

ពលរដ្ឋរងគ្រោះដោយទាហានថៃរាយបន្លាលួសព័ទ្ធយកដីស្រែចម្ការ និងផ្ទះសម្បែង នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ព្រួយខ្លាចបាត់បង់ផ្ទះសម្បែង និងដីស្រែចម្ការ ដែលពួកគាត់ធ្លាប់រស់នៅ និងអាស្រ័យផល បន្ទាប់ពីអាជ្ញាធរកម្ពុជា និងថៃ ព្រមព្រៀងគ្នាចុះបោះបង្គោលព្រំដែនបណ្ដោះអាសន្ន ស្ថិតនៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ អាជ្ញាធរថា ការចុះបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅភូមិព្រៃចាន់ និងជោគជ័យ ធ្វើឡើងតាមកិច្ចព្រមព្រៀង នៃកិច្ចប្រជុំពិសេស របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ។
ប្រជាពលរដ្ឋរស់នៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងតំបន់មានជម្លោះ ដែលទាហានថៃរាយបន្លាលួសព័ទ្ធយកដីស្រែចម្ការ និងផ្ទះសម្បែង ស្ថិតនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាង២០០គ្រួសារ កំពុងព្រួយបារម្ភខ្លាចបាត់បង់ផ្ទះសម្បែង និងដីស្រែចម្ការ បន្ទាប់ពីអាជ្ញាធរកម្ពុជា និងអាជ្ញាធរថៃ បានចាប់ផ្ដើមចុះវាស់វែងបោះបង្គោលព្រំដែនបណ្ដោះអាសន្ន។ ក្ដីបារម្ភនេះ កើតមានឡើងដោយសារអាជ្ញាធរកម្ពុជា បានហាមឃាត់មិនឲ្យពលរដ្ឋ និងសារព័ត៌មានចូលទៅឃ្លាំមើល ឬយកព័ត៌មានក្នុងតំបន់ដែលកំពុងបោះបង្គោលបណ្ដោះអាសន្ននេះនោះទេ។

ទិដ្ឋភាពរបងលួសបន្លាដែលយោធាថៃព័ទ្ធយកផ្ទះពលរដ្ឋពលរដ្ឋនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ សីហា ២០២៥។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ពលរដ្ឋរស់នៅភូមិព្រៃចាន់ លោកស្រី ហ៊ុល ម៉ាលីស ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២១ ខែវិច្ឆិកាថា បច្ចុប្បន្នអាជ្ញាធរមិនទាន់បោះបង្គោលព្រំដែននៅភូមិព្រៃចាន់នោះទេ ប៉ុន្តែលោកស្រីថា ប្រសិនបើអាជ្ញាធរបោះបង្គោលព្រំដែនបណ្ដោះអាសន្នតាមបន្លាលួសដែលអាជ្ញាធរថៃព័ទ្ធយក ដីស្រែចម្ការ និងផ្ទះសម្បែងរបស់ពលរដ្ឋ នោះកម្ពុជានឹងបាត់បង់ទឹកដីទៅភាគីថៃជាក់ជាមិនខាន។ លោកស្រីបន្ថែមថា ពលរដ្ឋនៅតែរង់ចាំមើលដំណោះស្រាយបន្តទៀតពីអាជ្ញាធរកម្ពុជា ថា តើអាជ្ញាធរពាក់ព័ន្ធអាចការពារ និងយកដីដែលទាហានថៃបានរាយបន្លាលួសត្រឡប់មកវិញឬយ៉ាងណា។
លោកស្រី ហ៊ុល ម៉ាលីស៖ «ខ្ញុំព្រួយបារម្ភនឹងហើយ ពីព្រោះផ្ទះរបស់ខ្ញុំនៅជាប់បន្លាលួស គេព័ទ្ធយកអស់ហើយ ខ្លាចគេមិនឲ្យយើងវិញ ផ្ទះយើងដីយើងនៅ២០ ទៅ៣០ឆ្នាំហើយ ដល់អ៊ីចឹងពិបាកដែរ ជិតចូលរណ្ដៅទៅវិញហើយ ដល់ពេលមកបោះបង្គោលយកស្រួលៗចប់»។
ប្រជាពលរដ្ឋម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះ អះអាងថា អាជ្ញាធរកម្ពុជាមិនបានផ្សព្វផ្សាយអំពីការបោះបង្គោលព្រំដែនជាសាធារណៈដូចភាគីថៃនោះទេ ផ្ទុយទៅវិញអាជ្ញាធរខ្មែរបានរឹតត្បិតមិនឲ្យពលរដ្ឋ និងអ្នកសារព័ត៌មាន ចូលទៅក្នុងតំបន់បោះបង្គោលបណ្ដោះអាសន្ននេះឡើយ ។ លោកថា អាជ្ញាធរកម្ពុជាត្រូវតែមានភាពច្បាស់លាស់ក្នុងការបោះបង្គោលព្រំដែនបណ្ដោះអាសន្នកម្ពុជា-ថៃ និងត្រូវបើកចំហរជាសាធារណៈ ឲ្យមហាជនបានដឹងអំពីបញ្ហានេះ។
ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះ៖ «ជាការសោកស្ដាយដែលរដ្ឋាភិបាលរបស់កម្ពុជា ដែលមិនបានបង្ហាញព័ត៌មានឲ្យបានច្បាស់លាស់ មិនបានបង្ហាញឲ្យប្រជាពលរដ្ឋលោកបានដឹង ការធ្វើនេះប៉ះពាល់អ្វីខ្លះ ឬផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់ប្រទេសកម្ពុជា អ៊ីចឹងរដ្ឋាភិបាលគួរតែបង្ហាញទិន្នន័យ បង្ហាញភាពជាក់លាក់ ពាក់ព័ន្ធនៃការព្រមព្រៀងរវាងភាគីប្រទេសទាំងពីរ»។
ក្រៅពីប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ មហាជននៅលើបណ្ដាញសង្គមក៏បង្ហាញពីការព្រួយបារម្ភខ្លាចកម្ពុជាបាត់បង់ទឹកដីទៅថៃដែរ។
ជុំវិញរឿងនេះ មេភូមិជោគជ័យ លោក ប៉ែន ឫទ្ធី សុំមិនធ្វើអត្ថាធិប្បាយនោះទេ ដោយលោកថា កិច្ចការបោះបង្គោលព្រំដែននេះជាភារកិច្ចរបស់គណៈកម្មការ JBC។
លោក ប៉ែន ឫទ្ធី៖ «បាទសម្រេចលើគណៈកម្មការ JBC របស់យើង បើបោះបង្គោលតាមផែនទីបារាំង-សៀម សម្រាប់ខ្ញុំ ខ្ញុំគិតថាល្អ»។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទង រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២១ ខែវិច្ឆិកា។
ទោះជាយ៉ាងណា នៅថ្ងៃទី២១ ខែវិច្ឆិកា រដ្ឋលេខាធិការព្រំដែនគោកកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយអះអាងថា ការចុះវាសវែងបោះបង្គោលព្រំដែនបណ្ដោះអាសន្ន ក្នុងភូមិសាស្ត្រនៅភូមិព្រៃចាន់ និងជោគជ័យ ភាគីកម្ពុជា និងថៃ ចុះវាស់វែងទៅលើបញ្ហាដីជាក់ស្ដែង និងស្វែងរកបង្គោលពិតប្រាកដចំនួន៧៤ បង្គោលទៀត ដែលគណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម បានបោះនៅចន្លោះឆ្នាំ១៩១៩ និងឆ្នាំ១៩៩២០ តែប៉ុណ្ណោះ ដោយភាគីទាំងពីរមិនទាន់បោះបង្គោលចែកខណ្ឌសីមានៅឡើយ។
ជុំវិញបញ្ហានេះ ប្រធាននៃស្ថាប័នអធិបតេយ្យភាពជាតិ ព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន ប្រាប់ទូរទស្សន៍អាស៊ីសេរីកាលពីថ្ងៃទី១៩ ខែវិច្ឆិកាថា ការបោះបង្គោលព្រំដែនបណ្ដោះអាសន្ន រវាងកម្ពុជា-ថៃ ហាក់ធ្វើឡើងដោយតក់ក្រហល់ ខណៈរដ្ឋាភិបាលកម្ពុជា បានចាញ់ប្រៀបក្រុមយោធាថៃ ក្នុងការការពារបូរណភាពទឹកដីកម្ពុជា។
កាលនៅថ្ងៃទី១៩ ខែវិច្ឆិកាកន្លងទៅនេះ អាជ្ញាធរកម្ពុជា និងថៃ បានបង្ហោះដ្រូន តាមបណ្ដោយខ្សែបន្ទាត់ នៃបង្គោលព្រំដែនលេខ៤២ ដល់លេខ៤៧ ក្នុងតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ ដើម្បីចាប់ផ្ដើមបោះបង្គោលព្រំដែនបណ្ដោះអាសន្ន ខណៈតំបន់នេះកំពុងមានភាពចម្រូងចម្រាស ដោយសារយោធាថៃ បានចូលរាយបន្លាលួសព័ទ្ធយកផ្ទះ និងដីចម្ការ ព្រមទាំងបានបើកការបាញ់ប្រហារបណ្ដាលឱ្យពលរដ្ឋខ្មែរស្លាប់ម្នាក់ និងរបួស៣នាក់ នៅភូមិព្រៃចាន់ កាលពីថ្ងៃទី១២ វិច្ឆិកា។
ទាក់ទងនឹងការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននេះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាត់តាផន ណាក់ផានិច (Nattapon Nakpanich) បានប្រកាសកាលពីថ្ងៃទី១៩ ខែវិច្ឆិកាថា នៅពេលដែលការបោះបង្គោលព្រំដែននៅតំបន់ភូមិណងចាន់ ដែលខ្មែរហៅថាភូមិជោគជ័យ ត្រូវបានបញ្ចប់ ពលរដ្ឋខ្មែរជាង ២០០ គ្រួសារ ដែលរស់នៅក្រោមខ្សែបន្ទាត់ក្រហម នឹងត្រូវតែចាកចេញពីតំបន់នោះ ដើម្បីការពារអធិបតេយ្យភាព រវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណា គេនៅមិនទាន់ឃើញភាគីកម្ពុជាឆ្លើយតបចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិថៃនេះនៅឡើយទេ៕









