

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសឱ្យអនុវត្តបទបញ្ជាថ្មី ដោយបញ្ជាឱ្យប្រើប្រាស់គ្រប់មធ្យោបាយដែលសហរដ្ឋអាមេរិកមាន ដើម្បីពង្រីកការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមអនឡាញ និងគម្រោងកេងប្រវ័ញ្ចដែលផ្ដោតលើពលរដ្ឋអាមេរិក។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីនាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) អាមេរិកលោក កាស ប៉ាទែល (Kash Patel) បានបំពេញទស្សនកិច្ចនៅកម្ពុជា និងប្រទេសមួយចំនួនទៀតក្នុងតំបន់ ដើម្បីជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងនោះបង្កើនកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរព័ត៌មានសម្ងាត់ និងចាត់វិធានការលើមេខ្លោងកម្រិតខ្ពស់ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែកក្កដា បានប្រកាសដាក់ចេញគោលនយោបាយរឹតបន្តឹងការផ្ដល់ទិដ្ឋាការថ្មី ដើម្បីទប់ស្កាត់ និងរុះរើបណ្ដាញមជ្ឈមណ្ឌលឆបោកតាមអនឡាញ ព្រមទាំងការកេងប្រវ័ញ្ចផ្លូវភេទ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបញ្ជាក់ថា បទបញ្ជាប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) (EO14390) ស្ដីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ការក្លែងបន្លំ និងគម្រោងកេងប្រវ័ញ្ចពលរដ្ឋអាមេរិកកំពុងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីទប់ទល់នឹងការគំរាមកំហែងដែលកំពុងកើនឡើងពីបណ្ដាញឆបោកតាមអនឡាញ។
ក្រសួងការបរទេសអាមេរិកឱ្យដឹងទៀតថា បណ្ដាញឆបោកទាំងនេះភាគច្រើនត្រូវបានរៀបចំ និងដឹកនាំដោយអង្គការឧក្រិដ្ឋកម្មឆ្លងដែនរបស់ចិន ដែលបានឆបោកលុយពលរដ្ឋអាមេរិកអស់យ៉ាងហោចណាស់ ១០ពាន់លានដុល្លារកាលឆ្នាំ២០២៤។ បន្ថែមពីនេះ បណ្ដាញឧក្រិដ្ឋជនទាំងនេះក៏ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ អំពើលាងលុយកខ្វក់ និងការជួញដូរមនុស្ស។ ចំណែកឯ កុមារអាមេរិកក៏កំពុងក្លាយជាគោលដៅនៃឆបោក និងកេងប្រវ័ញ្ចផ្លូវភេទពីក្រុមជនល្មើសដែលប្រតិបត្តិការពីក្រៅទឹកដីសហរដ្ឋអាមេរិក។
ក្រសួងការបរទេសអាមេរិកក៏បានប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយរឹតបន្តឹងទិដ្ឋាការជាសកលថ្មី នៃច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ។ វិធានការនេះផ្ដោតលើបុគ្គលដែលទទួលខុសត្រូវ ឬសមគំនិតក្នុងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត រួមទាំងការឆបោកតាមអនឡាញ និងការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិត។ លើសពីនេះ សមាជិកគ្រួសារជិតស្និទ្ធរបស់បុគ្គលទាំងនោះ ក៏អាចប្រឈមនឹងការរឹតបន្តឹងទិដ្ឋាការផងដែរ។
សេចក្ដីថ្លែងការណ៍បន្ថែមថា រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងប្រើប្រាស់គ្រប់មធ្យោបាយដែលអាមេរិកមានដូចជា ការដាក់ទណ្ឌកម្ម ការចោទប្រកាន់ ការរឹបអូសទ្រព្យសម្បត្តិ ការស្នើសុំធ្វើបត្យាប័ន និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិ ដើម្បីរុះរើបណ្ដាញឧក្រិដ្ឋកម្មឆបោក និងនាំមេខ្លោងដែលនៅពីក្រោយ ឬអ្នកដែលផ្ដល់ការគាំទ្រដល់បណ្ដាញឆបោកទាំងនេះមកទទួលខុសត្រូវតាមច្បាប់។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបញ្ជាក់បន្ថែមលើសេចក្ដីថ្លែងការណ៍នេះថា តាមរយៈការរឹតបន្តឹងការផ្ដល់ទិដ្ឋាការលើបុគ្គលដែលពាក់ព័ន្ធនឹងបណ្ដាញឧក្រិដ្ឋកម្មទាំងនេះ សហរដ្ឋអាមេរិកកំពុងផ្ញើសារយ៉ាងច្បាស់ថា អាមេរិកក្រោមរដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ នឹងបន្តតាមប្រមាញ់ និងចាត់វិធានការលើជនណាដែលចូលរួមបោកប្រាស់ និងធ្វើបាបពលរដ្ឋអាមេរិក។
វិធានការថ្មីរបស់សហរដ្ឋនេះធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចនាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) អាមេរិកលោក កាស ប៉ាទែល (Kash Patel) បានបំពេញទស្សនកិច្ចនៅកម្ពុជា និងប្រទេសមួយចំនួនទៀតក្នុងតំបន់ ដើម្បីជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងនោះបង្កើនកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយអាមេរិក និងចាត់វិធានការលើមេខ្លោងកម្រិតខ្ពស់ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ស្ដីពីជំនួបរវាងនាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) លោក កាស ប៉ាទែល (Kash Patel) ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងអគ្គស្នងការនគរបាលជាតិបង្ហាញថា ការបង្ក្រាបអំពើឆបោកតាមអនឡាញ គឺជាអាទិភាពសំខាន់មួយរបស់សហរដ្ឋអាមេរិក។ ស្ថានទូតអាមេរិកបញ្ជាក់ថា សហរដ្ឋអាមេរិកមានក្ដីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជា ដែលបានបណ្ដាលឱ្យជនរងគ្រោះជាជនជាតិអាមេរិកបាត់បង់ប្រាក់អស់រាប់ពាន់លានដុល្លារ។ ស្ថានទូតបន្ថែមថា ដំណើរទស្សនកិច្ចរបស់នាយក FBI អាមេរិកមកកម្ពុជាបានបញ្ជាក់ជាថ្មីពីភាពចាំបាច់នៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនតាមអនឡាញ ជាពិសេសការផ្លាស់ប្ដូរព័ត៌មានសម្ងាត់ ដើម្បីស្វែងរក ចាប់ខ្លួន និងនាំមេខ្លោងបណ្ដាញឆបោកកម្រិតខ្ពស់ មន្ត្រីដែលសមគំនិត និងម្ចាស់ទីតាំងប្រតិបត្តិការឆបោកទាំងនោះ មកផ្ដន្ទាទោសតាមច្បាប់។
ជុំវិញរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ក្រោយវត្តមាននាយក FBI អាមេរិកមកកម្ពុជា និងក្រោយបទបញ្ជាថ្មីរបស់លោក ដូណាល់ ត្រាំ នេះកំពុងធ្វើឱ្យក្រុមឧកញ៉ា និងមន្ត្រីគ្រាក់ៗពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញភ័យស្លន់ស្លោ។ លោកយល់ថា វិធានការថ្មីរបស់អាមេរិក គឺជាការបន្តដាក់សម្ពាធកាន់តែខ្លាំង និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ FBI ក្នុងការជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បង្ហាញឆន្ទៈនយោបាយពិតប្រាកដ ដើម្បីស៊ើបអង្កេត និងចាត់វិធានការលើមេខ្លោងកម្រិតខ្ពស់ និងអ្នកពាក់ព័ន្ធសំខាន់ៗនៅពីក្រោយឧស្សាហកម្មឆបោកតាមអនឡាញ។
ទាក់ទងបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញនេះដែរ អំឡុងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្រសួងការបរទេសអាមេរិក ឱ្យដឹងកាលពីថ្ងៃទី២៣ ខែកក្កដាថា រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក ម៉ាកូ រូប៊ីអូ (Marco Rubio) និងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន ក៏មានជំនួបទ្វេភាគី ដើម្បីពិភាក្សាជុំបញ្ហាឧក្រិដ្ឋកម្មឆបោកអនឡាញលើជនរងគ្រោះពលរដ្ឋអាមេរិក។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ និងពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រុះរើមជ្ឈមណ្ឌលឆបោកអនឡាញ ដើម្បីការពារជនជាតិអាមេរិក និងប្រជាជនកម្ពុជា។
ជំហរសហរដ្ឋអាមេរិកចុងក្រោយនេះត្រូវបានគេមើលឃើញថា កំពុងបង្កើតសម្ពាធការទូតកាន់តែខ្លាំងលើរដ្ឋាភិបាលក្រុងភ្នំពេញ ដើម្បីឱ្យចាត់ការលើមេខ្លោងកំពូល និងអ្នកពាក់ព័ន្ធសំខាន់ៗនៅពីឧក្រិដ្ឋកម្មឆបោកអនឡាញ។ ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត នៅតែមិនបង្ហាញឆន្ទៈស៊ើបអង្កេត ឬគ្មានចាត់វិធានការលើក្រុមឧកញ៉ាគ្រាក់ៗដែលអាមេរិកដាក់ទណ្ឌកម្មរឿងជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញ និងការជួញដូរមនុស្សឡើយ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានអាមេរិក ប្លូមបឺក (Bloomberg) កាលពីថ្ងៃទី២៣ ខែកក្កដា លោក ហ៊ុន ម៉ាណែត អះអាងថា អាជ្ញាធរកម្ពុជាបានបិទទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញជាង ៦៧០ទីតាំង និងបានចាត់វិធានការលើមន្ត្រីមួយចំនួនដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះ។ លោកបន្តថា ចំពោះបុគ្គលដែលរងទណ្ឌកម្មពីសហរដ្ឋអាមេរិក ដូចជា ឧកញ៉ា លី យ៉ុងផាត់ និងឧកញ៉ា កុក អាន ជាដើម គឺជាបញ្ហាបុគ្គល ហើយអ្នកទាំងនោះមានមេធាវីតំណាងរបស់ខ្លួនសម្រាប់ដោះស្រាយតាមនីតិវិធីច្បាប់។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកលោក សេង វណ្ណលី លើកឡើងក្នុងទំព័រហ្វេសប៊ុករបស់លោកថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត គឺជាការឆ្លើយតបគ្មានការទទួលខុសត្រូវ និងគេចវេះពីកាតព្វកិច្ចរបស់រដ្ឋាភិបាលក្នុងការស៊ើបអង្កេតបទល្មើសជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន។ លោកបញ្ជាក់ថា បុគ្គលដែលរងទទួលទណ្ឌកម្មអាមេរិកដូចជា ឧកញ៉ា លី យ៉ុងផាត់ និងឧកញ្ញ៉ា កុក អាន ជាដើមមិនមែនជាពាណិជ្ជករធម្មតានោះទេ ប៉ុន្តែជាឥស្សរជនជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាដែលមានឥទ្ធិពលក្នុងជួររដ្ឋាភិបាល។
លោក សេង វណ្ណលី សង្កត់ធ្ងន់ថា ជំហររបស់លោក ហ៊ុន ម៉ាណែត ក៏ឆ្លុះបញ្ចាំងពីការអនុវត្តច្បាប់ដោយស្តង់ដារពីរ ដោយសាររដ្ឋាភិបាលហាក់ផ្តោតលើការបង្ក្រាបបទល្មើសតូចតាច ឬចាប់ខ្លួនជនបរទេស ប៉ុន្តែបុគ្គលមានអំណាច និងឧកញ៉ាដែលមានទំនាក់ទំនងជិតស្និទ្ធនឹងអ្នកកាន់អំណាចបែរជាមិនត្រូវបានបើកការស៊ើបអង្កេតជាផ្លូវការឡើយ។ លោកសង្កត់ធ្ងន់ថា ប្រសិនបើលោក ហ៊ុន ម៉ាណែត ពិតជាចង់ស្ដារកេរ្តិ៍ឈ្មោះ និងបង្កើនទំនុកចិត្តរបស់កម្ពុជាលើឆាកអន្តរជាតិមែន គឺត្រូវបង្ហាញសេចក្ដីហ៊ានបើកការស៊ើបអង្កេតដោយឯករាជ្យលើបុគ្គលពាក់ព័ន្ធទាំងអស់ ដោយមិនគិតថា ពួកគេមានឥទ្ធិពល ឬកាន់តំណែងអ្វីនោះឡើយ។
ជាមួយគ្នានេះ មន្ត្រីតំណាងរដ្ឋាភិបាលក្រៅប្រទេស លោក គឹម សុខ លើកឡើងថា សហអាមេរិកនឹងចាត់វិធានការលើក្រុមឧកញ៉ា និងមន្ត្រីកំពូលៗនៅកម្ពុជាដោយខ្លួនឯងតាមរយៈការចោទប្រកាន់ និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួនដូចឧក្រិដ្ឋជន ចេន ហ្ស៊ី ប្រសិនបើរដ្ឋាភិបាលត្រកូល នៅតែព្យាយាមកាងការពារ និងគ្មានឆន្ទៈស៊ើបអង្កេត ឬចាប់ខ្លួនក្រុមឧកញ៉ា និងមន្ត្រីគ្រាក់ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញទាំងនោះ៕









