

ក្រុមហ៊ុន សាន់តាណា អាហ្គ្រោប្រូដាក់ (Santana Agro Products) របស់អភិបាលរងខេត្តព្រះវិហារ លោក អ៊ុក គឹមសាន កំពុងរំលោភយកដីស្រែចម្ការរបស់ពលរដ្ឋជិត៥ពាន់ហិកតារ ក្នុងស្រុកចំនួន២ នៅខេត្តព្រះវិហារ និងកាប់ប្រមូលឈើមានតម្លៃក្នុងតំបន់ការពារថែមទៀត។ សង្គមស៊ីវិល ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនរកដំណោះស្រាយជូនពលរដ្ឋឲ្យបានឆាប់។
ដីស្រែចម្ការរបស់ពលរដ្ឋស្ថិតនៅឃុំរមណីយ ស្រុករវៀង និងឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ជិត៥ពាន់ហិកតារ (៤,៩៥៧ ត្រូវបានក្រុមហ៊ុនសាន់តាណារបស់អភិបាលរងខេត្តព្រះវិហារ លោក អ៊ុក គឹមសាន ដាក់គ្រឿងចក្រឈូសឆាយរំលោភយក និងគំរាមកំហែងពលរដ្ឋមិនឲ្យចេញតវ៉ា។ លើសពីនោះក្រុមហ៊ុននេះ លួចកាប់ឈើធ្វើអាជីវកម្មក្នុងតំបន់ព្រៃការពារថែមទៀត។ ពលរដ្ឋថា អស់រយៈពេលជិត១ឆ្នាំមកហើយ ដែលពលរដ្ឋមានវិវាទជាមួយក្រុមហ៊ុន សាន់តាណា ហើយអាជ្ញាធរនៅតំបន់នោះមិនទាន់រកដំណោះស្រាយឲ្យពលរដ្ឋនោះទេ។
តំណាងប្រជាពលរដ្ឋនៅឃុំឆែបពីរ លោក សោម ណៃ ប្រាប់ទូរទូស្សន៍អាស៊ីសេរី នៅថ្ងៃទី២៤ ខែវិច្ឆិកា ថា រហូតមកដល់ពេលនេះអាជ្ញាធរមិនមានដំណោះស្រាយសមរម្យ ឬធ្វើតាមសំណូមពររបស់ពលរដ្ឋនោះទេ ផ្ទុយទៅវិញអាជ្ញាធរពាក់ព័ន្ធចុះមកលួងលោមប្រជាពលរដ្ឋមិនឲ្យចេញតវ៉ា និងកុំឲ្យទម្លាក់កំហុសទៅលើក្រុមហ៊ុន។ លោកថា ពលរដ្ឋចង់ឲ្យអាជ្ញាធរកាត់ឆ្វៀលដីចេញដែលក្រុមហ៊ុនបានឈូសឆាយយក មកដាក់ជាដីសមូហភាពវិញ ដើម្បីទុកឲ្យពលរដ្ឋនៅក្នុងសហគមន៍បានអាស្រ័យផលរួមគ្នា។
លោក សោម ណៃ៖ «ស្នើសុំឲ្យគាត់កាត់ដីទុកឲ្យប្រជាពលរដ្ឋវិញ ពីព្រោះថាភូមិប្រាណារ៉ុង និងដងផ្លឹត ពាក់កណ្ដាលម្នាក់សម្រាប់អាស្រ័យផលធនធានធម្មជាតិនៅភូមិដងផ្លឹត ដូច្នេះហើយគាត់គ្មានដីឯណាសម្រាប់ប្រើប្រាស់ទៀតទេ»។

ទិដ្ឋភាពក្រុមហ៊ុន សាន់តាណា អាហ្គ្រោប្រូដាក់ (Santana Agro Products ឈូសឆាយដីព្រៃសហគមន៍អូរជញ្ជៀន ស្ថិតនៅភូមិត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ រូបភាពពលរដ្ឋផ្ដល់ឱ្យ
តំណាងសហគមន៍នៅឃុំរមណីយ លោកស្រី ខា សាវ៉េត អះអាងថា ក្រុមហ៊ុន សាន់តាណា គឺជាអ្នករំលោភយកដីស្រែចម្ការរបស់ពលរដ្ឋជាង ២០គ្រួសារ ដែលពួកគាត់ធ្លាប់អាស្រ័យផលតាំងពីដូនតា ចំណែកអាជ្ញាធរពាក់ព័ន្ធមិនបានរកដំណោះស្រាយឲ្យពលរដ្ឋនោះទេ ផ្ទុយទៅវិញអាជ្ញាធរទាំងនោះបានចាប់បង្ខំពលរដ្ឋឲ្យធ្វើកិច្ចសន្យាប្រគល់ដីឲ្យក្រុមហ៊ុន និងគំរាមមិនឲ្យពលរដ្ឋរងគ្រោះដីធ្លីចេញតវ៉ាឡើយ។
លោកស្រី ខា សាវ៉េត៖ «អត់ដោះស្រាយឲ្យគេ ពេលគេចុះមកឲ្យជួបម៉ោង៣ ឬម៉ោង៤ ម៉ោង១ ចុះមកហាមមិនឲ្យយើងធ្វើ មកគំរាមបើយើងនៅតែធ្វើគេចាប់ដាក់គុកគេអត់ដឹងទេ ចុះទៅមានព្រៃស្រោង ដូចក្រុមហ៊ុនគេឈូសឆាយឯណា សុទ្ធតែជាំក្បាលស្រែរបស់ពលរដ្ឋ សុំឲ្យរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធជួយមើលប្រជាពលរដ្ឋផង ក្រុមហ៊ុនគេគំរាមមិនឲ្យពលរដ្ឋធ្វើស្រែទេ»។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាខេត្តព្រះវិហារ លោក ណុប វុធ្ធី បានទេនៅថ្ងៃទី២៤ ខែវិច្ឆិកា។ ចំណែកតំណាងក្រុមហ៊ុន សាន់តាណា លោក អ៊ុក គឹមសាន ក៏ទូរទស្សន៍អាស៊ីសេរី ពុំទាន់អាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី យល់ឃើញថា អាជ្ញាធរពាក់ព័ន្ធគួរតែពន្លឿននីតិវិធី ដើម្បីស្វែងរកដំណោះស្រាយឲ្យប្រជាពលរដ្ឋ ហើយអាជ្ញាធរត្រូវគិតពីផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ។ លោកថា ប្រជាពលរដ្ឋដែលមានវិវាទជាមួយក្រុមហ៊ុន ពួកគាត់សុទ្ធតែជាជនជាតិដើមភាគតិច ដូច្នេះអាជ្ញាធរគួរកាត់ឆ្វៀលដីស្រែចម្ការទាំងនោះ ឲ្យពួកគាត់បានអាស្រ័យផលដូចដើមវិញ។
លោក យិន ម៉េងលី៖ «កុំឲ្យមានបញ្ហា អ៊ីចឹងនៅពេលអនុវត្តហើយមានបញ្ហា ខេត្តត្រូវធ្វើរបាយការណ៍ឲ្យបានជាក់លាក់អំពីផលប៉ះពាល់ឲ្យក្រសួងពិនិត្យមើល និងសុំគោលការណ៍ពីរដ្ឋាភិបាល ចេញឲ្យជនជាតិដើមភាគតិចទៅ ជនជាតិដើមភាគតិចគាត់រស់នៅពឹងលើព្រៃឈើ អ៊ីចឹងកាត់ឆ្វៀលឲ្យប្រជាពលរដ្ឋបានត្រឹមត្រូវទៅ វាបញ្ចប់បញ្ហាហើយ»។
យោងតាមសមាគមអាដហុក មានពលរដ្ឋ ៣៧គ្រួសារ រស់នៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប និងតំបន់ការពារធនធានធម្មជាតិឆែប ដែលមានផ្ទៃដីជិត៥ពាន (៤,៨៥៧)ហិកតារ និងពលរដ្ឋ ២៧គ្រួសារផ្សេងទៀត រស់នៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ដែលមានដីធ្លីជាង១០០ហិចតា កំពុងមានវិវាទជាមួយក្រុមហ៊ុនសាន់តាណា និងជំរុញឲ្យអាជ្ញាធរខេត្តពន្លឿនរកដំណោះស្រាយជូនពលរដ្ឋ។

ក្រុមហ៊ុនសាន់តាណា អាហ្គ្រោប្រូដាក់ របស់លោក អ៊ុក គឹមសាន ធ្លាប់ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ជាង ១ម៉ឺនហិកតារ (១២.០០០) កាលពីចុងឆ្នាំ២០២១ ស្ថិតនៅ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីពង្រីកការដាំដុះ និងកែច្នៃស្វាយចន្ទី នាំយកទៅលក់នៅក្រៅប្រទេស។ នៅដើមឆ្នាំ២០២៥ក្រុមហ៊ុនមួយនេះ បានដណ្ដើមដីស្រែចម្ការ និងដីព្រៃសហគមន៍ចំនួន២ខេត្ត គឺខេត្តព្រះវិហារ និងខេត្តកំពង់ធំ រាប់ពាន់ហិកតារ និងបានប្រើប្រាស់អំពើហិង្សាទៅលើពលរដ្ឋរងគ្រោះដីធ្លីទាំងនោះថែមទៀត។ លោក អ៊ុក គឹមសាន បច្ចុប្បន្នមានតួនាទីជាអភិបាលរងខេត្តព្រះវិហារ និងមានងារជាឧកញ៉ា លើសពីនោះលោក ក៏មានតួនាទីជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារផងដែរ៕









