

អង្គការអន្តរជាតិនៅទីក្រុងឡុងដ៍ (London) ប្រទេសអង់គ្លេស ឈ្មោះទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន ឬ អ៊ី.អាយ.អេ (EIA) បានចេញរបាយការណ៍ស៊ើបអង្កេតមួយដោយរកឃើញថា ឈើដែលកាប់ដោយខុសច្បាប់នៅកម្ពុជា និងឡាវ កំពុងត្រូវបានបញ្ជូនចូលទៅក្នុងឧស្សាហកម្មឈើរបស់វៀតណាម តាមរយៈប្រព័ន្ធឯកសារដ៏ស្មុគស្មាញ ដែលលាក់បាំងប្រភពដើមពិតប្រាកដរបស់វា។
របាយការណ៍មួយដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ដោយទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន ឬ អ៊ី.អាយ.អេ ( Environmental Investigation Agency (EIA) ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ អះអាងថា ឈើពីព្រៃដែលត្រូវបានចាត់ទុកថាមានហានិភ័យខ្ពស់នៅកម្ពុជា និងឡាវ កំពុងត្រូវបានបញ្ចូលទៅក្នុងវិស័យកែច្នៃឈើផ្លូវការរបស់វៀតណាម តាមរយៈប្រព័ន្ធ«ការបង្កើតភាពស្របច្បាប់» ឬ «Manufactured Legality» ដែលជាដំណើរការប្រើប្រាស់ឯកសារផ្លូវការ ដើម្បីធ្វើឱ្យឈើដែលមានប្រភពខុសច្បាប់ ឬមិនអាចផ្ទៀងផ្ទាត់បាន មើលទៅដូចជាស្របច្បាប់។
របាយការណ៍របស់ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន អះអាងថា ទោះបីឈើដែលនាំចូលពីកម្ពុជា និងឡាវ មានត្រឹមប្រហែល ៥% ទៅ ៩% នៃបរិមាណឈើសរុបដែលវៀតណាមនាំចូលក៏ដោយ ប៉ុន្តែខ្សែច្រវាក់ផ្គត់ផ្គង់ទាំងនេះត្រូវបានចាត់ទុកថាមានហានិភ័យខ្ពស់ជាងគេ ដោយសារបញ្ហាអភិបាលកិច្ចដែលអូសបន្លាយជាយូរមកហើយនៅក្នុងប្រទេសជិតខាងទាំងពីរ។
របាយការណ៍ដដែលអះអាងថា ផ្អែកលើការស៊ើបអង្កេតនៅតាមទីតាំងជាក់ស្តែងក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម ចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ព្រមទាំងការវិភាគទិន្នន័យពាណិជ្ជកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យព្រៃឈើ។ ក្នុងចំណោមវិធីសាស្ត្រដែលអ្នកស៊ើបអង្កេតបានកត់ត្រា មានការប្រើប្រាស់ប្រព័ន្ធឯកសារពីរឈុត ការប្រកាសបរិមាណឈើទាបជាងការពិត វិក្កយបត្រក្លែងក្លាយ និងការលាយឈើពីប្រភពផ្សេងៗ មុននឹងនាំចេញ។
វៀតណាមគឺជាប្រទេសនាំចេញឈើ និងផលិតផលឈើធំបំផុតមួយរបស់ពិភពលោក ដោយការនាំចេញមានតម្លៃប្រមាណ ១៧ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥។ ជាងពាក់កណ្តាលនៃការនាំចេញទាំងនោះមានគោលដៅទៅកាន់សហរដ្ឋអាមេរិក ខណៈជប៉ុន និងចិន ក៏ជាទីផ្សារសំខាន់សម្រាប់ផលិតផលឈើរបស់វៀតណាមផងដែរ។
ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន អះអាងថា ប្រព័ន្ធផ្ទៀងផ្ទាត់របស់វៀតណាម ពឹងផ្អែកយ៉ាងខ្លាំងលើឯកសារដែលចេញដោយអាជ្ញាធរនៃប្រទេសផលិតឈើ។ ការពឹងផ្អែកបែបនេះបង្កើតឱ្យមានចំណុចខ្សោយជាប្រព័ន្ធ នៅក្នុងប្រទេសដែលមានបញ្ហាអភិបាលកិច្ច និងកន្លែងដែលឯកសារផ្លូវការអាចត្រូវបានកែប្រែ ឬបន្លំ។
អង្គការអន្តរជាតិមួយនេះ បញ្ជាក់ថា ឈើដែលកាប់លើសពីដែនកំណត់អាជ្ញាប័ណ្ណ ឈើដែលកាប់ក្រោមកូតាពាក់ព័ន្ធនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ឬឈើដែលយកចេញពីតំបន់ព្រៃការពារ អាចត្រូវបានបញ្ជូនទៅរោងចក្រកែច្នៃ ដែលនៅទីនោះវាត្រូវបានលាយបញ្ចូលជាមួយឈើស្របច្បាប់ ហើយទទួលបានឯកសារដែលអនុញ្ញាតឱ្យនាំចេញទៅទីផ្សារអន្តរជាតិ។
របាយការណ៍នេះក៏ផ្តោតលើក្រុមហ៊ុនធី.អេស.អិម.ដាប់បែលយូ ឯ.ក (T.S.M.W. Co. Ltd) ដែលចុះបញ្ជីនៅកម្ពុជា និងត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនរបស់ប្រទេសកូរ៉េដែលមានលោក ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ ជាអ្នកគ្រប់គ្រង។ ក្រុមហ៊ុននេះបានប្រើប្រាស់ដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តស្ទឹងត្រែង ជារបាំងសម្រាប់ការកាប់ឈើខុសច្បាប់។ ក្រុមហ៊ុននេះទទួលបានដីសម្បទានសេដ្ឋកិច្ចទំហំ ១០,០០០ ហិកតារ នៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងឆ្នាំ២០២២ ហើយបានបង្កើតរោងអារឈើ ដើម្បីកែច្នៃឈើ ដែលកាប់ពីតំបន់ព្រៃការពារ មុននឹងនាំចេញទៅកាន់ប្រទេសវៀតណាម។ ចន្លោះឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ ក្រុមហ៊ុននេះបាននាំចេញឈើអារជាង ១០០ លើកទៅកាន់ប្រទេសវៀតណាម។
របាយការណ៍នេះក៏អះអាងដែរថា ពាណិជ្ជករឈើវៀតណាមមួយចំនួន បានដើរតួនាទីយ៉ាងសកម្មក្នុងការទិញ និងដឹកជញ្ជូនឈើតាមខ្សែច្រវាក់ផ្គត់ផ្គង់ទាំងនេះ ដោយសហការជាមួយប្រតិបត្តិករនៅកម្ពុជា និងឡាវ ដើម្បីរៀបចំឯកសារ និងដឹកជញ្ជូនឈើឆ្លងដែន។
របាយការណ៍ខាងលើបានបញ្ជាក់ថា ទោះបីមានការផ្ទេរអំណាចនយោបាយនៅកម្ពុជា ពីអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ទៅកាន់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ក៏ដោយ បរិយាកាសសម្រាប់ការតាមដានធនធានព្រៃឈើដោយឯករាជ្យ នៅតែស្ថិតក្រោមការរឹតត្បិតយ៉ាងខ្លាំង។
អ្នកការពារបរិស្ថាន អ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិល ដែលស៊ើបអង្កេតករណីកាប់ឈើខុសច្បាប់ នៅតែប្រឈមនឹងការចាប់ខ្លួន វិធានការផ្លូវច្បាប់ ដែលធ្វើឱ្យការផ្ទៀងផ្ទាត់ដោយឯករាជ្យលើសកម្មភាពនៅក្នុងតំបន់ព្រៃការពារ កាន់តែពិបាក។ ជាក់ស្តែង លោក អ៊ូច ឡេង និងសហការីចំនួនប្រាំនាក់ បានចូលទៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ចំណាយពេលជាច្រើនថ្ងៃ ប្រមូលភស្តុតាង អំពីការកាប់ឈើខុសច្បាប់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។
ម្ចាស់ពានរង្វាន់បរិស្ថានពិភពលោក និងប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង ដែលទទួលបានសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលី បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ទោះបីជានៅក្នុងស្ថានភាពប្រទេសកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដោយក៏នៅ តែមានការដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេង និងកាន់តែខ្លាំងឡើងៗ។
លោក អ៊ូច ឡេង ឲ្យដឹងបន្ថែមទៀតថា ខាងក្រុមហ៊ុនវៀតណាម បានបង្ហោះនៅលើ Facebook របស់គេដាក់លក់ឈើបានមកពីស្រុកខ្មែរនិងប្រទេសឡាវ ដើម្បីផ្គត់ផ្គង់ទៅទីផ្សារអន្តរជាតិ។ ប្រទេសវៀតណាម មិនខ្វល់ខ្វាយអំពីអាជ្ញាប័ណ្ណនាំឈើចេញស្របច្បាប់ ឬមិនស្របច្បាប់ទេគឺធ្វើយ៉ាងណា ប្រមូលឈើគ្រប់ទីកន្លែងទាំងអស់ពីប្រទេសកម្ពុជា ដូចជានៅតំបន់កន្ទុយនាគ នៅតំបន់ថ្មដា នៅភ្នំព្រេចជាដើម។ នេះជាការបង្ហាញអំពីការលាងឈើឆ្លងដែនពីប្រទេសកម្ពុជា និងប្រទេសឡាវ។
លោក អ៊ូច ឡេង៖ «នេះជាករណីរត់ពន្ធឈើឆ្លងដែនជាលក្ខណៈប្រព័ន្ធមួយដែលបង្កើតឡើងដោយរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលចិន ដែលក្រុមហ៊ុនទាំងនោះបាននាំឈើចេញពីប្រទេសកម្ពុជានិងប្រទេសឡាវ ជាច្រើនឆ្នាំមកហើយ ឆ្នាំណាក៏ដូចជាឆ្នាំណា ដែលមិនអាចបញ្ចប់បាន។ គេដឹកឈើទាំងថ្ងៃ ដឹកឈើទាំងយប់ដើម្បីបញ្ជូនទៅផ្គត់ផ្គង់នៅទីផ្សារប្រទេសវៀតណាម រួច ហើយគេដឹកបន្តទៅទីផ្សារអន្តរជាតិ»។
លោក អ៊ូច ឡេង បានបន្ថែមថា រដ្ឋាភិបាលនៃប្រទេសនីមួយៗ តែងតែលើកឡើងពីប្រព័ន្ធការពារបរិស្ថាន ឬភាពធន់នឹងការប្រែប្រួលអាកាសធាតុ តែនេះគ្រាន់តែជាការឃោសនារបស់រដ្ឋាភិបាលនៃប្រទេសនីមួយៗប៉ុណ្ណោះ ខណៈឧក្រិដ្ឋកម្មព្រៃឈើ និងការបំផ្លាញបរិស្ថានដែលមានការរៀបចំកំពុងកើតមានឡើងជាបន្តបន្ទាប់។ លោកថា រដ្ឋាភិបាលនៃប្រទេសទាំងនោះមិនដែលមានការប្តេជ្ញាចិត្តពិតប្រាកដ ក្នុងការការពារព្រៃឈើឡើយ ផ្ទុយទៅវិញ គេតែងតែសម្លឹងរកវិធីក្នុងការកេងប្រវ័ញ្ច និងទាញយកផលប្រយោជន៍ពីព្រៃឈើនៅគ្រប់ពេលវេលា និងគ្រប់គម្រោងវិនិយោគ។
កាលពីខែមីនា ឆ្នាំ២០២៣ សារព័ត៌មាន Mongabay បានលាតត្រដាង ពីតារាងរចនាសម្ព័ន្ធឧក្រិដ្ឋជនព្រៃឈើនៅប្រទេសកម្ពុជាដែលមានប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ជាអ្នកគ្រប់គ្រងកំពូល និងលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីគឺជាអ្នកគ្រប់គ្រងកំពូលលំដាប់ទី២។ លោក ហ៊ុន ម៉ាណែត គឺជាអ្នកគ្រប់គ្រងលើរចនាសម្ព័ន្ធឧក្រិដ្ឋជនថ្នាក់ក្រោមដោយផ្ទាល់ ដូចជា ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ ដែលល្បីល្បាញខាងរកស៊ីឈើខុសច្បាប់នៅកម្ពុជារហូតមកនោះ លើសពីនេះ ក៏មានឧកញ៉ា ផ្សេងទៀតដែរ ដូចជា ឧកញ៉ា ទ្រី ភាព ហៅស្តេចគ្រញូង និងឧកញ៉ា លី យ៉ុងផាត់ ហៅស្តេចកោះកុង ជាដើម៕









