អាណាចក្រ​អាជីវកម្ម​គ្រួសារ​លោក ហ៊ុន សែន នៅតែ​ជ្រៀតជ្រែក​យ៉ាង​ជ្រៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា

0
11
ក្រុមគ្រួសារ​លោក ហ៊ុន សែន។ រូប៖ ក្រសួងព័ត៌មាន
ក្រុមគ្រួសារ​លោក ហ៊ុន សែន។ រូប៖ ក្រសួងព័ត៌មាន

សារព័ត៌មាន​ស៊ើបអង្កេត Kouprey បាន​រាយការណ៍​ថា ផលប្រយោជន៍​អាជីវកម្ម​របស់​គ្រួសារ​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា មាន​ទំនាក់​ទំនងជា​មួយ​ក្រុម​ហ៊ុន​ជាង ១០០ ដែល​ប្រតិបត្តិការ​ក្នុង​វិស័យ​អចលនទ្រព្យ ថាមពល ប្រព័ន្ធ​ផ្សព្វផ្សាយ ទូរគមនាគមន៍ ធនាគារ សណ្ឋាគារ និង​ការកម្សាន្ត និង​ការ​នាំចូល​-​នាំចេញ​។ នេះ​ឆ្លុះ​បញ្ជាក់​ថា ផលប្រយោជន៍​របស់​គ្រួសារ​ហ៊ុន នៅតែ​មាន​ឥទ្ធិពល​យ៉ាង​ទូលំទូលាយ ឬ​ចាក់ឫស​យ៉ាង​ជ្រៅ​ក្នុង​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​កម្ពុជា។

សារព័ត៌មាន​ស៊ើបអង្កេត Kouprey បាន​ឱ្យ​ដឹង​ថា ការវិភាគ​ថ្មី​នេះ​ផ្អែកលើ​ទិន្នន័យ​ដែល​ប្រមូល​ពី​កំណត់ត្រា​ចាស់ៗ​របស់​ក្រសួងពាណិជ្ជកម្ម ចន្លោះ​ឆ្នាំ​២០១៦ ដល់​ខែមីនា ឆ្នាំ​២០២៦ ដោយ​រក​ឃើញ​ក្រុមហ៊ុន​ជាង ១២០ ដែល​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​សមាជិកគ្រួសារ​ជិតស្និទ្ធ​របស់​លោក ហ៊ុន សែន ប្តី​ប្រពន្ធ សាច់ញាតិ​មួយចំនួន និង​កូន​ប្រសា បាន​លាតសន្ធឹង​ស្ទើរ​គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ច​កម្ពុជា ចាប់ពី​អចលនទ្រព្យ ទូរគមនាគមន៍ ថាមពល ប្រព័ន្ធ​ផ្សព្វផ្សាយ ធនាគារ ផលិតផល​ប្រើប្រាស់​ប្រចាំថ្ងៃ រហូតដល់​វិស័យ​កម្សាន្ត។

របាយការណ៍​នេះ បាន​បញ្ជាក់​ថា លោក ហ៊ុន សែន និង​ភរិយា​របស់​លោក គឺ​អ្នកស្រី ប៊ុន រ៉ានី និង​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិន​មាន​ឈ្មោះ​ជា​នាយក​ក្រុមហ៊ុន​នៅក្នុង​ទិន្នន័យ​ចុះបញ្ជី​អាជីវកម្ម​ឡើយ ប៉ុន្តែ​សមាជិកគ្រួសារ​ជាច្រើន​ផ្សេងទៀត​មាន​តួនាទី​ជានា​យក ឬ​សហ​នាយក​ក្រុមហ៊ុន​ជាច្រើន។

អ្នកស្រី ហ៊ុន ម៉ាណា កូនស្រី​របស់​លោក ហ៊ុន សែន និង​ជា​ប្អូនស្រី​របស់​លោក ហ៊ុន ម៉ាណែត គឺជា​សមាជិក​ម្នាក់​ដែល​មាន​សកម្មភាព​អាជីវកម្ម​ច្រើន​ជាងគេ​។ អ្នកស្រី​មាន​តួនាទី​នៅក្នុង​ក្រុមហ៊ុន​ជាច្រើន រួមមាន​អចលនទ្រព្យ ប្រព័ន្ធ​ផ្សព្វផ្សាយ ថាមពល និង​ការផ្សាយពាណិជ្ជកម្ម។

អ្នកស្រី​មាន​តួនាទី​ជានា​យក ឬ​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្នុង​ក្រុមហ៊ុន​ជាច្រើន រួមមាន​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ Orkide, ស្ថានីយទូរទស្សន៍ Bayon TV, ក្រុមហ៊ុន​ផ្សព្វផ្សាយ Moon Advertising, ស្ថានីយ​ប្រេង Tela និង​ក្រុមហ៊ុន​ទូរគមនាគមន៍ Viettel (Metfone)។

សារព័ត៌មាន​ស៊ើបអង្កេតKouprey ក៏បាន​កត់សម្គាល់​ថា អ្នកស្រី ហ៊ុន ម៉ាណា ធ្លាប់​រួមការ​ងារ​ជាមួយ​អ្នកជំនួញ​ល្បីៗ រួមមាន លោក គិត ម៉េង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ( Royal Group ) អ្នកស្រី ជឹង សុគន្ធារី នៃ​ក្រុមហ៊ុន​ភាពីម៉ិច (Pheapimex) និង​លោក Charles Vann នៃ Canadia Group ព្រមទាំង​កូនៗ​របស់​អ្នកជំនួញ លី យ៉ុងផាត់ ដែល​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​។​

យោង​តាម​ការវិភាគ គម្រោង Orkide កំពុង​អភិវឌ្ឍ​លំនៅឋាន​នៅ​តំបន់​ជើងឯក ដែល​អង្គការ​សហប្រជាជាតិ​ធ្លាប់​ព្រមាន​ថា អាច​បង្ក​ហានិភ័យ​ទឹកជំនន់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​មួយ​លាន​នាក់។

សារព័ត៌មាន​ស៊ើបអង្កេត Kouprey ក៏បាន​លើកឡើង​ពី​ការចោទប្រកាន់​របស់​សារព័ត៌មាន​ថៃ ដែល​ថា ហេដ្ឋារចនាសម្ព័ន្ធ​របស់ Metfone ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​ឆបោក​តាម​អ៊ីនធឺណិត​នៅ​ក្រុង​ប៉ោយប៉ែត​។ Metfone មិនបាន​ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​នេះ​នៅក្នុង​ការវិភាគ​ឡើយ​។​

ប្ដី​របស់​លោកស្រី ហ៊ុន ម៉ាណា គឺ​លោក ឌី វិជ្ជា ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​ក្រសួងមហាផ្ទៃ និង​ជា​កូនប្រុស​របស់​អតីត​អគ្គស្នងការ​នគរបាល​ជាតិ លោក ហុក ឡង់ឌី ក៏​ត្រូវ​បាន​រាយការណ៍​ថា ជា​ប្រធាន​ក្លិប​បាល់ទាត់ ព្រះខ័ន​រាជ​ស្វាយរៀង ដែល​ធ្លាប់​មាន ធនាគារ ព្រីនស៍ ជា​អ្នក​ឧបត្ថម្ភ។

អ្នកស្រី ហ៊ុន ម៉ាលី កូនស្រី​ម្នាក់ទៀត​របស់​លោក ហ៊ុន សែន ត្រូវ​បាន​រាយការណ៍​ថា មាន​ផលប្រយោជន៍​ក្នុង​វិស័យ​អចលនទ្រព្យ ពាណិជ្ជកម្ម ទំនិញប្រើប្រាស់ អាហារ និង​វិស័យ​រ៉ែ។ អ្នកស្រី​ជា​សហ​នាយក​ក្នុង​ក្រុមហ៊ុន Orkide, Moon Advertising និង Tela ជាមួយ​បងស្រី​របស់​អ្នកស្រី ហើយក៏​ជានា​យក​ក្រុមហ៊ុន TK Avenue ដែល​មាន​ម៉ាក​អន្តរជាតិ​ដូចជា Adidas, Starbucks, Crocs និង រោងកុន​Legend Cinema​។ ក្រុមហ៊ុន UNT Wholesale របស់​លោក​ស្រី ចែកចាយ​ផលិតផល​អន្តរជាតិ​ជាច្រើន រួមមាន Nestlé គឺជា​ក្រុមហ៊ុន​ផលិត​អាហារ និង​ភេសជ្ជៈ​, ក្រុមហ៊ុន Lipton ដែលជា​តែ​ដ៏​ល្បីល្បាញ​លើ​ពិភពលោក ក្រុមហ៊ុន Lee Kum Keeគឺជា​ក្រុមហ៊ុន ទឹកជ្រលក់ (​ទឹកស៊ីអ៊ីវ​) , ក្រុមហ៊ុន Mars​គឺជា​ក្រុមហ៊ុន​ពហុ​ជាតិ​សាសន៍​ធំ​បំផុត​មួយ​របស់​អាមេរិក ដែល​ល្បីល្បាញ​ខាង​ផលិត​ចំណីអាហារ ស្ករ​គ្រាប់ សូកូឡា និង​ចំណី​សត្វ និង ក្រុមហ៊ុន Chum Churum គឺជា​ក្រុមហ៊ុន ស្រា​កូរ៉េ ខណៈ Wowdy Company គ្រប់គ្រង​កង់​វិល Angkor Eye នៅ​ខេត្តសៀមរាប​។ ក្រុមហ៊ុន Swift Rubber ដែល​លោកស្រី​ធ្លាប់​មាន​តួនាទី​ជានា​យក ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​បណ្តេញ​ប្រជាពលរដ្ឋ​ជាង ១០០ គ្រួសារ និង​បំផ្លាញ​ផ្នូរ​របស់​ជនជាតិ​ដើម​ភាគតិច​ក្រឹង។

ប្តី​របស់​អ្នកស្រី ហ៊ុន ម៉ាលី គឺ​លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​កូនប្រុស​របស់​អតីត​ឧបនាយករដ្ឋមន្ត្រី សុខ អាន ត្រូវ​បាន​រាយការណ៍​ថា មាន​តួនាទី​ក្នុង​ក្រុមហ៊ុន សោម៉ា គ្រុប(Soma Group) ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​អង្ករ ក្រុមហ៊ុន អប្សរា រាយស៍ (Apsara Rice)​ដែល​ជា​ក្រុមហ៊ុន ផ្គត់ផ្គង់​អង្ករ សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ និង សណ្ឋាគារ​សោ​ម៉ា មាត់ទន្លេ (Soma Hotel Riverside) ព្រមទាំង​អាជីវកម្ម​កសិកម្ម ថាមពល សណ្ឋាគារ និង​អចលនទ្រព្យ។

ចំណែកឯ អ្នកស្រី ពេជ ចន្ទ​មុន្នី ភរិយា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មាន​ផលប្រយោជន៍​ក្នុង​វិស័យ​អេឡិចត្រូនិក រោងភាពយន្ត និង​អភិវឌ្ឍន៍​អចលនទ្រព្យ​។ អ្នកស្រី​ជា​ប្រធាន​ក្រុមហ៊ុន GGear Group ដែល​មាន​សិទ្ធិ​ផ្តាច់មុខ​លក់​ផលិតផល LG នៅ​កម្ពុជា ជា​ប្រធាន Legend Cinema និង​មាន​ទំនាក់ទំនង​គ្រួសារ​ជាមួយ​ក្រុមហ៊ុន Pheapimex តាមរយៈ ប្អូនប្រុស​របស់​លោក​ស្រី​។ លោកស្រី​ក៏ ជា​ប្រធាន​ក្រុមហ៊ុន Metro Lifestyle Development ដែល​អភិវឌ្ឍ​គម្រោង The Heritage Walk នៅ​ខេត្តសៀមរាប។

រីឯ​លោកស្រី យឹម ឆាយលីន អតីត​ភរិយា​របស់​លោក ហ៊ុន ម៉ា​នី ដែល​ត្រូវ​បាន​រាយការណ៍​ថា មាន​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ តំបន់​សេដ្ឋកិច្ច​ពិសេស និង​គម្រោង​ការពារ​ព្រៃឈើ REDD+។

ចំណែក អ្នកស្រី ឌី សុខី ទឹកគា យូគ័រ ប្រពន្ធ​របស់​លោក ហ៊ុន ម៉ានិត ត្រូវ​បាន​រាយការណ៍​ថា មាន​អាជីវកម្ម​ក្នុង​វិស័យ​ផលិតផល​ទារក ក្រដាស​អនាម័យ អចលនទ្រព្យ កន្លែង​បាញ់កាំភ្លើង Hanuman Shooting Range និង​ជា​សហ​នាយក​ក្នុង​ក្រុមហ៊ុន Orkide និង Stonegrill។

រីឯ អ្នកស្រី ហ៊ុន ចន្ថា ជា​បងប្អូន​ជីដូនមួយ​របស់​លោក ហ៊ុន ម៉ាណែ​ត ត្រូវ​បាន​រាយការណ៍​ថា ជា​នាយក​ក្រុមហ៊ុន​ចំនួន​ប្រាំ និង​ជា​ម្ចាស់​អចលនទ្រព្យ​នៅ​ទីក្រុង​ឡុង​ដ៍​ជាមួយ​ប្តី​របស់​អ្នកស្រី។

សារព័ត៌មាន​ស៊ើបអង្កេត Kouprey ក៏បាន​រំឭក​ថា លោក ហ៊ុន តូ បងប្អូន​ជីដូន​មួយរ​បស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ធ្លាប់​ជា​នាយក​ក្រុមហ៊ុន Huione Pay ដែល​ក្រោយមក​ត្រូវ​បាន​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម ដោយ​ចោទប្រកាន់​ថា បាន​ជួយ​សម្របសម្រួល​ការ​លាង​លុយ​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​អ៊ីនធឺណិត និង​ការវាយប្រហារ​តាម​អ៊ីនធឺណិត​ពី​កូរ៉េខាងជើង។

ការវិភាគ​ក៏បាន​យោង​ទៅ​លើ​របាយការណ៍​របស់​គម្រោង​រាយការណ៍​ពី​អំពើពុករលួយ និង​ឧក្រិដ្ឋកម្ម​Organized Crime and Corruption Reporting Project (OCCRP) និង​ការិយាល័យ​អង្គការសហប្រជាជាតិ​ស្ដីពី​ឧក្រិដ្ឋកម្ម និង​គ្រឿងញៀនUnited Nations Office on Drugs and Crime (UNODC) ដែល​ភ្ជាប់​ក្រុមហ៊ុន Lixin Development ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន តូ ទៅ​នឹង​ករណី​សិក្សា​ពាក់ព័ន្ធ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។ ក្រៅ​ពី​នេះ លោក ហ៊ុន តូ ត្រូវ​បាន​រាយការណ៍​ថា ជា​នាយក​រួម​ជាមួយ​អ្នកជំនួញ លោក ឆេន អាយឡែន (Chen Al Len) ក្នុង​ក្រុមហ៊ុន Heng He Julong Town Real Estate និង Heng Zuan Yule ខណៈ លោក ឆេន អាយឡែន (Chen Al Len) ក៏​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​អ៊ីនធឺណិត និង​ពលកម្ម​ដោយ​បង្ខំ។

សារព័ត៌មាន​ស៊ើបអង្កេត Kouprey បាន​លើកឡើង​ថា ការ​តាមដាន​ទំហំ​ពិតប្រាកដ​នៃ​ផលប្រយោជន៍​អាជីវកម្ម​របស់​គ្រួសារ​លោក ហ៊ុន សែន កាន់តែ​ពិបាក បន្ទាប់ពី​ក្រសួងពាណិជ្ជកម្ម​ឈប់​បង្ហាញ​ព័ត៌មាន​អំពី​ម្ចាស់​ភាគហ៊ុន​ជា​សាធារណៈ ដូចដែល​ធ្លាប់​មាន​កាលពីមុន។ ក្រុមហ៊ុន​មួយចំនួន​អាច​ត្រូវ​បាន​ចុះបញ្ជី​តាមរយៈ​តំណាង ឬ​ម្ចាស់​ភាគហ៊ុន​ដែល​មិន​បង្ហាញ​អត្តសញ្ញាណ ដែល​ធ្វើ​ឱ្យ​អ្នកសារព័ត៌មាន និង​អ្នកស្រាវជ្រាវ​ពិបាក​តាមដាន​រចនាសម្ព័ន្ធ​កម្មសិទ្ធិ។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ បាន​អះអាង​ថា ក្រុមហ៊ុន​ជាង ១០០ ដែល​គេ​រក​ឃើញ​ថា នៅក្នុង​កណ្តាប់​ដៃ​ក្រុម​គ្រួសារ ហ៊ុន ប្រើប្រាស់ គឺ​ដើម្បី​ប្រមូល​លុយ រកស៊ី ធ្វើ​មាន​ធ្វើ​បាន​ពី​ការ​កេងប្រវ័ញ្ច​ប្រជាពលរដ្ឋ កេងប្រវ័ញ្ច​លុយ​ជាតិ និង​ធនធានធម្មជាតិ​របស់​ប្រទេស ដាក់​ទៅ​ក្នុង​កន្ត្រក​ថវិកា​របស់​ក្រុម​គ្រួសារ ហ៊ុន។

លោក គឹម សុខ៖ «ដូច្នេះ ក្រុមហ៊ុន​ជាង ១០០ នៅ​ក្រោម​ក្រ​ដាប់​ដៃ​គ្រួសារ ហ៊ុន និង​ការបង្កើត​ថ្មីៗ​ជាច្រើន​ទៀត នៅ ក្នុង​វិស័យ​ធនាគារ ហិរញ្ញវត្ថុ សំណង់ អចលនទ្រព្យ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ទូរគមនាគមន៍ ជាដើម​នោះ មិន​ត្រឹមតែ​ជា​ការ​ជ្រៀតជ្រែក​របស់​គ្រួសារ ហ៊ុន នៅក្នុង​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម​កម្ពុជា​ទេ ក៏ប៉ុន្តែ វា​បង្ហាញ​ច្បាស់​ថា គ្រួសារ ហ៊ុន ហ្នឹង ប្រព្រឹត្ត​អំពើ​ឃាតកម្ម​សេដ្ឋកិច្ច​កម្ពុជា​តែម្ដង»។

លោក គឹម សុខ បន្ថែមទៀត​ថា ដោយសារ​គ្រួសារ​ហ៊ុន ប្រើ​អំណាច​ទាំងអស់​របស់​ខ្លួន ដើម្បី​ប្រមូល​យក​ផល​សេដ្ឋកិច្ច​របស់​ប្រទេស ដោយ​បំពាន​ច្បាប់ ដូច្នេះ កម្ពុជា​ជៀស​មិន​ផុត​ពី​ការដែល​ត្រូវ​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ទេ ប្រជាពលរដ្ឋ​អត់​ការងារ​ធ្វើ។

អ្នកឃ្លាំមើល​សង្គម អះអាង​ថា ក្រុមហ៊ុន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​គ្រួសារ​កំពុង​កាន់​អំណាច បាន​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​ទៅ​ក្នុង​វិស័យ​ជាច្រើន រហូត​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន អាច​ប្រើប្រាស់​ផលិតផល ឬ​សេវាកម្ម​របស់​ក្រុមហ៊ុន​ទាំងនោះ​នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ​។ សារព័ត៌មាន​នេះ​ក៏បាន​លើកឡើង​ដែរ​ថា ការកាត់បន្ថយ​ព័ត៌មាន​សាធារណៈ​អំពី​កម្មសិទ្ធិ​ក្រុមហ៊ុន បាន​ធ្វើ​ឱ្យ​ការ​ត្រួត​ពិនិត្យ​ដោយ​ឯករាជ្យ​កាន់តែ​លំបាក៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ