហៅថាខ្លាំង»។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១២ ខែមិថុនា។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា គណបក្សកាន់អំណាចកំពុងអនុវត្តយុទ្ធសាស្ត្រងើបមួយវ៉ៃមួយ ដើម្បីបង្ក្រាបសំឡេងរិះគន់របស់មហាជនមកលើមេដឹកនាំកម្ពុជា ដែលកំពុងទាល់ច្រកក្នុងការទាមទារទឹកដីតាមព្រំដែនពីប្រទេសថៃមកវិញ។ លោក ម៉ែន ណាត ជំរុញឱ្យប្រជាពលរដ្ឋបន្តបញ្ចេញមតិជុំវិញបញ្ហាជម្លោះព្រំដែន ដើម្បីកុំឱ្យបញ្ហានេះកាន់តែស្ងាត់ទៅៗ និងដើម្បីផ្ញើសាររម្លឹកឱ្យមេដឹកនាំបានដឹងថា ប្រជាពលរដ្ឋកម្ពុជាមិនដែលភ្លេចពីរឿងបូរណភាពទឹកដីនោះឡើយ។
លោក ម៉ែន ណាត៖ «ទស្សនៈអ្នកឈ្លានពានគឺគេរកលេសដើម្បីឈ្លានពាន។ ទស្សនៈ យើងដែលរងគ្រោះដោយសារការឈ្លានពានដោយសារមេដឹកនាំហ្នឹងទន់ខ្សោយអា ទន់ខ្សោយទៅអត់ទទួលខុសត្រូវខ្លាចគេរិះគន់អញ្ចឹងទៅប្រើតែវិធានការបង្ក្រាបអ្នក រិះគន់។ អញ្ចឹងហើយមេដឹកនាំបែបហ្នឹងរក្សាបានតែអំណាចក្នុងមួយរយៈពេលខ្លីទេ ហើយដល់ពេលថ្ងៃណាមួយបាត់ប្រទេសគឺវាបាត់អស់រលីង»។
ពលរដ្ឋភៀសសឹកលើកឡើងថា ពួកគាត់មិនជារំពឹងលើសមត្ថភាពរបស់មេដឹកនាំ អាចទាមទារទឹកដីដែលបាត់បង់ទៅកាន់ប្រទេសថៃនោះមកវិញបានឡើយ។ ពួកគាត់បារម្ភថា ឈ្មោះភូមិរង់ចាំនេះ អាចនឹងត្រូវប្រើតជំនាន់ ដែលក្លាយទៅជាការចាំដល់ជំនាន់កូន តដល់ជំនាន់ចៅ ក៏មេដឹកនាំកម្ពុជា មិនអាចទាមទារទឹកដីមកវិញបាននោះឡើយ៕








