

អ្នកឃ្លាំមើលលើកឡើងថា ប្រជាពលរដ្ឋដែលមេបក្សកាន់អំណាច លោក ហ៊ុន សែន តាមធ្វើទុក្ខបុកម្នេញ និងចាប់ដាក់ពន្ធនាគារ ជាបន្តបន្ទាប់ តាមពិតមិនមែន ជាអ្នកដែលប៉ុនប៉ងចង់ផ្ដួលរំលំត្រកូល«ហ៊ុន»ចេញពីអំណាចនោះទេ ផ្ទុយទៅវិញ គឺអ្នកដែលហ៊ានបញ្ចេញមតិ ឈឺឆ្អាល បញ្ហាសង្គម និងនយោបាយ។ ការលើកឡើងនេះ ក្រោយពីអាជ្ញាធរក្រុងភ្នំពេញបន្តចាប់ខ្លួនអ្នកនយោបាយបក្សប្រឆាំង និងពលរដ្ឋ ដាក់ពន្ធនាគារ តាមទំនើងចិត្តផ្ទុយទៅនឹងច្បាប់ និងសិទ្ធិមនុស្សជាសកល។
ចាប់តាំងពីប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានរំលឹកជាថ្មី អំពីយុទ្ធនាការ«ងើបមួយវាយមួយ» មកលើពលរដ្ឋដែល លោកចោទថា ចង់ប៉ុនប៉ងផ្ដួលរំលំត្រកូល«ហ៊ុន» មក ប្រជាពលរដ្ឋ និងសកម្មជនដែលប្រើប្រាស់សិទ្ធិបញ្ចេញមតិស្របច្បាប់អំពីបញ្ហាសង្គម និងបញ្ហាព្រំដែន បានក្លាយជាគោលដៅនៃការតាមធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង និងការចាប់ខ្លួនជាបន្តបន្ទាប់។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៦ ខែកក្កដា ថា លោក ហ៊ុន សែន ដឹកនាំ ប្រទេសជាតិ ជាងបួនទសវត្សរ៍មកនេះ បានបង្កើត រឿងអយុត្តិធម៌ ជាច្រើន រួមនឹងការរំលោភសិទ្ធិ បង្កើនមន្ត្រីពុករលួយ គ្រប់ជាន់ថ្នាក់ និងបំផ្លាញប្រព័ន្ធនីតិរដ្ឋជាដើម។ លោកបន្តថា ថ្មីៗនេះ ទាំងលោក និងលោក ហ៊ុន ម៉ាណែត បានធ្វើឱ្យទឹកដីខ្មែរ ជាច្រើននៅតាមបណ្ដោយព្រំដែន ត្រូវបាន បាត់បង់ ដោយសារតែ យោធាថៃបង្កសង្គ្រាមឈ្លានពាន ហើយរដ្ឋាភិបាលឪពុកកូននេះគឺ គ្មាន សមត្ថភាព ទាមទារយកមកវិញបាននោះទេ ដូច្នេះ លោក ហ៊ុន សែន គ្មានជម្រើសអ្វីក្រៅតែពីការ គំរាមហែង និងចាប់ពលរដ្ឋ និងអ្នកនយោបាយដាក់ពន្ធនាគារ ដើម្បីកុំឱ្យឈឺឆ្អាលរឿងសង្គម និង នយោបាយ។
លោកថា ជារឿងដែលគួរឱ្យសោកស្ដាយ មួយរយៈពេលចុងក្រោយនេះ លោក ហ៊ុន សែន ហាក់ ភ័យខ្លាចបាត់បង់អំណាចជ្រុល រហូតតាមធ្វើទុក្ខបុកម្នេញ មកលើពលរដ្ឋ និងអ្នកនយោបាយ បក្សប្រឆាំង ដោយគ្រាន់តែ ពួកគាត់បញ្ចេញមតិរិះគន់ និងឈឺឆ្អាលបញ្ហាសង្គម បញ្ហាទឹកដី និង អធិបតេយ្យជាតិ។
លោក ស៊ឹង សែនករុណា៖ «មានការធានាទៅលើសុវត្ថិភាព ការរស់នៅរបស់ប្រជាពលរដ្ឋ ទៅលើជីវភាពប្រជាពលរដ្ឋឲ្យមានភាពរីកចម្រើនអ្វីទាំងនេះ ខ្ញុំគិតថាអាហ្នឹងគឺជារឿងដែលគួរធ្វើឲ្យកាន់តែល្អប្រសើរ មិនមែនទៅប្រើមធ្យោបាយបែប(ចាប់ខ្លួនពលរដ្ឋ)នេះទេ។ ហើយការប្រើមធ្យោបាយបែបនេះ ខ្ញុំគិតថា មិនអាចធ្វើអស់ទេ វាអាចនឹងធ្វើឲ្យមានការងើបឈរ កាន់តែខ្លាំងឡើង ការរមិលគុណកាន់តែខ្លាំងឡើងទៅវិញទេ។ ពីព្រោះសង្គមហ្នឹងពោរពេញទៅដោយបញ្ហា អ្នកណានិយាយអ្វីក៏ត្រូវដែរ គ្មានអ្វីខុសទេ ដោយសារតែបញ្ហាហ្នឹងកំពុងតែកើតមានឡើងហ្នឹងឯង។ អញ្ចឹងគួរតែ បញ្ឈប់ទៅលើរឿងហ្នឹងទៅ គួរតែ គិត គួររកដំណោះស្រាយ កែលម្អ កែលម្អខ្លួន ដោយភាពស្មោះត្រង់ ទទួលខុសត្រូវទៅលើការដឹកនាំរបស់ខ្លួនឲ្យល្អប្រសើរ ឲ្យរស់បានទាំងអស់គ្នាទៅ អាហ្នឹងគឺតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់រូបហើយ បាទ»។
ការលើកឡើងនេះ ក្រោយពីលោក ហ៊ុន សែន បានប្រកាសពីយុទ្ធនាការ«ងើបមួយវាយមួយ»ចំពោះអ្នកទាំងឡាយណា ដែលលោកចោទថា ចង់ប៉ុនប៉ងរដ្ឋាភិបាល ហើយក្រោយពីការប្រកាសនេះ គេសង្កេតឃើញថា អាជ្ញាធរ ពាក់ព័ន្ធ បានយកទៅអនុវត្តយ៉ាងមានប្រសិទ្ធភាព ខណៈដែលសព្វថ្ងៃ មានពលរដ្ឋ និងអ្នកនយោបាយបក្សប្រឆាំង ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារជា បន្តបន្ទាប់ ទាំងព្រះសង្ឃ គ្រូបង្រៀន អ្នកនយោបាយ។ តាមការកាត់ត្រារបស់អង្គការពារសិទ្ធិមនុស្សលីកាដូ រកឃើញថា មានសកម្មជននយោបាយ សកម្មជនបរិស្ថាន សហជីព និងពលរដ្ឋ ទាំងថ្មី ទាំងចាស់ ដែលត្រូវបានរដ្ឋាភិបាលបញ្ជាឱ្យចាប់ខ្លួន ដាក់ពន្ធនាគារ បានកើនឡើង ដល់១១៩នាក់ ខណៈពលរដ្ឋ រាប់រយនាក់ទៀត បានរត់ភៀស ខ្លួនទៅក្រៅប្រទេស ក្រោយពីអ្នកទាំងនោះបាន ប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិ ឈឺឆ្អាលបញ្ហាសង្គមនិងនយោបាយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Right Watch កាលពីដើមឆ្នាំ២០២៦ បានបង្ហាញក្ដីបារម្ភជាខ្លាំង អំពីស្ថានភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ដែលបន្តធ្លាក់ចុះ។ ស្ថាប័នអន្តរជាតិនេះ បានរៀបរាប់ថា ចាប់តាំងពីលោក ហ៊ុន ម៉ាណែត បានក្លាយជានាយករដ្ឋមន្ត្រី ក្នុងឆ្នាំ២០២៣មក ស្ថានភាពសិទ្ធិ មនុស្សបានបន្តធ្លាក់ចុះដុនដាបកាន់តែខ្លាំងព្រោះរដ្ឋាភិបាលកម្ពុជាបានបង្កើនការ បង្ក្រាបគ្រប់ទម្រង់ មកលើពលរដ្ឋ អ្នកនយោបាយបក្សប្រឆាំង និងអង្គការ សង្គមស៊ីវិល ដែលប្រើប្រាស់សិទ្ធិសេរីភាព រិះគន់ពីភាពអសកម្មរបស់រដ្ឋាភិបាល។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បន្តថា គណបក្សកាន់អំណាច ដែលគ្រប់គ្រងលើអំណាចរដ្ឋទាំងអស់ រួមទាំងប្រព័ន្ធតុលាការ ផងនោះ តែងតែដាក់ទណ្ឌកម្មលើ អ្នករិះគន់ ដោយការចាប់ខ្លួន ដាក់ពន្ធនាគារទាំងបំពានច្បាប់ រួចហើយបង្ខំឱ្យពលរដ្ឋសារភាព ឬសុំទោស លោក ហ៊ុន សែន និង រដ្ឋាភិបាលកម្ពុជា ជាសាធារណៈ ដើម្បីបានរួចផុតពីការឃុំខ្លួន និងការចោទប្រកាន់។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានរិះគន់ថា ទង្វើដែលរដ្ឋាភិបាលកម្ពុជាធ្វើនេះ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ហើយ គួរតែគោរពសិទ្ធិមនុស្សឱ្យបានពេញលេញឡើងវិញ៕








