

សារព័ត៌មានស៊ើបអង្កេត Kouprey បានរាយការណ៍ថា ផលប្រយោជន៍អាជីវកម្មរបស់គ្រួសារលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា មានទំនាក់ទំនងជាមួយក្រុមហ៊ុនជាង ១០០ ដែលប្រតិបត្តិការក្នុងវិស័យអចលនទ្រព្យ ថាមពល ប្រព័ន្ធផ្សព្វផ្សាយ ទូរគមនាគមន៍ ធនាគារ សណ្ឋាគារ និងការកម្សាន្ត និងការនាំចូល-នាំចេញ។ នេះឆ្លុះបញ្ជាក់ថា ផលប្រយោជន៍របស់គ្រួសារហ៊ុន នៅតែមានឥទ្ធិពលយ៉ាងទូលំទូលាយ ឬចាក់ឫសយ៉ាងជ្រៅក្នុងវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា។
សារព័ត៌មានស៊ើបអង្កេត Kouprey បានឱ្យដឹងថា ការវិភាគថ្មីនេះផ្អែកលើទិន្នន័យដែលប្រមូលពីកំណត់ត្រាចាស់ៗរបស់ក្រសួងពាណិជ្ជកម្ម ចន្លោះឆ្នាំ២០១៦ ដល់ខែមីនា ឆ្នាំ២០២៦ ដោយរកឃើញក្រុមហ៊ុនជាង ១២០ ដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយសមាជិកគ្រួសារជិតស្និទ្ធរបស់លោក ហ៊ុន សែន ប្តីប្រពន្ធ សាច់ញាតិមួយចំនួន និងកូនប្រសា បានលាតសន្ធឹងស្ទើរគ្រប់វិស័យនៃសេដ្ឋកិច្ចកម្ពុជា ចាប់ពីអចលនទ្រព្យ ទូរគមនាគមន៍ ថាមពល ប្រព័ន្ធផ្សព្វផ្សាយ ធនាគារ ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់វិស័យកម្សាន្ត។
របាយការណ៍នេះ បានបញ្ជាក់ថា លោក ហ៊ុន សែន និងភរិយារបស់លោក គឺអ្នកស្រី ប៊ុន រ៉ានី និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនមានឈ្មោះជានាយកក្រុមហ៊ុននៅក្នុងទិន្នន័យចុះបញ្ជីអាជីវកម្មឡើយ ប៉ុន្តែសមាជិកគ្រួសារជាច្រើនផ្សេងទៀតមានតួនាទីជានាយក ឬសហនាយកក្រុមហ៊ុនជាច្រើន។
អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីរបស់លោក ហ៊ុន សែន និងជាប្អូនស្រីរបស់លោក ហ៊ុន ម៉ាណែត គឺជាសមាជិកម្នាក់ដែលមានសកម្មភាពអាជីវកម្មច្រើនជាងគេ។ អ្នកស្រីមានតួនាទីនៅក្នុងក្រុមហ៊ុនជាច្រើន រួមមានអចលនទ្រព្យ ប្រព័ន្ធផ្សព្វផ្សាយ ថាមពល និងការផ្សាយពាណិជ្ជកម្ម។
អ្នកស្រីមានតួនាទីជានាយក ឬជាសមាជិកក្រុមប្រឹក្សាភិបាលក្នុងក្រុមហ៊ុនជាច្រើន រួមមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ Orkide, ស្ថានីយទូរទស្សន៍ Bayon TV, ក្រុមហ៊ុនផ្សព្វផ្សាយ Moon Advertising, ស្ថានីយប្រេង Tela និងក្រុមហ៊ុនទូរគមនាគមន៍ Viettel (Metfone)។
សារព័ត៌មានស៊ើបអង្កេតKouprey ក៏បានកត់សម្គាល់ថា អ្នកស្រី ហ៊ុន ម៉ាណា ធ្លាប់រួមការងារជាមួយអ្នកជំនួញល្បីៗ រួមមាន លោក គិត ម៉េង នាយកប្រតិបត្តិនៃក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ( Royal Group ) អ្នកស្រី ជឹង សុគន្ធារី នៃក្រុមហ៊ុនភាពីម៉ិច (Pheapimex) និងលោក Charles Vann នៃ Canadia Group ព្រមទាំងកូនៗរបស់អ្នកជំនួញ លី យ៉ុងផាត់ ដែលរងទណ្ឌកម្មពីសហរដ្ឋអាមេរិក។
យោងតាមការវិភាគ គម្រោង Orkide កំពុងអភិវឌ្ឍលំនៅឋាននៅតំបន់ជើងឯក ដែលអង្គការសហប្រជាជាតិធ្លាប់ព្រមានថា អាចបង្កហានិភ័យទឹកជំនន់ដល់ប្រជាពលរដ្ឋប្រមាណមួយលាននាក់។
សារព័ត៌មានស៊ើបអង្កេត Kouprey ក៏បានលើកឡើងពីការចោទប្រកាន់របស់សារព័ត៌មានថៃ ដែលថា ហេដ្ឋារចនាសម្ព័ន្ធរបស់ Metfone ត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតនៅក្រុងប៉ោយប៉ែត។ Metfone មិនបានឆ្លើយតបចំពោះការចោទប្រកាន់នេះនៅក្នុងការវិភាគឡើយ។
ប្ដីរបស់លោកស្រី ហ៊ុន ម៉ាណា គឺលោក ឌី វិជ្ជា ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ និងជាកូនប្រុសរបស់អតីតអគ្គស្នងការនគរបាលជាតិ លោក ហុក ឡង់ឌី ក៏ត្រូវបានរាយការណ៍ថា ជាប្រធានក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ដែលធ្លាប់មាន ធនាគារ ព្រីនស៍ ជាអ្នកឧបត្ថម្ភ។
អ្នកស្រី ហ៊ុន ម៉ាលី កូនស្រីម្នាក់ទៀតរបស់លោក ហ៊ុន សែន ត្រូវបានរាយការណ៍ថា មានផលប្រយោជន៍ក្នុងវិស័យអចលនទ្រព្យ ពាណិជ្ជកម្ម ទំនិញប្រើប្រាស់ អាហារ និងវិស័យរ៉ែ។ អ្នកស្រីជាសហនាយកក្នុងក្រុមហ៊ុន Orkide, Moon Advertising និង Tela ជាមួយបងស្រីរបស់អ្នកស្រី ហើយក៏ជានាយកក្រុមហ៊ុន TK Avenue ដែលមានម៉ាកអន្តរជាតិដូចជា Adidas, Starbucks, Crocs និង រោងកុនLegend Cinema។ ក្រុមហ៊ុន UNT Wholesale របស់លោកស្រី ចែកចាយផលិតផលអន្តរជាតិជាច្រើន រួមមាន Nestlé គឺជាក្រុមហ៊ុនផលិតអាហារ និងភេសជ្ជៈ, ក្រុមហ៊ុន Lipton ដែលជាតែដ៏ល្បីល្បាញលើពិភពលោក ក្រុមហ៊ុន Lee Kum Keeគឺជាក្រុមហ៊ុន ទឹកជ្រលក់ (ទឹកស៊ីអ៊ីវ) , ក្រុមហ៊ុន Marsគឺជាក្រុមហ៊ុនពហុជាតិសាសន៍ធំបំផុតមួយរបស់អាមេរិក ដែលល្បីល្បាញខាងផលិតចំណីអាហារ ស្ករគ្រាប់ សូកូឡា និងចំណីសត្វ និង ក្រុមហ៊ុន Chum Churum គឺជាក្រុមហ៊ុន ស្រាកូរ៉េ ខណៈ Wowdy Company គ្រប់គ្រងកង់វិល Angkor Eye នៅខេត្តសៀមរាប។ ក្រុមហ៊ុន Swift Rubber ដែលលោកស្រីធ្លាប់មានតួនាទីជានាយក ត្រូវបានចោទប្រកាន់ថា បានបណ្តេញប្រជាពលរដ្ឋជាង ១០០ គ្រួសារ និងបំផ្លាញផ្នូររបស់ជនជាតិដើមភាគតិចក្រឹង។
ប្តីរបស់អ្នកស្រី ហ៊ុន ម៉ាលី គឺលោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាកូនប្រុសរបស់អតីតឧបនាយករដ្ឋមន្ត្រី សុខ អាន ត្រូវបានរាយការណ៍ថា មានតួនាទីក្នុងក្រុមហ៊ុន សោម៉ា គ្រុប(Soma Group) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់អង្ករ ក្រុមហ៊ុន អប្សរា រាយស៍ (Apsara Rice)ដែលជាក្រុមហ៊ុន ផ្គត់ផ្គង់អង្ករ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និង សណ្ឋាគារសោម៉ា មាត់ទន្លេ (Soma Hotel Riverside) ព្រមទាំងអាជីវកម្មកសិកម្ម ថាមពល សណ្ឋាគារ និងអចលនទ្រព្យ។
ចំណែកឯ អ្នកស្រី ពេជ ចន្ទមុន្នី ភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានផលប្រយោជន៍ក្នុងវិស័យអេឡិចត្រូនិក រោងភាពយន្ត និងអភិវឌ្ឍន៍អចលនទ្រព្យ។ អ្នកស្រីជាប្រធានក្រុមហ៊ុន GGear Group ដែលមានសិទ្ធិផ្តាច់មុខលក់ផលិតផល LG នៅកម្ពុជា ជាប្រធាន Legend Cinema និងមានទំនាក់ទំនងគ្រួសារជាមួយក្រុមហ៊ុន Pheapimex តាមរយៈ ប្អូនប្រុសរបស់លោកស្រី។ លោកស្រីក៏ ជាប្រធានក្រុមហ៊ុន Metro Lifestyle Development ដែលអភិវឌ្ឍគម្រោង The Heritage Walk នៅខេត្តសៀមរាប។
រីឯលោកស្រី យឹម ឆាយលីន អតីតភរិយារបស់លោក ហ៊ុន ម៉ានី ដែលត្រូវបានរាយការណ៍ថា មានអាជីវកម្មក្នុងវិស័យទេសចរណ៍ តំបន់សេដ្ឋកិច្ចពិសេស និងគម្រោងការពារព្រៃឈើ REDD+។
ចំណែក អ្នកស្រី ឌី សុខី ទឹកគា យូគ័រ ប្រពន្ធរបស់លោក ហ៊ុន ម៉ានិត ត្រូវបានរាយការណ៍ថា មានអាជីវកម្មក្នុងវិស័យផលិតផលទារក ក្រដាសអនាម័យ អចលនទ្រព្យ កន្លែងបាញ់កាំភ្លើង Hanuman Shooting Range និងជាសហនាយកក្នុងក្រុមហ៊ុន Orkide និង Stonegrill។
រីឯ អ្នកស្រី ហ៊ុន ចន្ថា ជាបងប្អូនជីដូនមួយរបស់លោក ហ៊ុន ម៉ាណែត ត្រូវបានរាយការណ៍ថា ជានាយកក្រុមហ៊ុនចំនួនប្រាំ និងជាម្ចាស់អចលនទ្រព្យនៅទីក្រុងឡុងដ៍ជាមួយប្តីរបស់អ្នកស្រី។
សារព័ត៌មានស៊ើបអង្កេត Kouprey ក៏បានរំឭកថា លោក ហ៊ុន តូ បងប្អូនជីដូនមួយរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់ជានាយកក្រុមហ៊ុន Huione Pay ដែលក្រោយមកត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម ដោយចោទប្រកាន់ថា បានជួយសម្របសម្រួលការលាងលុយពាក់ព័ន្ធនឹងការឆបោកតាមអ៊ីនធឺណិត និងការវាយប្រហារតាមអ៊ីនធឺណិតពីកូរ៉េខាងជើង។
ការវិភាគក៏បានយោងទៅលើរបាយការណ៍របស់គម្រោងរាយការណ៍ពីអំពើពុករលួយ និងឧក្រិដ្ឋកម្មOrganized Crime and Corruption Reporting Project (OCCRP) និងការិយាល័យអង្គការសហប្រជាជាតិស្ដីពីឧក្រិដ្ឋកម្ម និងគ្រឿងញៀនUnited Nations Office on Drugs and Crime (UNODC) ដែលភ្ជាប់ក្រុមហ៊ុន Lixin Development ក្រោមការដឹកនាំរបស់លោក ហ៊ុន តូ ទៅនឹងករណីសិក្សាពាក់ព័ន្ធបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន។ ក្រៅពីនេះ លោក ហ៊ុន តូ ត្រូវបានរាយការណ៍ថា ជានាយករួមជាមួយអ្នកជំនួញ លោក ឆេន អាយឡែន (Chen Al Len) ក្នុងក្រុមហ៊ុន Heng He Julong Town Real Estate និង Heng Zuan Yule ខណៈ លោក ឆេន អាយឡែន (Chen Al Len) ក៏រងទណ្ឌកម្មពីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការឆបោកតាមអ៊ីនធឺណិត និងពលកម្មដោយបង្ខំ។
សារព័ត៌មានស៊ើបអង្កេត Kouprey បានលើកឡើងថា ការតាមដានទំហំពិតប្រាកដនៃផលប្រយោជន៍អាជីវកម្មរបស់គ្រួសារលោក ហ៊ុន សែន កាន់តែពិបាក បន្ទាប់ពីក្រសួងពាណិជ្ជកម្មឈប់បង្ហាញព័ត៌មានអំពីម្ចាស់ភាគហ៊ុនជាសាធារណៈ ដូចដែលធ្លាប់មានកាលពីមុន។ ក្រុមហ៊ុនមួយចំនួនអាចត្រូវបានចុះបញ្ជីតាមរយៈតំណាង ឬម្ចាស់ភាគហ៊ុនដែលមិនបង្ហាញអត្តសញ្ញាណ ដែលធ្វើឱ្យអ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវពិបាកតាមដានរចនាសម្ព័ន្ធកម្មសិទ្ធិ។
ទាក់ទងទៅនឹងបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ បានអះអាងថា ក្រុមហ៊ុនជាង ១០០ ដែលគេរកឃើញថា នៅក្នុងកណ្តាប់ដៃក្រុមគ្រួសារ ហ៊ុន ប្រើប្រាស់ គឺដើម្បីប្រមូលលុយ រកស៊ី ធ្វើមានធ្វើបានពីការកេងប្រវ័ញ្ចប្រជាពលរដ្ឋ កេងប្រវ័ញ្ចលុយជាតិ និងធនធានធម្មជាតិរបស់ប្រទេស ដាក់ទៅក្នុងកន្ត្រកថវិការបស់ក្រុមគ្រួសារ ហ៊ុន។
លោក គឹម សុខ៖ «ដូច្នេះ ក្រុមហ៊ុនជាង ១០០ នៅក្រោមក្រដាប់ដៃគ្រួសារ ហ៊ុន និងការបង្កើតថ្មីៗជាច្រើនទៀត នៅ ក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ សំណង់ អចលនទ្រព្យ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ទូរគមនាគមន៍ ជាដើមនោះ មិនត្រឹមតែជាការជ្រៀតជ្រែករបស់គ្រួសារ ហ៊ុន នៅក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មកម្ពុជាទេ ក៏ប៉ុន្តែ វាបង្ហាញច្បាស់ថា គ្រួសារ ហ៊ុន ហ្នឹង ប្រព្រឹត្តអំពើឃាតកម្មសេដ្ឋកិច្ចកម្ពុជាតែម្ដង»។
លោក គឹម សុខ បន្ថែមទៀតថា ដោយសារគ្រួសារហ៊ុន ប្រើអំណាចទាំងអស់របស់ខ្លួន ដើម្បីប្រមូលយកផលសេដ្ឋកិច្ចរបស់ប្រទេស ដោយបំពានច្បាប់ ដូច្នេះ កម្ពុជាជៀសមិនផុតពីការដែលត្រូវប្រឈមនឹងវិបត្តិសេដ្ឋកិច្ចទេ ប្រជាពលរដ្ឋអត់ការងារធ្វើ។
អ្នកឃ្លាំមើលសង្គម អះអាងថា ក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយគ្រួសារកំពុងកាន់អំណាច បានពង្រីកប្រតិបត្តិការរបស់ខ្លួនទៅក្នុងវិស័យជាច្រើន រហូតធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាភាគច្រើន អាចប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុនទាំងនោះនៅក្នុងជីវភាពប្រចាំថ្ងៃ។ សារព័ត៌មាននេះក៏បានលើកឡើងដែរថា ការកាត់បន្ថយព័ត៌មានសាធារណៈអំពីកម្មសិទ្ធិក្រុមហ៊ុន បានធ្វើឱ្យការត្រួតពិនិត្យដោយឯករាជ្យកាន់តែលំបាក៕








