

ក្រុមជនរងគ្រោះនៃក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់លោក ហ៊ុន តូ ប្រមាណ ១រយនាក់បន្តប្រមូលផ្ដុំគ្នាតវ៉ាសាជាថ្មីនៅខាងមុខធនាគារជាតិ ដើម្បីស្រែកទាមទារលុយរបស់ខ្លួនដែលបានបាត់បង់។ ក្រុមអ្នកតវ៉ាខកចិត្ត និងរិះគន់រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន រួមទាំងស្ថាប័នពាក់ព័ន្ធថា គ្មានឆន្ទៈអនុវត្តច្បាប់លើអ្នកដែលបានប្លន់លុយពួកគាត់ និងទុកឱ្យជនរងគ្រោះបន្តរស់នៅក្នុងស្ថានភាពវេទនា។
ក្រុមអតិថិជនក្រុមហ៊ុន ហួយវ័ន ផេ ប្រមាណ ១រយនាក់នៅថ្ងៃទី១៣ ខែកក្កដា បន្តនាំគ្នាចេញតវ៉ាក្រោមភ្លៀងរលឹមនៅខាងមុខធនាគារជាតិកម្ពុជា ដើម្បីស្នើឱ្យស្ថាប័នមួយនេះទទួលខុសត្រូវលុយដែលពួកគាត់បានបាត់បង់។
ក្រុមអ្នកតវ៉ាភាគច្រើនគឺជាជនជាតិចិន និងពលរដ្ឋខ្មែរ។ ពួកគាត់បាននាំគ្នាលើករូបថតសមាជិកក្រុមគ្រួសារនៃរដ្ឋាភិបាលត្រកូល «ហ៊ុន» រួមមាន លោក ហ៊ុន សែន លោក ហ៊ុន តូ លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត ជាដើមដោយស្រែកថា «សងលុយកម្លាំងញើសឈាមពួកខ្ញុំវិញ» «កម្ពុជារងភាពអាម៉ាស់ដោយសារហួយវ័នផេ»។ ជាមួយគ្នានេះ ក្រុមអ្នកតវ៉ាក៏បានស្រែកទាមទារឱ្យអាជ្ញាធរដោះលែងជនរងគ្រោះ ២នាក់ដែលត្រូវបានអាជ្ញាធរចាប់ដាក់គុកដោយសារតែចេញតវ៉ាទាមទារលុយរបស់ខ្លួននាពេលកន្លងទៅ។
ជនរងគ្រោះម្នាក់អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៣ ខែកក្កដាថា កញ្ញាជាប់គាំងលុយក្នុងគណនីហួយវ័ន ផេ ជិត ៦ពាន់ដុល្លារ និងបានប៉ះពាល់ដល់ជីវភាពគ្រួសារជួបការលំបាក និងប៉ះពាល់យ៉ាងខ្លាំងដល់ការប្រកបអាជីវកម្មប្រចាំថ្ងៃ។ កញ្ញាបញ្ជាក់ថា នឹងបន្តចេញតវ៉ារហូតទទួលបានលុយដែលជាកម្លាំងញើសឈាមរបស់ខ្លួនត្រឡប់មកវិញ។
ជនរងគ្រោះរូបនេះ អំពាវនាវឱ្យធនាគារជាតិនៃកម្ពុជាចេញមុខបកស្រាយ និងទទួលខុសត្រូវចំពោះការបាត់បង់លុយរបស់អតិថិជន ជនរងគ្រោះដដែលឱ្យដឹងថា ទោះបីធនាគារជាតិធ្លាប់ប្រកាសចំពោះការទូទាត់សងលុយជនរងគ្រោះក៏ដោយ ក៏រហូតមកដល់ពេលនេះ កញ្ញា និងជនរងគ្រោះជាច្រើននាក់ទៀតនៅមិនទាន់ទទួលបានការទូទាត់សងលុយដែលបាត់បង់មកវិញនៅឡើយទេ។
ជនរងគ្រោះ៖ «សម្រាប់ខ្ញុំគឺពិបាកខ្លាំង អយុត្តិធម៌ខ្លាំង ព្រោះលុយគឺជារបស់កម្លាំងញើសឈាមរបស់ពួកខ្ញុំ អ៊ីចឹងបើប្រសិនបើគាត់អត់មានដំណោះស្រាយណាមួយដែលសមស្របដែលពួកខ្ញុំអាចទទួលយកបាន គឺពួកខ្ញុំពិបាកខ្លាំង។ ទីមួយពិបាកការរកស៊ី ទីពីរត្រូវជាប់លុយនៅក្នុងហ្នឹងហើយត្រូវជំពាក់គេថែមទៀត។ អ៊ីចឹងបានពួកខ្ញុំមកតវ៉ាជារៀងរាល់ថ្ងៃ របៀបមកតវ៉ារហូតអ៊ីចឹង គឺដោយសារតែចង់ស្នើសុំឱ្យខាងធនាគារជាតិជួយដោះស្រាយឱ្យ»។
ក្រុមជនរងគ្រោះដែលនាំគ្នាចេញតវ៉ាលើកនេះស្ថិតក្រោមការឃ្លាំមើលរបស់កម្លាំងសមត្ថកិច្ចជាច្រើននាក់ ប៉ុន្តែមិនបានប៉ះទង្គិចដូចពេលកន្លងទៅទេ។ ការតវ៉ារបស់ជនរងគ្រោះចុងក្រោយនេះបន្ទាប់ពីក្រុមហ៊ុនឯកជនជម្រះបញ្ជីឈ្មោះ រីចឆ៍ & ផាតនើរ (Reachs & Partners) ប្រកាសកាលពីសប្ដាហ៍មុនថា ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) និងអេច-ផេ (H-Pay) គ្មានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ទូទាត់បំណុលជូនអតិថិជនឡើយ។
ធនាគារជាតិកម្ពុជាធ្លាប់ប្រកាសថា អតិថិជនដែលបានចុះឈ្មោះ និងមិនទាន់ទទួលបានសាច់ប្រាក់របស់ខ្លួននៅសល់ជាង ១ពាន់ ៣រយនាក់។ ប៉ុន្តែក្នុងលិខិតចំហរបស់ជនរងគ្រោះដែលផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្មីៗនេះបង្ហាញថា ជនរងគ្រោះដែលបានបាត់បង់លុយ និងមិនទាន់ទទួលបានដំណោះស្រាយមានចំនួនរាប់ពាន់នាក់។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងទេសាភិបាលធនាគារជាតិកម្ពុជាអ្នកស្រី ជា សិរី ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៣ ខែកក្កដា។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា រូបភាពតវ៉ារបស់ជនរងគ្រោះជាបន្តបន្ទាប់នេះកំពុងជះផលអវិជ្ជមានដល់កេរ្តិ៍ឈ្មោះកម្ពុជា និងរដ្ឋាភិបាលលើឆាកអន្តរជាតិ។ លោកចង់ឃើញស្ថាប័នជំនាញពាក់ព័ន្ធបង្ហាញឆន្ទៈចេញមុខដោះស្រាយជូនជនរងគ្រោះដោយសន្តិវិធី។
លោក អំ សំអាត ព្រួយបារម្ភថា បើអាជ្ញាធរពាក់ព័ន្ធនៅតែមិនអើពើជួយស្វែងរកដំណោះស្រាយជូនជនរងគ្រោះ ពួកគាត់នឹងប្រឈមបញ្ហាសម្ពាធផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ ព្រមទាំងប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងសេដ្ឋកិច្ចក្នុងគ្រួសារ។
លោក អំ សំអាត៖ «ស្ថាប័នដែលពាក់ព័ន្ធគួរតែពិនិត្យលទ្ធភាពនៅក្នុងការដោះស្រាយបញ្ហានេះឱ្យបានលឿនវាកាន់តែល្អ។ បើមិនអ៊ីចឹងទេយើងក៏មានការបារម្ភដែរព្រោះថា ការតវ៉ាការទាមទារជាប់ជាប្រចាំទៅវាធ្វើឱ្យ អ្នកតវ៉ាទាំងអស់ហ្នឹងវាប៉ះពាល់បញ្ហាផ្លូវចិត្ត អាចកើតនូវជំងឺថប់បារម្ភហើយអាចនឹងកើតចេញជាបញ្ហាផ្សេងៗទៀត ដែលពិបាកនៅក្នុងការគ្រប់គ្រង ឬក៏បញ្ហាដោះស្រាយហ្នឹងបន្តទៅទៀត។ អ៊ីចឹងជម្រើសដែលសំខាន់គឺគ្រប់ស្ថាប័នពាក់ព័ន្ធគួរតែពិនិត្យទៅលើលទ្ធភាព មុននឹងឈានដល់ដំណោះស្រាយតាមផ្លូវតុលាការ»។
ក្រុមអតិថិជនជនជាតិចិនមួយចំនួនឱ្យដឹងថា នឹងរៀបចំឯកសារប្ដឹងទាមទារលុយរបស់ខ្លួនតាមនីតិវិធីតុលាការ។ ទោះជាយ៉ាងណា ជនរងគ្រោះលើកឡើងថា អ្វីដែលពួកគាត់ចង់ឃើញជាងនេះ គឺការចេញមុខទទួលខុសត្រូវ និងស្វែងរកដំណោះស្រាយពីស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងយុត្តិធម៌ និងធនាគារជាតិកម្ពុជាជាដើម។
ក្រុមជនរងគ្រោះរិះគន់ថា រហូតមកដល់ពេលនេះ ស្ថាប័នទាំងនោះមិនបានបង្ហាញឆន្ទៈ ឬទទួលខុសត្រូវក្នុងការចេញមុខដោះស្រាយការបាត់បង់លុយជនរងគ្រោះនៅឡើយ ក្រោយពួកគាត់ចេញតវ៉ាជាច្រើនលើកច្រើនសាក្នុងរយៈពេលជិត ១ឆ្នាំមកនេះ។ ជនរងគ្រោះយល់ថា រដ្ឋាភិបាលរួមទាំងស្ថាប័នជំនាញទាំងនោះមានតួនាទី និងអំណាចពេញលេញក្នុងការអន្តរាគមន៍ ឬដាក់សម្ពាធឱ្យក្រុមហ៊ុន ហួយវ័ន ផេ សងលុយញើសឈាមជនរងគ្រោះវិញ ប៉ុន្តែរដ្ឋាភិបាលបែរជាធ្វើមិនដឹងមិនឮដោយទុកឱ្យជនរងគ្រោះរាប់សិបនាក់បន្តរងទុក្ខវេទនា និងស្វែងរកយុត្តិធម៌ដោយខ្លួនឯងទៅវិញ៕









