អាមេរិក​ប្រកាស​ចាត់វិធានការ​ប្រឆាំង​នឹង​បុគ្គល​ណា​ធ្វើ​ប្រតិបត្តិការ​ឆបោក​ពលរដ្ឋ​អាមេរិក

0
26
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងពិធីចុះហត្ថលេខា​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ ក្រសួងការបរទេស
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងពិធីចុះហត្ថលេខា​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ ក្រសួងការបរទេស

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាន​ប្រកាស​ឱ្យ​អនុវត្ត​បទបញ្ជា​ថ្មី ដោយ​បញ្ជា​ឱ្យ​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ដែល​សហរដ្ឋអាមេរិក​មាន ដើម្បី​ពង្រីក​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ឆបោក​តាម​អន​ឡាញ និង​គម្រោង​កេងប្រវ័ញ្ច​ដែល​ផ្ដោត​លើ​ពលរដ្ឋ​អាមេរិក​។ ការប្រកាស​នេះ​ធ្វើឡើង បន្ទាប់ពី​នាយក​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) អាមេរិក​លោក កាស ប៉ាទែល (Kash Patel) បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​តំបន់ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនោះ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ផ្លាស់ប្ដូរ​ព័ត៌មាន​សម្ងាត់ និង​ចាត់វិធានការ​លើ​មេខ្លោង​កម្រិត​ខ្ពស់​ដែល​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ។

ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​២៣ ខែកក្កដា បាន​ប្រកាស​ដាក់ចេញ​គោលនយោបាយ​រឹត​បន្តឹង​ការ​ផ្ដល់​ទិដ្ឋាការ​ថ្មី ដើម្បី​ទប់ស្កាត់ និង​រុះរើ​បណ្ដាញ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ ព្រមទាំង​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ។

ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​បញ្ជាក់​ថា បទបញ្ជា​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) (EO14390) ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត ការ​ក្លែងបន្លំ និង​គម្រោង​កេងប្រវ័ញ្ច​ពលរដ្ឋ​អាមេរិក​កំពុង​ប្រើប្រាស់​គ្រប់​មធ្យោបាយ ដើម្បី​ទប់ទល់​នឹង​ការ​គំរាមកំហែង​ដែល​កំពុង​កើនឡើង​ពី​បណ្ដាញ​ឆបោក​តាម​អនឡាញ។

ក្រសួងការបរទេស​អាមេរិក​ឱ្យដឹង​ទៀត​ថា បណ្ដាញ​ឆបោក​ទាំងនេះ​ភាគច្រើន​ត្រូវ​បាន​រៀបចំ និង​ដឹកនាំ​ដោយ​អង្គការ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​របស់​ចិន ដែល​បាន​ឆបោក​លុយ​ពលរដ្ឋ​អាមេរិក​អស់យ៉ាង​ហោច​ណាស់ ១០​ពាន់​លាន​ដុល្លារ​កាល​ឆ្នាំ​២០២៤​។ បន្ថែម​ពី​នេះ បណ្ដាញ​ឧក្រិដ្ឋជន​ទាំងនេះ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ អំពើ​លាងលុយកខ្វក់ និង​ការ​ជួញដូរ​មនុស្ស​។ ចំណែកឯ កុមារ​អាមេរិក​ក៏​កំពុង​ក្លាយជា​គោលដៅ​នៃ​ឆបោក និង​កេងប្រវ័ញ្ច​ផ្លូវភេទ​ពី​ក្រុម​ជនល្មើស​ដែល​ប្រតិបត្តិការ​ពី​ក្រៅ​ទឹកដី​សហរដ្ឋអាមេរិក។

ក្រសួងការបរទេស​អាមេរិក​ក៏បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​គោលនយោបាយ​រឹត​បន្តឹង​ទិដ្ឋាការ​ជា​សកល​ថ្មី នៃ​ច្បាប់​អន្តោប្រវេសន៍ និង​សញ្ជាតិ​។ វិធានការ​នេះ​ផ្ដោត​លើ​បុគ្គល​ដែល​ទទួលខុសត្រូវ ឬ​សមគំនិត​ក្នុង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត រួម​ទាំង​ការ​ឆបោក​តាម​អនឡាញ និង​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ លើស​ពី​នេះ សមាជិកគ្រួសារ​ជិតស្និទ្ធ​របស់​បុគ្គល​ទាំងនោះ ក៏​អាច​ប្រឈម​នឹង​ការ​រឹត​បន្តឹង​ទិដ្ឋាការ​ផង​ដែរ។

សេចក្ដីថ្លែងការណ៍​បន្ថែ​ម​ថា រដ្ឋបាល​លោក ដូណាល់ ត្រាំ កំពុង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដែល​អាមេរិក​មាន​ដូចជា ការ​ដាក់ទណ្ឌកម្ម ការចោទប្រកាន់ ការ​រឹបអូស​ទ្រព្យសម្បត្តិ ការ​ស្នើ​សុំ​ធ្វើ​បត្យាប័ន និង​កិច្ច​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់​អន្តរជាតិ ដើម្បី​រុះរើ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក និង​នាំ​មេខ្លោង​ដែល​នៅ​ពីក្រោយ ឬ​អ្នក​ដែល​ផ្ដល់​ការ​គាំទ្រ​ដល់​បណ្ដាញ​ឆបោក​ទាំងនេះ​មក​ទទួលខុសត្រូវ​តាមច្បាប់។

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បញ្ជាក់​បន្ថែម​លើ​សេចក្ដីថ្លែងការណ៍​នេះ​ថា តាមរយៈ​ការ​រឹតបន្តឹង​ការ​ផ្ដល់​ទិដ្ឋាការ​លើ​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ឧក្រិដ្ឋកម្ម​ទាំងនេះ សហរដ្ឋអាមេរិក​កំពុង​ផ្ញើ​សារ​យ៉ាង​ច្បាស់​ថា អាមេរិក​ក្រោម​រដ្ឋបាល​ប្រធានាធិបតី​លោក ដូណាល់ ត្រាំ នឹង​បន្ត​តាម​ប្រមាញ់ និង​ចាត់វិធានការ​លើ​ជន​ណា​ដែល​ចូលរួម​បោកប្រាស់ និង​ធ្វើបាប​ពលរដ្ឋ​អាមេរិក។

វិធានការ​ថ្មី​របស់​សហរដ្ឋ​នេះ​ធ្វើឡើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​នាយក​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) អាមេរិក​លោក កាស ប៉ាទែល (Kash Patel) បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​តំបន់ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនោះ​បង្កើន​កិច្ច​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់​ជាមួយ​អាមេរិក និង​ចាត់វិធានការ​លើ​មេខ្លោង​កម្រិត​ខ្ពស់​ដែល​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​២២ ខែ​កក្កដា ស្ដីពី​ជំនួប​រវាង​នាយក​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) លោក កាស ប៉ាទែល (Kash Patel) ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​អគ្គស្នងការ​នគរបាល​ជាតិ​បង្ហាញ​ថា ការ​បង្ក្រាប​អំពើ​ឆបោក​តាម​អនឡាញ គឺជា​អាទិភាព​សំខាន់​មួយ​របស់​សហរដ្ឋអាមេរិក។ ស្ថានទូត​អាមេរិក​បញ្ជាក់​ថា សហរដ្ឋអាមេរិក​មាន​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កើនឡើង​នៃ​ប្រតិបត្តិ​ការ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា ដែល​បាន​បណ្ដាល​ឱ្យ​ជនរងគ្រោះ​ជា​ជនជាតិ​អាមេរិក​បាត់បង់​ប្រាក់​អស់​រាប់ពាន់​លាន​ដុល្លារ​។ ស្ថានទូត​បន្ថែម​ថា ដំណើរ​ទស្សនកិច្ច​របស់​នាយក FBI អាមេរិក​មក​កម្ពុជា​បាន​បញ្ជាក់​ជាថ្មី​ពី​ភាព​ចាំបាច់​នៃ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រ​វាង​ភាគី​ទាំងពីរ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​តាម​អនឡាញ ជាពិសេស​ការផ្លាស់ប្ដូរ​ព័ត៌មាន​សម្ងាត់ ដើម្បី​ស្វែងរក ចាប់ខ្លួន និង​នាំ​មេខ្លោង​បណ្ដាញ​ឆបោក​កម្រិត​ខ្ពស់ មន្ត្រី​ដែល​សមគំនិត និង​ម្ចាស់​ទីតាំង​ប្រតិបត្តិការ​ឆបោក​ទាំងនោះ មក​ផ្ដន្ទាទោស​តាមច្បាប់។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ក្រោយ​វត្តមាន​នាយក FBI អាមេរិក​មក​កម្ពុជា និង​ក្រោយ​បទបញ្ជា​ថ្មី​របស់​លោក ដូណាល់ ត្រាំ នេះ​កំពុង​ធ្វើ​ឱ្យ​ក្រុម​ឧកញ៉ា និង​មន្ត្រី​គ្រាក់ៗ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​ភ័យ​ស្លន់ស្លោ​។ លោក​យល់ថា វិធានការ​ថ្មី​របស់​អាមេរិក គឺជា​ការ​បន្ត​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង និង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ FBI ក្នុង​ការ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បង្ហាញ​ឆន្ទៈ​នយោបាយ​ពិតប្រាកដ ដើម្បី​ស៊ើបអង្កេត និង​ចាត់វិធានការ​លើ​មេខ្លោង​កម្រិត​ខ្ពស់ និង​អ្នក​ពាក់ព័ន្ធ​សំខាន់ៗ​នៅ​ពីក្រោយ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ។

ទាក់ទង​បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ​នេះ​ដែរ អំឡុង​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៩ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ក្រសួង​ការបរទេស​អាមេរិក ឱ្យ​ដឹង​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា​ថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោក ម៉ាកូ រូប៊ីអូ (Marco Rubio) និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន ក៏មាន​ជំនួប​ទ្វេភាគី ដើម្បី​ពិភាក្សា​ជុំ​បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​អន​ឡាញ​លើ​ជនរងគ្រោះ​ពលរដ្ឋ​អាមេរិក​។ ភាគី​ទាំងពីរ​បាន​បញ្ជាក់​ជាថ្មី​នូវ​ការ​ប្តេជ្ញាចិត្ត​រួមគ្នា​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​កូឡាឡាំពួរ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់ រុះរើ​មជ្ឈមណ្ឌល​ឆបោក​អនឡាញ ដើម្បី​ការពារ​ជនជាតិ​អាមេរិក និង​ប្រជាជន​កម្ពុជា។

ជំហរ​សហរដ្ឋអាមេរិក​ចុង​ក្រោយនេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​បង្កើត​សម្ពាធ​ការទូត​កាន់តែ​ខ្លាំង​លើ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ដើម្បី​ឱ្យ​ចាត់ការ​លើ​មេខ្លោង​កំពូល និង​អ្នក​ពាក់ព័ន្ធ​សំខាន់ៗ​នៅ​ពី​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ។ ទន្ទឹម​គ្នា​នេះ លោកនាយក​រដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត នៅតែ​មិន​បង្ហាញ​ឆន្ទៈ​ស៊ើបអង្កេត ឬ​គ្មាន​ចាត់វិធានការ​លើ​ក្រុម​ឧកញ៉ា​គ្រាក់ៗ​ដែល​អាមេរិក​ដាក់ទណ្ឌកម្ម​រឿង​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ និង​ការ​ជួញដូរ​មនុស្ស​ឡើយ។

ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​អាមេរិក ប្លូមបឺក (Bloomberg) កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា លោក ហ៊ុន ម៉ាណែត អះអាង​ថា អាជ្ញាធរ​កម្ពុជា​បាន​បិទ​ទីតាំង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ជាង ៦៧០​ទីតាំង និង​បាន​ចាត់វិធានការ​លើ​មន្ត្រី​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​នេះ។ លោក​បន្ត​ថា ចំពោះ​បុគ្គល​ដែល​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក ដូចជា ឧកញ៉ា លី យ៉ុងផាត់ និង​ឧកញ៉ា កុក អាន ជាដើម គឺជា​បញ្ហា​បុគ្គល ហើយ​អ្នក​ទាំងនោះ​មាន​មេធាវី​តំណាង​របស់​ខ្លួន​សម្រាប់​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​លោក សេង វណ្ណលី លើកឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត គឺជា​ការ​ឆ្លើយតប​គ្មាន​ការទទួលខុសត្រូវ និង​គេចវេះ​ពី​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ក្នុង​ការ​ស៊ើបអង្កេត​បទ​ល្មើស​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។ លោក​បញ្ជាក់​ថា បុគ្គល​ដែល​រង​ទទួល​ទណ្ឌកម្ម​អាមេរិក​ដូចជា ឧកញ៉ា លី យ៉ុងផាត់ និង​ឧកញ្ញ៉ា កុក អាន ជាដើម​មិនមែន​ជា​ពាណិជ្ជករ​ធម្មតា​នោះ​ទេ ប៉ុន្តែ​ជា​ឥស្សរជន​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជាទី​ប្រឹក្សា​ដែល​មាន​ឥទ្ធិពល​ក្នុង​ជួរ​រដ្ឋាភិបាល។

លោក សេង វណ្ណលី សង្កត់ធ្ងន់​ថា ជំហរ​របស់​លោក ហ៊ុន ម៉ាណែត ក៏​ឆ្លុះបញ្ចាំង​ពី​ការអនុវត្ត​ច្បាប់​ដោយ​ស្តង់ដារ​ពីរ ដោយសារ​រដ្ឋាភិបាល​ហាក់​ផ្តោត​លើ​ការ​បង្ក្រាប​បទល្មើស​តូចតាច ឬ​ចាប់ខ្លួន​ជនបរទេស ប៉ុន្តែ​បុគ្គល​មានអំណាច និង​ឧកញ៉ា​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​អ្នកកាន់អំណាច​បែរជា​មិន​ត្រូវ​បាន​បើក​ការស៊ើបអង្កេត​ជា​ផ្លូវការ​ឡើយ​។ លោក​សង្កត់ធ្ងន់​ថា ប្រសិនបើ​លោក ហ៊ុន ម៉ាណែត ពិតជា​ចង់​ស្ដារ​កេរ្តិ៍ឈ្មោះ និង​បង្កើន​ទំនុកចិត្ត​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​មែន គឺ​ត្រូវ​បង្ហាញ​សេចក្ដី​ហ៊ាន​បើក​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​បុគ្គល​ពាក់ព័ន្ធ​ទាំងអស់ ដោយ​មិន​គិតថា ពួកគេ​មាន​ឥទ្ធិពល ឬ​កាន់​តំណែង​អ្វី​នោះ​ឡើយ។

ជាមួយ​គ្នា​នេះ មន្ត្រី​តំណាង​រដ្ឋាភិបាល​ក្រៅប្រទេស លោក គឹម សុខ លើកឡើង​ថា សហ​អាមេរិក​នឹង​ចាត់វិធានការ​លើ​ក្រុម​ឧកញ៉ា និង​មន្ត្រី​កំពូលៗ​នៅ​កម្ពុជា​ដោយ​ខ្លួនឯង​តាមរយៈ​ការចោទប្រកាន់ និង​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ដូច​ឧក្រិដ្ឋជន ចេន ហ្ស៊ី ប្រសិនបើ​រដ្ឋាភិបាល​ត្រកូល នៅតែ​ព្យាយាម​កាង​ការពារ និង​គ្មាន​ឆន្ទៈ​ស៊ើបអង្កេត ឬ​ចាប់ខ្លួន​ក្រុម​ឧកញ៉ា និង​មន្ត្រី​គ្រាក់​ដែល​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​ទាំងនោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ