យោធា​ថៃ​បដិសេធ​ចំពោះ​កម្ពុជា​លើ​ភាពជា​ម្ចាស់​របស់​ប្រាសាទ​ខ្នារ

0
40
ទិដ្ឋភាពប្រាសាទខ្នាររបស់ខ្មែរ ដែលថៃកំពុងកាន់កាប់ ក្រោយសង្គ្រាមឈ្លានពាន កាលពីខែ​ធ្នូ ២០២៦។ រូប៖ បណ្ដាញសង្គម
ទិដ្ឋភាពប្រាសាទខ្នាររបស់ខ្មែរ ដែលថៃកំពុងកាន់កាប់ ក្រោយសង្គ្រាមឈ្លានពាន កាលពីខែ​ធ្នូ ២០២៦។ រូប៖ បណ្ដាញសង្គម

យោធា​ថៃ​បដិសេធ​ចំពោះ​កម្ពុជា លើ​ភាពជា​ម្ចាស់​របស់​ប្រាសាទ​ខ្នារ ដែល​ជា​ប្រាសាទ​បុរាណ​របស់​ខ្មែរ ដោយ​សង្កត់ធ្ងន់​ថា ប្រទេស​ថៃ​មិន​ទទួលស្គាល់​ការ​ទាមទារ​ជា​ឯកតោភាគី​របស់​កម្ពុជា​នោះ​ឡើយ ទោះបីជា​ប្រាសាទខ្មែរ​បុរាណ​មួយ​នេះ ស្ថិត​ក្នុង​ទឹកដី​កម្ពុជា​ក៏ដោយ។

យោធា​ថៃ​បាន​ប្រកាស​ថា ចាប់​ពី​ពេល​នេះ​ប្រាសាទ​ខ្នារ នឹង​ក្លាយជា​កម្មសិទ្ធិ​របស់​ប្រទេស​ថៃ និង​ហាម​មិន​ឱ្យ​កម្ពុជា​ទាមទារ​ទៀត​នោះ​ឡើយ។

មេបញ្ជាការ​ទ័ពអាកាស​ថៃ លោក ប្រាក់ផាត សនចៃឌី​ (Praphas Sonjaidee) ដែល​មាន​តួនាទី​ជា​នាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ស្ថានការណ៍​កម្ពុជា និង​ថៃ​(JIC) បាន​ថ្លែង​កាលពី​ថ្ងៃទី​៣០ ខែមិថុនា ដោយ​បដិសេធ​ចំពោះ​ការ​អះអាង​របស់​មន្ត្រី​កិច្ចការ​ព្រំដែន​របស់​កម្ពុជា​ដែល​ថា ប្រាសាទ​ខ្នារ គឺ​ស្ថិត​នៅ​ក្នុង​បូរណភាព​ទឹកដី​របស់​កម្ពុជា និង​ចោទប្រកាន់​ថៃ​ថា​បាន​ចូល​កាន់កាប់​ដោយ​ដុត​បំផ្លាញ​កាំជណ្ដើរ​ឡើង​ទៅ​កាន់​ប្រាសាទបុរាណ​ខ្មែរ​មួយ​នេះ។

ការ​អះអាង​របស់​យោធា​ថៃ​នេះ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើកឡើង​របស់​រដ្ឋលេខាធិការ​ប្រចាំការ នៃ​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន លោក អ៊ិត សុត្ថា ដែល​បាន​អះអាង​ក្នុង​ពេល​ថ្មីៗ​នេះ​ថា យោធា​ថៃ​កំពុង​គូស​ផែនទី​ថ្មី​មួយទៀត ដោយ​ដាក់បញ្ចូល​តំបន់​ឈ្លានពាន​ដែល​ដណ្ដើម​ពី​កម្ពុជា ចូល​ទៅ​ក្នុង​ទឹកដី​របស់​ខ្លួន បន្ទាប់ពី​ផែនទី​មាត្រដ្ឋាន​១/៥០.០០០​ដែល​ថៃ​គូស​ជា​ឯកតោភាគី និង​ប្រើប្រាស់​ជា​ឯកតោភាគី​សម្រាប់​បោះបង្គោល​ព្រំដែន បាន​បង្ហាញថា ប្រាសាទ​ខ្នារ ប្រាសាទ​តា​ក្របី និង​ប្រាសាទ​ដទៃទៀត​នៅ​តាម​បណ្ដោយ​ព្រំដែន​គឺ​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា។

លោក​បន្ត​ថា កុំថាឡើយ​ផែនទី​ខ្នាត​១/៥០.០០០ ដែល​ថៃ​បាន​ប្រើ ទោះបី​ផែនទី​ផ្សេងទៀត​ដែល​ថៃ​ផលិត ឬ​គូស​ជា​ឯកតោភាគី​ក្ដី ក៏​ផែនទី​ទាំងនោះ​គ្មាន​តម្លៃ ឬ​ទម្ងន់​តាមផ្លូវ​ច្បាប់​នោះ​ឡើយ។

ទោះជា​បែបនេះ​ក្ដី យោធា​ថៃ​បាន​ច្រានចោល និង​ចាត់ទុក​ការ​លើកឡើង​របស់​មន្ត្រី​កិច្ចការ​ព្រំដែន​របស់​កម្ពុជា គឺជា​ការ​អះអាង​ឯកតោភាគី ដែល​គ្មាន​ទម្ងន់​តាមច្បាប់​អន្តរជាតិ​។ ទន្ទឹម​គ្នា​នេះ យោធា​ថៃ​បាន​ប្រកាស​មិន​ទទួលយក​ការ​អះអាង​លើ​អធិបតេយ្យភាព​ណាមួយ ក្នុង​តំបន់​មាន​ជម្លោះ​ដោយ​ភាគី​ណាមួយ​ឡើយ​។ ក្នុង​នោះ​យោធា​ថៃ​ក៏បាន​បបួល​កម្ពុជា​ប្រើប្រាស់​យន្តការ​ទ្វេភាគី ដើម្បី​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​ថៃ ដោយ​ផ្អែកលើ​ភស្តុតាង​ផ្លូវច្បាប់ រួម​ទាំង​សន្ធិសញ្ញា ឯកសារ​ប្រវត្តិសាស្ត្រ និង​កំណត់ត្រា​ការ​បោះបង្គោល​ព្រំដែន ដោយ​មិន​ត្រូវ​ប្រើប្រាស់​សេចក្ដីថ្លែងការណ៍ ឬ​ការ​បកស្រាយ​ផែនទី​ដោយ​ភាគី​ម្ខាង​ដើម្បី​ទាមទារ​ទឹកដី​ត្រឡប់​ទៅវិញ ដែល​បង្ក​ឱ្យ​មាន​ជម្លោះ​កើតមានឡើង​នោះ​ឡើយ។

យោធា​ថៃ​អះអាង​ទៀត​ថា បច្ចុប្បន្ន​នេះ​ថៃ​បាន​ចុះបញ្ជី​ប្រាសាទខ្មែរ​បុរាណ​នៅ​ភ្នំ​ដង​ដងរែក និង​តំបន់​មួយចំនួន​តាម​ព្រំដែន ទៅ​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​របស់​ថៃ​រួចរាល់​ហើយ ខណៈ​ទីតាំង​មួយ​ចំនួន​ទៀត​ដែល​យោធា​ថៃ​ដណ្ដើម​បាន​ពី​កម្ពុជា​នៅ​តាម​ព្រំដែន ថៃ​នឹង​គ្រប់គ្រង​តំបន់​ទាំងនេះ​ជា​អចិន្ត្រៃយ៍ ហើយ​ថៃ​នឹង​ពង្រឹងកម្លាំង​ការពារ និង​បាន​កម្ទេច​ជណ្ដើរ​ឡើងលើ​ប្រាសាទ​ខាង​ទីតាំង​ដែល​កងទ័ព​ខ្មែរ​ឈរជើង ដើម្បី​កាត់ផ្ដាច់​ការ​ទាមទារ​ត្រឡប់​ទៅវិញ​ពី​សំណាក់​ភាគី​កម្ពុជា។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​រដ្ឋ​មន្ត្រី​ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន លោក ឡាំ ជា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃទី​១ ខែ​កក្កដា។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន យល់​ឃើញ​ថា ថៃ​កំពុង​ប្រើប្រាស់​អំណាច​យោធា​ដើម្បី​បង្កើត​ភាព​ស្របច្បាប់ និង​ធ្វើជា​តូបនីយកម្ម​នៅ​លើ​ទឹកដី​កម្ពុជា​។ លោក​បន្ត​ថា បើ​ជ្រុល​ជា​បង្ហាញ​ពី​ឯកសារ​ភស្តុតាង​ទៅ​ហើយ ភាគី​កម្ពុជា​គួរតែ​ប្ដឹង​ថៃ​ដោយ​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ ទៅតាម​អ្វី​ដែល​យោធា​ថៃ​បាន​បបួល។

លោក អ៊ុំ សំអាន៖ «គ្រាន់តែ​បង្ហាញ​តាមរយៈ​ទូរទស្សន៍ តាម​បណ្ដាញ​សង្គម​ហ្នឹង អត់​មាន​ទម្ងន់​ផ្នែក​ផ្លូវច្បាប់​នោះ​ទេ ហើយក៏​មិនអាច​ទាមទារ​ទឹកដី​ខ្មែរ​យើង ឬក៏​ប្រាសាទ​ខ្នារ​ពី​ថៃ​នោះ​ដែរ គ្រាន់តែ​បង្ហាញ​អញ្ចឹង​។ ទាល់តែ​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ អាហ្នឹង​បាន​វា​មាន​ទម្ងន់​ផ្លូវច្បាប់ ហើយ​អាច​ទាមទារ​ប្រាសាទព្រះវិហារ និង​ទឹកដី​ខ្មែរ​យើង​ត្រឡប់មកវិញ»។

បច្ចុប្បន្ន​យោធា​ថៃ​បាន​សាងសង់​ផ្លូវ​បេតុង រូបសំណាក កាំជណ្ដើរ បង្កាន់ដៃ​សម្រាប់​មើល​ទេសភាព​ពីលើ​ភ្នំ និង​រក្សាទុក​រូងភ្នំ និង​លេណដ្ឋាន​របស់​ទាហាន​ខ្មែរ ដើម្បី​ទាក់ទាញ​ប្រជាពលរដ្ឋ​ថៃ មក​ទស្សនា​។ ក្នុង​នោះ ថៃ​ក៏​កំពុង​សិក្សា​ពី​គម្រោង​កែលំអ​ជញ្ជាំង​ថ្មបាយក្រៀម​របស់​ប្រាសាទ​ខ្នារ ឱ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​ផង​ដែរ ដើម្បី​ធ្វើ​ឱ្យ​ប្រាសាទខ្មែរ​បុរាណ​មួយ​នេះ ក្លាយជា​តំបន់​ទេសចរណ៍​បែប​ប្រវត្តិសាស្ត្រ ដោយ​សំយោគ​ជាមួយ​ធម្មជាតិ​នៅ​លើ​ខ្នងភ្នំ​ដងរែក។

ងាក​មក​រឿង​បញ្ហា​បាត់បង់​ទឹកដី​វិញ លោក អ៊ុំ សំអាន អះអាង​ថា គិត​ត្រឹម​ដើមខែ​កក្កដា នេះ យោធា​ថៃ​បាន​ពង្រីក​ការ​កាន់កាប់​ទឹកដី​កម្ពុជា ចំនួន​១​ទីតាំង​បន្ថែម​ទៀត នៅ​តំបន់​ល្អាង​៨៧ នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​ជប់​រុន ស្ថិត​ក្នុង​ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ។ លោក​បន្ត​ថា តំបន់​ដែល​កម្ពុជា​បាន​បាត់បង់​ទៅកាន់​ភាគី​ថៃ សរុប​មាន​ចំនួន ៧០​ទីតាំង ដែល​នេះ​គឺជា​ការបាត់បង់​ទឹកដី​ដ៏​ច្រើន​បំផុត និង​មិន​ធ្លាប់​មាន​ចាប់តាំងពី​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​អាណានិគម​បារាំង​មក៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ