អ្នក​ចាញ់​បោក​អតីត​ឧកញ៉ា ហ៊ី គឹមហុង ធ្លាក់ខ្លួន​និង​ឈឺ​ស្លាប់​បន្តបន្ទាប់ ក្រោយ​គ្មាន​យុត្តិធម៌​ ២ឆ្នាំ

0
52
ពលរដ្ឋ​ដែល​ចាញ់បោក​ប្រាក់​ក្រុមហ៊ុន​ពិភព​ដី​មាស​របស់​លោក ហ៊ី គឹមហុង តវ៉ា​បិទផ្លូវ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៤ វិច្ឆិកា ២០២៥។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ពលរដ្ឋ​ដែល​ចាញ់បោក​ប្រាក់​ក្រុមហ៊ុន​ពិភព​ដី​មាស​របស់​លោក ហ៊ី គឹមហុង តវ៉ា​បិទផ្លូវ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៤ វិច្ឆិកា ២០២៥។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អ្នក​ចាញ់​បោក​អតីត​ឧកញ៉ា ហ៊ី គឹមហុង លើកឡើងថា បច្ចុប្បន្ន មាន​អ្នក​រងគ្រោះ​ធ្លាក់ខ្លួន​ឈឺ​និង​ស្លាប់​បន្តបន្ទាប់ ដោយសារតែ វិបត្តិ​គ្រួសារ និង​រង​សម្ពាធ​ពី​ធនាគារ ខណៈ​តុលាការ​នៅតែ​អូស​បន្លាយ​ក្នុង​ការ​ផ្ដល់​យុត្តិធម៌​និង ដំណោះស្រាយ​។ សង្គម​ស៊ីវិល​ទទូច​ឲ្យ​តុលាការ​គួរ​ពន្លឿន​នីតិវិធី​ឲ្យ​បាន​លឿន បើ​មិន​ដូច្នេះ​ទេ​នឹង​មាន​ពលរដ្ឋ​ស្លាប់​កើនឡើង​ទៀត។

ពលរដ្ឋ​ដែល​ដាក់​ប្រាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​លោក ហ៊ី គឹមហុង អះអាង​ថា ថ្មីៗ​នេះ មាន​ពលរដ្ឋ​ពីរ​នាក់​ទៀត​ស្លាប់ ដោយសារតែ​វិបត្តិ​គ្រួសារ និង​រង​សម្ពាធ​ពី​ធនាគារ ខណៈ​ដំណោះស្រាយ​ពី​តុលាការ​នៅតែ​មិន​ទាន់​មាន​ពន្លឺយុត្តិធម៌ សម្រាប់​ពួកគាត់។

កាលពី​ថ្ងៃទី​២០ ខែ​ឧសភា ក្រុម​ពលរដ្ឋ​រងគ្រោះ អះអាង​ថា សាលាដំបូង​រាជធានី ភ្នំពេញ នឹង​ធ្វើ​សេចក្ដីសម្រេច​នៅ​ថ្ងៃទី​២០ ខែមិថុនា ប៉ុន្តែ​មកដល់ពេលនេះ ពួកគាត់ ថា នៅ​ថ្ងៃទី​២០ ខែ​មិថុនា​នេះ តុលាការ​មិន​ទាន់​ប្រកាស​សាល ក្រម​សំណុំ រឿង​ឆបោក​របស់​ក្រុមហ៊ុន​ពិភព​ដី​មាស​របស់​ឧកញ៉ា ហ៊ី គឹមហុង នោះ​ទេ ដោយ​ទាមទារ​ឲ្យ​ពួកគាត់​ដាក់​ឯកសារ​បន្ថែម​ទៀត។

តំណាង​ពលរដ្ឋ​ស្រុក​បង្វិល ខេត្ត​បាត់ដំបង លោក ភាព សុផា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៩ ខែមិថុនា ថា អ្នកខ្លះ​កំពុង​លក់​ទ្រព្យសម្បត្តិ​បណ្ដើរៗ និង​អ្នកខ្លះ ទៀត លក់​ឡាយឡុង​សងបំណុល​ធនាគារ​អស់ហើយ ប៉ុន្តែ​នៅតែ​ដោះបំណុល​មិន​រួច។

លោក ភាព សុផា៖ «អ្នកខ្លះ​ក៏​សង​បាន​ខ្លះ អ្នកខ្លះ ក៏​មាន​ដី ៣ រៃ គាត់​លក់​បាន ១ ម៉ឺន ២​ពាន់​ដុល្លារ គាត់​ជំពាក់ ៣ ម៉ឺន ៦ ពាន់​ដុល្លារ អ៊ីចឹង​ទៅ គាត់​សង​នៅសល់ ២ ម៉ឺន ៤ ពាន់​ដុល្លារ​អ៊ីចឹង​ទៅ។ រួម​គាត់​ទៅ​ចងការ​គេ​ថែម យក​មក​ទប់​បង់ ២ ម៉ឺន ជាង ឥឡូវ​ឡើង​បាន ៣ ម៉ឺន​ជាង​ទៀត​អ៊ីចឹង​ដដែល​។​ដី​លំនៅឋាន វា​ឡាយឡុង​មិនកើត កូនចៅ​នៅ​ពេញ និយាយ​ទៅ​ឧបសគ្គ វា​ចាក់​ច្រេះ​តែម្ដង»។

លោក​ថា បញ្ហា​នេះ ធ្វើ​ឲ្យ​អ្នករងគ្រោះ​ខ្លះ​ធ្លាក់ខ្លួន​ឈឺ និង​អ្នក​ខ្លះទៀត​ស្លាប់ ព្រោះតែ​វិបត្តិ​ផ្លូវចិត្ត និង​សម្ពាធ​បំណុល​ធនាគារ​។ លោក​ទទូច​ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី និង​ផ្ដល់​យុត្តិធម៌​ដល់​ពួកគាត់ ដោយ​រឹបអូស​ទ្រព្យ​របស់​លោក ហ៊ី គឹមហុង ដើម្បី​យក​មក​ទូទាត់​សង​សំណង​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់។

លោក ភាព សុផា៖ «​គាត់​ថែម​ម្នាក់​ទៀតហើយ ក្រុម​ខ្ញុំ ទើប​បូជា​ឆ្លង​ម្សិលមិញ គាត់​ពិបាកចិត្ត​ពេក គាត់​គិត​ច្រើន ខ្ញុំ​ប្រាប់​គាត់​ថា កុំ​គិត​ច្រើនពេក មានអី​ដោះស្រាយ ទៅ ហើយ​តែ​ស្លាប់​ទៅ​ហើយ​កូនចៅ​ដី​យើង​នៅតែ​គេ​ឡាយឡុង​ដដែល​ទេ ហើយ​កុំ​គិត ហើយ​កុំ​គិត​ច្រើន ប៉ុន្តែ​គាត់​នៅតែ​គិត​ច្រើន​រហូតដល់​ស្លាប់​។ ក្រុម​ខ្ញុំ​តែ​ប៉ុន្មាន នាក់​ទេ គឺ​ស្លាប់​ច្រើន​ជាងគេ​ក្រុម​ផ្សេងៗ ប៉ុន្តែ​ក្រុម​ខ្ញុំ​តិច​ទេ ក្រុម​តែ ១១ ទៅ ១២ នាក់​ទេ ប៉ុន្តែ​ស្លាប់​អស់ ៤ ទៅ​៥ នាក់​ហើយ»។

ពលរដ្ឋ​រងគ្រោះ​នៅ​ខេត្ត​បាត់ដំបង លោក សោម ឆេង ប្រាប់​ទូរទស្សន៍ អាស៊ីសេរី នៅ​ថ្ងៃទី​១៩ ខែមិថុនា ថា ការ​ពន្យារ​ពេល​ដោះស្រាយ​ជូន​ពួកគាត់​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​រងគ្រោះ ប្ដី​ប្រពន្ធ​ពីរ​គូ​ស្លាប់ ខណៈ​ម្នាក់ទៀត​កំពុង​ធ្លាក់ខ្លួន​ឈឺ។

លោក សោម ឆេង៖ «ប្ដី​ប្រពន្ធៗ ស្លាប់​អស់​ពីរ​គូ​ហើយ ហើយ​ម្នាក់​មួយ​ស្លាប់​ប្ដី​មួយ​ដែរ អ៊ីចឹង​អស់ ៥ នាក់​ហើយ​។ មូលហេតុ​មកពី​ចាញ់បោក​ក្រុមហ៊ុន ហើយ​គាត់​គ្មាន​លទ្ធភាព​រក​ចំណូល​ទៅ​សង​គេ​អ៊ីចឹង។ គាត់​ចេះតែ​គិត​ច្រើន និយាយ​រួម​ទៅ​អារម្មណ៍​គាត់​មិន​ប្រក្រតី​វា​ទៅជា​ចង់​វិកល​ចរិត​អ៊ីចឹង គិត​ច្រើន​យូរៗ​ទៅ​ធ្លាក់ខ្លួន​ឈឺ​អត់​មាន​លុយ​ព្យាបាល​រក​អ្វី​មិនបាន ឈាន​ដល់​ដំណាក់កាល​ចុងក្រោយ មច្ចុរាជ​ផ្ដាច់ជីវិត​អ៊ីចឹង​។ ឥឡូវ​ហ្នឹង សមាជិក​ម្នាក់ទៀត កំពុង​វិវត្ត​ទៅ​រក​ផ្លូវ​ហ្នឹង មួយទៀត​ហើយ ខាង​ខេត្ត​បាត់ដំបង»។

ពលរដ្ឋ​រងគ្រោះ​រូប​នេះ ចាត់ទុក​ការ​យឺតយ៉ាវ និង​ការ​អូស​បន្លាយ​ពេល​ក្នុង​ការ​ផ្ដល់​ដំណោះស្រាយ​សំណាក់​តុលាការ​នេះ​ថា ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកគាត់ ជា​ជនរងគ្រោះ ខណៈ​ធនាគារ​តែងតែ​បង្ខំ​ឲ្យ​ពួកគាត់ លក់​ទ្រព្យសម្បត្តិ ដែល​សល់​តិចតួច​។ លោក​ចង់​ឃើញ​តុលាការ​ពន្លឿន​នីតិវិធី និង​កាត់ក្ដី​យុត្តិធម៌​ទៀង​ត្រង់ ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​បាត់បង់​ទំនុកចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌។

លោក សោម ឆេង៖ «បើ​នីតិវិធី​ច្បាប់​កាន់តែ​យូរ គឺ​កាន់តែ​មនុស្ស​រងគ្រោះ​កាន់តែ​ស្លាប់ ព្រោះ​អី​បាន​ខ្ញុំ​ថា អ៊ីចឹង មកពី​ការ​គិត​ច្រើន​ជំពាក់​បំណុល​ធនាគារ ជំពាក់​បំណុល ផ្សេងៗ​មាន​អ្វី​មក​ដោះស្រាយ ហើយ​ការ​ដោះស្រាយ​របស់​ច្បាប់​នៅតែ​ពន្យារ​ពេល​រហូត​ការ​ដោះស្រាយ​អត់​អី មុខរបរ​ក៏​មិន​មាន​គ្រប់​បែបយ៉ាង»។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ បានទេ នៅ​ថ្ងៃទី​១៩ ខែ​មិថុនា។

អតីត​ឧកញ៉ា ហ៊ី គីមហុង ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ខែ​សីហា​ឆ្នាំ​២០២៣ បន្ទាប់ពី​ក្រុម​ប្រជាពលរដ្ឋ បាន​ដាក់​ពាក្យបណ្ដឹង​ប្ដឹង​ឧកញ៉ា​រូប​នេះ ពី​បទ​«​ឆបោក​» ប្រាក់​ប្រមាណ ២០ លាន​ដុល្លារ​។ ប៉ុន្តែ​កាលពីដើម​ខែវិច្ឆិកា ឆ្នាំ​២០២៣ ម្ចាស់ ក្រុមហ៊ុន​ពិភព​ដី​មាស​អតីត ឧកញ៉ា ហ៊ី គឹមហុង ត្រូវ​បាន​សាលាឧទ្ធរណ៍​ភ្នំពេញ ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន បន្ទាប់ពី​ជាប់​ពន្ធនាគារ​ជាង ៣ ខែ។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា តុលាការ​គួរ​ពន្លឿន​នីតិវិធី​ឲ្យ​បាន​លឿន​ដើម្បី​ផ្ដល់​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​បាន​ឆាប់។

លោក អំ សំអាត៖«​ពួកគាត់​រង់ចាំ​ដំណោះស្រាយ​យូរហើយ ហើយ​ពួកគាត់​ខ្លះ​បាន ស្លាប់​ជា​បន្តបន្ទាប់ ដោយសារតែ មាន​វិបត្តិ​ផ្លូវចិត្ត មាន​ជំងឺផ្លូវចិត្ត ជំងឺ​ប្រចាំ​កាយ ហើយ​វិបត្តិ​បំណុល​វ័ណ្ឌក។ អ៊ីចឹង​ពួកគាត់​ដាក់​ក្ដី​សង្ឃឹម​ទៅលើ​ដំណោះស្រាយ​នៃ​តុលាការ​អ៊ីចឹង សូម​ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី​ឲ្យ​បាន​លឿន ដើម្បី​ធ្វើការ​ដោះស្រាយ សម្រាប់​ពួក​គាត់​ឲ្យ​បាន​ឆាប់»។

អតីត​ឧកញ៉ា ជា សារ៉ន អតីត​ឧកញ៉ា ឡេង ចាន់ណា និង​អតីត​ឧកញ៉ា ហ៊ី គឹមហុង ត្រូវ​បាន​តុលាការ​ចេញ​ដីកា​សម្រេច​រឹបអូស​យក​ទ្រព្យសម្បត្តិ ដើម្បី​លក់​សង ពលរដ្ឋ​រងគ្រោះ ដែល​ចាញ់បោក​ក្រុមហ៊ុន របស់​អតីត​ឧកញ៉ា​ទាំងបី​នាក់​។ ប៉ុន្តែ ប្រជាពលរដ្ឋ អះអាងថា រយៈពេល ២​ឆ្នាំ​ហើយ ពួកគាត់​នៅ មិន​ទាន់​ទទួល​បាន​ប្រាក់​សំណង ឬ​ដំណោះស្រាយ​នៅឡើយ​ទេ។

អ្នកឃ្លាំមើល លើក​ឡើង​ថា វិបត្តិ​ឆបោក​របស់​ក្រុមហ៊ុន​ឧកញ៉ា ក្នុង​សង្គម​ខ្មែរ ពុំ​មាន​ដំណោះស្រាយ​យុត្តិធម៌​ឡើយ បើ​ពលរដ្ឋ​រងគ្រោះ មិន​ប្រមូល​ផ្ដុំគ្នា​ចេញ​តវ៉ា។ ពួកគាត់​ថា ការ​សំងំ​រង់ចាំ​តែ​អង្វរ​តុលាការ និង​រដ្ឋាភិបាល​ឲ្យ​ផ្ដល់​ដំណោះស្រាយ គឺជា​ការ​ចាញ់​បោក​រដ្ឋាភិបាល​មួយ​ជាន់​ទៀត​ពីព្រោះ​រដ្ឋាភិបាល ព្យាយាម ពន្យារ​ពេល​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ហត់នឿយ ក្នុង​ការ​ស្វែងរក​យុត្តិធម៌ ប៉ុណ្ណោះ ប៉ុន្តែ​មិន​រក​ដំណោះស្រាយ​ពិត​ប្រាកដ​ឲ្យ​ពលរដ្ឋ​នោះ​ទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ