អ្នកឃ្លាំមើល​ថា អំពើពុករលួយ និង​បក្ខពួក​និយម គឺជា​ឧបសគ្គ​កម្ចាត់​គ្រឿងញៀន

0
55
ទិដ្ឋភាពអាជ្ញាធរដុតបំផ្លាញគ្រឿងញៀនដែលរឹបអូសបានប្រមាណ ៥តោន ពីទូទាំង នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល កាលពីថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកលោក ស សុខា
ទិដ្ឋភាពអាជ្ញាធរដុតបំផ្លាញគ្រឿងញៀនដែលរឹបអូសបានប្រមាណ ៥តោន ពីទូទាំង នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល កាលពីថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកលោក ស សុខា

អ្នកឃ្លាំមើល​ថា អំពើពុករលួយ និង បក្ខពួក​និយម ក្នុង​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ទាំង​មូល គឺជា​ឧបសគ្គ​ដ៏​ធំ ដែល​នាំ​ឲ្យ​គ្មាន​ប្រសិទ្ធភាព​កម្ចាត់​គ្រឿងញៀន​។ ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​សមត្ថកិច្ច​បង្ហាញ​របាយការណ៍ នៃ​បទល្មើស គ្រឿងញៀន ជាង ៦​ពាន់​ករណី ក្នុង​រយៈពេល​ប្រមាណ ៦​ខែ ឆ្នាំ​២០២៦ ហើយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស សុខា បាន​ចេញ​មុខ​បំផ្លាញ​គ្រឿងញៀន​រហូតដល់ ជាង ៥​តោន។

គ្រឿងញៀន ក្លាយជា​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ទូទៅ មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ទាក់ទង​នឹង​ការបំផ្លាញ​អនាគត​យុវជន និង​ប្រទេសជាតិ​កម្ពុជា​។ អ្នកឃ្លាំមើល លើកឡើង​ថា កម្ពុជា​មិនអាច​លុបបំបាត់​គ្រឿងញៀន​បាន ប៉ុន្តែ​កាន់​តែ​មាន​កំណើន ចរាចរណ៍​គ្រឿងញៀន ពីព្រោះ ពួក​អ្នក​មាន​អំណាច និង​ក្រុម​មន្ត្រី​សមត្ថកិច្ច ដែល​ទទួល​ភារកិច្ច​នេះ អាច​ជា​អ្នក​កាង​នៅ​ពីក្រោយ​មេ​ឈ្មួញ​គ្រឿងញៀន​ធំៗ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន លោក ប៉ោ មករា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២១ ខែកក្កដា​ថា ការ​កម្ចាត់​គ្រឿងញៀន នៅ​ប្រទេស​កម្ពុជា ប្រៀប​ដូចជា​ការ​វែក​ចក​លើ​ផ្ទៃ​ទឹក គឺ​ពុំ​មែន​ជា​របៀប​ស្រង់​ចក​ចេញពី​ផ្ទៃ​ទឹក ឱ្យ​អស់​នោះ​ទេ​។ ដូច្នេះ លោក​ថា វិធីសាស្ត្រ​បែបនេះ ពុំ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កម្ចាត់​គ្រឿងញៀន​ឡើយ។

លោក ប៉ោ មករា មានប្រសាសន៍ថា អំពើពុករលួយ និង​បក្ខពួក​និយម ដែល​នាំ​ឱ្យ​មានការ​គប់គិត​ជា​ប្រព័ន្ធ គឺជា​ឫសគល់​ធំ​បំផុត នៃ​ឧបសគ្គ​កម្ចាត់ គ្រឿងញៀន នៅ​កម្ពុជា​។ លោក​កត់សម្គាល់​ថា ជាទូទៅ ឃើញ​ចាត់ការ​តែ​លើ​ជនរងគ្រោះ ដែល​ប្រើប្រាស់ គ្រឿងញៀន និង ក្មេង​ទំនើង ប៉ុន្តែ ពុំ​ឃើញ​មាន​លទ្ធផល​ជា​ដុំកំភួន ក្នុង​ការ​នាំ​យក​ពួក​មេ​ឈ្មួញ​គ្រឿងញៀន​ធំៗ ទៅ​ផ្ដន្ទាទោស​នៅឡើយ។


លោក ប៉ោ មករា ៖ «​រឿង​កើតឡើង​ថ្មីៗ​នៅ​ខេត្តកំពត ដែល​មន្ត្រី​បង្ក្រាប​បទល្មើស មួយចំនួន ពិសេស​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​ហ្នឹង វា​ទៅជា​មន្ត្រី​ទាំងអស់​ហ្នឹង​នាំគ្នា​ទៅ​លួច​ឧបករណ៍​ទាំងអស់​ហ្នឹង​។ ហ្នឹង​ជា​បញ្ហា សាំញ៉ាំ ជា​បញ្ហា​មួយ​ដែល​ត្រូវការ​ឆន្ទៈ​នយោបាយ​ខ្ពស់ ក្នុង​ការ​លុបបំបាត់​បញ្ហា​អំពើពុករលួយ បើ​មិន​អ៊ីចឹង​ទេ អំពើពុករលួយ​វា​ទាញ​ទៅជា​បក្ខពួក​និយម វា​ទាញ​ទៅជា​គេ​ហៅថា ការ គប់គិត​គ្នា ជា​ប្រព័ន្ធ​ដើម្បី​កេង​ផលប្រយោជន៍​ជាតិ ជាពិសេស គឺ​ការអនុវត្ត​ច្បាប់ ពាក់ព័ន្ធ​នឹង​ការ​កម្ចាត់​បញ្ហា​គ្រឿងញៀន វា​មិន​មាន​ប្រសិទ្ធភាព​បែប​ហ្នឹង»។

ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស សុខា បាន ចូលរួម​ដុត​បំផ្លាញ​គ្រឿងញៀន​ជាង ៥​តោន ដែល​សមត្ថកិច្ច​រឹបអូស​បាន​កន្លងមក​។ ការ​ដុត​បំផ្លាញ​នេះ ប្រារព្ធ​ធ្វើជា​និមិត្តរូប ក្នុង​ពេល​លោក ស សុខា ចូលរួម​ក្នុង​ពិធី​អបអរ «​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​ការប្រើប្រាស់​គ្រឿងញៀន និង​ការ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​» នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល នៅ​ថ្ងៃទី​២១ ខែកក្កដា។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បង្ហាញថា ការ​បង្ក្រាប​គ្រឿងញៀន​ទូទាំង​ប្រទេស នៅ​ថ្ងៃទី​២០ ខែ​កក្កដា តែ​១​ថ្ងៃនេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ៦៩​នាក់​។ ចំណែកឯ ទិន្នន័យ​នៃ​ការ​បង្ក្រាប​គ្រឿងញៀន ចាប់​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​២០ ខែកក្កដា គឺ​រយៈពេល​ជិត ៧​ខែ ក្នុង​ឆ្នាំ​២០២៦​នេះ មាន​ចំនួន​រហូតដល់ ៦០៦០ ករណី និង​ឃាត់ខ្លួន​មនុស្ស​បាន ១៦០១៨​នាក់ ក្នុង​នោះ មាន​ស្ត្រី ១០៩៣​នាក់។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឱ្យដឹង​ថា ពេញ​មួយឆ្នាំ​២០២៥ សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​គ្រឿងញៀន បាន​ជាង ១​ម៉ឺន ៧ រយ​ករណី ឃាត់ខ្លួន​ជន សង្ស័យ ជិត ៣​ម៉ឺន​នាក់ រឹបអូស​បាន​គ្រឿងញៀន​ជិត ៦​តោន និង​សារ​ធាតុគីមី​ផ្សំ​ជាង ៤២​តោន ព្រមទាំង បាន​បិទ​ទីតាំង​អាជីវកម្ម ១២​កន្លែង​។ ចំណែកឯ​ឆ្នាំ​២០២៤ សមត្ថកិច្ច​បាន​រឹបអូស​គ្រឿងញៀន មាន​ចំនួន​សរុប​ជិត ១៥​តោន (១៤.៩​តោន​) និង ចាប់ខ្លួន​ជនសង្ស័យ​ជាង ២​ម៉ឺន​៧​ពាន់​នាក់ (២៧ ០៦៨​នាក់​) ក្នុង​នោះ មាន​ជន បរទេស​ជាង ១​ពាន់​នាក់ (១ ០៤៥​នាក់​) ដែល​មាន​១៦​សញ្ជាតិ។

អ្នកឃ្លាំមើល​លើកឡើង​ថា ការ​ជួញដូរ​គ្រឿងញៀន​នេះ មិន​ស្រក​អន់​ឡើយ​និង​កំពុង​រីក​រាលដាល​យ៉ាង​សម្បើម​ទៅដល់​គ្រប់​ច្រកល្ហក​នៅ​ទូទាំង​ប្រទេស។

អ្នកស្រាវជ្រាវ​ពី​ការអភិវឌ្ឍន៍​សង្គម​លោក​បណ្ឌិត មាស នី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២១ ខែកក្កដា​ថា គ្រឿងញៀន ពីមុន​មាន​ព័ត៌មាន​ទិញ​លក់​តែ​ក្នុង​ទីក្រុង​ប៉ុណ្ណោះ ប៉ុន្តែ ពេលនេះ ល្បី​ថា មានការ​ចែកចាយ​លក់​ដូរ ដល់ទី​ជនបទ​ភូមិ​ដាច់ស្រយាល​ទៅ​ហើយ​។ លោក​ទទួលបាន​ព័ត៌មាន​ពី​ឪពុកម្ដាយ​ខ្លះ ដែល​​មាន​កូន​ញៀន​ថ្នាំ រាយការណ៍​ថា កូនៗ​របស់​ពួកគាត់ ទិញ​ថ្នាំញៀន​ទាំងនោះ​ពី​នគរបាល​តែម្ដង​។ លោក​ថា នេះ​ជា រឿង​ដែល​គួរ​ឱ្យ​ឆ្ងល់ ។​

លោក​បណ្ឌិត មាស នី ពន្យល់​ថា កាលណា​នគរបាល​មួយ​ចំនួន មាន​ថ្នាំញៀន​ចែកចាយ នោះ​ពិតជា​ពិបាក​បែង​ចែង ថា​តើ​មន្ត្រី​សមត្ថកិច្ច​នោះ គប់គិត​រកស៊ី​គ្រឿងញៀន ឬក៏​ជា​សិទ្ធិ​ដែល​មន្ត្រី​នគរបាល​នោះ បានការ​អនុញ្ញាត​ពី​ថ្នាក់លើ​ឱ្យ​ដើរតួ​ជា​ចែកចាយ ដើម្បី​ធ្វើជា​ធ្នាក់​តាម​ចាប់​ពួក​អ្នក​ជួញដូរ​គ្រឿងញៀន​បន្ត​ទៀត​។ ដូច្នេះ លោក​ថា ករណី​បែប​នេះ មានតែ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​គ្រឿងញៀន​ទេ ដែល​ត្រូវ​មាន​សមត្ថកិច្ច​តាមច្បាប់ ស៊ើបអង្កេត​ឱ្យ​ច្បាស់។


បណ្ឌិត មាស នី៖ «ខ្ញុំ​សួរ​ប៉ូលិស​ដែល​ធ្វើការ​គ្រឿងញៀន​ដែល​ទេ​ណាស់ គាត់​គ្រាន់តែ​និយាយប្រាប់​ខ្ញុំ​ដែរ​។ គាត់​ថា​ជូន​កាល​ពេលខ្លះ ឧទាហរណ៍​ចាប់​ទៅ​បាន​ឈ្មួញ​ធំ​ម្នាក់ ឧបមា​ថា មាន​ថ្នាំ​រហូត​ទៅដល់​២​រយ​គីឡូ ឬ​៣​រយ​គីឡូ​ថា ចុះ​អ៊ីចឹង​អ្នក​ដែល​មាន​ចំនួន​ថ្នាំ បរិមាណ​ថ្នាំ​ច្រើន​នៅ​នឹង​ដៃ​អ៊ីចឹង តើ​អាហ្នឹង ម៉េច​បាន​រក​មិនឃើញ​អ្នក​នៅ​ពី​ក្រោយខ្នង​ហ្នឹង​ទៀត គាត់​ថា​ដល់ពេល​រក​ចាប់​អ្នកធំៗ វា​ច្រើនតែ​អ្នក​ហ្នឹងឯង​មាន​ខ្នង​នៅ​លើ​ទៀត​។ ខ្នង​បាន​ន័យថា ជូន​កាល​អាច អាជ្ញាធរ​គ្រឿងញៀន​នៅ​កន្លែង​ក្រសួង​ហ្នឹង គេ​មាន​ខ្សែបណ្ដាញ​របស់​គេ​ដែរ​។ អ៊ីចឹង​ដល់ពេល​ពួក​ហ្នឹង​ពង្រីក​ខ្លួន​មក​ដើរ​រកស៊ី​ខាងក្រៅ ឧបមា​ថា ខាង​ខេត្ត​ស្រុក​ចាប់បាន ចាប់​ហើយក៏​ពិបាក​ទុក​បន្តិចទៀត​មាន​គេ​មក​ដោះ មាន​គេ​មក​ដោះ អាហ្នឹង​ខ្សែ​របស់​យើង ក្រុម​បណ្ដាញ​របស់​យើង​អី​ទេ បាទ​! ករណី​ខ្លះ​ក៏​មាន​អ៊ីចឹង​ដែរ​។ ប៉ុន្តែ​ដូច​ខ្ញុំ​បាន​ជម្រាប​ជូន​ថា ខ្ញុំ​លើក​នេះ គ្រាន់​លើក​តាម​ស្អី​ដែល​គេ​បាន​និយាយប្រាប់​ខ្ញុំ​ទេ ប៉ុន្តែ​ស៊ី​ជ្រៅ​ប៉ុណ្ណា ខ្ញុំ​ចង់ឱ្យ​អាជ្ញាធរ​គ្រឿងញៀន ឬក៏​ក្រសួងមហាផ្ទៃ​ហ្នឹង​គួរតែ​តាមមើល​ហើយ​ពិនិត្យមើល​រឿង​ហ្នឹង​ឡើងវិញ​ឱ្យ​ច្បាស់​ទៅ»។

អ្នកឃ្លាំមើល លើកឡើង​ថា ពុំ​មាន​វិធី​បំបាត់​គ្រឿងញៀន​នៅ​កម្ពុជា​ទេ ពីព្រោះ​អ្នកដឹកនាំ​ប្រទេស តែងតែ​ផ្ដល់​ការ​អនុគ្រោះ​ដ៏​ទូលំទូលាយ​ដល់​ពួក​មេ​ឈ្មួញ​គ្រឿងញៀន។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន ជា​ប្រមុខ​រដ្ឋស្តីទី បាន​សម្រេច​លើកលែង​ទោស ដល់​បុរស​ជនជាតិ​បែលហ្ស៊ិក​ម្នាក់ ដែល​ត្រូវ​បាន​តុលាការ​កម្ពុជា ផ្ដន្ទាទោស ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន តាម សំណើ​របស់​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត។ ការ​លើកលែងទោស​នេះ រង ការរិះគន់​យ៉ាង​ខ្លាំង ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​។​

សង្គម​ស៊ីវិល រិះគន់​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​យកចិត្ត​ទុកដាក់​ផ្ដល់​សេរីភាព​ឲ្យ​អ្នក​ទោស​នយោបាយ និង អ្នកទោស​មនសិការ ដើម្បី​ពង្រឹង កម្លាំង​ជាតិ ប៉ុន្តែ បែរជា​ខំ​រក​វិធី​ផ្ដល់​លើកលែង ទោស​ដល់​មេ​ឈ្មួញ​គ្រឿងញៀន ដែល​បំផ្លាញ​សង្គម​កម្ពុជា​ទៅវិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ