លោក ហ៊ុន សែន រង​ការ​រិះគន់​ថា ជា​អ្នកផ្ដល់​គំរូ​អាក្រក់​ដល់​មន្ត្រី​ថ្នាក់ក្រោម

0
121
ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន ថ្លែងពីជួបជនភៀសសឹក​ នៅខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី៩ មិថុនា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន ថ្លែងពីជួបជនភៀសសឹក​ នៅខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី៩ មិថុនា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អ្នកឃ្លាំមើល រិះគន់​មេ​បក្ស​កាន់អំណាច លោក ហ៊ុន សែន ថា ជា​អ្នកផ្ដល់​គំរូ​អាក្រក់ ដល់​មន្ត្រី​ថ្នាក់ក្រោម ពាក់ព័ន្ធ​ការ​ចាប់ខ្លួន​ពលរដ្ឋ ដាក់​ពន្ធនាគារ​មិន​រើសមុខ ការ​អភិវឌ្ឍ រំលោភ​ដីធ្លី​ពលរដ្ឋ និង ការ​ច្បាម​យក​អំណាច តាមរយៈ​ការ វាយកម្ទេច​គូប្រជែង នយោបាយ​។ ជាមួយគ្នា​នោះ ពួកគាត់​ថា មន្ត្រី​ធំៗ និង​ឧកញ៉ា​ដែល​នៅ​ជុំវិញ លោក ហ៊ុន សែន ភាគច្រើន​សុទ្ធសឹងតែ រកស៊ី​បាន​មក​ពី​ការ ប្រព្រឹត្ត​អំពើពុករលួយ ការ​ឆបោក​អ្នកដទៃ និង​កា​រឆក់ប្លន់​ដីធ្លី ពលរដ្ឋ មិន​ញញើត​ដៃ​។ ការ​លើកឡើង​នេះ ក្រោយពី លោក ហ៊ុន សែន បាន​ប្រៀនប្រដៅ​ដល់​មន្ត្រី​ថ្នាក់ក្រោម ឱ្យ​បម្រើ​ប្រជាពលរដ្ឋ ដោយ​ស្មោះ​ត្រង់ និង​មិន​ត្រូវធ្វើ ជា​ចៅហ្វាយ​នោះ​ទេ ហើយ​លោក​ថា​ការបម្រើ​ពលរដ្ឋ ដោយ​ស្មោះ​ត្រង់ នឹង​មិន​រង​ការ ជេរប្រមាថ ឬ​ការ ស្ដីបន្ទោស​ពី​ពលរដ្ឋ​នោះ​ឡើយ។

អ្នកឃ្លាំមើល​លើកឡើង​ថា ច្រើន​ទសវត្សរ៍​មក​ហើយ​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ ពុំ​ទាន់​ទទួល​បាន មេដឹកនាំ​ល្អ និង​មន្ត្រីរាជការ ដែល​ធ្វើ​ការងារ​បម្រើ​ពលរដ្ឋ ប្រកបដោយ​ភាព​ថ្លៃថ្នូរ​នោះ​ទេ រហូត មកទល់​បច្ចុប្បន្ន ។ ពួកគាត់​ថា ការ​រំពឹង​ថា នឹង​មាន​មន្ត្រីរាជការ និង​អ្នកនយោបាយ​បក្ស កាន់អំណាច ងាក​មក​ធ្វើ​រឿង ដែល​ត្រឹមត្រូវ និង​គិត​ពី​ផលប្រយោជន៍​ពលរដ្ឋ​ជាធំ គឺជា​រឿង​ដ៏​ពិបាក​បំផុត ប៉ុន្តែ​ទោះជា​យ៉ាងណា ពួកគាត់ នៅតែ​ជំរុញ​ឱ្យ រដ្ឋាភិបាល លោក ហ៊ុន សែន និង​លោក ហ៊ុន សែន គួរតែ​ធ្វើជា​គំរូ​ល្អ ហើយ​រៀន​កែប្រែ កំហុស និង​ស្ដាប់​មតិ​ពលរដ្ឋ​ជាធំ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​០៧ ខែកក្កដា ថា ជា​រឿង​ដែល​មិន​ងាយស្រួល​នោះ​ទេ ក្នុង​ការ​ណែនាំ​ឱ្យ​មន្ត្រី​ក្រោ​មឱវាទ​ធ្វើ​កិច្ចការងារ​ដែល​សុចរិត ស្មោះត្រង់ និង​គិត​ពី​ផលប្រយោជន៍​ជាតិ​ជាធំ ខណៈ​ដែល​មន្ត្រី​ធំៗ ដែល​នៅ​ជុំវិញ​លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត គឺ​ភាគ​ជាច្រើន​សម្បូរ​ដោយ​មន្ត្រី​ពុករលួយ អែបអប និង​រំលោភ​បំពាន​សិទ្ធិមនុស្ស និង​ប្លន់​យក​ដីធ្លី ពលរដ្ឋ មិន​ញញើត​ដៃ។

លោក​ថា បញ្ហា​អយុត្តិធម៌​ទាំងនេះ​វា​បាន​កើត​ឡើង​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ ក៏​ព្រោះតែ​លោក ហ៊ុន សែន ជា​អ្នក​ចាំ​កាង​ការពារ​ពីក្រោយ ហើយ​លុយ​ដែល​មន្ត្រី​ទាំងនោះ​រកបាន ដោយ​អំពើ​ទុច្ចរិត និង​ការ​ឆក់ប្លន់​ពលរដ្ឋ ភាគច្រើន​បាន​បរិច្ចាគ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ផង និង​ទុក​ដើម្បី ផលប្រយោជន៍ ខ្លួនឯង​ផង។ ជាមួយគ្នា​នោះ លោក​ថា លោក ហ៊ុន សែន ក៏​មិនមែន​ជា​មេដឹកនាំ​ល្អ ផ្ដល់​នូវ​គំរូ​ភាព ដល់​មន្ត្រី​ក្រោម​ឱវាទ​នោះ​ដែរ លោក ហ៊ុន សែន ជា​មេដឹកនាំ​ផ្ដាច់ការ ពុករលួយ គ្រួសារនិយម និង​ជា​មេដឹកនាំ​ដែល​ខ្វល់​តែ​ពី​អំណាច ជាជាង​ការពារ ផលប្រយោជន៍​ពលរដ្ឋ និង​ប្រទេសជាតិ​។ លោក​ថា ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន​ប្រព័ន្ធ​តុលាការ​បាន​ក្លាយ​ជា​ឧបករណ៍​នយោបាយ តាម​បំបិទមាត់ អ្នកវិភាគ​ឯករាជ្យ អ្នកនយោបាយ អង្គការ​សង្គម​ស៊ីវិល អ្នកសារព័ត៌មាន និង ករណី​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​រាប់មិនអស់​ជាដើម។

លោក ម៉ែន ណាត៖ «លោក ហ៊ុន សែន ចេះតែ​និយាយ​ទៅ ហើយ​និយាយ ម៉េច បើ​គាត់​តំណាង​នៃ​អំពើអាក្រក់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​។ ក្នុង​គ្រួសារ​មេដឹកនាំ ដដែល ទៅ​ហើយ​ហ្នឹង​។ ទៅ​ដោះស្រាយ​បញ្ហា​អ្វី​ចេញ​។ ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង វា​ទាល់​តែ​មាន​មន្ត្រី​ល្អ ពួក​មេដឹកនាំ​ល្អ​។ មេដឹកនាំ​ល្អ​ដែល​ពោរពេញ​ដោយ​គុណធម៌ ព្រហ្ម​វិហារធម៌ ហ្នឹង​។ អញ្ចឹង​មេដឹកនាំ​ល្អ បាន​អនុវត្ត ច្បាប់​ទៅ វា​មាន​ប្រសិទ្ធភាព ហើយ​វា​ល្អ​ទាំងអស់គ្នា»។

ប្រតិកម្ម​នេះ​ធ្វើ​ក្រោយពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន នៅ​ថ្ងៃទី​០៧ ខែកក្កដា បាន​ថ្លែង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក និង​ឃុំ នៅ​ខេត្តមណ្ឌលគិរី ហើយ​ត្រូវ​បាន​អ្នកគាំទ្រ បក្ស​កាន់អំណាច យក​មក​ផ្សព្វផ្សាយ​បន្ត​លើ​បណ្ដាញ​សង្គម​ព្រោងព្រាត​ថា​លោក ហ៊ុន សែន​បាន​ណែនាំ​ដល់ មន្ត្រី​ទាំងអស់ ត្រូវតែ​តាំង ខ្លួន​ជា​អ្នកបម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន មិនមែន​ជា​ចៅហ្វាយ​នោះ​ទេ​។ លោក​ថា ការ​ខិតខំ​បម្រើប្រជាជន​ដោយ​ភាពស្មោះត្រង់ គឺជា​វិធី​តែមួយគត់ និង​មិន​ទទួលរង ការ​ជេរ​ស្ដីពី​សំណាក់​ប្រជាជន​នោះ​ឡើយ ហើយ មន្ត្រី​ក៏​ត្រូវ​ខិតខំ លុបបំបាត់ រាល់​ទង្វើ​មួយចំនួន ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​មានការ​ថ្នាំងថ្នាក់​ចិត្ត។

លោក ហ៊ុន សែន បាន​បញ្ជាក់​ថា មានតែ​ការ​ធ្វើ​អំពើ​ល្អ​ទេ ទើប​ទទួល​បាន​ការគោរព​ស្រលាញ់​ពី​ប្រជាជន ហើយ​មិន​ទទួលរង​ការ​ដាក់​បណ្ដាសា​ពី​ពលរដ្ឋ​ផង​ដែរ​។ ជាមួយគ្នា​នោះ លោក ហ៊ុន សែន ប្រកាស​ពី​ការ​ចងក្រង​ទស្សនៈ​មួយ​របស់​លោក ទុក​ក្រើនរំលឹក​មន្ត្រី​ក្រោម​ឱវាទ កុំឱ្យ​យក​អំណាច​ទៅ​ជិះជាន់​សង្កត់សង្កិន​លើ​ប្រជាពលរដ្ឋ ដោយ​លោក​ពោល​ថា «​បើ​លោក​ជា​រាស្ត្រ តើ​លោក​ឈឺចាប់​ទេ​? ប្រសិនបើ​មាន​គេ ប្រមាថ​ទិតៀន គឺ​ដូចគ្នា​ទេ មនុស្ស​មាន​វិញ្ញាណ ប្រសិនបើ ជា​មាន​គេ​បំពាន​សិទ្ធិ។

បើទោះបីជា លោក ហ៊ុន សែន បាន​ប្រៀនប្រដៅ​ដល់​មន្ត្រី​ក្រោមឱវាទ កុំឱ្យ​យក​អំណាច​ទៅ​ជិះជាន់​ពលរដ្ឋ​ក្ដី ក៏​ក្រោម​ការដឹកនាំ​របស់ លោក ហ៊ុន សែន មានរឿង​អយុត្តិធម៌​ជាច្រើន​បាន​កើត​ឡើង ហើយ​នៅតែ​មិនទាន់​រក​ឃើញ​«​យុត្តិធម៌​»​នៅឡើយ រហូត​មក​ទល់​បច្ចុប្បន្ន ដូចជា​ករណី ឃាតកម្ម មក​លើ​តារា​សម្ដែង​ដ៏​ល្បីល្បាញ​បំផុត អ្នកស្រី ពិសិដ្ឋ ពិលីកា ព្រះតេជព្រះគុណ សំ ប៊ុនធឿន មេដឹកនាំ​សហជីព លោក ជា វិជ្ជា សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី និង​អ្នកវិភាគ​នយោបាយ​ដ៏​លេចធ្លោ គឺ បណ្ឌិត កែម ឡី ជាដើម។

ក្រៅពីនោះ លោក ហ៊ុន សែន​ក៏បាន​ប្រើ​អំណាច​ផ្ដាច់ការ​របស់​លោក បញ្ជា​ឱ្យ​អាជ្ញាធរ​ចាប់ខ្លួន សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស ពលរដ្ឋ​រងគ្រោះ​ដីធ្លី និង​ពលរដ្ឋ​ឈឺឆ្អាល បញ្ហា​ប្រទេសជាតិ​ជាច្រើន​នាក់​ទៀត ក្រោម​ពាក្យស្លោក​របស់​លោក​ថា «​ងើប​មួយ​វាយ​មួយ​» ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​បាន ព្រាត​ប្រាស​ប្រពន្ធ​កូន និង​គ្រួសារ ហើយ អ្នក​ខ្លះទៀត រត់ចោល​ប្រទេស​កំណើត ទៅ​រស់នៅ​ក្រៅប្រទេស នៅ ឆ្ងាយ​ពី មាតុភូមិ​ជាដើម។

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី យល់ឃើញ​ថា ការ​ថ្លែង​របស់​លោក ហ៊ុន សែន ដែល​រំលឹក​ដល់​មន្ត្រីរាជការ​ឱ្យ​បម្រើ​ពលរដ្ឋ​ដោយ​ស្មោះ​ត្រង់ ចៀសវាង​ការ​ធ្វើ​ឲ្យ​ពលរដ្ឋ​ថ្នាំងថ្នាក់​ចិត្ត ឆ្លុះបញ្ចាំង​ពី​ការ​យល់ដឹង​យ៉ាង​ច្បាស់​អំពី​ឥទ្ធិពល​នៃ​មតិ​សាធារណៈ និង​តួនាទី​របស់​មន្ត្រី​ថ្នាក់​មូលដ្ឋាន ក្នុងការ​រក្សា​លំនឹង​ស្ថិរភាព​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​ថា ក្នុងនាម​ជា​អ្នកនយោបាយ​ជើងចាស់ លោក ហ៊ុន សែន ដឹង​ថា​ការ​មិន​ពេញចិត្ត​ពី​ពលរដ្ឋ គឺជា​ដើមចម​ដែល​អាច​អង្រួន​អំណាច​កូន​របស់​លោក​បាន ទើប​លោក​តែងតែ​ប្រើប្រាស់​វោហារសាស្ត្រ​បែបនេះ ដើម្បី​ព្រមាន​ផង និង​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​ផង។

ទោះជា​យ៉ាងណា លោក​ថា ប្រសិនបើ​ពិនិត្យ​លើ​ទិដ្ឋភាព​ជាក់ស្ដែង និង​គំរូ​ភាព​ដែល​លោក សែន​បាន​បន្សល់ទុក​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​រាប់​ទសវត្សរ៍ វា​មាន​គម្លាត​យ៉ាង​ធំធេង​រវាង​ពាក្យសម្ដី និង​សកម្មភាព​ផ្ទាល់​។ លោក​ថា នៅ​លើ​ឆាកនយោបាយ លោក ហ៊ុន សែន ជារឿយៗ​មិនបាន​បង្ហាញ​ពី​ភាព​អត់ធ្មត់ ឬក៏​ការ​បើកចំហ ចំពោះ​មតិ​រិះគន់​ពី​ពលរដ្ឋ ឬក៏​គណបក្សប្រឆាំង​នោះ​ទេ​។ លោក ហ៊ុន សែន​តែងតែ ប្រើប្រាស់​ភាសា​គំរាមកំហែង​ធ្ងន់ៗ ការ​បង្ក្រាប​លើ​សំឡេង​រិះគន់ ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការ​ចាប់ខ្លួន​សកម្មជន​នយោបាយ សុទ្ធតែ​ជា​សក្ខីកម្ម ដែល​ផ្ទុយ​ស្រឡះ​ពី​ទស្សនៈ​មិន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ថ្នាំងថ្នាក់​ចិត្ត។

លោក​សង្កេត​ឃើញ​ថា កន្លងទៅ​នៅ​ពេល​ដែល​ពលរដ្ឋ​ចេញមុខ​តវ៉ា​ដោយសារតែ រង​ភាព​អយុត្តិធម៌​សង្គម ឬ​ការ​​រំលោភបំពាន​ពី​សំណាក់​អ្នក​មាន​អំណាច ពួក​គាត​ច្រើនតែ​រង​ការ​ចោទប្រកាន់​ថា ជា​ក្រុមប្រឆាំង ឬក៏​ជា​ជន​បង្ក​ចលាចល​ទៅវិញ​។ លើស​ពី​នេះ គំរូ​នៃ​ការដឹកនាំ​បែប​គ្រួសារនិយម និង​ការ​ផ្ទេរ​អំណាច​ត​ត្រកូល ក៏​ជា​ចំណុច​មួយ​ដែល​បង្កើត​ឲ្យ​មានការ​រិះគន់ និង​ការ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង​ពី​មហាជន ដែល​ចង់​ឃើញ​ប្រព័ន្ធ​ដឹកនាំ​មួយ​ដែល​ផ្អែក​ទៅ​លើ​សមត្ថភាព និង​ប្រជាធិបតេយ្យ​ពិតប្រាកដ​។ ដូច្នេះ លោក​ថា ការ​ទូន្មាន​របស់​លោក ហ៊ុន សែន ទៅកាន់​មន្ត្រី​ថ្នាក់ក្រោម វា​ហាក់ដូចជា​យុទ្ធសាស្ត្រ​រុញ​កំហុស និង​ទម្លាក់​ការទទួលខុសត្រូវ​ទៅលើ​មន្ត្រី​តូចតាច ដើម្បី​ការពារ​រូបភាព​របស់​មេដឹកនាំ​កំពូល​ទៅវិញ​ទេ។

លោក សេង វណ្ណលី៖ «​នៅពេល​ដែល​ប្រព័ន្ធ​យុត្តិធម៌ ប្រព័ន្ធ​តុលាការ និង​ការបែងចែក​ផល​លាភ​សង្គម​នៅ​តែ​មាន​ភាព​លម្អៀង និង​ពុករលួយ​ជា​ប្រព័ន្ធ​នោះ ការ​គ្រាន់តែ​ប្រើ​សម្ដី​ណែនាំ​ឲ្យ​មន្ត្រី​ធ្វើខ្លួន​ល្អ គឺ​មិនអាច​ដោះស្រាយ​ឫសគល់​នៃ​បញ្ហា ឬក៏​លុបបំបាត់​ការរិះគន់ និង​ការ​ដាក់​បណ្ដាសា របស់​ប្រជាពលរដ្ឋ​បាន​នោះ​ទេ​។ ដរាបណា​មេដឹកនាំ​កំពូល​ខ្លួនឯង​មិនទាន់​ធ្វើជា​គំរូ នៅក្នុង​ការគោរព​ច្បាប់ និង​ការ​បើក​ទូលាយ​សិទ្ធិ​សេរីភាព​ពិតប្រាកដ​ដល់​ម្ចាស់​ឆ្នោត​នោះ​ឡើយ»។

នេះ​មិនមែន​ជា​លើកទីមួយ​ទេ ដែល​លោក ហ៊ុន សែន ក្រើនរំលឹក​មន្ត្រី​ថ្នាក់ក្រោម​ឱ្យ​គោរព​តួនាទី​របស់​ខ្លួន ដោយ​ខិតខំ​បម្រើ​ពលរដ្ឋ​ដោយ​ស្មោះ​ត្រង់ ហើយ​មាន​ពេល​ខ្លះ លោក​បាន​ព្រមាន​ដក​មន្ត្រី​ណា​ដែល​មិន​បម្រើ​ពលរដ្ឋ​ទៀត​ផង។ ប៉ុន្តែ​ពាក្យសម្ដី​របស់​លោក ហ៊ុន សែន គ្មាន​ប្រសិទ្ធភាព​ឡើយ ព្រោះ​ពេលនេះ លោក​ខ្លួនឯង ក៏​កំពុង​រង​ការ​រិះគន់​ថា ជា​មេដឹកនាំ​គិតតែ​ពី​ប្រយោជន៍​អំណាច​របស់​ខ្លួន ហើយ​សុខចិត្ត​ធ្វើបាប​រាស្ត្រ ឬ​ប្រកាស​យាយី​ជាតិ​សាសន៍​របស់​ខ្លួន​ដោយ​គ្មាន​ញញើត ជា​ញឹកញាប់​ទៀត​ផង។

អ្នកឃ្លាំមើល​យល់​ថា ទាល់តែ​មានការ​ផ្លាស់ប្ដូរ​រមេដឹកនាំ​សព្វថ្ងៃ ទើប​កម្ពុជា​អាច​មាន​មន្ត្រី​ល្អ​ច្រើន​ដែល​បម្រើ​រាស្ត្រ​ពិតប្រាកដ ក៏ប៉ុន្តែ​ប្រសិនបើ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់​លោក នៅតែ​បន្ត​កាន់អំណាច​នោះ កម្ពុជា​នឹង​មិន​អាច​ផ្លាស់ប្ដូរ​ទៅ​រក​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ដែល​ឱ្យ​តម្លៃ​ខ្លាំង​លើ​ផលប្រយោជន៍​ពលរដ្ឋ​បាន​នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ