

គណៈកម្មាធិការសន្តិសុខជាតិថៃបានអះអាងថា ការសាងសង់របងជញ្ជាំងអចិន្ត្រៃយ៍ចាប់ពីបង្គោលព្រំដែនលេខ៥២ ដល់៥៤ ដែលស្ថិតនៅខេត្តចន្ទបុរី ជាប់នឹងខេត្តបាត់ដំបង សម្រេចបានជាង៦០០ម៉ែត្រ ឬស្មើនឹង៥០ភាគរយហើយ។ ក្រៅពីនេះ ភាគីថៃក៏បានលើកឡើងពីគម្រោងសាងសង់របងព្រំដែនអចិន្ត្រៃយ៍នៅតាមបង្គោលព្រំដែនកម្ពុជា ជាបន្តបន្ទាប់ទៀត ដោយភាគីថៃបានអះអាងថា ដើម្បីពង្រឹងសន្តិសុខនៅតាមព្រំដែន។
គណៈកម្មាធិការសន្តិសុខជាតិរបស់ថៃ បានលើកឡើងកាលពីពេលថ្មីៗនេះ ដោយសម្ដែងការពេញចិត្តចំពោះទាហានកងវិស្វកម្មថៃ ដែលបានសាងសង់របងព្រំដែនកម្ពុជា-ថៃជាលើកដំបូងនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៤ ដែលមានប្រវែងជាង១ពាន់៣រយម៉ែត្រ ដោយសម្រេចបានពាក់កណ្ដាលទៅតាមផែនការដែលបានកំណត់។
គណៈកម្មាធិការសន្តិសុខជាតិថៃ បានបញ្ជាក់ថា របងព្រំដែនអចិន្ត្រៃយ៍ ដែលជាគម្រោងសាងសង់ដំណាក់កាលទី១នេះ នឹងត្រូវបញ្ចប់នៅក្នុងខេត្តកក្កដា នេះ ហើយយោធាថៃនឹងបន្តសាងសង់របងព្រំដែនអេឡិចត្រូនិក និងរបងជញ្ជាំងបេតុងបន្ថែមទៀត ចាប់ពីទីតាំងបង្គោលព្រំដែនលេខ៥៤ ដល់លេខ៥៩ ដែលមានប្រវែង ៦គីឡូម៉ែត្រ និងបន្តសាងសង់ដល់បង្គោលព្រំដែនលេខ៦៦។
របងអចិន្ត្រៃយ៍ដែលយោធាថៃកំពង់សាងសង់នេះ គឺមានទីតាំងចាប់ពីភូមិសាស្ត្រឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង រហូតទៅដល់សង្កាត់បរយ៉ាខា ខេត្តប៉ៃលិន។ គណៈកម្មាធិការសន្តិសុខជាតិថៃ បានលើកឡើងថា ការសាងសង់របងព្រំដែននេះ ប្រសិនបើភាគីថៃមិនធ្វើអត្តនោម័តិធ្វើជាឯកតោភាគីនោះទេ ទោះចរចា១០០ឆ្នាំទៀត ក៏ភាគីកម្ពុជាមិនឯកភាពឱ្យសាងសង់នោះឡើយ។ ទន្ទឹមគ្នានេះ ភាគីថៃបានអះអាងថា ការសាងសង់របងព្រំដែននេះ គឺធ្វើឡើងតែក្នុងទីតាំងភាគីទាំងពីរបានវាស់វែង និងកំណត់បង្គោលព្រំដែនច្បាស់លាស់។
ទោះជាបែបនេះក្ដី កម្ពុជាតាមរយៈក្រសួងការបរទេស ធ្លាប់បានចេញលិខិតតវ៉ាប្រឆាំងនឹងសកម្មភាពសាងសង់របងព្រំដែនឯកតោភាគីរបស់ភាគីថៃ និងបានចាត់ទុកការសាងសង់នេះ គឺផ្ទុយទៅនឹងកិច្ចព្រមព្រៀងរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) និងបានប៉ះពាល់ទៅលើការដាំបង្គោលព្រំដែនបណ្ដោះអាសន្ន។
បន្ថែមពីលើនេះ ពលរដ្ឋខ្មែរដែលរស់នៅ និងអាស្រ័យផលក្បែរតំបន់បង្គោលព្រំដែន ដែលភាគីបានសាងសង់របងអចិន្ត្រៃយ៍នេះ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ថា យោធាថៃបានរំកិលបង្គោលព្រំដែននៅតាមមាត់អូរធម្មជាតិ ដែលជាខ្សែបន្ទាត់ព្រំដែនបណ្ដោះអាសន្ន ចូលក្នុងទឹកដីកម្ពុជារាប់រយម៉ែត្រ ដែលធ្វើឱ្យដីស្រែចម្ការរបស់ពលរដ្ឋខ្មែរជាច្រើនហិកតារ ត្រូវបាត់បង់ទៅកាន់ប្រទេសថៃ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា និងអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៣ ខែកក្កដា។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត លើកឡើងថា ការសាងសង់របងព្រំដែនអចិន្ត្រៃយ៍របស់ភាគីថៃ បានបំពានច្បាប់អន្តរជាតិ និងបង្កប់នូវសកម្មភាពឈ្លានពាន ព្រោះការសាងសង់របងនេះ គ្មានការឯកភាពពីភាគីកម្ពុជា ដែលជាប្រទេសជិតខាង និងមិនបានផ្ទៀងផ្ទាត់បង្គោលព្រំដែនឱ្យបានច្បាស់លាស់នោះឡើយ។
លោក ម៉ែន ណាត៖ «ថៃគេមានផែនការសាងសង់ ធ្វើរបងបេតុង ធ្វើបន្លាលួស ធ្វើលេណដ្ឋានអី គ្រប់បែបយ៉ាងទាំងអស់ គឺជា ផែនការវែងឆ្ងាយយូរអង្វែងក្នុងការគ្រប់គ្រងទឹកដីខ្មែរដែលគេកាន់កាប់រាល់ថ្ងៃហ្នឹង ហើយគេអាចពង្រីកបានគឺគេបន្តពង្រីកថែមទៀត។ ក្នុងរឿងនេះ សូមអំពាវនាវដល់រដ្ឋាភិបាលលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ហ្នឹង កុំធ្វើលំៗអញ្ចឹងទៀត ក្នុងរឿងបញ្ហា សៀមឈ្លានពាននេះ ត្រូវតែប្រញាប់ប្ដឹងថៃទៅតុលាការអន្តរជាតិ»។
យ៉ាងណាក៏ដោយ គណៈកម្មាធិការសន្តិសុខជាតិថៃ បានប្រកាសថា ភាគីថៃនឹងពង្រីកគម្រោងសាងសង់របងអចិន្ត្រៃយ៍តាមព្រំដែននេះ ទៅកាន់តំបន់មួយចំនួនទៀតដែលកំពុងមានភាពតានតឹងជាមួយកម្ពុជា ដោយមិនខ្វល់ពីការតវ៉ារបស់កម្ពុជានោះឡើយ។
ក្រៅពីប្រកាសអំពីការវិវឌ្ឍនៃគម្រោងសាងសង់របងព្រំដែនអចិន្ត្រៃយ៍ហើយនោះ គណៈកម្មាធិការសន្តិសុខជាតិថៃក៏បានលើកឡើងអំពីការច្រឹបយកទឹកដីកម្ពុជា សរុបប្រហែល២ហិកតារ នៅតាមតំបន់ព្រំដែនខេត្តប៉ៃលិន និងខេត្តបាត់ដំបង ក្នុងរយៈពេលថ្មីៗនេះ យកមកដាក់បញ្ចូលក្នុងទឹកដីរបស់ប្រទេសថៃ។ គណៈកម្មាធិការសន្តិសុខជាតិថៃ បានហៅសកម្មភាពនេះថា គឺជាយុទ្ធសាស្ត្រច្បាំងយកទឹកដី ដោយមិនចាំបាច់ផ្ទុះអាវុធ៕








