ឈើ​ខុសច្បាប់​ពី​កម្ពុជា និង​ឡាវ កំពុង​ចូល​ទៅ​វៀតណាម​តាមរយៈ​ប្រព័ន្ធ «​បង្កើត​ភាព​ស្របច្បាប់»

រូបភាពឈើហ៊ុបធំៗ​ក្នុងរបាយការណ៍​របស់ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន ឬ អ៊ី.អាយ.អេ (EIA) ដែលរងការកាប់បំផ្លាញ។ រូប៖ courtesy of EIA
រូបភាពឈើហ៊ុបធំៗ​ក្នុងរបាយការណ៍​របស់ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន ឬ អ៊ី.អាយ.អេ (EIA) ដែលរងការកាប់បំផ្លាញ។ រូប៖ courtesy of EIA

អង្គការ​អន្តរជាតិ​នៅ​ទីក្រុង​ឡុងដ៍ (London) ប្រទេស​អង់គ្លេស ឈ្មោះ​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន ឬ អ៊ី.អាយ.អេ (EIA) បាន​ចេញ​របាយការណ៍​ស៊ើបអង្កេត​មួយ​ដោយ​រកឃើញ​ថា ឈើ​ដែល​កាប់​ដោយ​ខុសច្បាប់​នៅ​កម្ពុជា និង​ឡាវ កំពុង​ត្រូវ​បាន​បញ្ជូន​ចូល​ទៅ​ក្នុង​ឧស្សាហកម្ម​ឈើ​របស់​វៀតណាម តាមរយៈ​ប្រព័ន្ធ​ឯកសារ​ដ៏​ស្មុគស្មាញ ដែល​លាក់បាំង​ប្រភព​ដើម​ពិតប្រាកដ​របស់​វា។

របាយការណ៍​មួយ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន ឬ អ៊ី​.​អាយ​.​អេ ( Environmental Investigation Agency (EIA) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍ អះអាង​ថា ឈើ​ពី​ព្រៃ​ដែល​ត្រូវ​បាន​ចាត់ទុកថា​មាន​ហានិភ័យ​ខ្ពស់​នៅ​កម្ពុជា និង​ឡាវ កំពុង​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​វិស័យ​កែច្នៃ​ឈើ​ផ្លូវការ​របស់​វៀតណាម តាមរយៈ​ប្រព័ន្ធ​«​ការបង្កើត​ភាព​ស្របច្បាប់​» ឬ «Manufactured Legality» ដែល​ជា​ដំណើរការ​ប្រើប្រាស់​ឯកសារ​ផ្លូវការ ដើម្បី​ធ្វើ​ឱ្យ​ឈើ​ដែល​មាន​ប្រភព​ខុសច្បាប់ ឬ​មិនអាច​ផ្ទៀងផ្ទាត់​បាន មើលទៅ​ដូចជា​ស្របច្បាប់។

របាយការណ៍​របស់​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន អះអាង​ថា ទោះបី​ឈើ​ដែល​នាំចូល​ពី​កម្ពុជា និង​ឡាវ មាន​ត្រឹម​ប្រហែល ៥% ទៅ ៩% នៃ​បរិមាណ​ឈើ​សរុប​ដែល​វៀតណាម​នាំចូល​ក៏ដោយ ប៉ុន្តែ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ទាំងនេះ​ត្រូវ​បាន​ចាត់ទុកថា​មាន​ហានិភ័យ​ខ្ពស់​ជាងគេ ដោយសារ​បញ្ហា​អភិបាលកិច្ច​ដែល​អូស​បន្លាយ​ជា​យូរ​មក​ហើយ​នៅក្នុង​ប្រទេសជិតខាង​ទាំងពីរ។

របាយការណ៍​ដដែល​អះ​អាង​ថា ផ្អែកលើ​ការស៊ើបអង្កេត​នៅ​តាម​ទីតាំង​ជាក់ស្តែង​ក្នុង​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម ចន្លោះ​ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០២៦ ព្រមទាំង​ការវិភាគ​ទិន្នន័យ​ពាណិជ្ជកម្ម និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​វិស័យ​ព្រៃឈើ​។ ក្នុងចំណោម​វិធីសាស្ត្រ​ដែល​អ្នកស៊ើប​អង្កេត​បាន​កត់ត្រា មានការ​ប្រើប្រាស់​ប្រព័ន្ធ​ឯកសារ​ពីរ​ឈុត ការប្រកាស​បរិមាណ​ឈើ​ទាប​ជាង​ការពិត វិក្កយបត្រ​ក្លែងក្លាយ និង​ការ​លាយ​ឈើ​ពី​ប្រភព​ផ្សេងៗ មុននឹង​នាំចេញ។

វៀតណាម​គឺជា​ប្រទេស​នាំចេញ​ឈើ និង​ផលិតផល​ឈើ​ធំ​បំផុត​មួយ​របស់​ពិភពលោក ដោយ​ការនាំចេញ​មានតម្លៃ​ប្រមាណ ១៧ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០២៥​។ ជាង​ពាក់កណ្តាល​នៃ​ការនាំចេញ​ទាំងនោះ​មាន​គោលដៅ​ទៅកាន់​សហរដ្ឋអាមេរិក ខណៈ​ជប៉ុន និង​ចិន ក៏​ជាទី​ផ្សារ​សំខាន់​សម្រាប់​ផលិតផល​ឈើ​របស់​វៀតណាម​ផង​ដែរ។

ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន អះអាង​ថា ប្រព័ន្ធ​ផ្ទៀងផ្ទាត់​របស់​វៀតណាម ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ឯកសារ​ដែល​ចេញ​ដោយ​អាជ្ញាធរ​នៃ​ប្រទេស​ផលិត​ឈើ​។ ការពឹងផ្អែក​បែបនេះ​បង្កើត​ឱ្យ​មាន​ចំណុចខ្សោយ​ជា​ប្រព័ន្ធ នៅក្នុង​ប្រទេស​ដែល​មាន​បញ្ហា​អភិបាលកិច្ច និង​កន្លែង​ដែល​ឯកសារ​ផ្លូវការ​អាច​ត្រូវ​បាន​កែប្រែ ឬ​បន្លំ។

អង្គការ​អន្តរជាតិ​មួយ​នេះ បញ្ជាក់​ថា ឈើ​ដែល​កាប់​លើស​ពី​ដែន​កំណត់​អាជ្ញាប័ណ្ណ ឈើ​ដែល​កាប់​ក្រោម​កូតា​ពាក់ព័ន្ធ​នឹង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ឬ​ឈើ​ដែល​យក​ចេញពី​តំបន់​ព្រៃ​ការពារ អាច​ត្រូវ​បាន​បញ្ជូន​ទៅ​រោងចក្រ​កែច្នៃ ដែល​នៅ​ទីនោះ​វា​ត្រូវ​បាន​លាយ​បញ្ចូល​ជាមួយ​ឈើ​ស្របច្បាប់ ហើយ​ទទួល​បាន​ឯកសារ​ដែល​អនុញ្ញាត​ឱ្យ​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ។

របាយការណ៍​នេះ​ក៏​ផ្តោត​លើ​ក្រុមហ៊ុន​ធី​.​អេស​.​អិ​ម​.​ដា​ប់បែល​យូ ឯ​.​ក (T.S.M.W. Co. Ltd) ដែល​ចុះបញ្ជី​នៅ​កម្ពុជា និង​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​របស់​ប្រទេស​កូរ៉េ​ដែល​មាន​លោក ម៉ឹក សុផាន់ណារ៉េត ហៅ​ឧកញ៉ា ជ័យ ជា​អ្នកគ្រប់គ្រង។ ក្រុមហ៊ុន​នេះ​បាន​ប្រើប្រាស់​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្តស្ទឹងត្រែង ជា​របាំង​សម្រាប់​ការ​កាប់​ឈើ​ខុសច្បាប់​។ ក្រុមហ៊ុន​នេះ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ ១០,០០០ ហិកតារ នៅក្នុង​ឧទ្យាន​ជាតិ​វើនសៃ​-​សៀម​ប៉ាង ក្នុង​ឆ្នាំ​២០២២ ហើយ​បាន​បង្កើត​រោង​អារឈើ ដើម្បី​កែច្នៃ​ឈើ ដែល​កាប់​ពី​តំបន់​ព្រៃ​ការពារ មុននឹង​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម។ ចន្លោះ​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៤ ក្រុមហ៊ុន​នេះ​បាន​នាំចេញ​ឈើ​អារ​ជាង ១០០ លើក​ទៅកាន់​ប្រទេស​វៀតណាម។

របាយការណ៍​នេះ​ក៏​អះអាង​ដែរ​ថា ពាណិជ្ជករ​ឈើ​វៀតណាម​មួយចំនួន បាន​ដើរ​តួនាទី​យ៉ាងសកម្ម​ក្នុង​ការទិញ និង​ដឹកជញ្ជូន​ឈើ​តាម​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ទាំងនេះ ដោយ​សហការ​ជាមួយ​ប្រតិបត្តិ​ករ​នៅ​កម្ពុជា និង​ឡាវ ដើម្បី​រៀបចំ​ឯកសារ និង​ដឹកជញ្ជូន​ឈើ​ឆ្លងដែន។

របាយការណ៍​ខាងលើ​បាន​បញ្ជាក់​ថា ទោះបី​មានការ​ផ្ទេរអំណាច​នយោបាយ​នៅ​កម្ពុជា ពី​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ទៅកាន់​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ក៏ដោយ បរិយាកាស​សម្រាប់​ការ​តាមដាន​ធនធាន​ព្រៃឈើ​ដោយ​ឯករាជ្យ នៅតែ​ស្ថិត​ក្រោម​ការ​រឹតត្បិត​យ៉ាង​ខ្លាំង។

អ្នកការពារ​បរិស្ថាន អ្នកសារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល ដែល​ស៊ើបអង្កេត​ករណី​កាប់​ឈើ​ខុសច្បាប់ នៅតែ​ប្រឈម​នឹង​ការ​ចាប់ខ្លួន វិធានការ​ផ្លូវច្បាប់ ដែល​ធ្វើ​ឱ្យ​ការ​ផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​លើ​សកម្មភាព​នៅក្នុង​តំបន់​ព្រៃ​ការពារ កាន់តែ​ពិបាក​។ ជាក់ស្តែង លោក អ៊ូច ឡេង និង​សហការី​ចំនួន​ប្រាំ​នាក់ បាន​ចូល​ទៅ​ក្នុង​ឧទ្យាន​ជាតិ​វើនសៃ​-​សៀម​ប៉ាង ក្នុង​ខេត្តស្ទឹងត្រែង កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២៤ ចំណាយពេល​ជាច្រើន​ថ្ងៃ ប្រមូល​ភស្តុតាង អំពី​ការ​កាប់​ឈើ​ខុសច្បាប់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន។

ម្ចាស់​ពានរង្វាន់​បរិស្ថាន​ពិភពលោក និង​ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង ដែល​ទទួល​បាន​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​អូស្ត្រាលី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ទោះបីជា​នៅក្នុង​ស្ថានភាព​ប្រទេស​កម្ពុជា​មាន​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ ក៏ដោយ​ក៏​នៅ តែ​មាន​ការ​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង និង​កាន់តែ​ខ្លាំង​ឡើងៗ។

លោក អ៊ូច ឡេង ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ខាង​ក្រុមហ៊ុន​វៀតណាម បាន​បង្ហោះ​នៅ​លើ Facebook របស់​គេ​ដាក់​លក់​ឈើ​បាន​មក​ពី​ស្រុក​ខ្មែរ​និង​ប្រទេស​ឡាវ ដើម្បី​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​អន្តរជាតិ​។ ប្រទេស​វៀតណាម មិន​ខ្វល់ខ្វាយ​អំពី​អាជ្ញាប័ណ្ណ​នាំ​ឈើ​ចេញ​ស្របច្បាប់ ឬ​មិន​ស្របច្បាប់​ទេ​គឺ​ធ្វើ​យ៉ាងណា ប្រមូល​ឈើ​គ្រប់​ទីកន្លែង​ទាំង​អស់ពី​ប្រទេស​កម្ពុជា ដូចជា​នៅ​តំបន់​កន្ទុយ​នាគ នៅ​តំបន់​ថ្មដា នៅ​ភ្នំ​ព្រេច​ជាដើម​។ នេះ​ជា​ការ​បង្ហាញ​អំពី​ការ​លាង​ឈើ​ឆ្លងដែន​ពី​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ។

លោក អ៊ូច ឡេង៖ «នេះ​ជា​ករណី​រត់ពន្ធ​ឈើ​ឆ្លងដែន​ជា​លក្ខណៈ​ប្រព័ន្ធ​មួយ​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​វៀតណាម និង​រដ្ឋាភិបាល​ចិន ដែល​ក្រុមហ៊ុន​ទាំងនោះ​បាន​នាំ​ឈើ​ចេញពី​ប្រទេស​កម្ពុជា​និង​ប្រទេស​ឡាវ ជាច្រើន​ឆ្នាំ​មក​ហើយ ឆ្នាំ​ណា​ក៏ដូចជា​ឆ្នាំ​ណា ដែល​មិនអាច​បញ្ចប់​បាន​។ គេ​ដឹកឈើ​ទាំង​ថ្ងៃ ដឹកឈើ​ទាំងយប់​ដើម្បី​បញ្ជូន​ទៅ​ផ្គត់ផ្គង់​នៅ​ទីផ្សារ​ប្រទេស​វៀតណាម រួច ហើយ​គេ​ដឹក​បន្ត​ទៅ​ទីផ្សារ​អន្តរជាតិ»។

លោក អ៊ូច ឡេង បាន​បន្ថែម​ថា រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ តែងតែ​លើកឡើង​ពី​ប្រព័ន្ធ​ការពារ​បរិស្ថាន ឬ​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ តែ​នេះ​គ្រាន់តែ​ជា​ការ​ឃោសនា​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ​ប៉ុណ្ណោះ ខណៈ​ឧក្រិដ្ឋកម្ម​ព្រៃឈើ និង​ការបំផ្លាញ​បរិស្ថាន​ដែល​មាន​ការរៀបចំ​កំពុង​កើតមាន​ឡើងជា​បន្តបន្ទាប់​។ លោក​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនោះ​មិនដែល​មានការ​ប្តេជ្ញា​ចិត្ត​ពិតប្រាកដ ក្នុង​ការ​ការពារ​ព្រៃឈើ​ឡើយ ផ្ទុយទៅវិញ គេ​តែងតែ​សម្លឹង​រក​វិធី​ក្នុង​ការ​កេងប្រវ័ញ្ច និង​ទាញ​យក​ផលប្រយោជន៍​ពី​ព្រៃឈើ​នៅ​គ្រប់ពេលវេលា និង​គ្រប់​គម្រោង​វិនិយោគ។

កាលពី​ខែ​មីនា ឆ្នាំ​២០២៣ សារព័ត៌មាន Mongabay បាន​លាតត្រដាង ពី​តារាង​រចនាសម្ព័ន្ធ​ឧក្រិដ្ឋជន​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​ដែល​មាន​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ជា​អ្នកគ្រប់គ្រង​កំពូល និង​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​គឺជា​អ្នកគ្រប់គ្រង​កំពូល​លំដាប់​ទី​២​។ លោក ហ៊ុន ម៉ាណែត គឺជា​អ្នកគ្រប់គ្រង​លើ​រចនាសម្ព័ន្ធ​ឧក្រិដ្ឋជន​ថ្នាក់ក្រោម​ដោយ​ផ្ទាល់ ដូចជា ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅ​ឧកញ៉ា ជ័យ ដែល​ល្បីល្បាញ​ខាង​រកស៊ី​ឈើ​ខុសច្បាប់​នៅ​កម្ពុជា​រហូត​មក​នោះ លើស​ពី​នេះ ក៏​មាន​ឧកញ៉ា ផ្សេងទៀត​ដែរ ដូចជា ឧកញ៉ា ទ្រី ភាព ហៅ​ស្តេច​គ្រញូង និង​ឧកញ៉ា លី យ៉ុងផាត់ ហៅ​ស្តេច​កោះកុង ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ