តុលាការ​បើក​សវនាការ​សំណុំរឿង​អ្នក​បញ្ចេញមតិ​អំពី​បញ្ហា​ជម្លោះព្រំដែន

0
212
(ពី​ស្ដាំ​ទីពីរ) សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លោក សាន សិទ្ធិ លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា កាល​ពី​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន។ រូប៖ បណ្ដាញ​សង្គម
(ពី​ស្ដាំ​ទីពីរ) សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លោក សាន សិទ្ធិ លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា កាល​ពី​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន។ រូប៖ បណ្ដាញ​សង្គម

តុលាការក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​២១ វិច្ឆិកា បាន​បើកសវនាការ​លើ​សំណុំរឿង​របស់​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​សំណុំរឿង​របស់​មេដឹកនាំ​គណបក្ស​ដំណើរ​ឆ្ពោះ​ទៅ​មុខ លោក ឃុន ថងឌី ដែល​បាន​បញ្ចេញមតិ​អំពី​រឿង​ជម្លោះ​ខ្មែរ​-​ថៃ។ សកម្មជន​ដែល​កំពុង​ជាប់ឃុំ​ទាំងនេះ ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ពួកគាត់​ឲ្យ​មាន​សេរីភាព​វិញ។

តុលាការក្រុង​ភ្នំពេញ បាន​បើកសវនាការ​លើ​សំណុំរឿង​ពីរ​ដាច់ដោយឡែក​ពី​គ្នា​គឺ​សំណុំរឿង​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង​លោក សាន សិទ្ធិ ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម និង​សំណុំរឿង​មេ​បក្ស​ដំណើរ​ឆ្ពោះ​ទៅ​មុខ​លោក ឃុន ថងឌី ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​រឿង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ។

ចំពោះ​សវនាការ​លើ​អង្គហេតុ​នៃ​សំណុំរឿង​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺ​តុលាការ បាន​ចោទសួរ​កញ្ញា ភឹង សោភា និង​លោក សាន សិទ្ធិ អំពី​ការ​ផ្សព្វផ្សាយ​វីដេអូ​អប់រំ​រឿង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ការ​បញ្ចេញមតិ​រឿង​គម្រោង​កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) ជាមួយ​ប្រទេស​វៀតណាម ដែល​នាំ​ឲ្យ​មានការ​ចោទប្រកាន់​ពី​បទ​«​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ ទោះ​យ៉ាងណា សកម្មជន​ទាំងពីរ បាន​តវ៉ា​ចំពោះមុខ​តុលាការ​ថា អ្វី​ដែល​ពួកគាត់​លើកឡើង​គឺជា​ការ​បញ្ចេញមតិ ដោយ​មិន​បាន​ញុះញង់​អ្នកណា ឬ​បង្ក​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​នោះ​ទេ មក​ទល់​ពេល​នេះ។

សវនាការ​នេះ មានការ​ចូលរួម​ឃ្លាំមើល​ពី​តំណាង​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) អាដហុក (Adhoc) និង​មន្ត្រី​អង្គការសហប្រជាជាតិ (UN) ព្រមទាំង​អ្នកគាំទ្រ និង​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ជន​ជាប់ឃុំ។ តុលាការ​បាន​លើក​សវនាការ​នេះ​ទៅ​ពេល​ក្រោយ​បន្ត​ទៀត ប៉ុន្តែ​មិន​ទាន់​កំណត់​ពេល​ជាក់លាក់​នោះ​ទេ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា ដែល​បាន​ចូល​ស្តាប់​សវនាការ ថ្លែង​ថា តុលាការ​គួរតែ​ដោះលែង​ក្រុម​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឲ្យ​មាន​សេរីភាព​វិញ ព្រោះ​អ្វី​ដែល​ពួកគាត់​លើកឡើង គឺ​ជា​សេរីភាព​បញ្ចេញមតិ ។ លើស​ពី​នេះ លោក​ថា ពួកគាត់​ក៏​បាន​ជាប់ឃុំ​បណ្ដោះអាសន្ន​លើស​ពី​ពីរ​ភាគី​បី​ទៅ​ហើយ ខណៈ​រដ្ឋាភិបាល ក៏បាន​លុបចោល​គម្រោង​កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) នេះ​ដែរ។

លោក នី សុខា៖ «សូម​តុលាការ​មេត្តា​ពិចារណា​ដើម្បី​ឲ្យ​ជនជាប់ចោទ អាច​រួចផុត​ពី​បទ​ចោទ​វិញ ព្រោះ​រឿង​ទាំងអស់​នេះ វា​មានការ​លំបាក​ណាស់​នៅក្នុង​ការដែល​យើង​គិតថា វា​មិនទាន់​មាន​ជា​ព្យសនកម្ម​កើតឡើង​ដែល​វា សមស្រប​ទៅ​នឹង​បទល្មើស​ព្រហ្មទណ្ឌ»។

អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​ចាប់​ឃុំខ្លួន​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង​លោក សាន សិទ្ធ កាលពី​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២៤ បន្ទាប់ពី​ពួកគាត់​បាន​ធ្វើ​វីដេអូ​មួយ​បង្ហាញ​ក្តី​បារម្ភ​ថា ការសម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដាក់​ខេត្ត​ខ្មែរ​ភាគ​កើត​ចំនួន​៤ ទៅ​រក​ស៊ី​រួមគ្នា​ជាមួយ​វៀតណាម ឬ​ហៅថា គម្រោង CLV នឹង​អាច​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​ទៅ​វៀតណាម​គ្រប់គ្រង​នៅពេល​អនាគត​។ មក​ទល់​ពេល​នេះ ពួកគាត់​ជាប់ឃុំ ជាង​១​ឆ្នាំ ៣​ខែ​ហើយ។

ប្រធានគណ​បក្ស​ឆ្ពោះ​ទៅ​មុខ​លោក ឃុន ថងឌី។ រូប៖ ហ្វេសប៊ុក លោក ឃុន ថងឌី

ងាក​មក​សំណុំរឿង​មេ​បក្ស​ឆ្ពោះ​ទៅ​មុខ​លោក ឃុន ថងឌី វិញ លោក​បាន​អះអាង​មុខ​តុលាការ​ថា ការ​អត្ថាធិប្បាយ​ពី​បញ្ហា​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​របស់​លោក​គ្រាន់តែ​ជា​ការ​ចែករំលែក​ព័ត៌មាន និង​មិន​មាន​ចេតនា​ញុះញង់​ដូច​ការចោទប្រកាន់​នោះ​ទេ​។ តុលាការ​ក្រុង​ភ្នំពេញ គ្រោង​ប្រកាស​សាលក្រម​លើ​សំណុំរឿង​របស់ លោក ឃុន ថងឌី នៅ​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៥។

សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ដំណើរ​ឆ្ពោះ​ទៅ​មុខ​លោក ឆាន ណុល ចាត់ទុក​ការ​ឃុំខ្លួន​លោក ឃុន ថងឌី គឺ​ជា​រឿង​នយោបាយ ។ លោក​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​ក្រុង​ភ្នំពេញ​ដោះលែង​លោក ឃុន ថងឌី វិញ។

លោក ឆាន ណុល៖ «តំណាង​ឲ្យ​គណបក្ស​ដំណើរ​ឆ្ពោះ​ទៅមុខ សូម​ស្នើសុំ​ទៅ​រដ្ឋាភិបាល​និង​តុលាការ​អធ្យាស្រ័យ​និង​លើកលែងទោស​ដល់​លោក ប្រធាន ឃុន ថងឌី ផង ព្រោះ​ចេតនា​ដែល​គាត់​ធ្វើ​នេះ គឺជា​ចេតនា​ជួយ​ដល់​សង្គមជាតិ​យើង​ទេ ។ គាត់​មិន​មាន​ចេតនា​ណា​ផ្សេង​ដើម្បី​បន្ទច់បង្អាក់​ដំណើរ​រដ្ឋាភិបាល​ទេ»។

លោក ឃុន ថងឌី ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២៥ ហើយ​តុលាការ បាន​ចោទប្រកាន់​លោក​ពី​បទ «​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ ការ​ចាប់​ឃុំខ្លួន​នេះ គឺ​បន្ទាប់ពី​មេបក្ស​នយោបាយ​រូប​នេះ​និយាយ​ផ្សាយ​ផ្ទាល់​តាម​ហ្វេសប៊ុក​របស់​លោក​ថា ទោះបី​មាន​បទ​ឈប់​បាញ់​ក៏ដោយ​កម្ពុជា​មិន​ត្រូវ​ទុកចិត្ត​ប្រទេស​ថៃ​ឡើយ ព្រោះ​ថៃ​មិន​បោះបង់​ការ​ឈ្លានពាន​ឡើយ ដូច្នេះ​កងទ័ព​កម្ពុជា​ត្រូវតែ​បន្ត​ឈរជើង​នៅ​ទីតាំង​តំបន់​ជម្លោះ​ទាំងនោះ។

មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យី សុខសាន្ត ដែល​តាមដាន​សវនាការ​នេះ ថ្លែង​ថា មេធាវី​ការពារ​ក្តី​ឱ្យ​លោក ឃុន ថងឌី បាន​អះអាង​ប្រាប់​តុលាការ​ថា កូន​ក្តី​របស់​គាត់​ដែល​មាន​អតីត​ភាពជា​អ្នកសារព័ត៌មាន គ្រាន់តែ​និយាយ​ទៅតាម​ហេតុការណ៍​ជាក់ស្តែង ពោល​គឺ​ពុំ​មាន​ចេតនា​ញុះញង់​នោះ​ទេ។ លោក យី សុខសាន្ត ក៏​មើលឃើញ​ដែរ​ដា សកម្មភាព​របស់​លោក ឃុន ថងឌី កន្លង​មក បង្ហាញ​ពី​ការ​ខ្វាយខ្វល់​ដល់​សង្គមជាតិ ហើយ​លោក ក៏បាន​ជំនួយ​ដល់​ជនភៀសសឹក​ក្នុង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​ដែរ។

លោក យី សុខសាន្ត៖ «គាត់​ក៏​ជា​មនុស្ស​ម្នាក់​ដែល​មាន​មនសិការ​មាន​ឆន្ទៈ ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ជនភៀសសឹក​ពី​សង្គ្រាម​ដែរ​។​រឿង​មួយទៀត យើង​ជា សង្គម​ស៊ីវិល ស្នើសុំ​ដោយ​ទទូច​ទៅ​រដ្ឋាភិបាល ក៏ដូចជា​សមត្ថកិច្ច​ដែរ ពាក់ព័ន្ធ​នឹង សេរីភាព​ក្នុង​ការ​បញ្ចេញមតិ គួរតែ​មេត្តា​កុំ​ដាក់​ទោសទណ្ឌ​ដល់​អ្នក​ដែល​ហ៊ាន​និយាយ»។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) កាលពី​ថ្ងៃទី​០៥ ខែ​វិច្ឆិកា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​លើកឡើង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​ចាប់ខ្លួន​និង​ចោទប្រកាន់​មនុស្ស​យ៉ាងតិច ១៦​នាក់​ពី​បទ​ញុះញង់ និង​ក្បត់ជាតិ ដែល​ជាប់ឃុំ​ពី​២​ឆ្នាំ រហូតដល់​១៥​ឆ្នាំ ដោយសារ​ការ​បញ្ចេញ​ទស្សនៈ​របស់​ពួកគេ​អំពី​ជម្លោះព្រំដែន​ខ្មែរ​-​ថៃ​។ អ្នក​ទាំងនោះ មាន​ដូចជា​អ្នកកាសែត អ្នកប្រើប្រាស់​បណ្ដាញ​សង្គម និង​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង។

នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ អ្នកស្រី ប្រៃយូនី លឺ (Bryony Lau) បាន​លើកឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​ថា «​អាជ្ញាធរ​កម្ពុជា​កំពុង​ប្រើប្រាស់​ជម្លោះព្រំដែន​ថៃ​នា​ពេល​ថ្មីៗ​នេះ ជា​លេស​ដើម្បី​បំភិតបំភ័យ​មនុស្ស​ដែល​បញ្ចេញ​ទស្សនៈ​របស់​ពួកគេ ដោយ​សេរី​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ដើម្បី​យាយី​អ្នក​រិះគន់​រដ្ឋាភិបាល។ អ្នកស្រី បន្ត​ថា ការ​ឃុំខ្លួន​ដោយ​ខុសឆ្គង និង​ការប្រើ​ខុស​លើ​បទ​ញុះញង់ និង​ការចោទប្រកាន់​ពី​បទ​ក្បត់ជាតិ បង្ហាញ​ពី​ការ​មិន​យកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន»។

អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ គូស​បញ្ជាក់​ថា ប្រជាជន​កម្ពុជា​ទាំងអស់ មាន​សិទ្ធិ​បញ្ចេញមតិ​ទាំង​ដោយ​ផ្ទាល់ និង​តាម​អ៊ីនធឺណិត ហើយ​មិន​គួរ​ត្រូវ​បាន​ឃុំខ្លួន និង​ចោទប្រកាន់​ដោយ​គ្រាន់តែ​បញ្ចេញមតិ​រិះគន់​នោះ​ទេ។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ ត្រូវ​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​ទាំងនេះ ហើយ​ដោះលែង​បុគ្គល​ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយ​ខុសច្បាប់​ទាំងអស់​ឲ្យ​មាន​សេរីភាព​ឡើងវិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ