

សកម្មជនបរិស្ថានថា មន្ត្រីបរិស្ថានខេត្តព្រះវិហារគេចវេសមិនទទួលខុសត្រូវ ចំពោះការបាត់បង់ព្រៃឈើនៅតំបន់ព្រៃឡង់ ដែលជនល្មើសកាប់ទន្ទ្រានដីព្រៃរាប់សិបហិកតារ។ ការលើកឡើងនេះ បន្ទាប់ពី មន្ត្រីបរិស្ថានខេត្តព្រះវិហារ ចេញលិខិតថ្កោលទោស ជនល្មើសដែលកាប់ទន្ទ្រានដីព្រៃនៅតំបន់ព្រៃឡង់ ដោយមន្ត្រីបរិស្ថានខេត្តនេះ មិនបានអនុវត្តច្បាប់ទៅលើជនល្មើសទាំងអស់នេះឡើយ។
ក្រោយសកម្មជនបរិស្ថានផ្សព្វផ្សាយ បទល្មើសកាប់ទន្ទ្រានដីព្រៃក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ មន្ត្រីបរិស្ថានទទួលស្គាល់ថា នៅតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ពិតជាមានការកាប់ទន្ទ្រានដីព្រៃនៅតំបន់ការពារព្រៃឡង់មែន។ ប៉ុន្តែសកម្មជនបរិស្ថានចង់ឲ្យមន្ត្រីបរិស្ថានចាត់វិធានការច្បាប់ទៅក្រុមជនល្មើសទាំងនោះ មិនមែនចង់ឲ្យលិខិតថ្កោលទោស ដោយមិនចាត់វិធានការច្បាប់នោះឡើយ។
សកម្មជនការពារព្រៃឡង់ខេត្តព្រះវិហារ លោក ខេម សុឃី អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៣ ខែកក្កដាថា នេះមិនមែនជាលើកទីមួយនោះទេ ដែលមន្ត្រីបរិស្ថានទទួលស្គាល់ការកាប់ទន្ទ្រានដីព្រៃ តែមិនព្រមស្វែងរកជនល្មើស និងអ្នកដែលបណ្ដែតបណ្ដោយ ឲ្យមានបទល្មើសយកទៅផ្ដន្ទាទោសតាមច្បាប់។
លោក ខេម សុឃី៖ «ការយល់ឃើញរបស់ខ្ញុំការដែលចេញលិខិតថ្កោលទោសមិនមែន ជាភារកិច្ចរបស់ក្រសួងបរិស្ថានទេ តួនាទីគឺអនុវត្តច្បាប់ បង្ក្រាបបទល្មើសជាក់ស្ដែង ការថ្កោលទោសមិនមែនជាការល្អទេ មិនមែនការអភិវឌ្ឍន៍ទៅមុខទេ ដើរថយក្រោយហើយ»។
រីឯសកម្មជនបរិស្ថាន និង សិទ្ធិមនុស្ស លោក ម៉ា ចិត្រា បានសរសេរបង្ហោះលើបណ្ដាញសង្គម នៅថ្ងៃទី០៣ ខែកក្កដាថា តើការចេញលិខិតថ្កោលទោស ចំពោះការកាប់ទន្ទ្រានដីព្រៃចំនួន៣០ហិកតារ ដើម្បីគេចយករួចខ្លួនរបស់មន្ត្រីបរិស្ថានឬយ៉ាងណា?
ចំណែកពលរដ្ឋម្នាក់ឈ្មោះ ម៉ៃ វុទ្ធី បានបង្ហោះសារទៅកាត់ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារថា ការចេញលិខិតថ្កោលទោសនោះ ជារឿងមួយទៅហើយ ប៉ុន្តែអ្វីដែលលោកចង់ឃើញ គឺត្រូវស្វែងរកជនល្មើសយកមកអនុវត្តច្បាប់ មិនមែនចេញលិខិតមួយសន្លឹកហើយ បញ្ចប់ត្រឹមនេះនោះទេ។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក មឿន សុភេទ ដើម្បីសុំការឆ្លើយតបបានទេ នៅថ្ងៃទី៣ ខែកក្កដា។
ទោះជាយ៉ាងណា កាលពីថ្ងៃទី២ ខែកក្កដា មន្ទីរបរិស្ថានខេត្តព្រះវិហារ បានចេញលិខិតថ្កោលទោស ទៅលើជនល្មើសដែលបានកាប់ទន្ទ្រានដីព្រៃ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ដែលមានទំហំ៣០ហិកតារ នៅត្រង់ចំណុចព្រំប្រទល់ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។ នៅក្នុងលិខិតដដែលនេះ មិនបានបង្ហាញពីជនសង្ស័យ ឬជនល្មើសនោះឡើយ តែយ៉ាងណា មន្ទីរបរិស្ថានខេត្តព្រះវិហារថា ប្ដេជ្ញាអនុវត្តច្បាប់ទៅលើបុគ្គលដែលឃុបឃិតគ្នាប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។
ចំណែក អ្នកស្រាវជ្រាវ និងឃ្លាំមើលធនធានធម្មជាតិនៅកម្ពុជា លោក សេង សុខហេង ប្រាប់ទូរទស្សន៍អាស៊ីសេរីថា តួនាទីរបស់មន្ត្រីបរិស្ថានត្រូវទប់ស្កាត់កុំឲ្យមានការបំផ្លាញធនធានធម្មជាតិ និងស្វែងរកជនល្មើសដែលបានប្រព្រឹត្តមកផ្ដន្ទាទោស មិនមែននាំគ្នាអង្គុយចេញលិខិតថ្កោលទោសបែបនេះឡើយ ហើយលិខិតនេះមិនមែនជាវិធានការផ្លូវច្បាប់ និងមានទម្ងន់ទៅលើជនល្មើសនោះឡើយ។
លោក សេង សុខហេង៖ «មន្ត្រីដែលទទួលបន្ទុកការងារនៅតំបន់នោះត្រូវតែអនុវត្តច្បាប់អ្នកណាប្រព្រឹត្តត្រូវតែផ្ដន្ទាទោសតាមច្បាប់បានចែង មិនអាចលើកលែងបានទេ ករណីនេះយើងឃើញថាគ្រាន់តែចេញលិខិតថ្កោលទោស យើងគួរអនុវត្តច្បាប់ស្មើៗគ្នា អ្នកប្រព្រឹត្តខុសច្បាប់ត្រូវទទួលទោសតាមច្បាប់ មិនមែនចេញលិខិតថ្កោលទោសនោះទេ វាមិនមានទម្ងន់នោះទេ មិនមែនការឈានដល់ការអនុវត្តច្បាប់ត្រឹមត្រូវច្បាប់បានចែងទេ»។
ដែនជម្រកសត្វព្រៃព្រៃឡង់មានផ្ទៃដីជិត ៥សែន (៤៨៩.៦៦៣) ហិកតារ ជាប់ខេត្តចំនួន៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ត្រូវបានរដ្ឋាភិបាល បង្កើតជាតំបន់ដែនជម្រកសត្វព្រៃនៅក្នុងឆ្នាំ២០១៦។ ប៉ុន្តែរយៈពេលជិត ១០ឆ្នាំមកនេះ អង្គការជាតិនិងអន្តរជាតិ បានចេញរបាយការណ៍ជាបន្តបន្ទាប់ថា ដែនជម្រកសត្វព្រៃព្រៃឡង់តែងតែរងការកាប់ឈើធ្វើអាជីវកម្ម និងកាប់ទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញ និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនៅជុំវិញតំបន់នោះយ៉ាងអនាធិបតេយ្យ។ បច្ចុប្បន្នដែនជម្រកសត្វព្រៃព្រៃឡង់ ត្រូវបានក្រុមហ៊ុនឯកជនចំនួន៥ កំពុងច្បាមយកធនធានរ៉ែផ្សេងគ្នា នៅជុំវិញតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ ស្ទឹងត្រែង កំពង់ធំ និងខេត្តក្រចេះ ហើយកំពុងបំផ្លាញធនធានធម្មជាតិនៅតំបន់ព្រៃឡង់ធ្ងន់ធ្ងរ៕








