

ពលករខ្មែរធ្វើការលើទូកនេសាទ ក្នុងដែនសមុទ្រខេត្តត្រាត ប្រទេសថៃ ចំនួន៤នាក់ បានបាត់ខ្លួន អស់រយៈពេល៧ថ្ងៃមកហើយ។ អ្នកការពារសិទ្ធិពលករចំណាកស្រុកយល់ថា ពលករខ្មែរ ដែលធ្វើការចុះទូតនេសាទ ភាគច្រើនប្រឈមហានិភ័យខ្ពស់ នៅពេលរដូវភ្លៀង។
រយៈពេល៧ថ្ងៃហើយ ដែលពលករខ្មែរចំនួន៤នាក់ រួមនិងកម្មករបើកទូកនេសាទជនជាតិថៃម្នាក់បានជួបគ្រោះថ្នាក់ទូកលិច នៅកណ្ដាលសមុទ្រ ក្នុងខេត្តត្រាតប្រទេសថៃ។ អ្នកការពារសិទ្ធិពលករសំណាក់ស្រុកប្រចាំនៅប្រទេសថៃ លើកឡើងថា ហេតុការណ៍នេះបានកើតឡើង អស់រយៈពេល៧ថ្ងៃ ខណៈអាជ្ញាធរថៃទើបតែរកឃើញទូកនេសាទដែលលិចនោះ រួមនឹងសាកសពកម្មករ នេសាទម្នាក់ នៅក្រោមបាតសមុទ្រ ចំណែកអ្នកផ្សេងទៀតកំពុងតែស្វែងរក។
សារព័ត៌មានថៃបានចុះផ្សាយនៅថ្ងៃទី១៧ខែកក្កដាថា អាជ្ញាធរថៃបានរកឃើញសាកសពមនុស្សម្នាក់ បានស្លាប់ប៉ុន្តែពុំបញ្ជាក់ថា ជាខ្មែរ ឬថៃនោះទេ។ រីឯគ្រួសារជនរងគ្រោះម្នាក់ នៅស្រុកកំពង់ត្រាច ខេត្តកំពត វិញ បានអះអាងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ប្ដីរបស់លោកស្រីឈ្មោះ ឃឹម ឡាច អាយុ៤៨ បានបាត់ខ្លួនអស់រយៈពេល៧ថ្ងៃហើយ ដោយពុំសង្ឃឹមថានឹងមានជីវិតរស់នោះទេ ដូច្នេះ ពួកគាត់បានរៀបចំពិធីបុណ្យគម្រប៧ថ្ងៃ ឧទ្ទិសកុសលជូនប្ដី បើទោះជាដំណឹងនៃការស្លាប់របស់ប្តីបែបណានោះ លោកស្រីមិនទាន់ដឹងឱ្យប្រាកដនៅឡើយ។
ទោះជាយ៉ាងណា ទូរទស្សន៍អាស៊ីសេរី នៅពុំទាន់អាចបញ្ជាក់បន្ថែមពីគ្រួសារជនរងគ្រោះ និងអាជ្ញាធរពាក់ព័ន្ធថាតើ ពលករខ្មែរ ចំនួន៤នាក់ ដែលបាត់ខ្លួនក្នុងឧប្បត្តិហេតុ ទូកលិចនៅប្រទេសថៃនោះ មកពីខេត្តណាខ្លះ ហើយមានឈ្មោះអ្វីខ្លះនោះឡើយ។
មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃនៃ អង្គការសង់ត្រាល់ លោក លឹង សុផុន ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៧ ខែកក្កដាថា មកទល់ពេលនេះ លោកនៅពុំទាន់ដឹងថា ពលករខ្មែរ ដែលបានបាត់ខ្លួនចំនួន៤នាក់នោះ មានឈ្មោះអ្វីខ្លះនោះទេ ប៉ុន្តែក្នុងចំណោម អ្នកទាំង នោះ មានអាយុ ចន្លោះពី៣០ ទៅ៥០ឆ្នាំ។ លោកថា ពលករខ្មែរ ដែលធ្វើការលើទូកនេសាទនៅក្នុងខេត្តត្រាត មានជាង ១ម៉ឺននាក់ រួមទាំងកុមារ និងស្ត្រី ដែលភាគច្រើនពួកគាត់មក រស់នៅ និងធ្វើការឱ្យថៃ ជាលក្ខណៈគ្រួសារ អស់ជាច្រើនឆ្នាំមកហើយ អ្នកខ្លះ១០ ទៅ២០ឆ្នាំ។ លោកបន្តថា ពលករខ្មែរធ្វើការលើទូកនេសាទនៅប្រទេសថៃ ភាគច្រើនមានជីវភាពខ្វះខាត ហើយធ្វើការដោយប្រឈមហានិភ័យខ្ពស់។
ទូរទស្សន៍អាស៊ីសេរី ពុំអាចទាក់ទងស្ថានឯកអគ្គរាជទូតខ្មែរប្រចាំនៅទីក្រុងបាងកក ដើម្បីបញ្ជាក់បន្ថែមលើរឿងនេះបានទេ នៅថ្ងៃទី១៧ ខែកក្កដា ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ទោះជាយ៉ាងណា លោក លឹង សុផុន រៀបរាប់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ឧប្បត្តិហេតុលិចទូក និងបាត់ខ្លួនពលករខ្មែរ នេះ គឺតែងតែកើតមានជាបន្តបន្ទាប់ ហើយគ្រួសារជនរងគ្រោះ ហាក់ពុំសូវ ទទួលបានការយកចិត្តទុកដាក់ ឬផ្ដល់សំណង់ជំងឺចិត្ត ពីសំណាក់ថៅកែជនជាតិថៃនោះឡើយ។ ដូច្នេះ លោក ទទូចឱ្យមន្ត្រីស្ថានឯកអគ្គរាជទូតខ្មែរ ប្រចាំនៅទីក្រុងបាងកក និងតាមបណ្ដាខេត្តនានា គួរតែតាមដានករណីនេះឱ្យបានដិតដល់ ហើយចុះស្រាវជ្រាវរកឱ្យឃើញពីមូលហេតុនៃការលិចទូកទាំងនោះ ដើម្បីទាមទារសំណង់ជំងឺចិត្ត ពីថៅកែ ផ្ដល់ជូនគ្រួសារជនរងគ្រោះ។
លោក លឹង សុផុន៖ «មន្ត្រីពាក់ព័ន្ធ ជាពិសេសខាងកុងស៊ុល ដែលប្រចាំការនៅក្នុងប្រទេសថៃ ដែលពាក់ព័ន្ធទៅរឿងពលករហ្នឹង ជួយតាមដាន ដើម្បីឱ្យដឹងថា ជាករណីកើតឡើងហ្នឹង ជាប្រភេទយ៉ាងណា? ឬក៏ជាប្រភេទគ្រោះថ្នាក់ដោយធម្មជាតិ ឬក៏ជាប្រភេទមានគូភាគីអី យើងមិនដឹងថា ការកើតឡើងហ្នឹង វាជាកើតឡើងដោយយ៉ាងម៉េច។ អីចឹងគួរតែ មន្ត្រីពាក់ព័ន្ធហ្នឹងតាមដាន ដើម្បីឱ្យយើងដឹងថា ករណីហ្នឹងកើតឡើងយ៉ាងម៉េច ស្រួលយើងដើម្បីដំណើរការ ទាមទារប្រាក់សំណង ឬក៏ទាមទារតាមផ្លូវច្បាប់អីចឹងណា៎។ អីចឹងគួរតែអនុវត្តតាមច្បាប់បាទ»។
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ ធ្លាប់បានចេញរបាយការណ៍រកឃើញថា ពលករខ្មែរ ដែលធ្វើការលើទូកនេសាទនៅប្រទេសថៃប្រឈមបញ្ហាជាច្រើន ទាំងអាយុជីវិត និងការរំលោភសិទ្ធិការងារ។ ក្នុងនោះមានក្រុមគ្រួសារពលករខ្មែរជាច្រើនបានមកដាក់ពាក្យបណ្ដឹងស្វែងរកសាច់ញាតិរបស់ខ្លួន ដែលបានបាត់ខ្លួននៅលើទូកនេសាទថៃ ខណៈអ្នកខ្លះបានបាត់ដំណឹងសូន្យឈឹងលើសពី ១០ ឆ្នាំ ទៅ២០ឆ្នាំ ក្រោយពីពួកគាត់ ត្រូវបាន ចាញ់បោកមេខ្យល់ឱ្យទៅធ្វើការ។ ជាមួយគ្នានោះ ជារឿយៗមានករណីលិចទូកនេសាទដោយសារខ្យល់ព្យុះ ឬការប៉ះទង្គិចគ្នានៅសមុទ្រ ដែលបណ្ដាលឱ្យពលករខ្មែរស្លាប់ និងបាត់ខ្លួនជាបន្តបន្ទាប់។ ជាក់ស្ដែងកាលពីចុងឆ្នាំ២០២២ មានករណីលិចទូកនេសាទថៃ នៅខេត្តសុងខ្លា បណ្ដាលឱ្យពលករខ្មែរ ម្នាក់ស្លាប់ និងម្នាក់ទៀតត្រូវបានសង្គ្រោះទាន់។
ទន្ទឹមគ្នានោះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) ក៏ធ្លាប់បានរកឃើញថា ពលករធ្វើការចុះទូតនេសាទនៅប្រទេសថៃ តែងតែជួបប្រទះនូវ លក្ខខណ្ឌការងារធ្ងន់ធ្ងរ និងធ្វើការលើសកម្លាំង ស្ទើរគ្មានពេលសម្រាក ដែលស្ថិតនៅក្នុងស្ថានភាព ប្រឈមនឹងគ្រោះថ្នាក់ខ្ពស់។ ជាមួយគ្នានោះ ពលករតែងតែរងការធ្វើបាប បង្ខំឱ្យធ្វើការដូចទាសករ និងមិនទទួលបានការព្យាបាលជំងឺ ឱ្យបានត្រឹមត្រូវនោះឡើយ។ រឹតតែធ្ងន់ធ្ងរជាងនោះ ប្រមាណ៩០% នៃថៅកែ ទូកនេសាទថៃ តែងតែដកហូតយកលិខិតឆ្លងដែន ឬឯកសាររបស់ពលករទុកដែលធ្វើឱ្យពួកគាត់មិន អាចរត់គេចខ្លួន ឬស្វែងរកជំនួយពីអាជ្ញាធរពាក់ព័ន្ធបានឡើយ។
ទោះជាបែបនេះក្ដី អ្នកការពារសិទ្ធិពលករចំណាកស្រុកប្រចាំនៅប្រទេសថៃបានលើកឡើងថាស្ថានភាពរស់នៅ និងការធ្វើការចុះទូករបស់ពលករខ្មែរនៅប្រទេសថៃបច្ចុប្បន្នមានភាពល្អប្រសើរជាងមុនបន្តិច ប៉ុន្តែ ពួកគាត់នៅតែត្រូវបានធ្វើការដោយបង្ខំ និងលើសកម្លាំង និងប្រឈមហានិភ័យខ្ពស់ ពេលចុះទូតម្ដងៗ។ ពួកគាត់ស្នើឱ្យរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរថៃ គួរតែជជែកគ្នា ដើម្បីរកដំណោះស្រាយសមរម្យសម្រាប់ពលករខ្មែរ ដែលធ្វើការលើទូក ឱ្យទទួលបានការធានា នូវសុវត្ថិភាព ឱ្យបានខ្ពស់ ព្រោះពលករទាំងនោះ សុទ្ធសឹងតែធ្វើការងារ ស្របតាមប្រទេសច្បាប់ថៃ៕








