

កម្មករ-កម្មការិនី រោងចក្រជាង១ពាន់(១៣០០)នាក់ បាននាំគ្នាតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៣ ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល អស់ជិត១ម៉ោង ដើម្បីទាមទារឱ្យ ថៅកែក្រុមហ៊ុនរោងចក្រ ខូហ្ស៊ី នីត (Cozy Knit Co., Ltd) កែសម្រួលលក្ខខណ្ឌការងារឱ្យសមរម្យ បញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពកម្មករ និងការទាមទារឱ្យទទួលយកតំណាងកម្មករចូលធ្វើការឡើងវិញ។ រីឯមន្ត្រីសង្គមស៊ីវិលថា លក្ខខណ្ឌការងារមិនសមរម្យ និងបញ្ហារំលោភសិទ្ធិសេរីភាពកម្មករ គឺជាបញ្ហាចម្បង ដែលតែងតែកើតមាន ហើយក្រសួងពាក់ព័ន្ធត្រូវចាត់វិធានការឱ្យមានប្រសិទ្ធភាព។
ប៉ុន្មានខែចុងក្រោយនេះ កម្មកររោងចក្រជាច្រើនចេញតវ៉ា ជាបន្តបន្ទាប់ ដើម្បីទាមទារ រកដំណោះស្រាយ ក្រោយពីថៅកែរោងចក្រភាគច្រើន ដែលជាជនជាតិចិន ពុំសូវគោរពច្បាប់ការងារ ឱ្យបានត្រឹមត្រូវ និងតែងតែបង្ខំឱ្យកម្មករធ្វើការងារ ក្រោមលក្ខខណ្ឌតឹងរ៉ឹង ធ្វើឱ្យកម្មករបាត់បង់សិទ្ធិសេរីភាព និងគ្មានសុវត្ថិភាព នៅកន្លែងការងារ ខណៈកម្មករ ខ្លះ រងការគំរាមកំហែងបណ្ដេញចេញពីការងារ។
ជាក់ស្ដែងកម្មករ-កម្មការិនី រោងចក្ររោងចក្រខូហ្ស៊ី នីត (Cozy Knit Co., Ltd.) ចំនួន១៣០០នាក់នៅថ្ងៃទី០៨ ខែកក្កដា បាននាំគ្នាតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៣ ដែលស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល អស់ជិត១ម៉ោង ដើម្បីទាមទារឱ្យ ថៅកែរោងចក្រ កែសម្រួល លក្ខខណ្ឌការងារឱ្យបាន សមរម្យឡើងវិញ បញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពកម្មករ រួមនឹង ការទាមទារឱ្យ ទទួលយកតំណាងកម្មករ ដែលត្រូវបានបញ្ឈប់ពីការងារ ឱ្យចូលធ្វើការឡើងវិញ ក្រោយពីតំណាង កម្មករទាំង នោះ បានតវ៉ានឹងលក្ខខណ្ឌការងារកន្លងទៅ។
កម្មករដែលឈរតវ៉ានៅលើដងផ្លូវ ក្រោមកម្ដៅថ្ងៃ ក្ដៅវេលាម៉ោង១០ព្រឹក បានរៀបរាប់នៅលើវីដេអូមួយដែល បានបង្ហោះ លើបណ្ដាញសង្គមហ្វេសប៊ុកថា មុននឹងឈានដល់ការតវ៉ាបិទផ្លូវ គឺដោយសារតែ កម្មករ បានរកដំណោះស្រាយចរចាជាមួយថៅកែក្រុមហ៊ុន ជាច្រើនដងហើយ ប៉ុន្តែគ្មានដំណោះស្រាយ ហើយ ថៅកែ ថែមទាំង បញ្ឈប់តំណាងកម្មករពីការងារ ក្រោយពួកគាត់ចេញមុខតវ៉ា ពាក់ព័ន្ធការកែសម្រួលលក្ខខណ្ឌមួយចំនួន។ ពួកគាត់ថា ការបិទផ្លូវនេះ គឺផ្ដោតសំខាន់ លើការទាមទារឱ្យថៅកែ រៀបចំលក្ខខណ្ឌការងារឱ្យសមរម្យ បញ្ឈប់ការរឹតត្បិត សិទ្ធិកម្មករហួសហេតុពេក និង ត្រូវទទួលយកតំណាងកម្មករដែលក្រុមហ៊ុនបានបញ្ឈប់កន្លងទៅ ឱ្យចូលធ្វើការងារឡើងវិញ ព្រោះពួកគាត់មិនអាចធ្វើការដោយគ្មាន តំណាងបាននោះទេ។
កម្មករ៖ «យើងបានឱ្យខាងក្រុមហ៊ុនឱ្យតម្លៃដល់មេៗ(តំណាងកម្មករ) ពួកខ្ញុំធ្វើការ និងឱ្យតម្លៃកម្មករ ព្រោះពេលខ្លះពួកគាត់រឹតបន្តឹងពេក ធ្វើឱ្យប៉ះពាល់សិទ្ធិសេរីភាពកម្មករ»។
ក្រោយតវ៉ាជិត១ម៉ោង គេឃើញមានមន្ត្រីមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះមកជួយសម្របសម្រួល ហើយឱ្យកម្មកររំសាយការតវ៉ាបិទផ្លូវ រួចហើយ ក៏បានហៅតំណាង កម្មករនិយោជិត និងតំណាងក្រុមហ៊ុន ប្រជុំដើម្បីចរចា រកដំណោះស្រាយ ទៅតាមអ្វីដែលកម្មករចង់បាន។ ប៉ុន្តែយ៉ាងណាមកទល់ពេលនេះ គេនៅមិនទាន់ដឹងថា តើ ក្រុមហ៊ុននឹងដោះស្រាយបញ្ហាជូនកម្មករបែបណានោះទេ។
ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទងតំណាងកម្មករ និងតំណាងភាគីក្រុមហ៊ុន ខូហ្ស៊ី នីត ដើម្បីបញ្ជាក់បន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី៨ ខែកក្កដា។
រោងចក្រ ខូហ្ស៊ី នីត (Cozi Knit Co., Ltd.) ជាប្រភេទរោងចក្រកាត់ដេរសំលៀកបំពាក់ នាំចេញទៅក្រៅប្រទេស ដែលមាន លោក ខែលវីន ឈួ (Kelvin Chua) ជាម្ចាស់ហើយក្រុមហ៊ុននេះ ។ លោក ខែលវីន ឈួ ជាសមាជិកម្នាក់តំណាង ឱ្យក្រុមហ៊ុននេះ នៅក្នុងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដែលទទួលស្គាល់ស្របច្បាប់ ដោយរដ្ឋាភិបាលកម្ពុជា។ សមាគមមួយ ដើរតួនាទី ជាតំណាងក្រុមហ៊ុនដ៏ធំបំផុត ក្នុងវិស័យនាំចេញសំលៀកបំពាក់ ស្បែកជើង និងផលិតផលជាច្រើនទៀត នៅប្រទេសកម្ពុជា។ បើតាមការរៀបរាប់ របស់កម្មករ ក្រុមហ៊ុនរបស់លោក ខែលវីន ឈួ គឺតែងតែរំលោភសិទ្ធិកម្មករ ដូចជាការបង្ខំឱ្យធ្វើលើសកម្លាំងពលកម្ម ហើយតែងតែគំរាមកម្មករថា ប្រសិនបើមិនធ្វើការថែមម៉ោង តាមការកំណត់របស់ក្រុមហ៊ុន នឹងត្រូវបណ្ដេញចេញពីការងារជាដើម។
ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ជុំវិញរឿងនេះអ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ សង្កេតឃើញថា ចាប់តាំងពីដើមឆ្នាំ ២០២៦ កម្មករបានចេញតវ៉ាជាបន្តបន្ទាប់។ លោកថា មូលហេតុចម្បង គឺពាក់ព័ន្ធបញ្ហាលក្ខខណ្ឌការងារ មិនល្អ និងការមិនទទួលបានអត្ថប្រយោជន៍បន្ថែម សម្រាប់កម្មករ ស្របទៅនឹងច្បាប់ការងារ។ លោកថា ទម្រង់នៃការ ធ្វើការងារដោយបង្ខំនេះ នៅតែកើតមានឡើងនៅ តាមបណ្ដារោងចក្រមួយចំនួន ដែលគ្មាន ការតាមដានត្រួតពិនិត្យ ឬធ្វើអធិការកិច្ចឱ្យបានត្រឹមត្រូវ។
ជាមួយគ្នានោះលោកថា បណ្ដារោងចក្រមួយចំនួនដែលស្ថិតក្រោម គម្រោងរោងចក្រកាន់តែប្រសើរ នៅក្នុងប្រទេសកម្ពុជា រោងចក្រទាំងនេះ គឺមានភាពល្អប្រសើរ ចំពោះលក្ខខណ្ឌការងារ ។ ប៉ុន្តែលោកថាសម្រាប់ បណ្ដារោងចក្រ ដែលមិនមែនជាសមាជិកគម្រោងរោងចក្រ កាន់តែប្រសើរនោះ គឺមានបញ្ហាជាច្រើន ដូចជាការកៀបសង្កត់ ការប្រើប្រាស់នូវទម្រង់នៃការងារដោយបង្ខំ ឬក៏ការដាក់សម្ពាធផ្សេងៗ សម្រាប់កម្មករនិយោជិតដូចជា ការសុំច្បាប់សម្រាក បញ្ហាម៉ោងការងារ ការកំណត់ចំនួនដេរលើសកម្លាំងជាដើម។
ទន្ទឹមគ្នានោះ លោកថា បញ្ហាអត្ថប្រយោជន៍ក៏ជារឿងដ៏សំខាន់ ដែលក្រុមហ៊ុនមួយចំនួន មិនបានអនុវត្តផ្ដល់ជូនឲ្យកម្មករនិយោជិត រហូតធ្វើឱ្យកម្មករផ្ទុះការតវ៉ា។ លោកបញ្ជាក់ថា ការធ្វើអធិការកិច្ច ជារឿងសំខាន់បំផុតក្នុងការជំរុញឲ្យថៅកែក្រុមហ៊ុន ត្រូវតែអនុវត្តនូវលក្ខខណ្ឌការងារដោយផ្អែកតាមច្បាប់ស្ដីពីការងារនៅកម្ពុជា។ ជាពិសេសត្រូវតែទប់ស្កាត់បញ្ហា ការរំលោភ សិទ្ធិសេរីភាពកម្មករ-សហជីព នៅកន្លែងការងារ ព្រោះបច្ចុប្បន្ន លោកសង្កេតឃើញថា កម្មករ-សហជីពឯករាជ្យ រងការធ្វើទុក្ខបុកម្នេញ ជាច្រើន នៅពេលចេញមុខទាមទារឱ្យថៅកែ គោរពគោលការណ៍ច្បាប់។
លោក ឃុន ថារ៉ូ៖ «អ្វីដែលសំខាន់នោះគឺថា យើងចង់ឲ្យមាននូវប្រព័ន្ធនៃការធ្វើអធិការកិច្ច ជាលក្ខណៈប្រព័ន្ធដើម្បីជំរុញឲ្យមាននូវប្រសិទ្ធភាពនៅក្នុងការធ្វើការអធិការកិច្ច។ យើងសង្កេតឃើញថា មន្ត្រីអធិការកិច្ចហ្នឹង ក៏មានសិទ្ធិអំណាចតែងតាំងជាមន្ត្រីយុត្តិធម៌ដែរ។ អញ្ចឹងចំណុចមួយនេះ គាត់អាចប្រើប្រាស់សិទ្ធិឥទ្ធិពលដើម្បីជំរុញឲ្យថៅកែរោងចក្រហ្នឹងត្រូវតែអនុវត្ត ឬក៏អនុលោមទៅតាមគោលការណ៍ច្បាប់ណា។ ក្នុងករណីដែលរោងចក្រហ្នឹងខកខានមិនអនុវត្ត ត្រូវតែមាននូវវិធាននៃការអនុវត្តដោយបង្ខំ ការពិន័យអីជាដើមណា»។
អ្នកការពារសិទ្ធិកម្មករលើកឡើងថា បញ្ហារំលោភសិទ្ធិកម្មករ និងការបង្កើតលក្ខខណ្ឌការងារតឹងរ៉ឹងពីសំណាក់ថៅកែ ដោយគ្មានការតាមដាន ឬធ្វើអធិការកិច្ចឱ្យបានត្រឹមត្រូវ ពីសំណាក់អ្នកពាក់ព័ន្ធ បានជះឥទ្ធិពលដ៏អាក្រក់បំផុត លើកម្មករក្នុងវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា ។ ពួកគាត់ថា បញ្ហាទាំងនេះត្រូវបានសហគមន៍អន្តរជាតិ តាមដាន យ៉ាងយក ចិត្តទុកដាក់ ហើយតែងតែព្រមានកម្ពុជាកុំឱ្យដើរលើផ្លូវទាំងនោះ ព្រោះ វារំលោភច្បាប់អន្តរជាតិ។
ជាក់ស្ដែងនៅថ្ងៃទី២ ខែឧសភា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានស្នើដាក់ពន្ធគយថ្មី ចំនួន ១០%ដល់១២% លើទំនិញដែលនាំចូលពីកម្ពុជា ក្រោយពីរកឃើញថា មានពាក់ព័ន្ធនឹងបញ្ហាពលកម្មដោយបង្ខំ។ ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ដែលចំណុះឱ្យខុទ្ទកាល័យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ជាក់ថា កម្ពុជា រួមនឹងបណ្ដាប្រទេសសរុប៦០បានបរាជ័យក្នុងការអនុវត្ត និងលើកកម្ពស់ប្រកបដោយប្រសិទ្ធភាព ចំពោះបម្រាមស្ដីពីការនាំចូលទំនិញដែលត្រូវបានផលិតដោយពលកម្មទាំងបង្ខំ៕








