តំបន់​ទេសចរណ៍​សំខាន់ៗ​ស្ងាត់​អ្នក​ទេសចរ ខណៈ​បញ្ហា​ឧក្រិដ្ឋកម្ម​នៅតែ​ល្បី​កក្រើក

0
18
ទេសចរ​ចិន​មក​លេង​ខេត្ត​សៀមរាប។ រូប៖ ក្រសួង​ទេសចរណ៍
ទេសចរ​ចិន​មក​លេង​ខេត្ត​សៀមរាប។ រូប៖ ក្រសួង​ទេសចរណ៍

អ្នកជំនាញ និង​អ្នក​ប្រកប​របរសេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ លើកឡើង​ថា តំបន់​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​សំខាន់ៗ​នៅ​កម្ពុជា​កំពុង​មាន​សភាព​ស្ងប់​ជ្រងំ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន​ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍​ពិបាក​រក​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ ពួកគាត់​យល់​ថា កត្ដា​សំខាន់​ដែល​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​បន្ត​ដុនដាប គឺ​ដោយសារ​ការ​ផ្ទុះ​រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ករណី​ចាប់ជំរិត និង​គួបផ្សំ​នឹង​ផល​ប៉ះពាល់​សង្គ្រាម​ថៃ​ឈ្លានពាន​ទឹកដី​កម្ពុជា។

សម្រាប់​អ្នក​ប្រកប​​បរសេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​ពឹង​ផ្អែកលើ​ភ្ញៀវ​ទេសចរ ការ​ធ្លាក់​ចុះ​នៃ​ចំនួន​អ្នកទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ​នៅ​តំបន់​កម្សាន្ត​បាន​ធ្វើ​ឱ្យ​ជីវភាព​របស់​ពួកគេ​កាន់តែ​ដុនដាប​។ អ្នក​ប្រកប​របរ​ខ្លះ​ត្រូវ​អង្គុយ​រង់ចាំ​អតិថិជន​ពេញ​មួយថ្ងៃ​ដោយ​មិន​មាន​ចំណូល ខណៈ​អ្នក​ខ្លះទៀត​ត្រូវ​ខ្ចីបុល ឬ​ប្រើប្រាស់​លុយ​សន្សំ ដើម្បី​ទប់ទល់​នឹង​ការ​ចំណាយ​ប្រចាំថ្ងៃ និង​បង់​ធនាគារ​ប្រចាំខែ​។​

អ្នករត់​តាក់ស៊ី​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ លោក កេត ពេជ្រ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១២ ខែមិថុនា​ថា មាន​ថ្ងៃ​ខ្លះ​លោក​រក​ចំណូល​មិនបាន​សូម្បីតែ ៣​ម៉ឺន​រៀល ដោយសារ​ស្ថានភាព​នៅ​ក្រុងព្រះសីហនុ​បច្ចុប្បន្ន​មាន​សភាព​ស្ងប់​ជ្រងំ និង​មិន​សម្បូរ​ភ្ញៀវ​អន្តរជាតិ​ដូច​កន្លងទៅ​ឡើយ​។ លោក​ត្អូញត្អែរ​ថា ការ​រក​ចំណូល​សព្វថ្ងៃ​កាន់តែ​លំបាក លោក​ត្រូវ​បង្ខំចិត្ត​កាត់បន្ថយ​ការ​ចំណាយ​ប្រចាំថ្ងៃ​ជាពិសេស​លើ​ថ្លៃ​ម្ហូបអាហារ ដើម្បី​សន្សំ​លុយ​បង់ថ្លៃ​ផ្ទះ​ជួល និង​ការសិក្សា​របស់​កូនៗ ខណៈ​អាជីវករ​លក់ដូរ​តូចតាច​ជាច្រើន​លោក​ថា ក៏​ជួប​ការ​លំបាក​មិន​ខុសគ្នា​ទេ​។ លោក​បន្ថែម​ថា ទោះបី​កន្លងមក​នៅ​តាម​អគារ​នៃ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​អាច​មាន​ភ្ញៀវ ឬ​ការងារ​សម្រាប់​អ្នក​រត់​តាក់ស៊ី ប៉ុន្តែ​លោក​នៅតែ​ចង់​ឃើញ​រដ្ឋាភិបាល​លុបបំបាត់​ឧក្រិដ្ឋកម្ម​នេះ​ឱ្យ​បាន​ជ្រះស្រឡះ ដើម្បី​ស្ដារ​មុខមាត់​ប្រទេសជាតិ និង​កសាង​ទំនុកចិត្ត​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឡើងវិញ។

លោក កេត ពេជ្រ៖ «ប្រទេស​យើង​ដូច​គេ​ចង់ទៅ​ទេសចរណ៍ បើ​ឮសូរ​ចាប់ជំរិត ឬ​មាន​គេ​បង្ខាំង មិន​ថា​ខ្ញុំ​មិន​ថា​គេ ក៏​មិន​ចង់​មកលេង​ទេសចរណ៍​មក​ស្រុក​ខ្មែរ​ដែរ ប៉ុន្តែ​បើសិន​ធ្វើ​គឺ​ធ្វើ​ឱ្យ​អស់ កុំឱ្យ​មាន​មួយ​មាន​ពីរ​អ៊ីចឹង​។ យើង​គិត​ទៅ​វា​ប៉ះពាល់​គ្រប់​ទាំងអស់ មិន​ថា​អ្នកលក់ ឬមួយ​ក៏​ខាង​អ្នកទិញ​អី​ទេ ពីព្រោះ​សំខាន់​រក​ចំណូល​មិនបាន ហើយ​បើ​រកចំណូល​បាន​ហើយ​សម្ភារៈ​ផ្សេងៗ​វា​ថ្លៃ ដល់ពេល​អ៊ីចឹង​ផល​ប៉ះពាល់​របស់​យើង​វា​ពិបាក​រក​ចំណូល​បាន​តិច​ហើយ របស់​ផ្សេងៗ​ថ្លៃ»។

ក្រៅពី​តំបន់​ទេសចរណ៍​ជាប់មាត់​សមុទ្រ នៅ​ឯ​ខេត្តសៀមរាប​ដែល​សម្បូរ​ទៅ​ដោយ​រមណីយដ្ឋាន​ល្បីៗ ប្រាសាទបុរាណ និង​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែប ក៏​ស្ថានភាព​វិស័យ​ទេសចរណ៍​បច្ចុប្បន្ន​ក៏​គ្មាន​សញ្ញា​វិជ្ជមាន​ឡើយ​។ អ្នក​ប្រកប​របរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ និង​អាជីវករ​មួយចំនួន​លើកឡើង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ថមថយ​ខ្លាំង​ដែល​ធ្វើ​ឱ្យ​អាជីវកម្ម និង​ការ​រក​ចំណូល​ប្រចាំថ្ងៃ​កាន់តែ​ជួប​ការ​លំបាក។

អ្នក​រត់​កង់​បី​នៅ​តំបន់​អង្គរ លោក ស៊ឹង ដា ថ្លែង​ថា ស្ថានភាព​ភ្ញៀវ​ទេសចរ​នៅ​ខេត្តសៀមរាប​មិន​ទាន់​មាន​សន្ទុះ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នៅ​ឡើយ​។ លោក​អះអាង​ថា មាន​ថ្ងៃ​ខ្លះ​លោក​ត្រូវ​អង្គុយ​រង់ចាំ​អតិថិជន​រាប់​ម៉ោង​ទើបបាន​ភ្ញៀវ​ម្នាក់ ខណៈ​តម្លៃ​ប្រេងឥន្ធនៈ និង​ថ្លៃ​ចំណាយ​ផ្សេងៗ​នៅតែ​ខ្ពស់ ធ្វើ​ឱ្យ​ចំណូល​ដែល​រកបាន​មិន​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​ឡើយ​។ លោក​យល់ថា ការ​ធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក គឺ​បណ្ដាលមកពី​ស្ថានភាព​សេដ្ឋកិច្ច​កំពុង​ដុនដាប​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាត់បន្ថយ​ការ​ចំណាយ​លើ​ការកម្សាន្ត​។ ចំណែក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​វិញ លោក​មើលឃើញ​ថា ការ​ធ្លាក់ចុះ​នេះ​គឺ​ពាក់ព័ន្ធ​នឹង​កត្តា​អសន្តិសុខ​សង្គម​រួមមាន​បញ្ហា​ការ​ចាប់​ជំរិត អំពើ​ឆបោក​តាម​អនឡាញ និង​ក្តី​បារម្ភ​អំពី​សុវត្ថិភាព​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ។

លោក ស៊ឹង ដា៖ «ឥឡូវ​អត់​មាន​ភ្ញៀវ​ទេ ហើយ​រឿង​អែប (App) វា​ឥឡូវ ដូច​មាន​បញ្ហា​ខ្លះ​វា​រើសអើង អ្នក​រត់​រ៉ឺម៉ក​។ មួយ​រយៈ​នេះ​អត់​សូវ​មាន​អ្នក​ប៊ុកឃីង (Booking) មក​ទេ ហើយ​បើ​ភ្ញៀវ​ដៃ​ចប់​បណ្ដោយ​ឥឡូវ​ស្ងាត់​។ ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​វា​អត់​សូវ​មាន​ទេ​ស្ងាត់ ទោះបី​មាន​ភ្ញៀវ​មួយៗ​មក​ក៏​មាន ធួរ (Tour) គេ​មក​រៀបចំ​រួចរាល់​អស់ហើយ​អ៊ីចឹង​មក​ទៅ​ខាង​សណ្ឋាគារ​គេ​ចាត់ចែង​ឱ្យ​ស្រេច​។ បញ្ហា​ធ្លាក់​ភ្ញៀវ​ហ្នឹង​គឺ​បញ្ហា​ប្រឈម​មែនទែន​ហើយ​សម្រាប់​ខាង​សេដ្ឋកិច្ច​គឺ​មាន​ហានិភ័យ ទីមួយ​ចំណូល​យើង​ទប់​ប្រចាំខែ​អត់​ជាប់​ហ្មង ភ្ញៀវ​ធ្លាក់ចុះ ដល់ពេល​អ៊ីចឹង ទោះបី​អ្នក​លក់ដូរ​តាម​ដងផ្លូវ​ក៏​លក់​មិនបាន តាម​អង្គរវត្ត តាម​រមណីយដ្ឋាន​ហ្នឹង​ក៏​លក់​អត់​បាន​ដែរ»។

របាយការណ៍​របស់​ក្រសួងទេសចរណ៍​បង្ហាញ​ថា ពេញ​មួយឆ្នាំ​២០២៥ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង ៥​លាន ៥៦​ម៉ឺន​នាក់ ដែល​ថយ​ចុះ​ជិត ១៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២៤​។ ដោយឡែក ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៦ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង ៦០​ម៉ឺន​នាក់​ដែល​ធ្លាក់ចុះ​ជាង ៤៥​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ លើកឡើង​ថា ការ​ធ្លាក់​ចុះ​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មិនមែន​បណ្ដាលមកពី​បញ្ហា​សន្តិសុខ​សង្គម ឬ​អំពើ​ឧក្រិដ្ឋកម្ម​នៅ​កម្ពុជា​នោះ​ទេ​។ លោក​អះអាង​ថា កត្តា​សំខាន់​គឺ​បណ្ដាលមកពី​ស្ថានភាព​សង្គ្រាម និង​ភាព​មិន​ច្បាស់លាស់​ក្នុង​តំបន់ និង​សកលលោក ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ និង​ការ​ចំណាយ​សម្រាប់​វិស័យ​ទេសចរណ៍​។ លោក​បញ្ជាក់​ថា បញ្ហា​បទល្មើស និង​អំពើ​ឧក្រិដ្ឋកម្ម​ពិតជា​កើត​មាននៅ​កម្ពុជា ប៉ុន្តែ​អាជ្ញាធរ​កំពុង​ចាត់​វិធានការ​បង្ក្រាប​ជា​បន្តបន្ទាប់។

លោក ទូច សុឃៈ៖ «បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​សុវត្ថិភាព​សង្គម សមត្ថកិច្ច​កម្ពុជា​គឺ​នៅតែ​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​អប់រំ បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ឱ្យ​បាន​ទាន់ពេល​ទាន់​វេលា ក្នុង​ករណី​កើតឡើង​ជា យថាហេតុ​ណាមួយ ពីព្រោះ​វា​ទើបតែ​កើតឡើង​ដោយសារ​មនុស្ស វា​ជា​ធម្មជាតិ​របស់​មនុស្ស​ដែល​យើង​មិនអាច​ដឹង​ថា មនុស្ស​ណាមួយ​ប្រព្រឹត្ត​បទល្មើស​នៅពេល​ណាមួយ​ទេ ដែល​យើង​ត្រូវ​ប្រុងប្រយ័ត្ន​ជាប្រចាំ​តែម្ដង ប៉ុន្តែ​វា​មិនមែន​ជា​ការ​ធ្វើ​ឱ្យ​យើង​ព្រួយបារម្ភ​រហូតដល់​មិនអាច​ចេញពី​ក្នុងផ្ទះ មិនអាច​លក់ដូរ មិន​អាច​ដើរ​លេង មិន​អាច​បំពេញ​ភារកិច្ច​បាន​គឺ​អត់​មាន​ទេ»។

ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​បាន​ចាក់ឫស​យ៉ាង​ជ្រៅ និង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​មុខមាត់​ប្រទេសជាតិ និង​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ អង្គការ​ជំនាញ សារព័ត៌មាន​អន្តរជាតិ​ធំៗ និង​អ្នក​ផលិត​មាតិកា​បរទេស​ជាច្រើន បាន​លាតត្រដាង​ជា​បន្ត​បន្ទាប់ពី​ការ​រីក​រាលដាល​នៃ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ ការ​ជួញដូរ​មនុស្ស ករណី​ចាប់​ជំរិត និង​បទល្មើស​ឆ្លងដែន​ផ្សេងៗ។ ទោះបី​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ទទួលស្គាល់​បញ្ហា និង​ប្រកាស​បង្កើន​យុទ្ធនាការ​បង្ក្រាប​ជា​បន្តបន្ទាប់​ក៏ដោយ ក៏​អង្គការ​ជំនាញ​អន្តរជាតិ​នៅតែ​រក​ឃើញ​ថា ប្រតិបត្តិការ​ឆបោក​តាម​អន​ឡាញ​នៅ​កម្ពុជា​បន្ត​ដំណើរការ​ដដែល។ អ្នកជំនាញ​មួយចំនួន​វាយតម្លៃ​ថា មូលហេតុ​សំខាន់​ដែល​ឧស្សាហកម្ម​នេះ​នៅតែ​អាច​រីក​រាលដាល គឺ​ដោយសារ​ការអនុវត្ត​ច្បាប់​មិនទាន់​មាន​ប្រសិទ្ធភាព និង​ការ​ខកខាន​ចាត់វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​មេខ្លោង​ពិតប្រាកដ និង​បណ្ដាញ​ឧក្រិដ្ឋជន​ធំ​ដែល​នៅ​ពីក្រោយ​អំពើ​ឧក្រិដ្ឋកម្ម​ទាំងនេះ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ លើកឡើង​ថា បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ ការ​ចាប់​ជំរិត និង​បទល្មើស​ឆ្លងដែន​ផ្សេងៗ គឺជា​កត្តា​សំខាន់​ដែល​ធ្វើ​ឱ្យ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ធ្លាក់ចុះ​។ លោក​បន្ថែម​ថា រូបភាព​អសន្តិសុខ​ទាំងនេះ​បាន​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​មើល​ឃើញ​កម្ពុជា​ថា ជា​ប្រទេស​មិន​សូវ​មាន​សុវត្ថិភាព និង​ជាទី​តាំង​ដែល​មាន​បណ្ដាញ​ឧក្រិដ្ឋកម្ម​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​។ លោក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ចាត់វិធានការ​បង្ក្រាប និង​លុបបំបាត់​បណ្ដាញ​ឧក្រិដ្ឋកម្ម​ទាំងនេះ​ឱ្យ​បាន​ដល់​ឫសគល់ ដើម្បី​ស្តារ​ទំនុកចិត្ត​របស់​ភ្ញៀវ​ទេសចរ និង​វិស័យ​ទេសចរណ៍​កម្ពុជា​ឡើងវិញ។

លោក វន់ ពៅ៖ «ទាក់ទង​នឹង​ការ​បើក​លំហ​ឡើងវិញ​នូវ​សេរីភាព ការគោរព​សិទ្ធិមនុស្ស សេរីភាព​បញ្ចេញមតិ​តាម​បណ្ដាញ​សង្គម សេរីភាព​បញ្ចេញមតិ​ផ្សេងៗ គឺជា​ការទទួលខុសត្រូវ​របស់​អាជ្ញាធរ​រដ្ឋ​ទាំងស្រុង ដើម្បី​ជា​ទំនុកចិត្ត​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ជា​ទំនុកចិត្ត​អ្នក​វិនិយោគ ក៏ដូចជា​មាន​ទំនុកចិត្ត​ទៅដល់​ប្រទេស​កាន់​របប​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក​អី​ជាដើម​។ ធ្វើ​ទីផ្សារ​ឱ្យ​បាន​ទូលំទូលាយ​សម្រាប់​ទាក់ទាញ​វិនិយោគ ហើយ​បញ្ឈប់​ការ​ចាប់ចង​ទៅលើ​សកម្ម​ជន​អី​ជាដើម អាហ្នឹង​វា​ជា​រឿង​សំខាន់​ណាស់»។

ស្របពេល​វិស័យ​ទេសចរណ៍​កំពុង​ដាំ​ក្បាល​ងើប​មិន​រួច ពលរដ្ឋ​ជាច្រើន​ដែល​ពឹង​ផ្អែកលើ​ចំណូល​ពី​ភ្ញៀវ​ទេសចរ​នៅតែ​បន្ត​តស៊ូ​ជាមួយ​ជីវភាព​ខ្វះខាត​ដោយ​រក​ព្រឹក​ខ្វះ​ល្ងាច ដោយសារតែ​អ្នកខ្លះ​មិន​ចង់​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ