

យោធាថៃបានចល័តទ័ព និងសព្វាវុធបន្ថែមមកកាន់តំបន់ព្រំដែនប្រាសាទតាក្របី បន្ទាប់ពីមានហេតុការណ៍កងកម្លាំងរបស់កម្ពុជាបានទទួលរងការវាយប្រហារដោយគ្រាប់បែកដៃ ដែលភាគីកម្ពុជាបានអះអាងថា គឺជាការលួចវាយប្រហាររបស់ទាហានថៃ។ ក្រោយការអះអាងរបស់កម្ពុជានេះ យោធាថៃបានចេញមកបដិសេធ និងប្រតិកម្មទៅវិញ ដោយព្រមានពីការប្រឈមមុខដាក់គ្នាសាជាថ្មី និងបានចោទត្រឡប់មកភាគីកម្ពុជាវិញថា បានប្រឌិតករណីនេះដើម្បីយកលេសចល័តទ័ពមកកាន់តំបន់ព្រំដែន។
យោធាថៃបានដាក់ពង្រាយទ័ព និងសព្វាវុធបន្ថែមទៀតទៅកាន់តំបន់ប្រាសាទតាក្របី និងតំបន់ដែលនៅជុំវិញ បន្ទាប់ពីភាគីទាំងពីរបានតតាំងគ្នា ក្រោយពីមានករណីទាហានខ្មែរមួយក្រុមបានទទួលរងការវាយប្រហារដោយគ្រាប់បែកដៃ។
តាមរយៈវីដេអូរបស់កងកម្លាំងថៃ ដែលបង្ហោះនៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ ការចល័តទ័ពរបស់យោធាថៃបានធ្វើឡើងដោយបែងចែកជាផ្នែកៗ ដោយមានការដឹកជញ្ជូនទ័ពថ្មើរជើង ទាហានឈុតខ្មៅ និងមួយផ្នែកទៀតជាក្រុមដឹកជញ្ជូនសព្វាវុធធុនធ្ងន់ដូចជាកាំភ្លើងធំ និងរថក្រោះទៅកាន់ទីតាំងសំខាន់ៗ។ ក្រៅពីនេះយោធាថៃបានពង្រីកលេណដ្ឋានកាន់តែធំ និងរឹងមាំជាងមុន និងបានពង្រីកការកសាងផ្លូវយុទ្ធសាស្ត្រតាមបណ្ដោយព្រំដែនជាច្រើនទីតាំងបន្ថែមទៀត។
ការកែសម្រួលកម្លាំងទ័ពរបស់យោធាថៃនេះ ធ្វើឡើងបន្ទាប់ពីមានករណីគប់គ្រាប់បែកដៃវាយប្រហារមកលើទាហានខ្មែរបណ្ដាលឱ្យរងរបួសធ្ងន់ចំនួន៤នាក់ ក្នុងភូមិសាស្ត្រថ្មដូន ក្បែរតំបន់ប្រាសាទតាក្របី កាលពីថ្ងៃទី៥ ខែកក្កដា។
ក្នុងករណីនេះ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្ដីប្រកាសថា ករណីនេះបានកើតឡើងបន្ទាប់ពីទាហានខ្មែរបានដើរល្បាតតាមបណ្ដោយបន្លាលួស និងបានជ្រួសគ្នាជាមួយទាហានថៃមួយក្រុម ដែលកំពុងដើរល្បាតនៅម្ខាងទៀត ហើយនៅពេលកងកម្លាំងកម្ពុជាបានធ្វើដំណើរហួសផុតគ្នាបន្តិចក៏ស្រាប់តែមានការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់ នៅពីក្រោយកងល្បាតរបស់ទាហានខ្មែរ។
ដោយឡែកភាគីទាហានខ្មែរដែលឈរជើងក្នុងតំបន់នោះបានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីថា ករណីនេះបានបង្កឡើងដោយភាគីទាហានថៃ ដែលបានយកគ្រាប់បែកដៃរុំនឹងក្រណាត់ និងគប់មកកាន់ទាហានខ្មែរ។ ទាហានខ្មែរបានអះអាងថា ការលបឆ្មក់វាយប្រហាររបស់ភាគីទាហានថៃនេះ គឺបណ្ដាលមកពីជម្លោះពាក្យសម្ដីដែលជាញឹកញាប់ភាគីទាំងពីរបានប៉ះទង្គិចគ្នា ជាពិសេសនៅពេលទាហានថៃបានចូលមករាយបន្លាលួសក្នុងទឹកដីកម្ពុជា ហើយត្រូវទាហានខ្មែរចូលមកហាមឃាត់។
ទោះជាយ៉ាងណា កងទ័ពភូមិភាគទី២របស់ថៃ បានចេញសេចក្ដីថ្លែងការណ៍សាជាថ្មីនៅថ្ងៃទី៨ ខែកក្កដា នេះ ដោយអះអាងថា ករណីនេះគឺបង្កឡើងដោយទាហានខ្មែរបានដើរជាន់មីននៅក្នុងទឹកដីរបស់ខ្លួន និងរកលេសចោទប្រកាន់មកលើទាហានថៃដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់នោះ ដើម្បីរកលេសចល័តកម្លាំងទ័ព។
ទន្ទឹមគ្នានេះក្រសួងការបរទេសថៃ បានចេញសេចក្ដីថ្លែងការណ៍ ដោយព្រមានកម្ពុជាឱ្យបញ្ឈប់ការចោទប្រកាន់មកលើភាគីថៃ ដែលធ្វើឱ្យប៉ះពាល់ដល់បទឈប់បាញ់ និងនាំឱ្យមានភាពតានតឹង ដែលឈានដល់ការប្រឈមមុខដាក់គ្នាសាជាថ្មីនៅតំបន់ព្រំដែន។
បន្ថែមពីលើនេះ សេនាធិការយោធាថៃបានព្រមានថា ប្រសិនបើកម្ពុជានៅតែបន្តយកករណីផ្ទុះអាវុធនៅតាមព្រំដែនមកចោទប្រកាន់ភាគីថៃទៀតនោះ រឿងនេះនឹងក្លាយជាឧបសគ្គសម្រាប់ការស្ដារស្ថិរភាព និងសន្តិភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃទាំងមូល។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៨ ខែកក្កដា។
ជុំវិញរឿងនេះ ប្រធានអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា សកម្មភាពរបស់យោធាថៃ គឺមានចេតនាបង្កហេតុដើម្បីរកលេសផ្ទុះអាវុធ និងបើកការឈ្លានពានមកលើកម្ពុជាសាជាថ្មី។ លោកបន្តថា ការណ៍ដែលយោធាថៃអាចរំលោភបំពានមកលើភាគីកម្ពុជាម្ដងហើយម្ដងទៀតបែបនេះ ក៏ដោយសារមេដឹកនាំកម្ពុជា មានគោលជំហរមិនច្បាស់លាស់ និងប្រើយុទ្ធសាស្ត្រការទូតបែបទន់ជ្រាយហួសហេតុ នៅក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ។
លោក ម៉ែន ណាត៖ «ហើយសម្រាប់កម្ពុជាយើង ទំនងជាលោក ហ៊ុន ម៉ាណែត ហ្នឹង បាក់ស្បាត គ្មានមធ្យោបាយ អញ្ចឹងមានតែសុំអង្វរថៃឲ្យចូលតុចរចា។ ហើយបញ្ហាដែលថៃកំពុងតែឈ្លានពានទឹកដីខ្មែរហ្នឹង អត់ដេញដោលឲ្យវាពេញទំហឹង ពេញលេញ ទេ ហើយអង្គុយសូត្រទ្រឹស្ដីនៅឯភ្នំពេញហ្នឹងទៅ។ ចំណែកឯសៀមឈ្លានពានតាមទំនើងចិត្ត ជាក់ស្ដែងនៅតាមព្រំដែន មិនដឹងហ៊ានធ្វើអីគេទេ»។
ទាហានខ្មែរលើកឡើងថា បច្ចុប្បន្នស្ថានភាពនៅតំបន់ព្រំដែនប្រាសាទតាក្របី ហាក់មានភាពតានតឹង ដោយទាហានថៃបានពង្រីកលេណដ្ឋានមកក្បែរទីតាំងទាហានខ្មែរកាន់តែជិតជាងមុន ខណៈតំបន់ខ្ពស់ភាគច្រើនត្រូវទាហានថៃចូលកាន់កាប់ ចំណែកទាហានខ្មែរបានត្រឹមឈរជើងនៅចង្កេះភ្នំ ដែលបញ្ហានេះបានធ្វើឱ្យភាគីទាហានថៃអាច វាយឆ្មក់មកលើទាហានខ្មែរបានដោយងាយស្រួល៕








